អានតួអត្ថបទ
កម្ពុជា

ទិវា​ជាតិ​អំណាន​លើក​ទី ២ ឆ្នាំ ២០១៧៖ «អាន​ដើម្បី​ភាព​សុខដុម​នៃ​ជីវិត»

ទិវា​ជាតិ​អំណាន​លើក​ទី​ ២ ត្រូវ​រៀប​ចំ​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់​រំ នា​ថ្ងៃ​ទី ១១​ខែ​មីនា​នេះ ក្រោម​ប្រធាន​បទ «អាន​ដើម្បី​ភាព​សុខដុម​នៃ​ជីវិត»។ ទិវា​នេះ​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន​និង កីឡា ក្នុង​គោលដៅ​ពង្រឹង​ឡើង​វិញ​នូវ​វប្បធម៌​អំណាន ដើម្បី​លើក​កម្ពស់​អក្សរ​សាស្រ្ត​ខ្មែរ និង​ពិសេស​ជំរុញ​ឲ្យ​ប្រជាជន​កម្ពុជា​ចាប់​យក​សេចក្ដី​ស្រឡាញ់​ការ​អាន​បន្ថែម​ទៀត។ បើ​តាម​ក្រសួង​អប់រំ រដ្ឋា​ភិបាល អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់​ព័ន្ធ កំពុង​តែ​សហការ​គ្នា ស្ដារ​ទម្លាប់​ការ​អាន​នៅ​កម្ពុជា​ឡើង​វិញ តាម​រយៈ​មធ្យោបាយ​ផ្សេងៗ ហើយ​ក្នុង​នោះ ការ​ប្រារព្ធ​ទិវា​ជាតិ​អំណាន​ក៏​ជា​មធ្យោបាយ​មួយ​ដែរ។

ទិវា​ជាតិ​អំណាន​លើក​ទី​១ ​ប្រារព្ធ​ឡើង​នៅ​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ​ នាពេលកន្លងមក។​
ទិវា​ជាតិ​អំណាន​លើក​ទី​១ ​ប្រារព្ធ​ឡើង​នៅ​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ​ នាពេលកន្លងមក។​ សហការី
ផ្សាយពាណិជ្ជកម្ម

«អាន​ដើម្បី​ភាព​សុខដុម​នៃ​ជីវិត» នេះ​គឺ​ជា​ប្រធាន​បទ​សម្រាប់​ទិវា​ជាតិ​អំណាន​ឆ្នាំ ២០១៧។ មិន​ខុស​ពី​ឆ្នាំ​មុន ទិវា​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា សហការ​ជាមួយ​ក្រសួង​ព័ត៌មាន និង ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ។ បើ​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា, ថ្វី​ត្បិត​តែ​ទិវា​នេះ ក្នុង ១​ឆ្នាំ​មាន​តែ ១​ថ្ងៃ ក៏​ពិត​មែន តែ​វា​ក៏​ជា​ឱកាស​ដែល​អាច​ជំរុញ​ឱ្យ​ប្រជាជន​បណ្តុះ​ទំលាប់ ស្វែង​យល់ និង ចាប់​យក​សេចក្តី​ស្រឡាញ់​នៃ​ការ​អាន​បាន​មួយ​ចំណែក​ដែរ។

លោក រស់ សាលីន នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា អ្វី​ដែល​ពិសេស​នៅ​ថ្ងៃ​ទិវា​ជាតិ​អំណាន​នៅ​ឆ្នាំ​នេះ​វិញ! កម្មវិធី​ប្រកួត​ប្រជែង​ការ​អាន និង ស្មូត​កំណាព្យ គឺ​ជា​កម្មវិធី​ថ្មី​មួយ​ដែល​ក្រសួង​អប់រំ​ទើប​តែ​រៀប​ចំ​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​នេះ។ សិស្សា​នុសិស្ស ថ្នាក់​ទី ៦ និង ថ្នាក់​ទី ៩ មក​ពី ២៥ រាជធានី ខេត្ត ដែល​ទទួល​បាន​ជ័យ​លាភី ១​ប្រចាំ​ខេត្ត ក្រុង​នីមួយៗ ត្រូវ​ឡើង​មក​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ​បន្ត​ទៀត ដើម្បី​ចំរាញ់​យក លេខ ១ លេខ ២ និង លេខ​ទី ៣ ប្រចាំ​ប្រទេស។

បន្ថែម​ពី​នេះ កម្មវិធី​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​ទី ១១​ មីនា ពី​ម៉ោង ៨​ព្រឹក​រហូត​ដល់​ម៉ោង ៥​ល្ងាច​នោះ ក៏​រួម​មាន​ ការ​តាំង​ពិពរណ៌​សៀវភៅ ស្តង់​ថត​រូប ការ​ធ្វើ​បទ​បង្ហាញ និង ចែក​រំលែក​ពី​របៀប​នៃ​ការ​អាន ការ​សរសេរ និង ការ​តែង​និពន្ធ​ផង​ដែរ។ ហើយ​ក្នុង​នោះ​អ្នក​ចូល​រួម​កម្មវិធី​ក៏​បាន​ជួប​ជាមួយ​វាគ្មិន​ល្បីៗ ដែល​អញ្ជើញ​មក​ធ្វើ​បាឋកថា​ទាក់​ទង​ទៅ​នឹង​ភាព​ជោគ​ជ័យ​ក្នុង​ជីវិត​តាម​រយៈ​ការ​អាន​ព្រម​ទាំង​កម្មវិធី​ផ្សេងៗ​ទៀត។

ដោយ​ឡែក​នៅ​តាម​គ្រឹះ​សា្ថន​សិក្សា​សាធារណៈ និង ឯកជន​តាម​បណ្តា ២៥ រាជធានី​ខេត្ត​ក៏​មាន​រៀប​ចំ​ប្រារព្ធ​កម្មវិធី​នេះ តាម​លទ្ធភាព​រៀងៗ​ខ្លួន ដើម្បី​រួម​គ្នា​អប​អរ​ទិវា​ជាតិ​អំណាន​នៅ​ទូ​ទាំង​ប្រទេស។

គួរ​ជម្រាប​ជូន​ថា ទិវា​ជាតិ​អំណាន​ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​ចេញ​អនុក្រឹត ចុះ​ថ្ងៃ​ទី​ ១៤ ខែ កញ្ញា ឆ្នាំ ២០១៥ កំណត់​យក​ថ្ងៃ​ទី ១១ ខែ​មីនា ដែល​ជា ថ្ងៃ ខែ ឆ្នាំ​កំណើត​របស់​សម្តេច​សង្ឃរាជ ជួន ណាត ជា​ថ្ងៃ​ប្រារព្ធ​កម្មវិធី​នេះ។ ទិវា​ជាតិ​អំណាន​លើក​ទី ១ បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៦ ក្រោម​ប្រធាន​បទ «បណ្តុះ​ទម្លាប់​អាន​ជំរុញ​វប្បធម៌​អាន» ដែល​មាន​មនុស្ស​ចូល​រួម​ចំនួន ១៨៨៣ នាក់ ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ