អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ បញ្ជាក់​ជាថ្មី​ពី​ការ​មិនចូលរួម​បញ្ចេញ​ជំហរ​រួម​ចំពោះ​សាលដីកា​រឿង​ស​មុទ្រ​ចិន​ខាងត្បូង​

នៅ​រសៀល​ថ្ងៃសៅរ៍​នេះ ​ក្រសួងកា​របរទេសកម្ពុជា ​បាន​ចេញ​សេចក្តី​ប្រកាស​ជំហរ​ជាថ្មី​របស់​រដ្ឋាភិបាល​ចំពោះ​សាលដីកា​តុលាការ​មជ្ឈត្តិកម្មអចិន្ត្រៃយ៍​ទីក្រុងឡាអេ​លើ​សំណុំ​រឿង​ជម្លោះ​នៅ​សមុទ្រចិនខាងត្បូង​។ ​ចំពោះសាលដីកា​ដែល​នឹង​ចេញ​នៅ​ថ្ងៃ​ទី១២ ​កក្កដា ​ខាងមុខ​ រដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្រកាន់​មិន​បញ្ចេញ​ជំហររួម​ណាមួយ​ចំពោះ​សាលដីកា​នេះ​ឡើយ​។

ទូកចិនបាញ់ទឹកលើទូកវៀតណាម នៅក្នុងសមុទ្រចិនខាងត្បូង។
ទូកចិនបាញ់ទឹកលើទូកវៀតណាម នៅក្នុងសមុទ្រចិនខាងត្បូង។ @RFI
ផ្សាយពាណិជ្ជកម្ម

កម្ពុជា ​នឹង​មិនចូលរួម​ក្នុង​ការ​បញ្ចេញ​ជំហររួម​ណាមួយ​ចំពោះ​សាលដីកា​តុលាការ​មជ្ឈត្តិកម្ម​អចិន្ត្រៃយ៍​ដែល​នឹង​ធ្វើ​ការ​សម្រេច​លើ​វិវាទ​រវាង​ប្រទេសហ្វីលីពីន ​និង ​ប្រទេស​ចិន​នោះ​ឡើយ​។ ​នេះ ​គឺជា​ការបញ្ជាក់​ជំហរ​ជាថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​បញ្ហា​នៅ​សមុទ្រចិនខាងត្បូង​។​ ការ​ប្រកាស​មិន​បញ្ចេញ​ជំហរ​រួមនេះ ​គឺ​ដោយសារ​តែ​កម្ពុជា​យល់ថា ​បណ្តឹង​របស់​ប្រទេស​ហ្វីលីពីន​ គឺ​ដើម្បី​សុំឲ្យ​តុលាការ​មជ្ឈត្តិកម្ម​អចិន្ត្រៃយ៍​ដោះស្រាយ​ជម្លោះ​របស់ខ្លួន​ជាមួយ​ប្រទេស​ចិន​ ហើយ​ដែល​ដំណើរការ​នេះ​មិនពាក់ព័ន្ធ​ជាមួយ​រដ្ឋ​ទាំងអស់​ជា​សមាជិក​អាស៊ាន​ឡើយ​។ ​
 

ការបញ្ជាក់​ជាថ្មីនេះ ​បាន​ធ្វើឡើង ​បន្ទាប់​ពី​ក្រសួង​ការបរទេសកម្ពុជា ​បាន​កត់សម្គាល់​ឃើញ​ថា​ ​នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​ពោល ​គឺបន្ទាប់​ពី​តុលាការ​មជ្ឈត្តិកម្ម​អចិន្ត្រៃយ៍​ទីក្រុងឡាអេ​បាន​កំណត់​យក​ថ្ងៃ​ទី១២ ​កក្កដា ​ខាងមុខ ​ជាថ្ងៃ​ចេញ​សាលដីកា​លើ​សំណុំ​រឿង​ជម្លោះ​នៅ​សមុទ្រចិនខាងត្បូង​មក​ មាន​ការ​ពិភាក្សា ​ការវិភាគ ​និង ​ការ​ព្រួយបារម្ភ​ដែល​កើត​មាន​ក្នុង​មជ្ឈដ្ឋានជាតិ ​និង​ពី​សំណាក់​ប្រទេស​មួយចំនួន​។ កាលពី​ថ្ងៃ​ទី១៨ ​និង​ ទី២០​ មិថុនា​កន្លង​ទៅ ​​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន ​ក៏ធ្លាប់​បាន​បញ្ជាក់​ជំហរ​ម្តង​ជាពីរ​ដង​ហើយ​ថា ​កម្ពុជា​នឹងមិន​ចូលរួម​ចេញ​សេចក្តីថ្លែងការណ៍​រួម​ណាមួយ​ចំពោះ​សាលដីកា​តុលាការ​អន្តរជាតិ​នេះទេ។​ យ៉ាងណាក៏ដោយ ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​អំពាវនាវ​ដល់​ប្រទេស​ហ្វីលីពីន ​និង ​ប្រទេស​ចិន ​បន្ត​ដោះស្រាយ​ជម្លោះ​របស់ខ្លួន​នៅ​សមុទ្រចិន​ខាងត្បូង​ដោយ​សន្តិវិធី​។
 

សូមបញ្ជាក់ថា​ ប្រទេសហ្វីលីពីន​កាល​ឆ្នាំ​២០១៣​ បាន​ដាក់ពាក្យ​បណ្តឹ​ង​ទៅ​តុលាការ​អន្តរជាតិ​នេះ ​ដោយ​ប្តឹង​តវ៉ា​នឹង​ការទាមទារ​របស់ចិន​ដែល​បាន​គូសវាត​យក​ប្រមាណជា​ ៩០%​ នៃ​សមុទ្រចិនខាងត្បូង​ទាំងមូល​តែម្តង​។ ​បើតាម​ហ្វីលីពីន​ សកម្មភាព​របស់​ចិន​នៅក្នុង​សមុទ្រចិន​ខាងត្បូង​នេះ គឺ​ជា​ទង្វើផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​។ ​ចំណែក​សម្រាប់​ប្រទេស​ចិន​ ចិន​មិន​បាន​ទទួលស្គាល់​ឡើយ​នូវ​យុត្ថាធិការ​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ ​ប៉ុន្តែ​ចិន​នៅតែ​ទាមទារ​ឲ្យ​ដោះស្រាយ​ជម្លោះ​ដោយផ្អែក​លើ​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ ​និង​ច្បាប់​អន្តរជាតិ​។

ថ្វីបើសាលដីកា​នៅមិន​ទាន់ចេញ​ក៏ដោយ ​ប៉ុន្តែ​រដ្ឋាភិបាល​ថ្មី​របស់​ហ្វីលីពីន​ បាន​បញ្ជាក់​រួច​ហើយ​ថា ​គេបា​នត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​ចែករំលែក​នូវ​ធនធា​ន​ធម្មជាតិ​នៃ​តំបន់​ជម្លោះ​ក្នុង​សមុទ្រចិនខាងត្បូង​ជាមួយ​ប្រទេសចិន ​បើទោះបី​តុលាការ​អន្តរជាតិ​ អាកាត់​ឲ្យ​ហ្វីលីពី​ន​ឈ្នះ​ក្តី​ក៏ដោយចុះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ