អានតួអត្ថបទ
ចិន-អាមេរិក

ចិន​មិន​ព្រម​ឲ្យ​នាវា​ចម្បាំង​អាមេរិក​ចូល​ចត​នៅ​ហុងកុង ក្រោយ​រង​​ទណ្ឌកម្មពី​អាមេរិក

ប្រទេស​ចិន​មិន​អនុញ្ញាត​ឲ្យ​នាវា​ចម្បាំង​អាមេរិក​ចូល​ចត​នៅ​កំពង់ផែ​កោះ​ហុងកុង​​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ស្ថានកុងស៊ុល​អាមេរិក ប្រចាំ​ទីក្រុង​ហុងកុង​នា​ថ្ងៃ​ពុធ ទី​២៧​កញ្ញា​។ បម្រាម​មិន​ឲ្យ​នាវា​ចម្បាំង​ចូល​ចត​នៅ​ហុងកុង​នេះ ធ្វើ​ឡើងតែ​មួយ​សប្ដាហ៍ប៉ុណ្ណោះ ​បន្ទាប់​ពី​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​យោធា​ចិន ដែល​បាន​ទិញ​សព្វាវុធ​និង​មីស៊ីលពី​ប្រទេស​រុស្ស៊ី​​។

នាវា​ចម្បាំង​អាមេរិក USS Wasp
នាវា​ចម្បាំង​អាមេរិក USS Wasp REUTERS/Jonathan Drake
ផ្សាយពាណិជ្ជកម្ម

នាវា​ចម្បាំង​អាមេរិក​ប្រភេទ USS Wasp មាន​គម្រោង​ចូល​ចត​នៅ​ឯ​កំពង់ផែ​ហុងកុង នៅ​ខែតុលា​។ មន្ដ្រីនាំ​ពាក្យ​​ស្ថាន​កុងស៊ុល​អាមេរិក​ប្រចាំ​ក្រុង​ហុងកុង​គូស​បញ្ជាក់​ថា នាវា​នេះ ធ្លាប់​ចូល​ចត​នៅ​កំពង់ផែ​ហុងកុង​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​លើក​នេះ អាជ្ញាធរ​ចិនបែរ​ជា​មិន​ព្រម​ឲ្យ​​ចូល​ចត​ទៅ​វិញ​។

នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ ដែល​អាជ្ញាធរ​ចិនដាក់​ចេញ​បម្រាម​របៀប​នេះ​​។ កាល​ពី​ឆ្នាំ​២០១៦ នាវា​ចម្បាំង​អាមេរិក​ប្រភេទ USS John C. Stennis ត្រូវ​អាជ្ញាធរ​ចិន​ហាម​​មិន​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​ហុងកុង ក្រោយ​ពី​នាវា​នេះ ដឹក​រដ្ឋ​មន្ដ្រី​ការពារ​ជាតិ​អាមេរិក​ជំនាន់​នោះ គឺ​លោក Ash Carter ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ ករណី​ថ្មី​ចុង​ក្រោយ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ចេតនា​វាយ​បក​វិញ​របស់​ចិន ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​លើ​អង្គភាព​យោធា​ចិន​។ អង្គភាពយោធា​ចិន ដែល​បាន​ទិញ​សព្វាវុធ​និង​មីស៊ីល​ពី​ប្រទេស​រុស្ស៊ី​។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន លោក Geng Shuang បាន​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន ​ពិនិត្យនិង​អនុម័ត​លើ​សំណើ​សុំលើ​ករណី​មួយ​ៗ ដោយ​អនុលោម​ទៅ​តាម​គោលការណ៍​អធិបតេយ្យភាព និង​តាម​ស្ថានភាព​ជាក់​ស្ដែង​។

គួរ​ជម្រាប​ដែរ​ថា ការ​ឆ្លើយ​តប​របស់​ចិន​ចំពោះ​ទណ្ឌកម្ម​អាមេរិក​មិន​មែន​មាន​ត្រឹម​ប៉ុណ្ណឹង​ទេ។ ទីក្រុង​ប៉េកាំង​ក៏​បាន​លុប​ចោល​ផង​ដែរ កិច្ច​ប្រជុំ​ថ្នាក់​​មេ​បញ្ជាការ​ជើង​ទឹក​កំពូល​នៃ​ប្រទេស​ទាំង​ពីរ ដែល​គ្រោង​ធ្វើ​ក្នុង​សប្ដាហ៍​នេះ​។ ចិន​ចាត់​ទុក​ទង្វើ​ដាក់​ទណ្ឌកម្ម​ពី​អាមេរិក​ថា​ជា​កំហុស ហើយ​​ព្រមាន​​ចាត់​វិធានការ​ប្រឆាំងតប​វិញ​ឲ្យ​សក្តិសម​ជា​ទី​បំផុត ប្រសិន​បើ​អាមេរិក​មិន​កែ​ប្រែ​កំហុស​នេះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ