អានតួអត្ថបទ
កម្ពុជា

រដ្ឋ​រំពឹង​ថា​ឆ្នាំ​២០២០ នឹង​មាន​ភ្ញៀវ​ទេសចរណ៍​ជាង ៩​លាន​នាក់ ប៉ុន្តែ​អ្នក​ជំនាញ​ថា​ចំនួន​នេះ​តិចតួច

រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី១៩ ធ្នូ​នេះ បានរៀបចំ​វេទិកា​យុវជន​ស្តីពី​វិស័យ​អាកាសចរ​ស៊ីវិល និង​ឱកាស​ការងារ​នៅ​កម្ពុជា នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា។ រដ្ឋលេខាធិការ​អាកាស​ចរណ៍​ស៊ីវិល លោក ម៉ៅ​ហាវ​ណ្ណា​ល់ បាន​លើកឡើងថា អាកាស​យាន្ត​ដ្ឋា​ន​ទាំងបី​របស់​កម្ពុជា​នឹង​អាចមាន​ភ្ញៀវ​ឆ្លងកាត់​ប្រមាណ​ជាង ៩​លាន​នាក់ ខណៈ​ដែល​អ្នក​ជំនាញ​វិស័យ​ទេសចរណ៍​ថា​ចំនួន​នេះ​នៅ​តិចតួច។

តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម​របស់​ប្រទេស​កម្ពុជា​
តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម​របស់​ប្រទេស​កម្ពុជា​ @RFI
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ​២០២០​ខាង​មុខ ភ្ញៀវ​ទេស​ចរ​ ដែល​ឆ្លងកាត់​អាកាស​យាន្ត​ដ្ឋា​ន​ទាំងបី​របស់​កម្ពុជា​នឹង​មាន​ប្រមាណ​ជាង ៩លាន​នាក់។ អាកាសយានដ្ឋាន​ទាំងបី​រួមមាន អាកាសយានដ្ឋាន​ក្រុង​ព្រះ​សីហនុ អាកាសយានដ្ឋាន​ភ្នំពេញ និង​អាកាសយានដ្ឋាន​ក្រុង​សៀមរាប។ លោក​ម៉ៅ ហាវ​ណ្ណា​ល់ បាន​ថ្លែងថាក្នុង​ឆ្នាំ ២០២០ ខាង​មុខ​នេះ ចំនួន​អ្នក​ដំណើរ​ឆ្លង​កាត់​អាកាស​យានដ្ឋាន អន្ដរជាតិ​ភ្នំពេញ​ត្រូវ​បាន ព្យាករណ៍​ថា កើន​ឡើង​លើស ៤.២លាន​នាក់ និង​ចំនួន​អ្នក​ដំណើរ​ឆ្លងកាត់​អាកាស​យានដ្ឋាន​អាកាសយានដ្ឋាន​សៀមរាប នឹង​កើនឡើង ដល់​ទៅ៥លាន​នាក់។

 
ប៉ុន្តែ​អ្នក​តាម​ដាន​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ជាទូទៅ​បាន​វាយ​តម្លៃ​ថា ចំនួន​ដែល​រដ្ឋាភិបាល​​​លើក​ឡើង​នេះ គឺ​នៅ​មាន​ចំនួន​តិចតួច ហើយ​រដ្ឋាភិបាល​នឹង​អាច​សម្រេច​បាន​ដោយសារ​តែ​មាន​កំណើន​ភ្ញៀវ​ទេសចរណ៍​មក​កាន់​កម្ពុជា។ កម្ពុជា​ដែល​ជា​ប្រទេស​ ដែល​មាន​មនុស្ស​រស់​រាយ​រាក់ទាក់ និង​មាន​សម្បត្តិ​វប្បធម៌​ និង​ធម្មជាតិ​ ដែល​ជា​ទី​ចាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍​សកល​លោក។ លោក​អាង គឹម អ៊ាង បាន​លើក​ឡើង​ថា កម្ពុជា​ដែល​ជា​ប្រទេស​នៅ​កណ្តាល​អាស៊ាន​គួរតែ​ក្លាយ​ទៅ​ជា​ប្រទេស​ ដែល​ពិភព​លោក​មក​កាន់​ដំបូង​គេ ហើយ​ទើប​បែងចែក​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ជិត​ខាង។

លោក​បាន​សង្កត់​ធ្ងន់​ថា កម្ពុជា​គួរ​តែ​មាន​ភ្ញៀវ​ទេសចរ​ឆ្លង​កាន់​អាកាស​យានដ្ឋាន​ទាំងបី​យ៉ាងហោច​ណាស់ ចំនួន ៤០​លាន​នាក់​ក្នុង​មួយឆ្នាំ​នា​រយៈ​ពេល​ ពី១០ទៅ២០ខាងមុខ។ ប៉ុន្តែ​លោក​បាន​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការងារ​ជាច្រើន​ដើម្បី​ក្លាយ​ទៅ​ជា​បេះដូង​អាស៊ី និង​ត្រូវ​ហ៊ាន​ក្នុងការ​វិនិយោគ​តាម​កញ្ចប់​ថវិកា​ពិសេស​របស់​រដ្ឋ គឺ​ការ​បង្កើត​សាលា​ថ្នាក់ជាតិ​ស្តីពី​អាកាសចរណ៍​ស៊ីវិល បង្កើន​ធនធានមនុស្ស​ ដែល​មាន​គុណភាព ការ​យោគយល់​គ្នា​រវាង​វិស័យ​រដ្ឋ និង​ឯកជន​ឱ្យបាន​ច្រើន ហើយ​ត្រូវ​ផ្តល់​ការ​គាំទ្រ​ដូចជា​ការ​សម្រួល​ផ្លូវ​ច្បាប់ និង​កម្រិត​ពន្ធ​ជា​ដើម។ គួរ​បញ្ជាក់​ថា ក្នុង​ឆ្នាំ ២០១៥​កន្លង​ទៅ​ភ្ញៀវ​ទេសចរណ៍​ដែល​ឆ្លងកាត់ អាកាសយានដ្ឋាន​ទាំង​បី​របស់​កម្ពុជា​គឺមាន​ត្រឹមតែ​ជាង ២០០​ជើង​ក្នុង​មួយថ្ងៃ​តែ​ប៉ុណ្ណោះ ដោយ​មាន​ក្រុមហ៊ុន​អាកាសចរណ៍ បរទេស​ចំនួន ៣៤​ក្រុមហ៊ុន​ ដែល​ជា​ក្រុមហ៊ុន​ក្នុង​និង​ក្រៅ​ប្រទេស​ដែល​កំពុង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា។

បើទោះបី​ជា​អ្នក​ជំនាញ​មើល​ឃើញ​ថា វិស័យ​ដ៏​មាន​សក្តានុពល​នេះ​គួរ​តែ​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ឆ្លង​កាត់​ច្រើន​ជាង​ការ​ព្យាករណ៍​របស់​រដ្ឋា​ភិ​បាល ប៉ុន្តែ​រដ្ឋ​បាន​អះអាង​ថា​ចំនួន​ប៉ុណ្ណេះ គឺ​ការ​ជា​រីកចម្រើន​លូតលាស់​បំផុត​មួយ។ គួរ​បញ្ជាក់​ថា ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ដែល​មក​កាន់​កម្ពុជា មាន​ប្រមាណ ៤.៧លាន​នាក់ នៅក្នុង​ឆ្នាំ២០១៥ ហើយ​កម្ពុជា​បាន​រំពឹងថា​នឹង​មាន​ការ​កើនឡើង ភ្ញៀវទេសចរ​អន្ដរជាតិ​រហូត​ដល់ ៧លាន​នាក់​ក្នុង​ឆ្នាំ២០២០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ