អានតួអត្ថបទ
តំបន់ឈូងសមុទ្រពែរស៍

​​​ផ្ទុះ​វិបត្តិការទូត​​​​ក្នុង​ក្រុមប្រឹក្សា​​តំបន់​ឈូងសមុទ្រ​ពែរស៍​ ដោយសារ​​​​ភាព​មិនចុះសម្រុង​​​ជាមួយ​​​កាតា​

នៅថ្ងៃ​ពុធ​នេះ រដ្ឋាភិបាល​កាតា​បាន​សំដែង​ការ​សោកស្តាយ​ដោយ​សារ​ប្រទេសជិតខាង​ខ្លួន​ចំនួន​៣ គឺ​​​អារ៉ាប៊ី សាអូឌីត អេមីរ៉ាត​​អារ៉ាប់រួម និង​បារ៉ែនបាន​ដក​ឯកអគ្គរាជ​ទូត​​ខ្លួន​ចេញ​ពី​ក្រុងដូហា ប្រទេស​កាតា។ ប្រទេស​ទាំង៣​បាន​បន្ទោស​ប្រទេស​កាតា​ថា ​បាន​លូកដៃ​ចូល​ក្នុង​កិច្ចការ​​ផ្ទៃក្នុង​​ខ្លួន និង​បាន​គាំទ្រ​​ចលនា​អ៊ីស្លាម​ក្នុង​តំបន់ បែបយ៉ាង​ក្រុម​ភាតរអ៊ីស្លាម​​​អេហ្ស៊ីប។​

អ្នកប្រៀនប្រដៅ​អ៊ីស្លាម Youssef al-Qaradaoui (រូបកណ្តាល) ជាអ្នក​ចោទ​អេមីរ៉ាតអារ៉ាប់រួម​ ថាប្រឆាំង​ក្រុមភាតរអេហ្ស៊ីប ធ្វើអោយ​ផ្ទុះ​វិបត្តិ​​រវាង​អេមីរ៉ាត​អារ៉ាប់រួមជាមួយ​កាតា។
អ្នកប្រៀនប្រដៅ​អ៊ីស្លាម Youssef al-Qaradaoui (រូបកណ្តាល) ជាអ្នក​ចោទ​អេមីរ៉ាតអារ៉ាប់រួម​ ថាប្រឆាំង​ក្រុមភាតរអេហ្ស៊ីប ធ្វើអោយ​ផ្ទុះ​វិបត្តិ​​រវាង​អេមីរ៉ាត​អារ៉ាប់រួមជាមួយ​កាតា។ REUTERS/Mohammed Dabbous
ផ្សាយពាណិជ្ជកម្ម

ការដែល​ប្រទេស​អារ៉ាប៊ី​សាអូឌីត អេមីរ៉ាតអារ៉ាប់​​រួម និង​បារ៉ែន​សម្រេច​ដក​ឯកអគ្គរាជ​ទូត​ខ្លួន​ចេញ​ពី​ក្រុងដូហា ប្រទេស​កាតា​នោះ គឺ​ដើម្បី​ដាក់សម្ពាធ​ដល់​​រដ្ឋាភិបាលកាតា​។ ​ប្រទេស​ទាំង៣​​ ចោទ​​​ថា កាតា​បាន​លូកដៃចូល​ក្នុង​កិច្ចការផ្ទៃក្នុង​​ប្រទេស​ទាំង៣ និង​បាន​​គាំទ្រ​ចលនា​អ៊ីស្លាម​ក្នុង​តំបន់​​ បែបយ៉ាងក្រុមភាតរអ៊ីស្លាម​នៅ​អេហ្ស៊ីប។

នៅថ្ងៃ​ពុធ​នេះ ប្រទេស​កាតា​បាន​សំដែង​ការ​សោកស្តាយ​ ចំពោះ​សេចក្តីសម្រេច​​ដកតំណាង​ការទូត​​របស់​ប្រទេស​ទាំង៣​នេះ​ ហើយ​​បានប្រាប់ថា ខ្លួន​មិន​ចាត់​វិធានការ​ ដក​តំណាង​ទូត​​ចេញ​ពី​ប្រទេស​ទាំង៣នេះ​ទេ។ គួររំលឹកថា កាតា អារ៉ាប៊ី​សាអូឌីត អេមីរ៉ាតអារ៉ាប់​​រួម និង​បារ៉ែន ស្ថិត​ក្នុង​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​តំបន់​ឈូងសមុទ្រ​ពែរស៍ ដែល​បាន​បង្កើតឡើង​ ក្នុង​ឆ្នាំ​១៩៨១។

នេះជាលើកទី១ហើយ​ ដែល​ក្រុមប្រឹក្សា​នេះ​ជួបវិបត្តិ​​ការទូត​​គួរអោយ​កត់សម្គាល់​បែបនេះ។ ​​​អារ៉ាប៊ី​សាអូឌីត អេមីរ៉ាតអារ៉ាប់​​រួម និង​បារ៉ែន ​ចោទ​កាតា​ ថា​មិនបាន​គោរពតាម​ពាក្យសន្យា​ដែលបាន​ធ្វើកាលពី៣ខែ​មុន​​ ថា​ឈប់​គាំទ្រ​ចលនា​អ៊ីស្លាម​នៅ​អេហ្ស៊ីបទៀត។ ទង្វើ​កាតា​​​​ គឺ​ផ្ទុយ​ពី​គោលការណ៍​​​​​ចែង​ធានា​​​អោយ​មាន​សន្តិសុខ ​និង​ស្ថិរភាព​​អោយ​ដល់​​​​​បណ្តា​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​តំបន់​ឈូងសមុទ្រ​ពែរស៍​។ អារ៉ាប៊ី​សាអូឌីត អេមីរ៉ាតអារ៉ាប់​​រួម និង​បារ៉ែន ចង់​រុញ​​អោយ​​កាតា​នៅ​​ឯកា ដាក់សម្ពាធ​​​រដ្ឋាភិបាលកាតាអោយ​​ប្តូរ​ជំហរ​នយោបាយ​ខ្លួន​ក្នុង​តំបន់​ឡើងវិញ។

គួររំលឹកថា ​រដ្ឋាភិបាលកាតា​គាំទ្រក្រុមភាតរអ៊ីស្លាម​របស់​អតីត​ប្រធានាធិបតី​អេហ្ស៊ីប ម៉ូហាមេដ មរស៊ី ដែល​បាន​បាត់បង់​អំណាច​​កាលពីខែ​កក្កដា​ ឆ្នាំ២០១៣កន្លងទៅ។ តែ​ អារ៉ាប៊ី​សាអូឌីត អេមីរ៉ាតអារ៉ាប់​​រួម និង​បារ៉ែន ​​គាំទ្រ​​រដ្ឋាភិបាល​ស្តីទី​អេហ្ស៊ីបថ្មី ទាំងផ្នែក​នយោបាយ​និង​ហិរញ្ញវត្ថុ។ ប្រទេស​ទាំង៣​​សង្ស័យ​ថា​ កាតា​ថា​បាន​គាំទ្រ​ក្រុមភាតរអ៊ីស្លាម​ដែល​មានវត្តមាន​ក្នុង​ប្រទេស​ទាំង៣នេះ ក្នុងនោះ មាន​ពួកភាតរអ៊ីស្លាម​​ជាង១០នាក់ ដែល​ទទួលទោស​ជាប់គុក​នៅ​ប្រទេស​អេមីរ៉ាតអារ៉ាប់​រួម។

វិបត្តិការទូត​​​រវាងកាតា​និង​ប្រទេស​ទាំង៣ បាន​ចាប់ផ្ទុះ​ឡើង កាលពី​ខែ​កុម្ភៈ​ ពេល​អ្នក​ប្រៀនប្រដៅ​​អ៊ីស្លាមអេហ្ស៊ីប​ដ៏​​​មាន​ឥទ្ធិពល​​មួយរូប គឺ​​លោក​​យូសេហ្វ​ អាល់ការ៉ាដាវី បានចោទ​អេមីរ៉ាត​អារ៉ាប់​រួម​ថា ​​ធ្វើ​សកម្មភាព​ប្រឆាំង​ក្រុមភាតរអ៊ីស្លាម​អេហ្ស៊ីប៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ