អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី ឆ្លើយ​តប​នឹង​លោក ហ៊ុន សែន ថាបើ​សង្គ្រោះជាតិឈ្នះ​ឆ្នោត​នឹង​មិន​មាន​សង្គ្រាម​ទេ​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ កាលពី​ថ្ងៃ​ម្សិលមិញ​ថា គោលការណ៍​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​ចាត់ទុក​អ្នកណា​ជាស​ត្រូវ ហើយនឹង​ដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​សន្តិវិធី នឹងមិន​អាចធ្វើ​ឲ្យ​មាន​សង្គ្រាម​កើតឡើង​នោះទេ។ ការបញ្ជាក់​របស់​ប្រធាន​គណបក្សប្រឆាំង​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ថា កម្ពុជា​នឹងមាន​សង្គ្រាម​ជាមួយ​ប្រទេសជិតខាង បើ​បក្ស​ថ្មី​កាន់អំណាច។

លោក​ សម​ រង្ស៊ី ក្នុងសន្និសិទកាលពីថ្ងៃព្រហស្បតិ៍ ទី ១០ មេសា ឆ្នាំ ២០១៤ កន្លងទៅនេះ
លោក​ សម​ រង្ស៊ី ក្នុងសន្និសិទកាលពីថ្ងៃព្រហស្បតិ៍ ទី ១០ មេសា ឆ្នាំ ២០១៤ កន្លងទៅនេះ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហាក់ដូចជា​ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ ជុំវិញ​ការកើត​សង្គ្រាម ប្រសិនបើ​គណបក្ស​ថ្មី​ឡើងកាន់​អំណាច ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដោះស្រាយ​បញ្ហាដីធ្លី ពោលគឺ​ប្រមូល​ដី​ពី​ក្រុម​ឧក​ញ្ញា ដែល​លួច​ប្លន់​ពី​ប្រជាពលរដ្ឋ ហើយ​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​វិញ។ ការបញ្ជាក់​របស់លោក បាន​ធ្វើឡើង​នៅក្នុង​វេទិកាសាធារណៈ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​បាធាយ ស្រុក​បាធាយ ខេត្តកំពង់ចាម កាលពី​ថ្ងៃទី២៦ កញ្ញា​ម្សិលមិញ ដោយមាន​វត្តមាន​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចូលរួម​ផងដែរ។

ចំពោះ​បញ្ហា​ព្រំដែន​រវាង​ប្រទេសជិតខាង​វិញ ប្រធាន​គណបក្សប្រឆាំង​បាន​និយាយថា គណបក្សប្រឆាំង​ត្រូវតែ​ទាមទារ​ចំពោះ​ទឹកដី ដែល​បាន​បាត់បង់​ប៉ុន្មាន​ឆ្នាំ​ក្រោយនេះ ដោយ​សន្តិវិធី ដោយ​មិន​ប្រើការ​ច្បាំង​នោះទេ។ ហើយ​សង្គ្រោះ​ជាតិ​ក៏​មិន​យក​ខ្មែរ​ណា ធ្វើជា​សត្រូវ​ដែរ ដូច្នេះ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​សត្រូវ ដែល​ត្រូវធ្វើ​សង្គ្រាម​ជាមួយ​ទេ។ លោក​បាន​បន្ថែមថា​អ្នក ដែល​និយាយថា​មាន​សង្គ្រាម គឺជា​ការ​បំភ័យ​ប្រជាពលរដ្ឋ​ខ្មែរ។ ចំណែកឯ​ការដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេសនីមួយៗ គឺ​ត្រូវតែ​ធ្វើឡើង​តាមផ្លូវ​ច្បាប់ ជាពិសេស​គឺ​ច្បាប់​អន្តរជាតិ និង​សន្ធិសញ្ញា​អន្តរជាតិ​ជាដើម។

ការបញ្ជាក់​របស់ លោក សម រង្ស៊ី នៅពេលនេះ បានធ្វើ​ឡើង ក្រោយពី​មាន ការព្រមាន​ពី​ការផ្ទុះ​សង្គ្រាម​របស់លោក ហ៊ុន សែន ដែល​បាន​ធ្វើឡើងផ្ទួនៗគ្នា ហើយ​មិន​ធ្លាប់មាន​ពីមុនមក ក្នុង​រយៈ​តែ​មួយខែ​ប៉ុណ្ណោះ។ កាលពី​ថ្ងៃទី៨ កញ្ញា កន្លងទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​បទ​បង្ហាញ​តាមរយៈ​ស្ថានីយទូរទស្សន៍​ជាតិ បាន​ព្រមាន​ថា ការលើកឡើង​ពី​បញ្ហា​ប្រើប្រាស់​ផែនទី​ក្នុងការ​បោះបង្គោល​ព្រំដែន​របស់​រដ្ឋាភិបាល​ជាមួយ​ប្រទេស​វៀតណាម​អាចជា​ដើមចម​មួយ​ឈានទៅរក​ការផ្ទុះ​សង្គ្រាម បើ​គណបក្សប្រឆាំង​នៅតែ​បន្ត​លើកឡើង​មិនចេះចប់។

ក្នុង​ថ្ងៃទី២២ ខែកញ្ញា​ដដែល ពោលគឺ​រយៈពេល ១៤ក្រោយមក លោក ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ជាថ្មី​ម្តងទៀត​ពី​មូលហេតុ​ពីរ​នៃ​ការផ្ទុះ​សង្គ្រាម​ក្នុងប្រទេស​កម្ពុជា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក សម រង្ស៊ី ឈ្នះឆ្នោត​នោះ។ មូលហេតុ​ទាំងពីរ ដែល​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​លើកឡើង គឺ​គោលនយោបាយ​រឹបអូស​ទ្រព្យសម្បតិ្ត​ពី​អ្នកមាន​ឲ្យ​អ្នកក្រ ឬ​ចាត់ទុក​អ្នកមាន​ជាស​ត្រូវ និង​ការយក​ប្រទេសជិតខាង​ជាស​ត្រូវ។ ការ​ថ្លែង​នេះ បាន​ធ្វើឡើង​នៅក្នុង​ពី​ធី​បិទ​សន្និបាទ ស្តីពី​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ