អានតួអត្ថបទ
អេហ្ស៊ីប

​សកម្មជន​គាំទ្រ​លោក​មរស៊ី​ ធ្វើ​បាតុកម្ម​ មុន​​ពេល​អាជ្ញាធរ​ប្រកាស​លទ្ធផល​បោះឆ្នោត​​ប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញ​

នៅ​អេហ្ស៊ីប ​ថ្ងៃ​សុក្រ​នេះ​សកម្មជន​គាំទ្រ​អតីត​ប្រធានាធិបតី​មរស៊ី បានចុះតាម​ដងផ្លូវ ធ្វើ​បាតុកម្ម​សា​ជាថ្មី ប្រឆាំង​នឹង​​ទង្វើ​រដ្ឋ​ប្រហារយោធា​ កាលពី​ដើមខែ​កក្កដា ឆ្នាំ២០១៣ ដែល​បាន​ទំលាក់​លោក​មរស៊ី​ពីអំណាច។ ​​ការប៉ះទង្គិច​គ្នាជាមួយ​ប៉ូលិស ​បានបណ្តាល​អោយ​​​ស្លាប់​មនុស្ស​ម្នាក់។ សៅរ៍នេះ ជាថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​។ ​​ស្ថានភាព​អេហ្ស៊ីប កំពុង​​តានតឹង ពិសេស​​ជិតដល់ពេល​​​​ប្រារព្ធ​ខួប​៣ឆ្នាំ​ រំលឹក​​ថ្ងៃ២៥មករា ឆ្នាំ​២០១១ ​​​ជា​ថ្ងៃ​ប្រជាជន​បះបោរ​ទំលាក់​អតីត​ប្រធានាធិបតី មូបារ៉ាក់ ពីអំណាច។

ការប្រឈមមុខ​រវាង​សកម្មជន​គាំទ្រ​លោក​មរស៊ី និង​កងទ័ព​អេហ្ស៊ីប នៅជិត​ក្រុងគែរ ថ្ងៃ៣មករា​ ឆ្នាំ២០១៤។
ការប្រឈមមុខ​រវាង​សកម្មជន​គាំទ្រ​លោក​មរស៊ី និង​កងទ័ព​អេហ្ស៊ីប នៅជិត​ក្រុងគែរ ថ្ងៃ៣មករា​ ឆ្នាំ២០១៤។ REUTERS/ Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

តាម​បណ្តា​ក្រុង​ជាច្រើន​ នៅ​អេហ្ស៊ីប ថ្ងៃ​សុក្រ​នេះ សកម្មជន​គាំទ្រ​អតីត​ប្រធានាធិបតី​​ម៉ូ​មរស៊ី​ បាន​នាំគ្នា​ធ្វើបាតុកម្ម​សាជាថ្មី​ម្តងទៀត ប្រឆាំង​នឹង​​​រដ្ឋប្រហារ​យោធាអេហ្ស៊ីប​ កាលពីដើមខែ​កក្កដា ឆ្នាំ២០១៣ ដែល​បាន​ទំលាក់​​លោក​មរស៊ី​ពីអំណាច។ សកម្មជន​គាំទ្រ​លោក​មរស៊ី ​បាន​សុំអោយ​មាន​​​បាតុកម្ម​រយៈពេលមួយសប្តាហ៍ តាម​បែបផែន​សន្តិភាព​​។

នៅ​កំពង់ផែ​​ស៊ុយអេហ្ស ប៉ូលិស​បានប្រើ​ឧស្ម័នបង្ហូរ​ទឹកភ្នែក​បំបែក​ហ្វូង​បាតុករ។ ​ការប៉ះទង្គិច​រវាង​បាតុករ​និង​ប៉ូលិស​ បាន​ធ្វើអោយ​មាន​មនុស្ស​ស្លាប់។ ជាទូទៅ​បាតុកម្ម​អេហ្ស៊ីប តែង​បញ្ចប់​ដោយ​​ហិង្សា។ ​​ថ្ងៃ​​បោះឆ្នោត​ប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញ កាលពីថ្ងៃ​អង្គារ​ មនុស្ស​៩នាក់​បាន​ស្លាប់​ក្នុង​ពេល​ដង្ហែ​ក្បួន​បាតុកម្ម​។ នៅអេហ្ស៊ីប រាល់​សមាជិក​បក្ស​ភាតរអ៊ីស្លាម​របស់​លោក​មរស៊ី ដែល​ត្រូវ​កងទ័ពបង្ក្រាប​​​កន្លងមក​​​ ​ត្រូវ​បាន​ចាត់ទុក​ជាផ្លូវការ​ ថា​ជា​​​ក្រុម​ភេរវជន។ ដូច្នេះ ​សកម្មភាព​បាតុកម្ម​ពួកគេ​ ត្រូវ​បានហាមឃាត់។ ​មេដឹកនាំ​បក្ស​ភាតរអ៊ីស្លាម​ ជាច្រើនរូប អាច​នឹង​ទទួលទោស​ប្រហារជីវិត ហើយ​អ្នក​ចូលរួម​បាតុកម្ម អាច​នឹង​ជាប់គុក​៥ឆ្នាំ។

​ថ្ងៃ​សៅរ៍នេះ ជាថ្ងៃ​​​​​ប្រកាស​លទ្ធផល​​បោះឆ្នោត​ប្រជាមតិ​ លើ​រដ្ឋធម្មនុញ្ញ។ សម្លង​ឆ្នោត​គាំទ្រ​រដ្ឋធម្មនុញ្ញ​ ដែលតាក់តែងឡើង​ក្រោម​របបយោធា​អេហ្ស៊ីប​ពេលនេះ ប្រហែល​អាច​មានដល់​​៩៨ភាគរយ។ គណៈកម្មការ​បោះឆ្នោត​បាន​បដិសេធ​មិន​ប្រាប់​​តួលេខ​​អ្នកចូលរួម​បោះឆ្នោត​​ប្រជាមតិលើ​​រដ្ឋធម្មនុញ្ញ​ទេ​ គ្រាន់តែ​​ប្រាប់ថា ​​អ្នកចូលរួម​​ឆ្នាំ២០១៤​នេះ មាន​អត្រា​ខ្ពស់ ​ជាង​​​ឆ្នាំ២០១២ ក្នុង​ពេល​លោកមរស៊ី​នៅគ្រប់គ្រង​ប្រទេស​នៅឡើយ។​យោងតាម​ទីភ្នាក់ងារ​​មួយ​ឈ្មោះថា​ Mena មេណា មាន​អ្នកចូលរួមបោះឆ្នោត​៣៩ភាគរយ​ នៅតាម​២០ខេត្ត ក្នុងចំណោម​​ខេត្ត​សរុប​ចំនួន​២៧។ ​​

នៅថ្ងៃ​សុក្រ​នេះ ក្រុមគាំទ្រ​លោក​មរស៊ី ដែលបានអំពាវនាវ​អោយ​ពហិការ​មិន​ចូលរួម​បោះឆ្នោត​​​ប្រជាមតិ​នោះ បាន​បរិហារ​ថា ​មានការក្លែងបន្លំ និង​មាន​អំពើ​ពុករលួយ​ ក្នុង​​ដំណើរ​ការបោះឆ្នោត​ប្រជាមតិ​លើរដ្ឋធម្មនុញ្ញ​នេះ​​​។

ការបោះឆ្នោត​ប្រជាមតិ​លើរដ្ឋធម្មនុញ្ញ ​កាលពី​ថ្ងៃអង្គារ​​​​​ ជា​តេស្ត​សាកល្បង​​ វាស់​កម្រិត​ប្រជាប្រិយ​ភាពរបស់​​រដ្ឋាភិបាល​យោធា​អេហ្ស៊ីបបច្ចុប្បន្ន។ កងទ័ព​​​សង្ឃឹម​ថា ប្រជាជន​គាំទ្រ​ខ្លួន ក្នុង​ដំណើរការ​បោះឆ្នោត​ប្រធានាធិបតី​ នៅ​៦ខែ​ខាងមុខ​ទៀតនេះ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ