អានតួអត្ថបទ
កម្ពុជា-នយោបាយ

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន

លោក​សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​តាម​ផ្លូវ​ពី​កំពង់​ចាម មក​ភ្នំពេញ​នារ​សៀល​នេះ​។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​សួន សេរីរដ្ឋា​ បាន​រិះ​គន់​លើ​កម្លាំង​យោធា​កម្ពុជា​បន្ទាប់​ពី​កម្ពុជា​មាន​ករណី​វិវាទ​ព្រំដែន​ជា​មួយ​នឹង​ប្រទេស​ឡាវ​។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​។​

លោកសួន ​សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​។
លោកសួន ​សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​។ សហការី
ផ្សាយពាណិជ្ជកម្ម

លោកសួន សេរីរដ្ឋា ដែល​និយម​រិះ​គន់​រដ្ឋាភិបាល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ថ្ងៃទី​១៣ ខែ​សីហា​។ នេះ​បើតាម​លោក​ខៀវ សុភ័ក្រ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​។ លោក​បញ្ជាក់​ថា​ការ​ឃាត់​ខ្លួន​នេះ​គឺ​ដោយ​សារ​តែ​បទល្មើស​ជាក់​ស្តែង ជុំវិញ​ការ​ផ្សព្វ​ផ្សាយ​របស់​លោក ​សួន សេរីរដ្ឋា តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ពាក់​ព័ន្ធ​នឹង​កង​ទ័ព​កម្ពុជា​។

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​រូប​នេះ​មិន​អាច​បញ្ជាក់​បាន​ទេ​ថា រូប​លោក​សួន សេរីរដ្ឋា នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ពេល​ណា​នោះ​។ ប៉ុន្តែ​តាម​នីតិវិធី​គឺ​សមត្ថកិច្ច​អាច​ឃាត់​ខ្លួន​ពី​២៤​ម៉ោង ទៅ​៧២​ម៉ោង​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា លោក​សួន សេរី​រដ្ឋា​បាន​សរសេរ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា ពេល​សង្គ្រាម​កើត​ឡើង​ជា​មួយ​នឹង​ប្រទេស​ឡាវ​នោះ​ លទ្ធផល​វា​ហ្នឹង​មិន​ខុស​ពី​សង្គ្រាម ដែល​កើត​ឡើង​ជា​មួយ​នឹង​ប្រទេស​សៀម​ទេ។​ លោក​ថា គឺ កូន​ខ្មែរ កង​ទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា... ហើយ​មេទ័ព​ចោរ នឹង​ឡើង​បុណ្យ​សក្តិ ប្រមូល​បាន​លុយ​កាក់ សប្បាយ​ជា​មួយ​ស្រីញី​យ៉ាង​គគ្រឹក​គគ្រេង​។

ការ​រិះគន់​របស់​លោក​សួន សេរីរដ្ឋា ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ដាក់​ឱសានវាទ​ឲ្យ​កងទ័ព​របស់​ឡាវ​ចេញ​ពី​ទឹក​ដី​កម្ពុជា និង​បញ្ជា​ទ័ព​ឲ្យ​ត្រៀម​លក្ខណៈ ដើម្បី​ប្រឆាំង​នឹង​ការ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​របស់​ទ័ព​ឡាវ​។

លោក​សួង សុភ័ណ្ឌ ដែល​ទើប​តែ​ក្លាយ​ជា​អនុប្រធាន​គណបក្ស​អំណាច​ខ្មែរ​ថ្មីៗ​នេះ បាន​បញ្ជាក់​ថា​អត្ថបទ​របស់​លោក​សួន សេរីរដ្ឋា ដែល​បាន​និយាយ​ពាក់​ព័ន្ធ​នឹង​កងទ័ព​កម្ពុជា​នោះ លោក​ពិនិត្យ​ឃើញ​ថា​មិន​ខុស​ឆ្គង​អ្វី​នោះ​ទេ។ លោក​បន្ថែម​ថា អ្វី​ដែល​លោក​សួន សេរីរដ្ឋា​សរសេរ គឺ​សង្កត់​ធ្ងន់​ទៅ​លើ​មេទ័ព ព្រោះ​ខ្លាច​មេទ័ព​ដេក​ម៉ាស៊ីន​ត្រជាក់​ ហើយ​បណ្តោយ​ឲ្យ​កូន​ទាហាន​ធ្វើ​ការងារ​លំបាក​។ លោក​បញ្ជាក់​ថា​សារ​នោះ​ មិនមែន​បន្ទោស​បង្អាប់​កង​កម្លាំង​ ឬ​កូនទាហាន​កម្ពុជា​នោះ​ទេ​។

សូម​បញ្ជាក់​ថា​លោក ​សួន ​សេរីរដ្ឋា ​ធ្លាប់ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ រយៈ​ពេល៧​ឆ្នាំ​ និងដាក់​ពិន័យ​ជា​ប្រាក់​ប្រមាណ ​២៥​លាន​រៀល ​តាម​សាល​ដី​កាស្ថាពរ​ កាល​ពី​ថ្ងៃទី២៨​ ខែ​ឧសភា ​ឆ្នាំ​២០១៥។​ ​ប៉ុន្តែលោក​ត្រូវ​បាន​ ព្រះមហាក្ស​ត្រាស់​បង្គាប់​លើកលែង​ទោស​ កាល​ពី​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៥​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ