អានតួអត្ថបទ
កម្ពុជា

ការ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​បោះ​ឆ្នោតដូច​ឆ្នាំ​២០១៣៖ គ.ជ.ប. ជឿ​ថា​នឹង​មិន​កើត​ឡើង​ទៀត​ទេ!

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បង្ហាញ​ពី​ជំនឿ​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ នឹង​មិន​មាន​ការ​រារាំង​ពលរដ្ឋ​ណា​ម្នាក់​មិន​ឲ្យ​បោះ​ឆ្នោត ដោយ​ចោទ​ថា​ជា​ជន​បរទេស ដូច​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣​ឡើយ​។ នេះ​បើ​តាម​លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប. ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​បទ​បញ្ជា និង នីតិ​វិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ នា​ថ្ងៃ​សុក្រ​ម្សិលមិញ​។

ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ
ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

លោក គួយ ប៊ុនរឿន អនុ​ប្រធាន គ.ជ.ប. ជឿ​ជាក់​ថា​នឹង​មិន​មាន​ហេតុការណ៍​​រារាំង​ពលរដ្ឋមិន​ឲ្យ​បោះ​ឆ្នោត​​ដោយចោទ​ថា​ជា​ជន​បរទេសដូច​អាណត្តិ​មុន ព្រោះ​តែ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​និង​ការ​បញ្ជាក់​ពី​សញ្ជាតិ​ខ្មែរ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​លម្អិត​ជា​ច្រើន​ដំណាក់​កាល​។ មិន​ត្រឹម​តែ​ប៉ុនណោះ គ.ជ.ប. បាន​បើក​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ប្ដឹង​តវ៉ា​និង​ប្ដឹង​ជំទាស់ ចំពោះ​ជន​ណា​ម្នាក់ដែល​ពលរដ្ឋ​សង្ស័យ​ថា​​មិន​មែន​សញ្ជាតិ​ខ្មែរ មិន​ទាន់​គ្រប់​អាយុ ឬ​ជាប់​​ពិរុទ្ធ​​ថែម​ទៀត​។

 

សូម​រំលឹក​ជូន​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ អ្នក​បោះ​ឆ្នោត​នៅ​តាម​ការិយាល័យ​មួយ​ចំនួន បាន​នាំ​គ្នា​រារាំង​ជនជាតិ​វៀតណាម​ដែល​បាន​ចូល​ទៅ​បោះ​ឆ្នោត​។ ជាក់​ស្ដែង ការិយាល័យមួយ​នៅ​ក្នុង​ឃុំ​ក្ដឿងរាយ ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង ត្រូវ​គេ​រាយការណ៍​ថា អ្នក​បោះ​ឆ្នោត​នៅ​ទីនោះ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម តវ៉ា​ប្រឆាំង នៅ​ពេល​ពួក​គេ​ឃើញ​ជនជាតិ​វៀតណាម​ជា​ច្រើន នាំ​គ្នា​ទៅ​បោះ​ឆ្នោត​។ បញ្ហា​រារាំង​ជនជាតិ​វៀតណាម​មិន​ឲ្យ​បោះ​ឆ្នោត ក៏​កើត​មាន​ដែរ​នៅ​ក្នុង​វត្ត​ចំប៉ា ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល​។

 

យ៉ាង​ណាមិញ បើ​ទោះ​បី​ជា គ.ជ.ប. រំពឹង​ថា នឹង​មិន​មាន​ការ​រារាំង​ដូច្នេះ​កើត​ឡើង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​ក្នុង​ឆ្នាំ​២០១៧​នេះ​ក៏​ដោយ ក៏មន្ដ្រី​រដ្ឋាភិបាល​បាន​ព្រមាន​ទុក​ជាមុនពី​វិធានការ​របស់​ខ្លួន ប្រសិន​បើ​ហេតុការណ៍​ដូច្នេះ​នៅ​តែ​កើត​ឡើង​។ បើ​តាម​មន្ដ្រី​ក្រសួង​មហាផ្ទៃ លោក សោម ចាន់ឌីណា ជនណា​ដែល​រារាំង​អ្នក​ដទៃ​មិន​ឲ្យ​បោះ​ឆ្នោត ត្រូវ​ប្រឈម​មុខ​នឹង​ការ​ឃាត់​ខ្លួន និង​ផាក​ពិន័យ​។ វិធានការ​នេះ​ត្រូវ​បាន​មន្ដ្រី​ក្រសួង​មហាផ្ទៃ​ដដែល​ពន្យល់​ថា ធ្វើ​ឡើង​តាម​រយៈ​កិច្ច​ព្រមព្រៀង​ជាមួយ គ.ជ.ប. ដែល​បាន​ស្នើ​សុំ​កិច្ច​សហការ​ពី​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​ការពារ​ជាតិ ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​។

ជា​ការ​កត់ស​ម្គាល់ ក្នុង​គោលដៅ​ទប់​ស្កាត់​ការ​រារាំង​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​បោះ​ឆ្នោត អំពើហិង្សា និង បាតុភូត​មិន​ប្រក្រតី​នានា​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ រដ្ឋាភិបាល​ត្រៀម​​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​ចម្លោះ​ពី​៥​ពាន់ រហូត​ដល់​៧​ម៉ឺន​នាក់​ដើម្បី​ការពារ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​។ ការ​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​ចំនួន​ច្រើន​ដូច្នេះ ត្រូវ​បាន​អ្នក​តាម​ដាន​ការ​បោះ​ឆ្នោត​មួយ​ចំនួន​បារម្ភ​ថា អាច​ក្លាយ​ទៅ​ជា​ការ​គម្រាម​កំហែង និង បំភិត​បំភ័យ​ដល់​អ្នក​បោះ​ឆ្នោត​ទៅ​វិញ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ