អានតួអត្ថបទ
បារាំង

បារាំង​កម្ទេចចោល​ភ្លុកដំរី​៣តោន​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការ​សម្លាប់​សត្វ​ដំរី

នៅថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​បារាំង​បាន​កម្ទេច​ចោល​នូវ​ភ្លុកដំរី ចំនួន ៣តោន ដែល​រឹបអូស​បាន​មក​ពី​​ទីផ្សារ​ងងឹត។ ការ​កម្ទេច​ភ្លុក​ដំរី​នៅ​បារាំង​នេះ ដែល​​ជា​លើក​ដំបូង​បង្អស់ នៅ​ក្នុង​តំបន់​អឺរ៉ុប ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ជាការ​ដាស់​សតិ​សាធារណជន​ ព្រមទាំង​បង្ហាញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​បារាំង ក្នុងការ​ទប់ស្កាត់​ការជួញដូរ​ភ្លុក​ដំរី។

ការ​កម្ទេច​ចោល​ភ្លុកដំរី ចំនួន ៣តោន ដែល​ត្រូវ​អាជ្ញាធរ​បារាំង​រៀបចំ​ធ្វើ​ជា​សាធារណៈ នៅ​ក្បែរ Tour Eiffel នៅថ្ងៃ​ព្រហស្បតិ៍ ៦កុម្ភៈ ២០១៤
ការ​កម្ទេច​ចោល​ភ្លុកដំរី ចំនួន ៣តោន ដែល​ត្រូវ​អាជ្ញាធរ​បារាំង​រៀបចំ​ធ្វើ​ជា​សាធារណៈ នៅ​ក្បែរ Tour Eiffel នៅថ្ងៃ​ព្រហស្បតិ៍ ៦កុម្ភៈ ២០១៤ AFP PHOTO / BERTRAND GUAY
ផ្សាយពាណិជ្ជកម្ម

ភ្លុកដំរី​ចំនួន ៣តោន ដែល​ត្រូវ​បាន​កម្ទេច​ចោល​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គ្រាន់តែ​ជា​ផ្នែក​តូចមួយ​ប៉ុណ្ណោះ នៃ​ស្តុក​ភ្លុក​ដំរី​សរុប​ប្រមាណ​ជា ១៧តោន ដែល​អាជ្ញាធរ​បារាំង​បាន​រឹបអូសពី​ផ្សារ​ងងឹត។ ការកម្ទេច​ភ្លុកដំរី​នេះ​ ត្រូវ​បាន​ធ្វើឡើង​ជា​សាធារណៈ នៅ​ក្បែរ Tour Eiffel កណ្តាល​ក្រុង​ប៉ារីស។

លោក​នីកូឡា អ៊ុយឡូ (Nicolas Hulot) បេសកជន​ពិសេស​របស់​លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ ហូឡង់ ទទួលបន្ទុក​ការពារ​បរិស្ថាន ដែល​បាន​ចូល​រួម​ក្នុង​ពិធី​កម្ទេច​ភ្លុកដំរី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​លើកឡើង​ថា បារាំង គឺ​ជា​ប្រទេស​ដំបូង​គេ​បង្អស់ នៅ​ក្នុង​តំបន់​អឺរ៉ុប ដែល​បាន​​ធ្វើការ​កម្ទេច​ភ្លុក​ដំរី​ជា​សាធារណៈ ក្នុង​ទ្រង់ទ្រាយ​ធំ​បែបនេះ ហើយ​ថា នេះ​គឺ​ជា​សារ​មួយ​បង្ហាញ​អំពី​ការ​ប្តេជ្ញា​របស់​អាជ្ញាធរ​បារាំង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់។

អង្គការ​ក្រៅរដ្ឋាភិបាល​បារាំង ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​កម្ទេច​ភ្លុកដំរី​នេះ​ដែរ បាន​នាំ​គ្នា​អបអរ​សាទរ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​បារាំង ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា ក៏​មាន​អង្គការ​ខ្លះ​បាន​រិះគន់​ផងដែរ​ថា វិធានការ​ត្រួតពិនិត្យ​របស់​គយបារាំង ទៅលើ​ការជួញដូរ​ភ្លុកដំរី នៅ​មាន​ភាពទន់ខ្សោយ​នៅឡើយ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ខ្លះ ដូចជា អង់គ្លេស ជាដើម ដែល​ចាត់តាំង​ឲ្យ​មាន​​មន្រ្តី​គយ​ជាច្រើន​ឲ្យ​ទទួល​បន្ទុក​តែ​ខាង​ការ​ត្រួតពិនិត្យ​រក​ភ្លុកដំរី។

ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​ភ្លុកដំរី​កំពុងតែ​ក្លាយ​ទៅជា​អាទិភាព​ចម្បងមួយ​របស់​សហគមន៍​អន្តរជាតិ ដោយសារ​តែ​គេ​មើលឃើញ​ថា ដំរី គឺ​ជា​ប្រភេទ​សត្វ ដែល​កំពុងតែ​ប្រឈមមុខ​នឹង​ការ​ស្លាប់​ផុតពូជ ដោយការ​ប្រមាញ់​ដោយ​ខុសច្បាប់ ជាពិសេស នៅ​ក្នុង​តំបន់​អាហ្វ្រិក ហើយ​ភ្លុក​ដំរី​ដែល​បាន​ពី​ការ​​ប្រមាញ់​​នៅ​អាហ្វ្រិក ច្រើន​តែ​ត្រូវ​គេ​នាំ​យក​ទៅ​លក់​នៅ​ក្នុង​តំបន់​អាស៊ី ជាពិសេស គឺ​នៅ​ចិន ដែល​ជា​ទីផ្សារ​ធំជាង​គេ​បង្អស់ និង​​ទីផ្សារ​ដ៏​ធំ​ទីពីរ គឺ​ថៃ។

កាល​ពី​ឆ្នាំ​២០១៣​កន្លងទៅនេះ ការកម្ទេច​ភ្លុកដំរី​ទាំងតោនៗ​​ត្រូវបាន​ធ្វើឡើង នៅ​តាម​បណ្តា​ប្រទេស​មួ​យ​ចំនួន​ រួមមាន​ ហ្វីលីពីន ឥណ្ឌា ហ្កាបុង កេនយ៉ា និង​នៅ​សហរដ្ឋ​អាមេរិក។ កាល​ពី​ខែ​មករា ដើមឆ្នាំ​២០១៤​កន្លងទៅ​ថ្មីៗ​នេះ ​អាជ្ញាធរ​ចិន​ក៏​បាន​ធ្វើការ​កម្ទេច​ចោល​ភ្លុកដំរី​​ចំនួន ៦តោន​ផងដែរ។ ចំណែក​​អាជ្ញាធរ​​ហុងកុង​វិញបាន​សន្យាថា នឹង​កម្ទេច​ចោល​​ភ្លុកដំរី ចំនួន ២៨តោន ដោយ​ចាប់ផ្តើម​ធ្វើ​ពី​ឆ្នាំ​២០១៤​នេះ​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ