អានតួអត្ថបទ
កម្ពុជា

ដើម​បណ្តឹង​រដ្ឋប្បវេណី ​និង​មេធាវី​ ជួប​គ្នា ​មុន​ឡើង​សវនាការ​លើ​សំណុំរឿង​០០២​ ដំណាក់​កាល​ទី២

ដើម​បណ្តឹង​រដ្ឋប្បវេណី ​ប្រមាណ ​២២០​ នាក់​ រួម​ទាំង​ជន​រងគ្រោះ ​ដោយ​អំពើ​ហិង្សា​ផ្លូវ​ភេទ ​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ បាន​ជួប​ប្រជុំ​ជាមួយ​មេធាវី ​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ ​នៅ​ថ្ងៃ​ទី​៦​តុលា​នេះ។​ ជា​កិច្ច​ប្រជុំ ​ដើម្បី​ផ្តល់​ព័ត៌មាន​ ស្តី​ពី​ការ​ប្រកាស​សាល​ក្រម​សំណុំ​រឿង​ ០០២​ ដំណាក់​កាល​ទី​១​ ដល់​ដើម​បណ្តឹង​រដ្ឋប្ប​វេណី ​និង​ផ្តល់​ព័ត៌មាន​ពី​ដំណើការ​ក្តី​ នៅ​តុលាការ​ខ្មែរ​ក្រហម ​ផ្តល់​ឱកាស​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី ​ បាន​ជួប​ពិភាក្សា​ផ្ទាល់​ជាមួយ​មេធាវី​ ទាក់​ទង​នឹង​សំណុំ​រឿង​០០២​ ដំណាក់​កាល​ទី​២​ ព្រម​ទាំង​ផ្តល់​ព័ត៌មាន​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ ស្តី​ពី​ការ​វិវឌ្ឍ​ទៅ ​នៃ​គម្រោង​សំណង​ ជា​ដើម។ ​កិច្ច​ប្រជុំ​រវាង​ដើម​បណ្តឹង​រដ្ឋប្បវេណី ​និង​មេធាវី​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ធ្វើ​ឡើង ​មុន​ពេល​សវនាការ​លើ​សំណុំ​រឿង​០០២​ ដំណាក់​កាល​ទី​២ ​នឹង​ចាប់​ផ្តើម​ នៅ​ថ្ងៃ​ទី​១៧​តុលា។

វេទិកា​នៃ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​​សំរាប់​​សំណុំ​រឿង​​០០២​ នា​ពេល​កន្ល​ងម​ក។​​
វេទិកា​នៃ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​​សំរាប់​​សំណុំ​រឿង​​០០២​ នា​ពេល​កន្ល​ងម​ក។​​ ©​ ញឹម​ សុផល
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​រវាង​ដើម​បណ្តឹងរដ្ឋប្បវេណី និង​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី ក្នុង​សំណុំរឿង០០២ ត្រូវបាន​ធ្វើឡើង រយៈពេល​ពេញ​មួយថ្ងៃ នៅ​ថ្ងៃ​ចន្ទ​នេះ ជិត​គុក​ទួលស្លែង ក្នុង​រាជធានី​ភ្នំពេញ​។ ជា​កិច្ចប្រជុំ ដែលមាន​ដើម​បណ្តឹងរដ្ឋប្បវេណី ប្រមាណ ២២០ នាក់ រួមទាំង​ជន​រង​គ្រោះ ដោយ​អំពើហិង្សា​ផ្លូវភេទ នៅ​សម័យ​ខ្មែរក្រហម មកពី​រាជធានី​ភ្នំពេញ និង​ខេត្តផ្សេងៗ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ កំពត ក្រចេះ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពង់​ឆ្នាំង កំពង់ចាម ស្ទឹងត្រែង ស្វាយរៀង ព្រៃវែង និង​ខេត្តតាកែវ។

កិច្ចប្រជុំ ដែល​បើក​ធ្វើ​ក្រោម​វត្តមាន​របស់លោក​ក្រាញ់​តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី របស់​សាលាក្តី​ខ្មែរក្រហម និង​លោក Joachim Baron Von Marschall ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​កម្ពុជា មាន​គោលបំណង​សំខាន់ ៣ គឺ​ទី១-ផ្តល់ព័ត៌មាន​ស្តីពី​ការប្រកាស​សាលក្រម សំណុំ​រឿង ០០២ ដំណាក់កាល​ទី១ ដល់​ដើម​បណ្តឹងរដ្ឋប្បវេណី និង​ផ្តល់ព័ត៌មាន​ពី​ដ​ណើ​រ​ការ​​ក្តី នៅ​សាលាក្តី​ខ្មែរក្រហម ទី២-ផ្តល់ឱកាស​ឲ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​មេធាវី​របស់ខ្លួន ស្តីពី​បញ្ហាផ្សេងៗ ទាក់ទង​នឹង​សំនុំរឿង ០០២ ដំណាក់កាល​ទី២ និង​ទី​គោលបំណង​ទី៣-ផ្តល់ព័ត៌មាន​ដល់​ដើម​បណ្តឹងរដ្ឋប្បវេណី ស្តីពី​ការវិវឌ្ឍ​ទៅ​នៃ​គម្រោង​សំណង​ដើម​បណ្តឹងរដ្ឋប្បវេណី សំណុំរឿង០០២ និង​វិធានការ​នានា មិន​ពាក់ព័ន្ធ​នឹង​បច្ចេក​ទេស​តុលាការ។

ជាការ​កត់សម្គាល់ កិច្ចប្រជុំ​រវាង​ដើម​បណ្តឹងរដ្ឋប្បវេណី និង​មេធាវី ក្នុង​សំណុំរឿង០០២ នា​ថ្ងៃ​ចន្ទ​នេះ បានធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​សវនាការ​លើ​អង្គសេចក្តី ក្នុង​សំណុំ​រឿង​០០២ ដំណាក់កាល​ទី២ នឹងត្រូវ​បើក​ធ្វើ នា​ថ្ងៃទី១៧តុលា។ សំណុំរឿង០០២ នៅសល់​ជន​ជាប់​ចោទ​ចាស់ជរា​ពីររូប គឺ​នួន​ជា និង​ខៀវ​សំផន។ អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ទាំង​ពីរ​រូប ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង របស់​សាលាក្តី​ខ្មែរក្រហម បានសម្រេច​ផ្តន្ទាទោស ដាក់​​ពន្ធនាគារ​អស់​មួយជីវិត ក្នុង​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ។

សាលក្រម​ផ្តន្ទាទោស​មេដឹកនាំ​ខ្មែរក្រហម ក្នុង​សំណុំរឿង០០២ ដំណាក់កាល​ទី១ ត្រូវបាន​លោក ឌឹ​ម សុ​វណ្ណា​រុំ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរក្រហម ឲ្យ​ដឹងថា សាលាក្តី នឹង​បោះពុម្ព​ជា​សៀវភៅ​កម្រាស់​ជាង ១០០០ ទំព័រ ជា​បី​ភាសា ភាសា​ខ្មែរ អង់គ្លេស និង​បារាំង ហើយ​គ្រោង​នឹង​ផ្តល់​ឲ្យ​អង្គភាព​គាំ​ពាំរ​ជនរងគ្រោះ ១០០០ ក្បាល ដើម្បី​ចែកជូន​ដើម​បណ្តឹងរដ្ឋប្បវេណី។ ដំណើរការ​បោះពុម្ព​សាលក្រម នឹងធ្វើ​ឡើងឆាប់ៗខាងមុខ ខណៈ​ដែល​ពេលនេះ គម្រោង​សៀវភៅ​សាលក្រម​នោះ ត្រូវបាន​រៀបចំ រចនា​រួចរាល់​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ