អានតួអត្ថបទ
តួកគី-សហភាពអឺរ៉ុប

ភាពស្រពិចស្រពិល​​ផ្នែក​គតិយុត្តិ​​នៃ​កិច្ច​ព្រមព្រៀង​រវាង​អឺរ៉ុប ​និង​តួកគី

កិច្ច​ព្រមព្រៀង​ស្តីពី​ការ​បញ្ជូន​ជនភៀសខ្លួន​ ដែល​កំពុង​តែ​ត្រូវគេ​តាក់តែង​ឡើង​ រវាង​សហភាព​អឺរ៉ុប ​និង​តួកគី​ កំពុងតែ​ធ្វើឲ្យ​បណ្តា​អ្នក​ច្បាប់​ជា​ច្រើន​នាក់ ​មាន​ការ​ព្រួយ​បារម្ភ​ ព្រោះ​កិច្ច​ព្រមព្រៀង​នេះ ​មាន​ខ្លឹមសារ​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ ​និង​ច្បាប់​អឺរ៉ុប​ ទាក់ទិន​ទៅ​នឹង​ការ​ការពារ​ជន​ភៀសខ្លួន​ ដែល​ជា​ប្រជាជន​ប្រឈមមុខ​នឹង​គ្រោះថ្នាក់។ ការ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ ដោយ​ឥត​រើស​មុខ​ ឲ្យ​ត្រឡប់​ទៅ​ប្រទេស​តួកគី ​អាច​ជា​ការ​រំលោភ​លើ​គោលការណ៍​គ្រឹះ​ទាំង​អស់​នេះ។ ការដោះដូរ​ជន​ភៀសខ្លួន​ជា​ថ្នូរ​នឹង​កញ្ចប់​ថវិកា ​គឺ​វា​មិន​ខុស​ពី​ការដោះដូរ​ទំនិញ​គ្នា​នោះ​ទេ។

ជុំរំជន​ភៀសខ្លួន​នៅព្រំដែនក្រិក​និង​ម៉ាសេដ្វាន់ ថ្ងៃទី​៥ មីនា ២០១៦
ជុំរំជន​ភៀសខ្លួន​នៅព្រំដែនក្រិក​និង​ម៉ាសេដ្វាន់ ថ្ងៃទី​៥ មីនា ២០១៦ REUTERS/Sasa Kavic
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី៧​មីនា ​សហភាព​អឺរ៉ុប​និង​តួកគី ​បាន​ជួប​ចរចា​គ្នា ​ដើម្បី​ដោះស្រាយ​វិបត្តិ​ជន​ភៀស​ខ្លួន​ដែល​កំពុង​តែ​នៅ​កកកុញ ​ក្នុង​ប្រទេស​ក្រិក។ លក្ខខណ្ឌ​មួយ ​ដែល​មាន​នៅ​ក្នុង​គម្រោង​កិច្ច​ព្រមព្រៀង​នេះ​ បាន​កំណត់​ថា ​ ជន​ភៀស​ខ្លួន​ទាំងអស់ ​រួម​ទាំង​ជន​ភៀសខ្លួន​ស៊ីរី​ផង​ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ក្រិក ​នឹង​ត្រូវ​ចាប់​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​តួកគី​វិញ​ភ្លាមៗ។ គឺ​ការ​ចាប់​បញ្ជូន​ជន​ភៀសខ្លួន​ទាំងអស់​ ដោយ​ឥត​រើសមុខ​ឲ្យ​ត្រឡប់​ទៅ​តួកគី​វិញ​នេះ​ហើយ ​ ដែល​ធ្វើឲ្យ​មាន​ការ​ចោទសួរ​ថា​តើ​ វា​ស្របទៅ​តាម​បទដ្ឋាន​ច្បាប់​អន្តរជាតិ​ ទាក់ទិន​នឹង​ការ​ការពារ​សិទ្ធិ​ជន​ភៀសខ្លូន​ដែរ​រឺ​ទេ?

លោក ​Filippo Grandi​ ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៃ​អង្គការ​សហប្រជាជាតិ ​បាន​ថ្លែង​នៅ​ចំពោះ​មុខ​អង្គសភា​អឺរ៉ុប​ នៅថ្ងៃ​ទី​​៨​មីនា​ថា ​លោក​មាន​ការ​ព្រួយ​បារម្ភ​ណាស់ ​ចំពោះ​គម្រោង​កិច្ច​ព្រមព្រៀង​នេះ ​ព្រោះវា​អនុញ្ញាត​ឲ្យ​ចាប់​បញ្ជូន​ជន​ភៀសខ្លួន​ទាំងអស់​ ឲ្យ​ត្រឡប់​ទៅ​តួកគី​វិញ​ដោយ​ឥត​រើសមុខ ​ ដោយ​មិន​មាន​រៀបចំ​ឲ្យ​មាន​កិច្ចគាំ​ពារ​ជូន​ដល់​ជនភៀស​ខ្លួន​​សូម្បី​តែ​បន្តិច។ លោក​បន្ថែម​ថា ​គេ​គួរណា​តែ​បាន​គិត​ទៅ​ដល់​ការ​ធ្វើ​ការ​បែងចែក ​ជន​ភៀសខ្លួន​ណា ​ដែល​ងាយ​រងគ្រោះ ​ហើយ​ដែល​ត្រូវ​ទទួល​បាន​ការ​ទំនុកបំរុង​ជា​បន្ទាន់ ​ មិន​ត្រូវ​ចាប់​បញ្ជូន​ម្តង​ទាំងអស់​ដូច្នេះ​ទេ។

យ៉ាងណាមិញ​ សម្រាប់​អ្នក​ច្បាប់​មួយ​ចំនួន​ធំ ​យល់​ថា​គម្រោង​កិច្ច​ព្រមព្រៀង​នេះ ​មិន​មាន​ខ្លឹមសារ​ផ្ទុយ​ពី ​សន្ធិសញ្ញា​ក្រុង​ហ្សឺណែវ​ទេ។ ខ្លឹមសារ​នៃ​សន្ធិសញ្ញា​នេះ ​មាន​ចែង​គ្រាន់តែ​ហាម​មិន​ឲ្យ​ចាប់​បញ្ជូន​ជន​ភៀសខ្លួន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​ ​គម្រោង​កិច្ច​ព្រមព្រៀង​រវាង​អឺរ៉ុប​ និង​តួកគី​ គឺ​អនុញ្ញាត​ឲ្យ​បញ្ជូន​ជន​ភៀសខ្លួន​ពី​ក្រិក​ទៅ​តួកគី​វិញ ​ហើយ​ទួកគី​ជា​អ្នក​ចាត់​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ ​នូវ​ជន​ភៀស​ខ្លួន​ណា ​ដែល​ប្រទេស​ដើម​មិនមាន​សង្រ្គាម។

ក៏​ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ ​នៅ​មាន​អត្ថបទ​ច្បាប់​អឺរ៉ុប​ពីរ​ទៀត​ ដែល​អាច​ចោទ​ជា​បញ្ហា។ សម្រាប់​​លោក​ François Gemenne ​អ្នក​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ​និង​នីតិ​អន្តរជាតិ​បាន​ថ្លែង​ថា​លោក ​មាន​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅ​ពេល​ដែល​ឃើញ​សហភាព​អឺរ៉ុប​ រៀបចំ​ធ្វើ​កិច្ច​ព្រមព្រាង​មួយ ​ ដែល​មាន​ខ្លឹមសារ​ផ្ទុយ​ពី​ខ្លឹមសារ​បទដ្ឋាន​គតិយុត្តិ​របស់​ខ្លួនឯង​ផ្ទាល់។ ចំណែក​លោក​ Denys Robiliard​ មេធាវី ​និង​ជា​អតីត​ប្រធាន​អង្គការ​ Amnesty International ​បាន​មាន​ប្រសាសន៍​ថា ​អឺរ៉ុប​កំពុង​ធ្វើ​កិច្ច​ព្រមព្រាង​ជាន់កែង​ខ្លួន​ឯង។

ទីមួយ ​យោង​តាម​កិច្ច​ព្រមព្រាង​ទីក្រុង​ឌុបប្លាំង​ទី២ ​កំណត់ថា​ជន​ភៀសខ្លួន​ទាំងអស់​ដែល​បាន​ចូល​មក​ដល់​ទឹកដី​សហភាព​អឺរ៉ុប ​ត្រូវ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោណ ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ទីមួយ​ដែល​ខ្លួន​បាន​ធ្វើ​ដំណើរ​មក​ដល់។ ហើយ​បើ​យោង​តាម​ច្បាប់​អឺរ៉ុប​ លេខ​៨៥ ​ចុះ​ឆ្នាំ​២០០៥ ​បាន​កំណត់​ថា ​ អ្នក​ដែល​សុំ​សិទ្ធិ​ជ្រកកោណ​ជា​ជន​ភៀសខ្លួន​ត្រូវតែ​មាន​សិទ្ធិ​ស្នាក់​នៅ​ក្នុង​ប្រទេស​ដែល​ខ្លួន​បាន​ដាក់​ពាក្យ​សុំ ​ លុះត្រាតែ​មាន​សេចក្តី​សម្រេច​លើ​ពាក្យ​សុំសិទ្ធិ​ស្នាក់នៅ​របស់​ជន​នោះ។

ក្នុង​ករណី​ទាំង​ពីរ​នេះ​ គឺ​មាន​ន័យ​ថា​ក្រិក ​ជា​ប្រទេស​អឺរ៉ុប​ដំបូង​បង្អស់​ដែល​ជន​ភៀសខ្លួន​បាន​មក​ដល់​ ដូច្នេះ​ជនភៀសខ្លួន​មាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោណ​នៅ​ក្រិក ​ ហើយ​គេ​ក៏​មាន​សិទ្ធិ​ស្នាក់នៅ​ក្នុង​ប្រទេស​ក្រិក ​រហូត​ទាល់តែ​មាន​ការ​សម្រេច​លើ​ពាក្យ​សុំ​របស់​គេដែរ។ ការ​ដែល​សហភាព​អឺរ៉ុប​ចង់​ចាប់​បញ្ជូន​ជន​ភៀសខ្លួន​ យក​ទៅ​តួកគី​វិញ ​គឺ​ផ្ទុយ​ទាំង​ស្រុង​ពី​អត្ថបទ​ច្បាប់​ទាំងពីរ​ខាង​លើ​នេះ។ គម្រោង​កិច្ច​ព្រមព្រៀង​រវាង​អឺរ៉ុប​និង​តួកគី ​នឹង​ត្រូវ​អនុម័ត​ជា​ស្ថាពរ​នៅ​ថ្ងៃទី​១៧ ​រឺ១៨ ​មីនា​ខាង​មុខ​នេះ។ ការ​ចរចា​ដ៏​តក់​ក្រហល់ ​ដោយ​មិន​បាន​ពិនិត្យ​មើល​ពី​ខ្លឹមសារ​គ្រិះ ​ត្រូវ​បា​នគេ​យល់​ថា​ មក​ពី​អឺរ៉ុប​ចង់​ធ្វើ​យ៉ាងណា ​ឲ្យតែ​យក​ជនភៀសខ្លួន​ចេញ​ពី​អឺរ៉ុប​ ឲ្យ​ខាង​តែ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ