អានតួអត្ថបទ
កម្ពុជា

ធម្ម​យាត្រា​៦​ទិស​ចូល​​ទីក្រុង​​ភ្នំពេញ​​ដើម្បី​​អបអរសាទរ​​ទិវា​សិទ្ធិមនុស្ស

ក្បួន​ធម្ម​យាត្រា៦ទិស​នឹង​ចាប់ផ្តើម​ចេញដំណើរ​ពីថ្ងៃ​ទី៥ធ្នូ​ខាងមុខ​នេះហើយ​គ្រោង​មកជួប​ជុំគ្នា​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី១០ធ្នូ​ដែលជា​ទិ​វ​ចា​សិទ្ធិមនុស្ស​អន្តរជាតិ។ មនុស្ស​ជាង ៦០០ នាក់​ត្រូវបាន​គេ​ប្រកាសថា​នឹងចូលរួម​ក្នុង​ក្បួន​ដង្ហែ​ដោយ​ថ្មើរជើង​ដែលមាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ដើម្បី​ជាការ​តស៊ូ​មតិ​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ 

ក្បួន​ដង្ហែសិទ្ធិយាត្រា ទាមទារ​សិទ្ធមនុស្ស របស់សង្គម​ស៊ីវិល​។
ក្បួន​ដង្ហែសិទ្ធិយាត្រា ទាមទារ​សិទ្ធមនុស្ស របស់សង្គម​ស៊ីវិល​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្បួន​ដង្ហែ​ទាំង៦ទិស​នឹង​ចេញដំណើរ​ពី​ស្រុក​កំពុងត្របែក ខេត្តព្រៃវែង​កាត់​តាមផ្លូវ​ជាតិ​លេខ១ ចេញពី​ស្រុក​គិរីវង្ស ខេត្តតាកែវ កាត់​តាម​ផ្លូវជាតិ​លេខ២ ចេញពី​ស្រុក​ឈូក ខេត្តកំពត​កាត់​តាមផ្លូវ​ជាតិ​លេខ៣ ចេញពី​ភ្នំ​ពេជ្រនិល ខេត្តកំពង់ស្ពឺ​កាត់​តាមផ្លូវ​ជាតិ​លេខ៤ ចេញពី​ស្រុក​រលៀ​ផ្អៀ​ខេត្តកំពុងឆ្នាំង​តាមផ្លូវ​ជាតិ​លេខ៥ និង​ចេញពី​ស្រុក​ព្រៃឈ ខេត្តកំពង់ចាម​តាមផ្លូវ​ជាតិ​លេខ។

 
សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​លីកាដូ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ២ធ្នូ​នេះ​បាន​ឲ្យ​ដឹងថា សកម្មជន​សិទ្ធិមនុស្ស​និង​ក្រុម​មិត្ត១០ធ្នូ​ជាង ៦០០ នាក់​ដែល​ដឹកនាំ​ដោយ​ព្រះសង្ឃ​នឹង​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​នេះ​ដើម្បី​ប្រារព្ធ​ខួប​ទី៦៦ឆ្នាំ​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ​។សេចក្តីប្រកាស​ព័ត៌មាន​បាន​ស្រង់​សង្ឃដីការ​របស់​ព្រះ​តេជគុណ លួ​ន សូវ៉ាត ដែល​បាន​អំពាវនាវ​​ឲ្យ​គ្រប់​ព្រះសង្ឃ​ទាំងអស់​ក្រោកឈ​ឡើង​ចង​ជា​ធ្លុង​មួយ​ជាមួយ​សកម្មជន​សិទ្ធិមនុស្ស​ដទៃទៀត​ដើម្បី​យុត្តិធម៌​សង្គម។

ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​នេះដែរ សហគមន៍​ជនជាតិភាគតិច​ជាង ៣០០ នាក់​រួមជាមួយ​សកម្ម​ជន​ព្រះសង្ឃ​មួយចំនួន​ផង​ក៏​គ្រោង​រៀបចំ​ធម្ម​យាត្រា​ជា​លើកដំបូង​ក្នុង​ខេត្តរតនគិរី​ផងដែរ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល។ ធម្ម​យាត្រា​នៅក្នុង​ខេត្ត​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី៣ធ្នូ​តទៅ​ហើយ។ ចំណែកឯ​ក្បួន​ដង្ហែ​ទាំង៦ទិស​ចូលមក​ទីក្រុង​ភ្នំពេញ​គ្រោង​ជួបជុំគ្នា​នៅ​ថ្ងៃទី១០ធ្នូ​នៅ​ពីមុខ​រដ្ឋសភាជាតិ។ សកម្មជន​សិទ្ធិមនុស្ស​ទាំងនោះ​គ្រោង​ដាក់​ញត្តិ​ជូន​អ្នកតំណាងរាស្ត្រ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ​ឆ្នាំនេះ​គ្រោង​ប្រារព្ធ​ធ្វើជា​ផ្លូវការ​នៅលើ​ទីលាន​មុខ​វត្ត​បុ​ទម​វ​ត្តី​ក្នុង​រាជធានី​ភ្នំពេញ។ ក្រុម​សហគមន៍​ដែលមាន​ទំនាស់​ដីធ្លី​និង​ក្រុម​សហជីព​កម្មករ និង​តំណាង​សង្គម​ស៊ីវិល​នានា​នឹង​ឡើង​ថ្លែង​សារ​អំពី​បញ្ហា​សិទ្ធិមនុស្ស​ផងដែរ។ ទិវា​សិទ្ធិមនុស្ស​ឆ្នាំនេះ​ក៏បាន​កើតឡើង​ស្រប​ពេលដែល​សកម្មជន​ដីធ្លី និង​សកម្មជន​បក្សប្រឆាំង​មួយចំនួន​កំពុង​ជាប់ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពីបទ​ល្មើសផ្សេងៗគ្នា។ គេ​ក៏​នៅ​មិនទាន់​ដឹង​ដែរ​ថា តើ​អាជ្ញាធរ​នឹង​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នៅលើ​ទីលាន​មុខ​វត្ត​បុ​ទម​វ​ត្តី​ដែរ​ឬក៏​អត់​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ