អានតួអត្ថបទ
កម្ពុជា

សមាគម​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ខ្វែង​គំនិត​គ្នា លើ​ច្បាប់​ស្តីពី​សមាគម​អង្គការ

អង្គការ​សង្គម​ស៊ីវិល​ភាគតិច​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ច្បាប់​ស្តីពី​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល។ ចំណែក​ឯ​អង្គកា​សង្គម​ស៊ីវិល​មួយ​ភាគ​ច្រើន បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​បញ្ជូន​ច្បាប់​នេះ ទៅ​កាន់​គណៈ​រដ្ឋ​មន្ត្រី ដោយ​ពួកគេ​លើក​ឡើង​ថា​ច្បាប់​នេះ ខ្វះ​តម្លាភាព​ក្នុង​ដំណើរ​ការ​អនុមតិ និង​អំពាវនាវ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​។

ក្រុមអង្គការសង្គមស៊ីវិល ជួបជុំគ្នានាពលេកន្លងមក។
ក្រុមអង្គការសង្គមស៊ីវិល ជួបជុំគ្នានាពលេកន្លងមក។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា និង​សមាគម​និស្សិត​ខ្មែរ ដែល​តំណាង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង ៣០​ស្ថាប័ន បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល ខណៈ​ពេល​ដែល​ច្បាប់​នេះ ត្រូវ​បាន​សម្រេច​បញ្ជូន​ទៅ​កាន់​គណៈ​រដ្ឋ​មន្ត្រី។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ៣០​ស្ថាប័ន​នេះ បាន​បញ្ហា​នូវ​ការ​គាំទ្រ ៥​ចំណុច។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​៧ ឧសភា។

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ដដែល​បាន​ឲ្យ​ដឹងថា សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា និង​សមាគម​និស្សិត​ខ្មែរ បាន​ស្នើ​ឲ្យ​អង្គនីតិ​ប្រតិបត្តិ និង​អង្គនីតិ​បញ្ញតិ ជម្រុញ​ការពិភាក្សា និង​អនុមតិ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់ NGOs សមាគម​ក្នុងប្រទេស​កម្ពុជា។ បើតាម​ចំណុច​មួយ​នៃ​សេចក្តី​ថ្លែង​ការ​ដដែល បាន​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ ត្រូវបាន​ក្រសួងមហាផ្ទៃ​បើកទូលាយ​ឲ្យ​មានការ​ចូលរួម​ពិនិត្យ និង​ផ្តល់យោបល់​ច្រើនលើកច្រើនសារ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​នានា។

ចំណែក​អង្គការ​សមាគម​ជាច្រើន​ទៀត បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការសម្រេច​បញ្ជូន​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋា​ភិ ទៅកាន់​គណៈរដ្ឋមន្ត្រី។ យោងតាម​សេចក្តីថ្លែងការណ៍​រួម កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ ដែលមាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិប្រមាណ ៣០០ស្ថាប័ន បានបង្ហាញ​ការព្រួយបារម្ភ​របស់ខ្លួន​ចំពោះ​កង្វះ​តម្លាភាព​ក្នុង​ដំណើរការ​អនុមតិ​ច្បាប់ និង​ស្នើ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ។

យ៉ាងណាមិញ បើតាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ គណៈរដ្ឋមន្ត្រី​មិនទាន់​ទទួលបាន​សេចក្តីព្រាងច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅឡើយ​ទេ។ ហើយ​លោក​បន្តថា ការពិត​ច្បាប់​នេះ​បានទទួល​ការឆ្លង​មតិយោបល់​ពី​សង្គម​ស៊ីវិល​ម្តង​រួចមកហើយ ម្យ៉ាងវិញទៀត​គ្មាន​ច្បាប់​ណាមួយ ដែល​តម្រូវ​ឲ្យ​សង្គម​ស៊ីវិល​មក​អង្គុយ​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ចែងច្បាប់​នោះទេ។

អ្នកស្រី ចក់ សុភាព នាយ​កា​ប្រតិបត្តិ​ម​ជ្ឃ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែង​តាមរយៈ​វិចារណកថា​ព័ត៌មាន​របស់ CCHR ថា កម្ពុជា​ជា​ប្រទេសមួយ ដែល​ច្បាប់សំខាន់ៗ នៅតែ​បន្ត​អនុមតិ​ដោយ​គ្មាន​កិច្ច​ពី​គ្រោះ​យោបល់​ជាមួយ​សាធារណជន​ឲ្យ​បាន​គ្រប់គ្រាន់។ ថ្វីបើ​ហាក់ដូចជា​មានការ​ប្តេជ្ញា​ចិត្ត​ពី​រដ្ឋាភិបាល ក្នុងការ​បង្កើត​ដំណើរការ​ប្រជាធិបតេយ្យ ដែលមាន​តម្លាភាព និង​មានការ​ចូលរួម រួមមាន​ការចែក​ផ្សាយ​សេចក្តីព្រៀងច្បាប់ កិច្ច​ពិគ្រោះ​យោបល់​ប្រកបដោយ​អត្ថន័យ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល តែ​ការពិត​ជាក់ស្តែង​បែរជា​ផ្ទុយ​ទាំងស្រុង​ទៅវិញ។

សូមបញ្ជាក់ថា ច្បាប់​អង្គការ​សមាគម​នេះ ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​ភាគច្រើន​សម្តែង​ការព្រួយបារម្ភ​ថា​អាច​នឹង​ប៉ះពាល់​ដល់​ការបំពេញ​តួនាទី​របស់ខ្លួន ហើយ​សេចក្តីព្រាងច្បាប់​នេះ​ក៏​ត្រូវបាន​ពន្យារពេល២ឆ្នាំ ក្នុងការ​អនុម័ត កាលពី​ឆ្នាំ២០១១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ