អានតួអត្ថបទ
អេហ្ស៊ីប

អ្នកកាសែត​៣រូប​របស់​ទូរទស្សន៍ ​Al ​Jazeera ​ត្រូវ​អាជ្ញាធរ​អេហ្ស៊ីប​ចាប់​ឃុំខ្លួន

អ្នក​កាសែត​៣រូប​របស់​ទូរទស្សន៍ Al Jazeera ត្រូវ​បាន​អាជ្ញាធរ​អេហ្ស៊ីប​ចាប់ឃុំខ្លួន កាល​ពី​យប់ថ្ងៃ​អាទិត្យ​ម្សិលមិញ។ ក្រសួង​មហាផ្ទៃ​អេហ្ស៊ីប​បាន​ឲ្យដឹង​ថា អ្នក​កាសែត​ទាំង៣រូប​នេះ​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ពី​ពួកគេ​បាន​ធ្វើការ​ផ្សាយ​បន្តផ្ទាល់​ពី​ទីកន្លែង​ប្រជុំ​របស់​ក្រុម​ភាតរអ៊ីស្លាម ដែល​អាជ្ញាធរ​អេហ្ស៊ីប​ទើប​នឹង​បាន​ចាត់​បញ្ចូល​ជា​ក្រុម​ភេរវជន។

ការិយាល័យ​ទូរទស្សន៍​ Al Jazeera នៅ​ទីក្រុង​គែរ​ត្រូវ​បាន​អាជ្ញាធរ​អេហ្ស៊ីប​បិទទ្វារ​លែង​ឲ្យ​ដំណើរការ តាំងពីខែ​កក្កដា ២០១៣​មក
ការិយាល័យ​ទូរទស្សន៍​ Al Jazeera នៅ​ទីក្រុង​គែរ​ត្រូវ​បាន​អាជ្ញាធរ​អេហ្ស៊ីប​បិទទ្វារ​លែង​ឲ្យ​ដំណើរការ តាំងពីខែ​កក្កដា ២០១៣​មក http://www.aljazeera.com
ផ្សាយពាណិជ្ជកម្ម

អ្នក​កាសែត​ទាំង ៣រូប ដែល​ត្រូវ​បាន​អាជ្ញាធរ​អេហ្ស៊ីប​ចាប់ឃុំ​ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បម្រើ​ការ​ឲ្យ​ទូរទស្សន៍ Al Jazeera ជា​ភាសា​អង់គ្លេស។

ក្រសួង​មហាផ្ទៃ​អេហ្ស៊ីប​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​បញ្ជាក់ថា អ្នក​កាសែត​ទាំងនេះ​ត្រូវ​បាន​ចាប់ខ្លួន “ដោយសារ​តែ​ពួកគេ​បាន​ធ្វើការ​ផ្សាយ​បន្តផ្ទាល់​នូវ​ព័ត៌មាន ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​បាន​ផ្សាយ​ពាក្យចចាមអារ៉ាម និង​ព័ត៌មាន​មិនពិត ទៅ​ឲ្យ​ទូរទស្សន៍​ Al Jazeera ដោយ​គ្មាន​ការ​អនុញ្ញាត”។

គួរបញ្ជាក់ថា ទូរទស្សន៍​ Al Jazeera គឺ​ជា​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ ដែល​មាន​មូលដ្ឋាន នៅ​ក្នុង​ប្រទេស​កាតារ ហើយ​កាតារ គឺ​ជា​ប្រទេស​ដែល​តែងតែ​បាន​ជួយ​ជ្រោមជ្រែង​ផ្នែក​ហិរញ្ញវត្ថុ ដល់​ក្រុម​ភាតរអ៊ីស្លាម នៅ​អេហ្ស៊ីប។ ការិយាល័យ​របស់​ទូរទស្សន៍​ Al Jazeera នៅ​ក្នុង​ទីក្រុង​គែរ​ត្រូវ​បាន​អាជ្ញាធរ​អេហ្ស៊ីប​បិទទ្វារ​លែង​ឲ្យ​ដំណើរការ តាំង​ពីថ្ងៃ​ទី៣ ខែ​កក្កដា នៅ​ក្រោយ​ពី​កងទ័ព​អេហ្ស៊ីប​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​​ប្រធានាធិបតី មហាម៉េដ​ ម៉រស៊ី ដែល​មក​ពី​ក្រុ​ម​ភាតរ​អ៊ីស្លាម ចេញ​ពី​អំណាច។

កាលពីសប្តាហ៍​មុននេះ អាជ្ញាធរ​អេហ្ស៊ីប​ទើប​នឹង​បាន​ចាត់បញ្ចូល​ក្រុម​ភាតរអ៊ីស្លាម​ជា​ក្រុម​ភេរវជន ហើយមេដឹកនាំ ព្រមទាំង​សមាជិក​រាប់ពាន់នាក់​របស់​ក្រុម​នេះ​ត្រូវ​បាន​អាជ្ញាធរ​អេហ្ស៊ីប​ចាប់ឃុំខ្លួន។

កាលពីថ្ងៃ​អាទិត្យ លោក​ឆាក់ ហេហ្គ័ល (Chuck Hagel) រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​បាន​ទូរស័ព្ទ​ទៅកាន់​មេទ័ព​អេហ្ស៊ីប ដើម្បី​​​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​វិវឌ្ឍន៍​​ចុងក្រោយ​នៃ​ស្ថានការណ៍​នៅ​អេហ្ស៊ីប ហើយ​បាន​អំពាវនាវ​ឲ្យអេហ្ស៊ីប “​ធ្វើការ​ថ្លឹងថ្លែង​​រក​តុល្យភាព​ រវាង​ការ​រក្សា​សន្តិសុខ​ជាតិ និង​​ការ​ធានា​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ”។

នៅថ្ងៃ​ចន្ទ​នេះ ​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន (ហៅកាត់​ថា CPJ) ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ញូវយ៉ក បាន​ចាត់បញ្ចូល​ប្រទេស​អេហ្ស៊ីប ទៅក្នុង​ចំណោម​ប្រទេស ៣ ដែល​​ជា​ប្រទេស​ដ៏​មាន​គ្រោះថ្នាក់​បំផុត សម្រាប់​អ្នក​សារព័ត៌មាន។ ប្រទេស​ពីរ​ទៀត គឺ​ស៊ីរី និង​អ៊ីរ៉ាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ