អានតួអត្ថបទ
កម្ពុជា

ផ្ទេរតំណែងគជប៖ ប្រធានចាស់រម្លឹកពីប្រវត្តិ និងស្នាដៃ ឯប្រធានថ្មី សន្យា និងប្តេជ្ញា

 ពិធី​ផ្ទេរ​តំណែង​គជប ទាំង ៩ រូប ត្រូវ​បាន​ធ្វើ​ឡើង កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣​មេសា ក្រោម​វត្តមាន​តំណាង​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហា​សង្ឃ​រាជ​ទាំង​ពីរ​គណៈ។ មុន​នឹង​ប្រគល់ និង​ទទួល​ត្រា ប្រធាន​គជប​ចាស់ លោក អ៊ឹម សួស្តី បាន​រម្លឹក​ពី​ប្រវត្តិ និង​ស្នាដៃ ដែល​គជប បាន​រៀប​ចំ​ការ​បោះឆ្នោត ១២ លើក​មក​ហើយ។ ចំណែក​ប្រធាន​ថ្មី លោក ស៊ិក ប៊ុនហុក បាន​ប្រកាស​សន្យា និង​ប្តេជ្ញា អនុវត្ត​តួនាទី ភារកិច្ច ប្រកប​ដោយ​ឯករាជ្យ អព្យាក្រឹត្យ សុចរិតភាព តម្លាភាព សំដៅ​ធានា​ឲ្យ​ការ​បោះឆ្នោត បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។ 

លោក ស៊ិក ប៊ុនហុក ប្រធាន​គ.ជ.ប.ថ្មី
លោក ស៊ិក ប៊ុនហុក ប្រធាន​គ.ជ.ប.ថ្មី RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

 

ការ​ផ្ទេរ​តំណែង​គជប កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣​មេសា​នេះ គឺ​ជា​លើក​ទី៤ ហើយ ចាប់តាំង​ពី​គជប ត្រូវ​បាន​បង្កើត​ឡើង​លើក​ដំបូង កាល​ពី​ថ្ងៃទី​១កុម្ភៈ ឆ្នាំ​១៩៩។ ក្នុង​រយៈពេល ១៧ ឆ្នាំ​មក​នេះ គជប បាន​រៀប​ចំ​ការ​បោះឆ្នោត ១២ លើក រួម​មាន ការ​បោះឆ្នោត​ព្រឹទ្ធសភា ការ​បោះឆ្នោត​តំណាងរាស្ត្រ ការ​បោះឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង​ស្រុក​ខណ្ឌ។

មុន​ពេល​ប្រគល់​ត្រា លោក អ៊ឹម សួស្តី ប្រធាន​គជប​ចាស់ លើក​ឡើង​ថា តាម​រយៈ​ការរៀប​ចំ​ការ​បោះឆ្នោត​ជា​ច្រើន​លើក បាន​បង្ហាញ​ពី​សមត្ថភាព​គ្រប់​គ្រង និង​ការ​រៀប​ចំ​ចាត់​ចែង​ការ​បោះឆ្នោត​របស់​គជប កាន់​តែ​រឹង​មាំ រហូត​ដល់​មាន​ប្រទេស​មួយ​ចំនួន ដូចជា អ៊ីរ៉ាក់ នេប៉ាល់ ទីម័រ​ខាង​កើត និង​មីយ៉ាន់ម៉ា បាន​មក​ស្វែង​យល់ និង​ដកស្រង់​បទពិសោធ។

លោក អ៊ឹម សួស្តី បាន​បញ្ជាក់​ថា “បើ​ទោះ​បី​ជានិច្ច​ជា​កាល តែង​តែ​ទទួល​រង​នូវ​ការ​ទិទៀន ការ​ចោទ​ប្រកាន់​ឥត​ឈប់​ឈរ​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​យ៉ាង​ណា​ក៏ដោយ ក៏​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​នេះ តែង​តែ​ប្រកាន់​ភ្ជាប់​នូវ​បាវចនា​របស់​ខ្លួន គឺ​ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ និង​តម្លាភាព។

ដោយ​ទទួល​ស្គាល់​ថា ការងារ​រៀប​ចំ​ការ​បោះឆ្នោត ជា​ភារកិច្ច​មួយ ដែល​មាន​ការលំបាក និង​មាន​ភាព​ស្មុគស្មាញ​ខ្លាំង លោក ស៊ិក ប៊ុនហុក ប្រធាន​គជប​ថ្មី បាន​សរសើរ​ពី​ស្នាដៃ​របស់​គជប​អាណត្តិ​មុន ហើយ​លោក​ប្រកាស​សន្យា និង​ប្តេជ្ញា បន្ត​អនុវត្ត​ការងារ​រៀប​ចំ​ការ​បោះឆ្នោត​ឲ្យ​ទទួល​លទ្ធផល​កាន់​តែ​ល្អ​ប្រសើរ ពិសេស​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ២០១៧ និង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ ឆ្នាំ​២០១៨។

លោក ស៊ិក ប៊ុនហុក បាន​បញ្ជាក់​ថា “យើង​ខ្ញុំ​សូម​ប្តេជ្ញា ខិត​ខំ​ប្រឹង​ប្រែង យក​អស់​កម្លាំងកាយ​ចិត្ត អនុវត្ត​តួនាទី ភារកិច្ច ប្រកប​ដោយ​ឯករាជ្យ អព្យាក្រឹត្យ សុចរិត​ភាព តម្លាភាព សំដៅ​ធានា​ឲ្យ​ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​រៀបចំ​ចាត់​ចែង​ការ​បោះឆ្នោត​តាម​បទដ្ឋាន​បច្ចេក​ទេស​មួយ​ដ៏​សមរម្យ ស្រប​តាម​ច្បាប់ បទ​បញ្ជា និង​នីតិវិធី​នៃ​ការ​បោះឆ្នោត ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​សម្រេច​បាន​ការ​បោះឆ្នោត​មួយ ដែល​លទ្ធផល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។

ដោយ​ឡែក​លោក គួយ ប៊ុន​រឿន អនុប្រធាន​គជប​ថ្មី ដែល​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ថ្ងៃ​ផ្ទេរ​តំណែង​នេះ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ហើយ​លោក​សង្ឃឹម​ថា គជប​ថ្មី ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ នឹង​បង្កើន​ជំនឿ​ចិត្ត​របស់​មហាជន ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ