អានតួអត្ថបទ
កម្ពុជា

មនុស្ស​ប្រមាណ ១០​ម៉ឺន​នាក់ រំពឹង​ថា​នឹង​មក​កំសាន្ត ក្នុង​ពិធី​បុណ្យ​ទន្លេ នៅ​ក្នុង​ខេត្ត​កំពង់​ចាម និង​ខេត្ត​ត្បូង​ឃ្មុំ

ពិធី​បុណ្យ​ទន្លេ​លើក​ទី​២ ត្រូវ​ចាប់​បាន​ផ្តើម​ពី​១១ ដល់​ ថ្ងៃ​ទី ១៣ មីនា នៅ​ខេត្ត​កំពង់​ចាម និង​ខេត្ត​ត្បូង​ឃ្មុំ ​។ ពិធី​បុណ្យ​រយៈ​ពេល​បី​ថ្ងៃ​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​អ្នក​ចូលរួម​ទស្សនា កំសាន្ត ប្រមាណ​១០​ម៉ឺន​នាក់​ ។ នេះ​បើ​តាម​លោក ទិត ចន្ថា អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍​។ ក្នុង​នោះ​មាន​ការ​ដាក់​បញ្ចូល​កីឡា​ចំនួន​១១​ប្រភេទ ការ​ប្រគំ​តន្រ្តី ការ​សម្តែង​សិល្បៈ​វប្បធម៌ ស្តង់​ពិព័រណ៍​កសិ​ទេសចរណ៍-ផលិត​ផល​ខ្មែរ ស្តង់​ពិព័រណ៍​ម្ហូប​អាហារ និង​ភេសជ្ជៈ សរុប​ប្រមាណ​២០០​ស្តង់​ទៀត ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ផង​ដែរ។ បុណ្យ​ទន្លេ​ប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​សហគមន៍ តាមរយៈ​ភ្ញៀវ​ទេសចរណ៍។អត្តបទដោយ៖ ប៉ុន សោភ័ណ

ពិធី​បុណ្យ​ទន្លេ​លើក​ទី​២ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​​នៅ​ខេត្ត​កំពង់​ចាម។​
ពិធី​បុណ្យ​ទន្លេ​លើក​ទី​២ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​​នៅ​ខេត្ត​កំពង់​ចាម។​ Facebook
ផ្សាយពាណិជ្ជកម្ម

ពិធី​បុណ្យ​ទន្លេ​លើក​ទី2 បាន​ចាប់​ផ្តើម​ហើយ! គឺ​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៦​នេះ ក្រោម​ប្រធាន​បទ “ទន្លេ​ស្អាត សហគមន៍​ល្អ”។ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​ទៀត សម្រាប់​ខេត្ត​កំពង់​ចាម​ និង​ខេត្ត​ត្បូង​ឃ្មុំ ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា ខេត្ត​ដែល​មាន​ភូមិសាស្ត្រ​តាម​ដង​ទន្លេ​មេគង្គ​មួយ​នេះ។

លោក ទិត ចន្ថា អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា កំពង់​ចាម​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ទទួល​ភ្ងៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​នៅ​ក្នុង​ពិធី​បុណ្យ​ទន្លេ​លើក​ទី​២​នេះ តួយ៉ាង​ការ​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ក្នុង​ក្រុង​ទាំង​មូល មាន​ដូចជា​ការ​រៀបចំ​សួន​ច្បារ ការ​តុប​តែង​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​នៅ​ក្នុង​ទីក្រុង និង​តាម​ស្ពាន​ជា​ដើម ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ប្លែក​ភែ្នក​ជាក់​ជា​មិន​ខាន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន ការ​ប្រគំ​តន្រ្តី ការ​សម្តែង​សិល្បៈ​វប្បធម៌ និង​ស្តង់​ពិព័រណ៍​កសិ​ទេសចរណ៍​-ផលិត​ផល​ខ្មែរ ស្តង់​ពិព័រណ៍​ម្ហូប​អាហារ-ភេសជ្ជៈ សរុប​ប្រមាណ​២០០​ស្តង់​ទៀត​ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ផង​ដែរ។ ចំពោះ​ការ​ឡើង​ថ្លៃ​មុខ​ទំនិញ​នៅ​ក្នុង​ពិធី​បុណ្យ​នេះ​វិញ​ត្រូវ​បាន លោក ទិត ចន្ថា បញ្ជាក់ថា តិច​រឺ​ច្រើន​ពិត​ជា​មាន​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​អាជ្ញាធរ​នឹង​ខិតខំ​ប្រឹងប្រែង​ទប់​ស្កាត់ មិន​ឱ្យ​មាន​ការ​ឡើង​ថ្លៃ​ជ្រុល​ហួស​ហេតុ។

ក្រៅ​ពី​នេះ កីឡា​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​មាន​ប្រសាសន៍​ថា​(NOCC)​ បាន​នាំ​យក​កីឡា​ចំនួន​១១​ប្រភេទ ក្នុង​នោះ​រួម​មាន៖ កីឡា​រត់​ប្រណាំង​កំសាន្ត ការ​ប្រកួត​បាល់​ទះ ការ​ប្រកួត​កីឡា​ហែល​ទឹក​ កីឡា​ចំបាប់​បុរាណ កីឡា​ទូក​ក្តោង ប្រកួត​កីឡា​អុក​ចត្រង្គ ប្រដាល់​គុនខ្មែរ កីឡា​ហោះ​ហើរ​លើ​ទឹក អុំទូក​ប្រពៃណី​ខ្នាត​តូច ឆ័ត្រ​យោង និង​សីស្លាប-សីដក់។ លោក​បន្ថែម​ថា ក្នុង​ការ​ប្រកួត​កីឡា​រត់​ប្រណាំង​កំសាន្ត​នៅ​ថ្ងៃ​ទី​១​នេះ គឺ​មាន​ការ​ចូលរួម​ពី​សិស្ស​និស្សិត​នៅ​ខេត្ត​ត្បូង​ឃ្មុំ និង​កំពង់ចាម សរុប​ជិត​២​ពាន់​នាក់។ ចំនួន​នេះ គឺ​មាន​ការ​កើន​ឡើង បើ​ប្រៀប​ធៀប​ទៅ​នឹង​បុណ្យ​ទន្លេ​នៅ​ខេត្ត​ក្រចេះ​កាល​ពី​ឆ្នាំ​២០១៥​ ដែល​មាន​អ្នក​ចូលរួម​រត់​ប្រណាំង​ចំនួន​ត្រឹម​ប្រមាណ​១​ពាន់​នាក់។ លើស​ពី​នេះ ការ​ដាក់​បញ្ចូល​កីឡា​ ដែល​ជា​ចំណុច​ស្នូល​នៃ​បុណ្យ​ទន្លេ គឺ​ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ផ្នែក​សុខភាព​ទាំង​ផ្លូវ​កាយ ផ្លូវចិត្ត និង​ផ្នែក​បញ្ញា ព្រម​ទាំង​ផ្តល់​ចំណេះ​ដឹង​ផ្នែក​បរិស្ថាន​ទៀត​ផង។

ទន្ធឹម​នឹង​នេះ លោក ហ៊ុន សែន ថ្លៃង​នៅ​ក្នុង​លិខិត​អបអរ​ពិធី​បុណ្យ​ទន្លេ កាល​ពី​ថ្ងៃ​ទី៧ មីនា បាន​មាន​ប្រសាសន៍​ថា បុណ្យ​ទន្លេ​នឹង​ក្លាយ​ជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ថ្មី​មួយ​ទៀត​ក្នុង​ការ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព ដែល​ជា​កត្តា​រួម​ចំណែក​ក្នុង​ការ​ផ្តល់​ចំណូល ការ​បង្កើន​ការងារ និង​ការ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍។ ជា​ពិសេស​រួម​ចំណែក​ធ្វើ​ឲ្យ​សម្រេច​បាន​គោល​អភិវឌ្ឍន៍​សហស្សវត្ស​របស់​អង្គការ​សហប្រជាជាតិ និង​កម្ពុជា ព្រម​ទាំង​បង្កើន​ស្មារតី​ស្រលាញ់​ជាតិ​មាតុភូមិ​សាមគ្គី​ភាព និង​មិត្តភាព​ផង​ដែរ។

គួរ​ជម្រាប​ថា ពិធី​បុណ្យ​ទន្លេ កាល​ពី​ឆ្នាំ​២០១៥ បាន​ធ្វើ​ឡើង​នៅ​លើ​ទឹកដី​ខេត្ត​ក្រចេះ រយៈ​ពេល​បី​ថ្ងៃ ពី​ថ្ងៃ​ទី ១៣ ដល់ ១៥ ខែមីនា ដោយ​ទទួល​បាន​ភ្ញៀវជាតិ និង​អន្តរជាតិ​មក​ចូល​ទស្សនា​ប្រមាណ១០​ម៉ឺន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ