អានតួអត្ថបទ
ម៉ិកស៊ិក-អ.ស.ប.

ការ​ចរចា​អំពី​បញ្ហា​អាកាសធាតុ​ចូល​ដល់​ថ្ងៃ​ចុងក្រោយ​នៅតែ​មាន​ភាព​ចម្រូងចម្រាស

ថ្ងៃ​សុក្រ ទី១០ ធ្នូនេះ ការចរចា​​ស្តីពី​បញ្ហា​អាកាសធាតុ នៅ​​កង់គូន ប្រទេស​ម៉ិចស៊ិក បាន​ឈាន​ចូល​ដល់​ថ្ងៃ​ចុងក្រោយ​ទៅហើយ ក៏ប៉ុន្តែ ប្រទេស​អ្នកមាន និង​ប្រទេស​អ្នកក្រ​នៅតែ​​មាន​គំនិត​ខ្វែងគ្នា មិនអាច​សម្រុះសម្រួល​គ្នា​បាន។ កាលពីយប់ថ្ងៃ​ព្រហស្បតិ៍ ការ​​ចរចា​បាន​ប្រព្រឹត្ត​ធ្វើ​ទៅ​​ពេញ​មួយយប់ ដើម្បី​ព្យាយាម​រក​​ចំណុច​សម្រុះសម្រួលគ្នា​ឲ្យ​បាន​មុន​ពេល​បិទបញ្ចប់​​ សន្និសីទ។

សកម្មជន​អង្គការ​ក្រៅរដ្ឋាភិបាល​ទាមទារ​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ទប់ស្កាត់​ការ​ឡើង​កម្តៅ​ផែនដី
សកម្មជន​អង្គការ​ក្រៅរដ្ឋាភិបាល​ទាមទារ​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ទប់ស្កាត់​ការ​ឡើង​កម្តៅ​ផែនដី ©Reuters
ផ្សាយពាណិជ្ជកម្ម

បញ្ហា​ចម្រូងចម្រាស​នៅ​ក្នុង​កិច្ចចរចា​អាកាសធាតុ
06:24

ការពន្យល់​របស់​សេង ឌីណា

ចាប់តាំង​ពីថ្ងៃ​ទី២៩ វិច្ឆិកា ២០១០​មក ប្រទេស​ជាង ១៩០ បាន​ជួបជុំ​គ្នា នៅ​កង់គូន (Cancun) ​ប្រទេស​ម៉ិចស៊ិក ដើម្បី​ចរចា​គ្នា​​រកវិធី​​ទប់ទល់​នឹង​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី។ ចំណុច​សំខាន់​នៃ​ការ​ចរចានេះ គឺ​ស្វែងរក​កិច្ចព្រមព្រៀង​ថ្មី ដើម្បី​ជំនួស​ពិធីសារ​ក្រុង​ក្យូតូ ដែល​នឹង​ត្រូវ​ផុត​សុពល​ភាព នៅ​ចុងឆ្នាំ​២០១២​ខាងមុខ។

ក្រៅ​ពី​​រឿង​បន្ត​សុពលភាព​ពិធីសារ​ក្រុងក្យូតូ ការចរចា​ នៅ​កង់គូន ផ្តោត​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​ផ្សេងទៀត ដូចជា ការ​ទប់ស្កាត់​ការ​កាប់បំផ្លាញព្រៃឈើ និង​ការ​ជួយ​ដល់​ប្រទេស​ក្រីក្រ​ឲ្យ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ និង​ប្រុងប្រៀបរៀបចំ​ខ្លួន ដើម្ប​ទប់ទល់​នឹង​ផលវិបាក​ ដែល​បង្ក​ឡើង​ដោយ​ការ​ឡើង​កម្តៅ​នៃ​អាកាសធាតុ។

គួរ​រំឭកឡើងវិញ​ថា ឧស្ម័ន​ផ្ទះ​កញ្ចក់ (តាម​ភាសា​អង់គ្លេស​ Greenhouse Gas ឬ​តាម​ភាសា​បារាំង​ Gaz à effet de serre) គឺ​ជា​ប្រភេទ​ឧស្ម័ន រួមមាន​ដូចជា ឧស្ម័ន​កាបូនិក (CO2) និង​មេតាន (CH4) ជាដើម ដែល​បង្ក​ឲ្យ​ផែនដី​ឡើង​កម្តៅ។

ភាពចម្រូងចម្រាស់ ក្នុង​ការ​ចរចា នៅ​កង់គូន ​កើត​ឡើង​ជុំវិញ​បញ្ហា​ពីរ៖ ទីមួយ ការ​ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ ដើម្បី​បង្កើត​មូលនិធិ​ជួយ​ប្រទេស​ក្រីក្រ ក្នុង​ការ​ទប់ទល់​នឹង​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី និង​ ទី២ ការ​បន្ត​សុពលភាព​នៃ​ពិធីសារ​ក្រុង​ក្យូតូ។

ប្រទេស​អ្នក​មាន​​​មួយចំនួន ជាពិសេស ជប៉ុន កាណាដា និង​រុស្ស៊ី ជំទាស់​មិន​ឲ្យ​​បន្ត​យន្តការ​ ដែល​មាន​ចែង​ក្នុង​ពិធីសារ​ក្រុងក្យូតូ​តទៅទៀត​ទេ ដោយ​លើក​ហេតុផល​ថា នៅ​ក្នុង​យន្តការ​ក្យូតូនេះ ​ចិន និង​អាមេរិក ដែល​ជា​មេខ្លោង​ខាង​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ មិន​មាន​ជាប់​កាតព្វកិច្ច​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​នេះ​ទេ។ ប្រទេស​ទាំងនេះ​ទាមទារ​ឲ្យ​​មាន​ចុះ​កិច្ចព្រមព្រៀង​ថ្មី ដែល​មាន​លក្ខណៈ​ទន់ភ្លន់​ជាង​ពិធីសារ​ក្រុង​ក្យូតូ ដើម្បី​ឲ្យ​​​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រទេស​ធំៗ ដូចជា អាមេរិក និង​ចិន ជាដើម។

ផ្ទុយទៅវិញ ប្រទេស​កំពុង​អភិវឌ្ឍ​ភាគច្រើន​ទាមទារ​ឲ្យ​បន្ត​យន្តការ​​ក្យូតូ​តទៅទៀត ហើយ​ត្រូវ​ឲ្យ​ប្រទេស​អ្នកមាន​បង្កើន​ការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ ​បាន​ច្រើន​ជាង​​ការចែង​ក្នុង​ពិធី​សារ​ក្រុង​ក្យូតូ​នេះ​ទៀតផង។

ដើម្បី​ឲ្យ​​ការចរចា នៅ​កង់គូន បញ្ចប់​ទៅ​ដោយ​មាន​កិច្ចព្រមព្រៀង​មួយ គេ​ចាំបាច់​ត្រូវ​ឲ្យ​មាន​ការ​ព្រៀមព្រៀង​ជា​ឯកច្ឆន្ទ​ពីសំណាក់​ប្រទេស​ទាំង ១៩១។ ប្រសិន​បើ​មាន​ប្រទេស​ណាមួយ​បដិសេធ​មិន​ចុះហត្ថលេខា បើ​ទោះជា​ប្រទេស​នោះ​ជា​ប្រទេស​តូចប៉ុណ្ណា​ក៏ដោយ ក៏​កិច្ចព្រមព្រៀង​មិន​អាច​ចេញ​រួចដែរ។

ហេតុដូច្នេះ​ហើយ​បាន​ជា​ពេញ​មួយ​យប់​ថ្ងៃ​ព្រហស្បតិ៍ គេ​បាន​ធ្វើ​ការ​ចរចា​គ្នា​ពេញ​មួយ​យប់ ដើម្បី​ព្យាយាម​សម្រុះសម្រួល​គ្នា​រក​ចំណុចកណ្តាល​មួយ ចៀសវាង​កុំ​ឲ្យ​ការ​ចរចា​ត្រូវ​បរាជ័យ។ ចំណុច ដែល​ត្រូវ​សម្រុះសម្រួល​គ្នានេះ គឺ​នៅ​ជុំវិញ​រឿង​បន្ត​ពិធីសារ​ក្រុងក្យូតូ។ ដោយសារ​តែ​​បញ្ហា​ពិធីសារ​ក្រុងក្យូតូ​នេះ ជា​រឿង​ចម្រូងចម្រាស់​ខ្លាំង ដើម្បី​សម្រុះសម្រួល​គ្នា គេ​​ប្រហែល​ជា​សម្រេច​​ទុក​បញ្ហា​​ពិធីសារ​នេះ​ដោយឡែក​សិន ទុក​ចរចា​គ្នា​នៅពេលក្រោយ​ទៀត។

គួរ​បញ្ជាក់ថា ពិធីសារ​ក្រុងក្យូតូ ត្រូវ​ផុតសុពលភាព នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ២០១២ ហើយ​​ការ​ព្រមព្រៀង​បន្ត​ពិធីសារ​នេះ ត្រូវ​ធ្វើ​ឡើង យ៉ាងយូរ​បំផុត ៦ខែ​មុន​ពេល​ផុត​សុពលភាព។ ដូច្នេះ ប្រទេស​ហត្ថលេខី ​នៅមាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១២ ដើម្បី​ចរចា​គ្នា។ គេ​អាច​លើក​យក​បញ្ហា​នេះ​ទៅ​ចរចា​ឡើងវិញ នៅ​​ក្នុង​សន្និសីទ​ឆ្នាំ​ក្រោយ ដែល​គ្រោង​ធ្វើ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ