អានតួអត្ថបទ
អាមេរិក

អត្រា​អ្នកអត់ការងារធ្វើ​នៅ​អាមេរិក​ក្នុង​ខែ​មីនា​មាន ៦,៧%

នៅ​សហរដ្ឋអាមេរិក ក្រសួង​ការងារ​ទើប​បាន​បោះ​ផ្សាយ​តួលេខ​ស្តីពី​ចំនួន​អ្នកអត់ការងារ​ធ្វើ​ក្នុង​ខែ​មីនា​កន្លង​ទៅ។ បើ​តាម​ក្រសួង​ការងារ អត្រា​នៃ​ចំនួន​អ្នក​អត់ការងារ​ធ្វើ​ក្នុង​ខែ​មីនា​កន្លង​ទៅ គឺ​មិន​សូវ​ខុស​គ្នា​នឹង​ខែ​កុម្ភៈ​ប៉ុន្មាន​ទេ។ ទាក់ទង​នឹង​ការ​បង្កើត​ការងារ​វិញ គឺ​មាន​ការ​កើន​ឡើង​បន្តិច​ម្តងៗ​ដូច​ដែល​រដ្ឋាភិបាល​បាន​ព្រាង​ទុក។

អត្រា​អ្នកអត់ការងារធ្វើ​នៅ​អាមេរិក​ក្នុង​ខែ​មីនា​មាន ៦,៧%
អត្រា​អ្នកអត់ការងារធ្វើ​នៅ​អាមេរិក​ក្នុង​ខែ​មីនា​មាន ៦,៧% REUTERS/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

៦,៧% នេះ​ជា​អត្រា​នៃ​ចំនួន​អ្នក​អត់កាងារ​ធ្វើ​នៅ​សហរដ្ឋអាមេរិក។ រីឯ​ចំនួន​ការងារ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ខែ​មីនា គឺ​មាន​ចំនួន ១៩២ ០០០ការងារ ពោល​គឺ​មាន​ចំនួន ៣ ០០០ការងារ​តិច​ជាង​ការ​គ្រោង​ទុក។ យ៉ាង​ណា​ក៏​ដោយ ការ​បង្កើត​ការងារ​នា​រយៈពេល ២ខែ​ចុង​ក្រោយ​នេះ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ ក្នុង​ខែ​មករា​ដើម​ឆ្នំា ២០១៤ មាន​ការងារ​ចំនួន ១៥ ០០០ ការងារ​ត្រូវ​បាន​បង្កើត​បន្ថែម រីឯ​ក្នុង​ខែ​កុម្ភៈ មាន​ចំនួន ២២ ០០០ការងារ​ដែល​សរុប​ក្នុង ៣ខែ​ដើម​ឆ្នំា ២០១៤ នេះ មាន​ចំនួន ១៩៧ ០០០ការងារ។ បើ​គេ​គិត​សរុប​ជា​មធ្យម​ក្នុង​រយៈពេល ១ឆ្នំា មាន​ការងារ​ចំនួន ១៨៣ ០០០ការងារ​ត្រូវ​បាន​បង្កើត​ឡើង​ជា​រៀងរាល់​ខែ។ ដូច្នេះ​ឃើញ​ថា ចំនួន​អ្នកអត់ការងារ​ធ្វើ​ក្នុង​ខែ​មីនា​កន្លង​ទៅ គឺ​មិន​សូវ​ខុស​គ្នា​នឹង​ខែ​កុម្ភៈ​ប៉ុន្មាន​ទេ ពោល​មាន​ចំនួន ១០លាន ៥សែននាក់។

ក៏​ដូច​ជា​ខែ​កុម្ភៈ​ដែរ អ្នកអត់ការងារ​ធ្វើ​ហាក់​ដូច​ជា​បាន​ប្រឹងប្រែង​ត្រឡប់​មក​រក​ការងារ​ធ្វើ​ឡើង​វិញ បន្ទាប់​ពី​បាន​បាក់​ទឹកចិត្ត​មួយ​រយៈពេល​មក។ យោង​តាម​ក្រសួង​ការងារ គឺ​ការងារ​ផ្នែក​សេវា​ដែល​បង្កើត​ការងារ​បាន​ច្រើន​ជាង​គេ​ក្នុង​ខែ​មីនា ពោល​មាន ៥៧ ០០០ការងារ ផ្នែក​សុខភាព​បង្កើត​ការងារ​បន្ថែម​ចំនួន ១៩ ០០០ការងារ និង​ផ្នែក​ភោគជនីយដ្ឋាន​ស្ថិត​ជា​ផ្នែក​មួយ​ដែល​បាន​បង្កើត​ការងារ​ជាប់​ជា​ប្រចំា ពោល​មាន ៣០ ០០០ការងារ​ក្នុង​ខែ​មីនា។ ចំណែក​នៅ​ក្នុង​វិស័យ​សាងសង់​វិញ​ក៏​មាន​សុខភាព​ល្អ​ដែរ ពោល​បង្កើត​ការងារ​បាន​ចំនួន ១៩ ០០០ក្នុង​ខែ​មីនា។ ដោយឡែក រដ្ឋបាល​អាមេរិកំាង​មិន​បាន​បង្កើត​បន្ថែម​ចំនួន​ការងារ​នៅ​ក្នុង​រដ្ឋបាល​សាធារណៈ​ទេ ពោល​មាន​តែ​ការ​កាត់​បន្ថយ។ ការ​កាត់​បន្ថយ​ចំនួន​ការងារ​រដ្ឋ​ជា​ការ​រួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ។

នៅ​អាមេរិក រយៈពេល​ធ្វើ​ការងារ​ជា​មធ្យម​ប្រចំា​សប្តាហ៍​បាន​កើន​ដល់ ៣៤,៥ម៉ោង។ ចំណែក​ប្រាក់ខែ​​ជា​មធ្យម​ក្នុង​មួយ​ម៉ោង​បាន​ធ្លាក់​មក​នៅ​ត្រឹម ២៤,៣០​ដុល្លារ​ក្នុង​ខែ​មីនា ពោល​គឺ​មាន​ការ​ថយ​ចុះ​ចំនួន ១សេន បន្ទាប់​ពី​បាន​ឡើង ៩សេន​ក្នុង​ខែ​កុម្ភៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ