អានតួអត្ថបទ
ជីហាតអ៊ីស្លាម

ប៊ុលហ្ការី ធ្វើ​បត្យាប័ន​បញ្ជូន​ជន​សង្ស័យ​ជីហាត ប្អូន​ថ្លៃ​របស់​ភេរវជន​Cherif Kouachi​ ឲ្យបារាំង

នៅថ្ងៃ​ ទី​១៦​សីហា ​តុលាការ​ក្រុង​សូហ្វីយ៉ា ​ប្រទេស​ប៊ុលហ្ការី ​ទើប​បាន​សម្រេច​ធ្វើ​បត្យាប័ន ​ទៅ​តាម​ការ​ស្នើសុំ​របស់​បារាំង ​ដើម្បី​ប្រគល់​ខ្លួន​ជន​សង្ស័យ​ជីហាត​ម្នាក់ ​ដែល​ត្រូវ​ជា​ប្អូនថ្លៃ​របស់​ជន​ជីហាត ​Cheri​f Kouachi ​ដែល​បាន​ធ្វើ​ភេរវកម្ម ​នៅ​ស្នាក់ការ​កាសែត ​Chalie Hebdo ​កាល​ពី​ខែ​មករា ​ឆ្នាំ​២០១៥។ ជន​សង្ស័យ​ជីហាត ​ដែល​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស៊ីរី​នេះ ​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​ចោទ​ប្រកាន់​ពីបទ ​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តាញ​ភេរវកម្ម​ជីហាដ ​ដែល​អាច​ជាប់​ទោស​ពន្ធនាគារ​១០ឆ្នាំ។

ជនឈ្មោះ Mourad Hamyd ពេលបញ្ជូន​ទៅ​ដល់​តុលាការ​ក្រុង​សូហ្វីយ៉ា ប្រទេសប៊ុលហ្ការី ថ្ងៃទី​១០​ សីហា ២០១៦
ជនឈ្មោះ Mourad Hamyd ពេលបញ្ជូន​ទៅ​ដល់​តុលាការ​ក្រុង​សូហ្វីយ៉ា ប្រទេសប៊ុលហ្ការី ថ្ងៃទី​១០​ សីហា ២០១៦ DIMITAR DILKOFF / AFP
ផ្សាយពាណិជ្ជកម្ម

ជនឈ្មោះ​ Mourad Hamyd ​អាយុ​២០ឆ្នាំ ​ត្រូវ​បាន​ចាប់ខ្លួន ​ កាលពី​​ថ្ងៃ​ទី​២៦​ ខែ​កក្កដា ​ឆ្នាំ​២០១៦ ​នៅ​ប្រទេស​ប៊ុលហ្ការី  ​ក្នុង​ពេល​ដែល​ជននេះ ​មាន​បំណង​ឆ្លងកាត់​ទៅ​តួកគី ​តែ​ត្រូវ​តួកគី​បញ្ជូន​ចេញ​មកវិញ។ ជននេះ​ ត្រូវ​បាន​នគរបាល​បារាំង ​ចាប់​ខ្លួន​សាកសួរ​ចម្លើយ​រយៈពេល ​៤៨​ម៉ោង​ ម្តង​រួច​ទៅហើយ ​ក្រោយ​ហេតុការណ៍​ភេរវកម្ម ​នៅ​ការិយាល័យ​កាសែត ​Charlie Hebdo ​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៥ ​ដោយសារ​តែ​ ជន​នេះ​គឺ​ជា​ប្អូនថ្លៃ​របស់​ភេរវករ ​Cherif Kouachi។ តែដោយ​ពុំមាន​ភស្តុតាង​គ្រប់គ្រាន់ ​ នគរបាល​បារាំង​ក៏​បាន​ដោះលែង​ជន​នេះវិញ។

ក្រោយ​មក​នៅ​ដើមខែ​ កក្កដា ​ បងស្រី​របស់​ជន​ Mourad Hamyd ​បាន​រាយការណ៍​ទៅ​នគរបាល​បារាំង​ ថា​ប្អូនប្រុស​បាត់ខ្លួន​  ហើយ​អាច​កំពុងតែ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ជា​ជន​ជីហាត​នៅ​ស៊ីរី។ នគរបាល​បារាំង​ បាន​ចេញ​លិខិត​កំណត់​សំគាល់​មួយ​ភ្លាម​  ដើម្បី​តាម​រក​ជននេះ។ ទីបំផុត​ ជននេះ​ ត្រូវ​បាន​នគរបាល​ប៊ុលហ្ការី​ចាប់​ឃាត់​ខ្លួន។

តុលាការ​ក្រុង​ប៉ារីស ​បាន​ចេញ​ដីកា​ចាប់ខ្លួន​ អន្តរជាតិ​មួយ​ ភ្លាមៗ​ផងដែរ។ ឆ្លង​តាម​ការ​ស៊ើបអង្កេត​ នៅក្នុង​កុំព្យូទ័រ​របស់​ជននេះ ​គេ​បាន​រកឃើញ​ថា ​ជននេះ ​បាន​ចូល​ទៅមើល​គេហទំព័រ​អ៊ីនធើនែត​ របស់​បណ្តាញ​ជីហាដ ​អង្គការ​រដ្ឋ​អ៊ីស្លាម​ជា​ច្រើន​លើក។ ហើយ​ផ្លូវ​ធ្វើ​ដំណើរ​របស់​ជន​នេះ​ ឆ្លង​កាត់​ប្រទេស​ហុងគ្រី ​ស៊ែប៊ី ប៊ុលហ្ការី  ​មុន​នឹង​ចូល​ទៅដល់​តួកគី​ រួច​ឆ្លង​ចូល​ទៅ​ស៊ីរី ​ គឺ​ជា​ផ្លូវ​ធ្វើ​ដំណើរ​ជា​ទំលាប់​ របស់​ជន​ជីហាត។ សម្រាប់​សមត្ថកិច្ច ​ជននេះ​ពិត​ជា​មាន​បំណង​ទៅ​ធ្វើ​ជា​ជន​ជីហាត​នៅ​ស៊ីរី ​ បើទោះ​បី​ជន​នេះ​ធ្លាប់​ ប្រកែក​ប្រាប់​អាជ្ញាធរ​ប៊ុលហ្ការី ​ថាខ្លួន​ធ្វើ​ដំណើរ​ក្នុង​គោលដៅ​ទេសចរណ៍​ក៏ដោយ។

តាម​ការ​គ្រោងទុក ​ ជន​ Mourad Hamyd ​នេះ ​នឹង​ត្រូវ​បញ្ជូន​មក​ដល់​បារាំង ​នៅ​ក្នុង​រយៈពេល​៧ថ្ងៃ​ទៀត។ ជននេះ​ប្រឈម​នឹង​ទោស​ពន្ធធនាគារ​១០ឆ្នាំ​ ពី​បទ​ឃុបឃិត ​ក្នុង​បណ្តាញ​ជីហាដ ​ដែល​បាន​រៀប​គំ​រោង​ធ្វើ​ភេរវកម្ម។ សូម​បញ្ជាក់​ថា ​ ក្រៅ​ពី​ជន​នេះ ​នៅមាន​យុវជន​ក្មេងៗ​ អ៊ីស្លាម​ជាច្រើន​នាក់​ទៀត ​ ដែល​បាន​ធ្លាក់​ក្នុង​អន្លង់​នៃ​ការ​អូសទាញ​របស់​ពួក​ជ្រុល​និយម​អ៊ីស្លាម ​ ហើយ​ក្លាយ​ខ្លួន​ជា​ជន​ជីហាត​បំរើ​ឲ្យ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ