អានតួអត្ថបទ
កម្ពុជា

លោក​ស្រី​រ៉ូ​ណា ស្មីត មិន​បាន​បង្ហាញជំហរ​​រិះគន់​រដ្ឋា​ភិបាល​កម្ពុជា​នោះទេ

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី ២៤ កញ្ញា នៅ​ឯការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នៅ​ក្នុង​ទីក្រុង​ភ្នំពេញ លោកស្រី​រ៉ូ​ណា ស្មី​ត មិន​បាន​ថ្លែង​ពី​ចំណុច​អវិជ្ជមាន​ច្រើន​នៅ​កម្ពុជា​នោះទេ។ ប៉ុន្តែ​លោកស្រី​បាន​ថ្លែង​ពី​ភាព​រីក​ចម្រើន និង​កោតសរសើរ​ដល់​មន្ត្រី​រដ្ឋាភិបាល ដែល​បាន​សន្យាថា​និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ និង UNHCR។

អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។
អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ខុសពី​លោក​សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​នៅ​អាណត្តិ​មុន ដែល​បាន​ថ្លែង​ច្រើន​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា ទៅ​កាន់​ពិភព​លោក​នោះ លោកស្រី​រ៉ូ​ណា ស្មី​ត មិន​បាន​ថ្លែង​អ្វី​ច្រើន​នោះទេ​ស្តីពី​បញ្ហា​សិទ្ធ​មនុស្ស ក្នុង​ដំណើរ​ទស្សនៈកិច្ច​ជា​លើកដំបូង ក្នុងនាម​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា។

លោក​ស្រី​ស្មី​ត ចាប់​ផ្តើម​ដំបូង​ដោយ​ថ្លែង​ពី​តួនាទី​របស់​លោក​ស្រី ដែល​មាន​មុខងារ​ធំ​ៗ​ចំនួន​បី​គឺ ផ្តល់​ប្រឹក្សា​យោបល់ ឃ្លាំមើល និង​រាយការណ៍​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ និង​បន្ត​ដោយ​ជំនួប​របស់​លោក​ស្រី​ក្នុង​រយៈ​ពេល​៨​ថ្ងៃ​នៃ​ដំណើរ​ទស្សនៈកិច្ច​នៅ​កម្ពុជា ដែល​ក្នុងនោះ​លោក​ស្រី​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​រដ្ឋ​មន្ត្រី​ជា​ច្រើន​ផ្សេងទៀត។ លោក​ស្រី​ក៏បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​កោះកុង ដើម្បី​ទៅ​ជួប​តំណាង​សង្គម​ស៊ីវិល សមាជិក​សហគមន៍​ផ្សេង​ៗ អ្នក​វិនិយោគ អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​តុលាការ​ផងដែរ។

លោក​ស្រី​រ៉ូណា ស្មី​ត​បាន​ទទួល​ស្គាល់​ថា​វា​ពិត​ជា​មាន​បញ្ហា​ប្រឈម​ជាច្រើន​កើត​មាន​នៅ​ក្នុង​តំបន់​ដែល​មាន​ការ​ផ្តល់​ដី​សម្បទាន ហើយ​នៅ​ទីនោះ​គឺមាន​បញ្ហា​សិទ្ធិ​មនុស្ស​ដ៏​ស្មុគស្មាញ ដែល​កម្ពុជា​កំពុង​ជួបប្រទះ។ ប៉ុន្តែ​ការ​យល់​ឃើញ​នេះ ត្រូវបាន​លោក​ស៊ូប៊ែឌី​ផ្តល់​អនុសាសន៍ ឲ្យ​លោកស្រី​និង​លើកទឹក​ចិត្ត​ដល់​ការ​បន្ត​ត្រួត​ពិនិត្យ​លើដី​សម្បទាន ដែល​រាប់​ទាំង​ការ​លុប​ចោល និង​ការ​បែង​ចែក​ជូន​ប្រជាពលរដ្ឋ​វិញ តាម​ការ​សមស្រប។

សូម​បញ្ជាក់​ថា​លោក​ស្រី​រ៉ូ​ណា ស្មី​ត គឺជា​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ។ លោក​ស្រី បាន​បន្ត​តំណែង​នេះ​ពី​លោក​សូរិយា ប្រាសាទ ស៊ូប៊ែឌី។ លោក​ស្រី​ស្មី​ត​បាន​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា រយៈពេល​៨​ថ្ងៃ​ចាប់​ពី​ថ្ងៃទី ១៦ កញ្ញា ដល់​ថ្ងៃទី ២៤ កញ្ញា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ