អានតួអត្ថបទ
កម្ពុជា

នាង​ផល្លា​៖កិត្តិយស​ថ្ងៃនេះ​ជា​លទ្ធផល​ប្រឹងប្រែង​ជាង​២០ឆ្នាំ

នៅ​ថ្ងៃទី១៨​ មីនា​នេះ​អ្នក​គ្រូ​នាង​ផល្លា​ដែល​ជា​គ្រូបង្រៀន​កុមារគ ​ថ្លង់​របស់​អង្គការ​គ្រួសារ​ថ្មី​បាន​វិល​មក​កាន់​មាតុប្រទេស​វិញ​ហើយ​ បន្ទាប់​ពី​បាន​ចូលរួម​ការ​ប្រកួត​ប្រជែង​ការ​ជ្រើសរើស​កម្មវិធី​ពានរង្វាន់​គ្រូ​ឆ្នើម​ពិភពលោក​ក្នុង​ទីក្រុង​ឌូប៊ៃ។ អ្នកគ្រូ​នាង​ផល្លា​បាន​លើកឡើងថា​ អ្វី​ដែល​អ្នកគ្រូ​មាន​ថ្ងៃនេះ​ គឺជា​សមិទ្ធិផល​ជាង​២០​ឆ្នាំ​មក​ហើយ។

អ្នកគ្រូ​ នាង ផល្លា​ ក្នុង​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ ​បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​កម្មវិធី​ Global Teacher Prize ​នៅ​ទី​ក្រុង​ឌូបៃ។​
អ្នកគ្រូ​ នាង ផល្លា​ ក្នុង​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ ​បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​កម្មវិធី​ Global Teacher Prize ​នៅ​ទី​ក្រុង​ឌូបៃ។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកគ្រូ​នាង​ដែល​ទើបតែ​ត្រឡប់​ពី​ការ​ប្រកួត​ប្រជែង​ពានរង្វាន់​គ្រូ​ឆ្នើម​ពិភពលោក ​(Global Teacher Prize)​ក្រោម​សំឡេង​ទះដៃ​អបអរ​សាទរ និង​ការ​ស្វាគមន៍​ពី​មនុស្ស​ជិត​៦០០នាក់​ដែល​បាន​ឈរ​ចាំ​តម្រៀបជួរ​នៅ​ផ្លូវ​ច្រកចេញ​នៃ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។​ អ្នក​ដែល​ចាំ​ទទួល​មាន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​កុមារ​នៃ​អង្គការ​គ្រួសារ​ថ្មី​ និង​ក្រុមយុវជន​ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ានី។ ​ពាក្យ​បដា​ ដែល​សរសេរថា ​អ្នកគ្រូ​នាង​ផល្លា​ ជា​គ្រាប់ពេជ្រ​នៃ​ស្រី្ត​ខ្មែរ​ អ្នកគ្រូ​នាង​ផល្លា ​នាំមក​នូវ​កិត្តិយស​ជូន​ជាតិ​ជាដើម​ រួមទាំង​សម្លេង​ស្រែក​ជយោ​អ្នកគ្រូ​នាង​ផល្លា​ត្រូវ​បាន​លើកឡើង​គ្រវី​និង​ស្រែក​បន្ទរ។ អ្នក​កាន់​កម្រង​ផ្កា​ជាច្រើន​សម្រុក​បំពាក់​ជូន​អ្នកគ្រូ ហើយ​អ្នក​ខ្លះ​បាន​លួច​បង្ហូរ​ទឹកភ្នែក​ព្រោះ​តែ​រំភើប។

អ្នក​គ្រូ​នាង​ផល្លា​ដែលជា​គ្រូបង្រៀន​នៃ​អង្គការ​គ្រួសារ​ថ្មី​ និង​ជា​បុគ្គលិក​មន្ត្រីរាជការ​ក្រសួង​អប់រំ​ដែរនោះ ​ត្រូវ​បាន​ជ្រើសរើស​ចូល​ប្រកួត​ប្រជែង​យក​ពាន់រង្វាន់​គ្រូបង្រៀន​ឆ្នើម​២០១៥​ដែល​មាន​តម្លៃ​ទឹកប្រាក់​១លាន​ដុល្លារ​អាមេរិក។ ជា​ការ​ប្រកួត​ប្រជែង​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​៨ពាន់​នាក់​មក​ពី​ជុំវិញ​ពិភពលោក​ ហើយ​អ្នកគ្រូ​បាន​ស្ថិត​ក្នុង​ចំណោម​១០​នាក់​ចុង​ក្រោយ។ ​លោក​ហង់ ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​សរសើរ​អ្នកគ្រូ​នាង​ផល្លា​បាន​នាំមក​នៅ​មោទនភាព​ជូន​ជាតិ​កម្ពុជា​បើទោះបី​ជា​អ្នកគ្រូ​មិន​បាន​ទទួល​ជ័យលាភី​ក៏ដោយ។ ​លោក​រដ្ឋមន្ត្រី​ដែល​បាន​មកឈរ​ចាំ​ទទួល​តាំង​ពី​ប្រមាណ​ជិត១ម៉ោង​មុន​ការ​មកដល់​របស់​អ្នកគ្រូ​នាង ​ផល្លា​នៅ​ម៉ោង១០​ និង១៥នាទី​ព្រឹក ​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​នឹង​បំពាក់​មេដៃ​ថ្នាក់​មហា​សេរីវឌ្ឍន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​មេដៃ​ខ្ពស់​ជាង​គេ​បង្អស់​ ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នៅ​ថ្ងៃ​ទី​២៦មីនា​ខាងមុខ។

ហើយ​ក្រៅពីនោះ​ រដ្ឋាភិបាល​នឹង​ផ្តល់ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ដល់​អ្នកគ្រូ​នាង​ផល្លា​ចំនួន​១០០លាន​រៀល​ផងដែរ។ ​អ្នកគ្រូ​ នាង​ ផល្លា ​បាន​ប្រើប្រាស់​ពេលវេលា​បង្រៀន​កុមារគ​ថ្លង់​នៅ​ក្នុង​អង្គការ​គ្រួសារ​ថ្មី​តាំងពី​ឆ្នាំ​១៩៩៣។ ​យ៉ាង​ណា​ក៏​ដោយ​អ្នកគ្រូ​នាង​ផល្លា​ដែល​បាន​នាំ​កិត្តិយស​ជូន​ប្រទេស​កម្ពុជា​នោះ បាន​អះអាងថា​នឹង​បន្ត​អាជីព​បង្រៀន​កុមារ​ពិការ​គ​ថ្លង់​ជា​រៀងរហូត​ដល់ពេល​អស់​សមត្ថភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ