អានតួអត្ថបទ
អេហ្ស៊ីប

លោក មូបារ៉ាក់ អតីត​ប្រធានាធិបតី​ផ្តាច់ការ​អេហ្ស៊ីប​បាន​សេរីភាព​បណ្តោះអាសន្ន

តុលាការ​អេហ្ស៊ីប បាន​ចេញ​ដីកា នៅ​ថ្ងៃពុធ​ទី ២១ សីហា ព្រម​ព្រៀង​ផ្តល់​សេរីភាព​ដោយ​មានលក្ខខណ្ឌ​​ដល់​លោក ហូស្នី មូបារ៉ាក់ (Hosni Moubarak) អតីត​ប្រធានាធិបតី​អេហ្ស៊ីប ឃ្លាត​ចេញ​ពី​អំណាច​កាលពី​ឆ្នាំ​២០១១ ដោយ​ចលនា​បដិវត្ត​ប្រជាជន។ សេចក្តី​សម្រេច​របស់​តុលាការ​នេះ ធ្វើ​ឡើង​ជួន​ចំពេល​ដែល​​ក្រុម​អ្នក​កាន់​អំណាច​បច្ចុប្បន្ន​បាន​ចាប់​ខ្លួន​មេដឹក​នាំ​អ៊ីស្លាម​ជ្រុលនិយម​ ភាតរអ៊ីស្លាម។

លោក អតីតប្រធានាធិបតី​អេហ្ស៊ីប Hosni Moubarak ក្នុង​សវនាការ​ថ្ងៃទី ១៣ មេសា ២០១៣
លោក អតីតប្រធានាធិបតី​អេហ្ស៊ីប Hosni Moubarak ក្នុង​សវនាការ​ថ្ងៃទី ១៣ មេសា ២០១៣ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

លោក​ មូបារ៉ាក់​ អាច​នឹង​មាន​សេរីភាព​ ចេញ​ក្រៅ​ឃុំ​ឃាំង យ៉ាង​យូរ នៅ​ថ្ងៃព្រហស្បតិ៍​នេះ ពីព្រោះ​តុលាការ​បាន​ព្រម​ព្រៀង​ផ្តល់​សេរីភាព​​បណ្តោះ​អាសន្ននេះ​ កាលពីម្សិលមិញ ហើយ​លើក​នេះ គេ​មិន​អាច​ធ្វើ​​បណ្តឹង​ឧទ្ធរណ៍​ទេ នេះបើ​តាម​រដ្ឋ​អាជ្ញាលោក Ahmed el Bahraoui​។ 

 
លោក​ហូស្នី មូបារ៉ាក់ ធ្លាប់​បាន​ទទួល​សេរីភាព​ដោយមាន​លក្ខខណ្ឌ​ ក្នុង​សំណុំ​រឿង​បី​រួច​មក​ហើយ​ ពី​បទ​ចោទ​ប្រកាន់​ធ្វើ​ឃាត​បាតុករ​ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ ដែល​កំពុង​រង់​ចាំ​ការ​បើក​សវនាការ​។ ជា​រៀង​រាល់​លើក ឱ្យតែ​មាន​ការ​សេចក្តី​សម្រេច​របស់​តុលាការ​ផ្តល់​សេរីភាព​បណ្តោះអាសន្នភ្លាម​ គេ​​តែង​ឃើញ​មាន​​ការ​ចោទ​ប្រកាន់​បន្ថែម​ ដាក់​បន្ទុក​លើ​រូប​លោក មូបារ៉ាក់​ មិន​ឱ្យអតីត​ប្រធានាធិបតី​រូប​នេះ​អាច​ចេញ​ពី​ពន្ធនាគារ​បាន។

ប៉ុន្តែ លើក​នេះ ជា​សេចក្តី​សម្រេច​ពាក់​ព័ន្ធ​នឹង​​​សំណុំ​រឿង​ទីបួន និង​ចុង​ក្រោយ ដែល​បូក​ផ្សំ​សំណុំ​រឿងពុក​រលួយ​ជាមួយ​ផង​។ រាល់​បន្ទុក​ដែល​នាំ​ដល់​ការ​ឃុំ​ឃាំង​រូប​អតីត​ប្រធានាធិបតី​ ត្រូវ​លើកចេញ​វិញ​ទាំង​អស់ ព្រោះ​លោក​បានជាប់​ពន្ធនាគារ​ជាកិច្ច​ការពារ​​ដល់​កំរិត​អតិបរិមា​ដែល​កំណត់​ដោយ​ច្បាប់។

អាយុ​៨៥​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ​ផង លោក មូបារ៉ាក់ ទំនង​ជាមិន​អាច​ដើរ​តួ​នយោបាយ​អ្វី​ទៀត​មែន​ តែ​សម្រាប់​ក្រសែ​ភ្នែក​ជន​ទូទៅ​ ការ​ផ្តល់​សេរីភាព​នេះ​អាច​នឹង​ធ្វើ​ឱ្យ​សម្ពាធ​សង្គម​ដែល​កំពុង​តាន​តឹង​ស្រាប់​ កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ ​ កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១១​ របប​ផ្តាច់ការ​យោធា​ មូបារ៉ាក់ បាន​ដួល​រលំ ដោយ​ចលនា​បដិវត្ត​ប្រជាជន ! ​អេហ្ស៊ីប​មាន​ប្រធានាធិបតី​ថ្មី​ប្រសូត​ចេញ​ពី​សំឡេង​ឆ្នោត គឺ​លោក ម៉រស៊ី ជា​អ្នក​អ៊ីស្លាម​ជ្រុលនិយម Frère musulman  ឬ​ក្រុម​ភារតអ៊ីស្លាម។ បាន​តែ​មួយ​ឆ្នាំ​ចលនា​បាតុកម្ម​​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត លោក​ ម៉រស៊ី​ ត្រូវ​ចាប់ខ្លួន​ ក្រុមយោធា​បាន​ឡើង​មកដឹកនាំ​ប្រទេស​ជា​ថ្មី ហើយ​ពេលនេះ​កំពុង​បន្ត ចាប់​ខ្លួន​ឥស្សរជន​អ៊ីស្លាម​ជ្រុល​និយម​ ភារតអ៊ីស្លាម។ ​ តើ​នេះ​មិន​មាន​ន័យ​ថា​ អេហ្ស៊ី​កំពុង​សាកល្បង​ស្ថាបនា​ ​ របប​មូបារ៉ាក់ ឡើង​វិញ ឬ​ក៏​ថា​រលក​បដិវត្ត​កំពុង​បោក​បញ្ចាស​ខ្យល់​ទេ​ឬ ?!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ