អានតួអត្ថបទ
អាមេរិក

លទ្ធភាព​ខ្ចីប្រាក់​របស់​រដ្ឋបាល​អាមេរិកំាង​បាន​ឡើង​ដល់​កម្រិត​អតិបរមា

ចាប់​តំាង​រំលងអធ្រាត្រ​ថ្ងៃ​សុក្រ ទី៧ កុម្ភៈ​មក រដ្ឋបាល​អាមេរិកំាង​របស់​លោក​អូបាម៉ា​មិន​អាច​ដំឡើង​បរិមាណ​ប្រាក់កម្ចី​បាន​ទៀត​ឡើយ ព្រោះ​លទ្ធភាព​ខ្ចីប្រាក់​បាន​ឡើង​ដល់​កម្រិត​អតិបរមា​ហើយ។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ រដ្ឋបាល​អាមេរិកំាង​​បាន​ដំណើរការ​ជាមួយ​នឹង​វិធានការ​បន្ទាន់ ដោយ​ផ្អែក​លើ​លទ្ធភាព​ជាក់ស្តែង។ ឥឡូវ​នេះ បាល់​កំពុង​ស្ថិត​ក្នុង​ជើង​រដ្ឋសភា​ដែល​ជា​អ្នក​សម្រេច​ឲ្យ​ដំឡើង ឬ​មិន​ឲ្យ​ដំឡើង​បរិមាណ​ប្រាក់កម្ចី​ដើម្បី​យក​ទៅ​បំពេញ​ការ​ចំណាយ​ផ្សេងៗ។

លោក Jack Lew រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក
លោក Jack Lew រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក REUTERS/Gary Cameron
ផ្សាយពាណិជ្ជកម្ម

គឺ​លោក​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន Jack Lew ដែល​បាន​ថ្លែង​ជា​សាធារណៈ​ទៅ​កាន់​ក្រុម​សមាជិក​សភា​ដែល​គណបក្សប្រឆំាង គឺ​គណបក្ស​សាធារណរដ្ឋ​មាន​សម្លេង​ភាគច្រើន។ « ខ្ញុំ​ស្នើ​ឲ្យ​សភា​ចាត់​វិធានការ​ជា​បន្ទាន់ » នេះ​ជា​ការ​ថ្លែង​របស់​លោក Jack Lew។ លោក Lew ដែល​បាន​និយាយ​សារ​ចុះ សារ​ឡើង​ថា ចាប់​ពី​ថ្ងៃ​សៅរិ៍ ទី៨ កុម្ភៈ​ទៅ អាមេរិក​មិន​អាច​ខ្ចីលុយ​គេ​បាន​ទៀត​ឡើយ ព្រោះ​លទ្ធភាព​ខ្ចីប្រាក់​បាន​ឡើង​ដល់​កម្រិត​អតិបរមា​ហើយ។ យោង​តាម​លោក Lew អាមេរិក​កំពុង​រស់នៅ​ជាមួយ​នឹង​លទ្ធភាព​អប្បបរិមា ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង និង​បន្ទាន់ និង​ថា អាមេរិក​មាន​លុយ​សម្រាប់​ចំណាយ​ផ្សេងៗ​ត្រឹម​ដំណាច់​ខែ​កុម្ភៈ​នេះ​ប៉ុណ្ណោះ។ ទន្ទឹម​គ្នា​នេះ លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ក៏​មិន​ចង់​ទម្លាក់​កំហុស​ចំៗ​ទៅ​លើ​ក្រុម​ណា​មួយ​ទេ តែ​គ្រាន់​តែ​បាន​បញ្ជាក់​ដោយ​សាមញ្ញ​ថា ការ​ដំឡើង​កម្រិត​បរិមាណ​ប្រាក់បំណុល​វា​ជា​បុព្វសិទ្ធិ​របស់​រដ្ឋសភា។

គួរ​ជម្រាប​ជូន​ថា នៅ​សហរដ្ឋអាមេរិក សភា​ជា​អ្នក​កំណត់​​កម្រិត​អតិបរមា​នៃ​បំណុល​សាធារណៈ។ ប្រសិន​បើ​បំណុល​សាធារណៈ​នៅ​ទាប​ជាង​ដែន​​កំណត់ រដ្ឋាភិបាល​អាច​ខ្ចី​លុយ​គេ​បន្ថែម​ដោយ​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​​ពី​រដ្ឋសភា​ទេ។ តែ​សព្វថ្ងៃ​នេះ បំណុល​​សាធារណៈ​របស់​អាមេរិក​បាន​កើន​ឡើង​​ដល់​កម្រិត​អតិបរមា​ដែល​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​​​មិន​អាច​ខ្ចីបំណុល​គេ​បន្ថែម​ទៀត​បាន​ទៀត​ឡើយ វា​លើកលែង​តែ​សភា​អនុម័ត​ច្បាប់​ថ្មី​ដើម្បី​ដំឡើង​កម្រិត​​បរិមាណ​បំណុល​អតិបរមា​នេះ។ អ្វី​ដែល​បាន និង​កំពុង​បន្ត​ចោទ​ចំពោះ​លោក​អូបាម៉ា​នៅ​ត្រង់​ថា គណបក្ស​របស់​លោក​មិន​មាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា​ទេ។

ដូច្នេះ អ្នក​ដែល​កំពុង​មាន​សន្លឹកបៀរ​ចុង​ក្រោយ​នៅ​ក្នុង​ដៃ គឺ​គណបក្សសាធារណរដ្ឋ​ដែល​ជា​បក្សប្រឆំាង។ តែ​យ៉ាង​ណា​ក៏​ដោយ ទោះ​បី​ជា​បញ្ហា​ថវិកា​នៅ​អាមេរិក​នៅ​មិន​ទាន់​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដូច​ពេល​កន្លង​មក​ក៏​ដោយ ក៏​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្រមាន​ក្រុមតំណាងរាស្រ្ត​ទំាង​ពីរ​បក្ស​រួច​ជា​ស្រេច​ថា គេ​គួរ​តែ​មាន​គតិបណ្ឌិត​បញ្ជៀស​កុំ​ឲ្យ​វិបត្តិ​ច្រំដែល​វិល​ត្រលប់​ជា​ថ្មី​ម្តង​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ