អានតួអត្ថបទ
បែលហ្ស៊ិក-ភេរវកម្ម

៤ខែក្រោយ​ភេរវកម្ម​នៅ​ប៉ារីស ​ជន​សាឡា អាប់ដេស្លាម​ ត្រូវ​ចាប់ខ្លួន​នៅ​ព្រុចសែល

ភេរវករ​ចុង​ក្រោយ ​ឈ្មោះ ​សាឡា អាប់ដេស្លាម ​ដែល​ជា​មនុស្ស​សំខាន់​ម្នាក់ ​ក្នុង​ការ​រៀបចំ​អំពើ​ភេរវកម្ម​ នៅ​ទីក្រុង​ប៉ារីស ​កាល​ពី​ថ្ងៃ​ទី​១៣ ​វិច្ឆិកា​ ២០១៥ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ​ទី​១៨​មីនា ​ដោយ​កង​កម្លាំង​ពិសេស​របស់​បែលហ្ស៊ិក ​នៅ​ភូមិ​ម៉ូលិនបិក ​ក្នុង​ទីក្រុង​ព្រុយសែល។ បន្ទាប់​ពី​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​​ព្យាបាល​របួស​ជើង​កាល​ពី​យប់​ថ្ងៃសុក្រ ​ជន សាឡា អាប់ដេស្លាម ​កំពុងតែ​ត្រូវ​បាន​ក្រុម​សួរ​ចម្លើយ ​និង​ចៅក្រម​ស៊ើបអង្កេត​របស់​បែលលហ្ស៊ិក ​ធ្វើការ​សាកសួរ​ជា​លើក​ដំបូង។

ជន សាឡា អាប់ដេស្លាម (ពាក់អាវស) កំពុង​ត្រូវ​បាន​នគរបាល​​ពិសេស​​អូសក​បញ្ចូល​ឡាន ​ថ្ងៃទី១៨ មីនា ២០១៦
ជន សាឡា អាប់ដេស្លាម (ពាក់អាវស) កំពុង​ត្រូវ​បាន​នគរបាល​​ពិសេស​​អូសក​បញ្ចូល​ឡាន ​ថ្ងៃទី១៨ មីនា ២០១៦ Fuente: Reuters.
ផ្សាយពាណិជ្ជកម្ម

លាក់ខ្លួន​៤ខែ  ​ចាប់​បាន​ដោយ​ចៃដន្យ៖

៤ខែ ​ដែល​ក្រុម​នគរបាល​ស៊ើប​អង្កេត​របស់​បារាំង ​និង​បែលហ្ស៊ិក ​ខំ​តាម​ចាប់​ជន​ឈ្មោះ​សាឡា អាប់ដេស្លាម។ ២- ៣​ដង​ហើយ ​ដែល​នគរបាល​ទៅ​ដល់​យឺត​បន្តិច​ ​ធ្វើ​ឲ្យ​របូត​ជន​នេះ។ ពេល​ដំបូង​គេ​ស្មាន​ថា​ជននេះ​ បាន​រត់​គេច​ចេញ​ពី​បារាំង ​និង​បែលហ្ស៊ិក ​ហើយ​អាច​ត្រឡប់​ទៅ​ស៊ីរី ​តែ​ទី​បំផុត​ទៅ ​​ គឺ ​ជន​នេះ​មិន​បាន​ទៅ​ណា​ឆ្ងាយ​ទេ ​ គឺ​នៅ​ក្រវ៉ែល​ ម្តុំៗ​ក្រុង​ព្រុយសែល ​និង​ក្នុង​ភូមិ​ម៉ូលិនបិក​ ទី​កន្លែ​ងកំណើត ​និង​នៅ​ក្បែរ​ផ្ទះ​របស់​ឪពុកម្តាយ​ជន​នេះ​ផ្ទាល់​តែ​ម្តង។

ការ​តាម​ប្រម៉ាញ់​ជននេះ ​គេ​សឹង​តែ​ថា​អស់​សង្ឃឹម​ទៅ​ហើយ ​តែ​ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៥​ មីនា ​ ​បី​ បួន​ថ្ងៃ​មុន​នេះ ​ក្រុម​នគរបាល​បែលហ្ស៊ិក ​បាន​ធ្វើការ​ឆែកឆេរ​ដោយ​ចៃដន្យ ​នៅ​ផ្ទះ​មួយ​កន្លែង​នៅ​ភូមិ ​Forest ​ជាយ​ក្រុង​ព្រុយសែល។ ប៉ុន្តែ​ពេល​ទៅ​ដល់​ ហៀប​នឹង​ឆែកឆេរ ​ស្រាប់​តែ​មាន​គ្រាប់​កាំភ្លើង​បាញ់​ចេញ​ពី​ផ្ទះ​នោះ ​ទើប​នគរ​ចាប់​ផ្តើម​ភ្ញាក់​ព្រើត​ថា ​ ផ្ទះ​នេះ​ពិត​ជា​កន្លែង​លាក់ខ្លួន​របស់​ក្រុម​ជន​ទុច្ចរិត ​រឺ​ក្រុម​ភេរវកម្ម​មិន​ខាន។ ការ​បាញ់​តបត​គ្នា ​បាន​ផ្ទុះ​ឡើង​ ធ្វើ​ឲ្យ​របួស​ខាង​នគរបាល​ម្នាក់ ​ និង​ស្លាប់​ជនដៃដល់​ដែល​លាក់​ខ្លួន​នៅ​ក្នុង​នោះ​ម្នាក់។ ជន​ដៃដល់​ពីរនាក់​ទៀត​បាន​រត់គេច​ខ្លួន​ បាន​សម្រេច។

បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​ទៅ ​ក្រុម​អ្នក​ជំនាញ ​បាន​សន្និដ្ឋាន​ថា​ ជន​ឈ្មោះ​សាឡា អាប់ដេស្លាម ​ពិត​ជា​បាន​នៅ​ក្នុង​ផ្ទះ​នោះ ​ ដោយ​យោង​ទៅ​លើ​ស្នាម​ ADN ​ដែល​នៅ​ជាប់​នឹង​មាត់​កែវ។ អញ្ចឹង​ជន​ពីរ​នាក់​ដែល​រត់​គេច​ខ្លួន​បាន​កាល​ពី​ពេល​នោះ ​ គឺ​មាន​ម្នាក់​ជា​ជន​សាឡា អាប់ដេស្លាម ​នេះ​ឯង។

ជន​អនាមិក​ទូរស័ព្ទ​ប្រាប់​នគរបាល​ ឈាន​ទៅ​ដល់​ការ​កំណត់​ទីតាំង​លាក់ខ្លួន៖

បន្ទាប់​មក​ទៀត​ការ​ស៊ើប​អង្កេត​ ចាប់​ផ្តើម​កំរើក​ក្តៅ​ឡើងវិញ ​ព្រោះ​គេ​ដឹង​ថា​ជន​នេះ​នៅ​មិន​ទាន់​ទៅ​ណាឆ្ងាយ​ទេ ​ គឺ​នៅ​ក្បែរៗ​ក្រុង​ព្រុយសែល។ ជា​សំណាង​ល្អ ​ភ្លាមៗ​ស្រាប់​តែ​មាន​ទូរស័ព្ទ​ពី​ជន​មិន​ស្គាល់​មុខ​ម្នាក់​ បាន​ទូរស័ព្ទ​ទៅ​ប្រាប់​នគរបាល​ថា ​ ជន​ឈ្មោះ​សាឡា អាប់ដេស្លាម ​បាន​ពឹង​ខ្លួន​ ឲ្យ​ជួយ​រក​កន្លែង​លាក់​ខ្លួន។ គ្រាន់តែ​ភ្លាម​នោះ ​ ក្រុម​នគរបាល​ស៊ើប​អង្កេត​ បាន​ធ្វើការ​ស្រាវជ្រាវ​ រក​ប្រភព​លេខ​ទូរស័ព្ទ​ នឹង​បណ្តាញ​គ្នា​វា​ ដែល​ទូរស័ព្ទ​ទាក់ទង​គ្នា​ចុះឡើង ​ ទើប​ឈាន​ទៅ​ដល់​ការ​កំណត់​ទីតាំង​លាក់​ខ្លួន​ថ្មី​របស់​ជន​នេះ ​ គឺ​នៅ​ផ្ទះ​មួយ ​ស្ថិត​លើ​ផ្លូវ​ Quatre Vents ​ក្នុង​សង្កាត់​ម៉ូលិនបិក ​ ក្រុង​ព្រុយសែល ​នេះ​តែ​ម្តង។

ពេល​ដែល​នគរបាល​ចូល​ទៅ​ដល់​ក្នុង​ផ្ទះ ​ជន​នេះ​បាន​ទាំង​ស្រែក​ប្រាប់​នគរបាល​ថា​ គឺ​វា​ឈ្មោះ ​សាឡា អាប់ដេស្លាម។ នគរបាល​បាន​បាញ់ ​មួយ​គ្រាប់​ធ្វើ​ឲ្យ​ត្រូវ​របួស​ជើង ​មុន​នឹង​អូស​ជន​នេះ​ចេញ​មក​ខាង​ក្រៅ​។ ក្រៅពី​​ចាប់​បាន​ជន​សាឡា អាប់ដេស្លាម ​នគរបាល​បាន​ចាប់​មនុស្ស​៤នាក់​ផ្សេង​ទៀត ​ ដែល​នៅ​ក្នុង​កន្លែង​លាក់ខ្លួន​នោះ​ដែរ។ ម៉ោង​ប្រហែល​ជា​ ជិត​៥ល្ងាច ​ជន​នេះ​ត្រូវ​បាន​នគរបាល​ចាប់​ក្របួច-កបញ្ចូល​ឡាន ​ ដើម្បី​យក​ទៅ​មន្ទីរពេទ្យ​ព្យាបាល​របួស​ជើង។ នៅព្រឹក​ថ្ងៃ​ទី​១៩​ នេះ ​ ក្រុម​នគរបាល​បាន​បញ្ជូន​ជននេះ​ចេញ​ពី​ពេទ្យ ​ដើម្បី​យក​ទៅ​កន្លែង​សាកសួរ​ចម្លើយ។
 

រូបជនដៃដល់ ធ្វើ់​ភេរវកម្ម​នៅ​ប៉ារីស​​ថ្ងៃ​ទី​១៣​ វិច្ឆិកា ២០១៥
រូបជនដៃដល់ ធ្វើ់​ភេរវកម្ម​នៅ​ប៉ារីស​​ថ្ងៃ​ទី​១៣​ វិច្ឆិកា ២០១៥ POLICE NATIONALE BELGA OFF / AFP

 
បែលហ្ស៊ិក ​និង​បញ្ជូន​ជន​ សាឡា អាប់ដេស្លាម ​ទៅ​ឲ្យ​បារាំង៖
តាម​ការ​ប៉ាន់ស្មាន ​ខាង​បែលហ្ស៊ិក ​និង​បញ្ជូន​ជន​នេះ​ទៅ​ឲ្យ​បារាំង ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ដីកា​តាម​ចាប់ខ្លួន​ជន​នេះ ​មាន​ទាំង​សង​ខាង​ បារាំង​ក៏​ធ្វើ ​បែលហ្ស៊ិក​​ក៏​ធ្វើ​។ ប្រតិបត្តិ​ការ​តាម​ប្រម៉ាញ់​ជន​ដៃដល់ ​ បណ្តាញ​ភេរវកម្ម​នេះ ​គឺ​នគរបាល​បារាំង​ និង​បែលហ្ស៊ិក​ធ្វើការ​ជាមួយ​គ្នា​បាន​ល្អ។ ជាក់ស្តែង​គ្រាន់តែ​ចាប់​បាន​ជន​នេះ​ភ្លាម​កាល​ពី​ល្ងាច​ម្សិលមិញ ​លោក​នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក ​និង​លោក​ប្រធានាធិបតី​បារាំង​ បាន​ធ្វើ​សន្និសីទ​រួមគ្នា​ភ្លាម​ដែរ ​ ដើម្បី​បង្ហាញ​​ពី​ជោគជ័យ​រួមគ្នា ​ ក្នុង​ការ​កម្ទេច​បណ្តាញ​ភេរវកម្ម​អ៊ីស្លាម​នេះ។

ភេរវកម្ម​បាន​កើត​នៅ​ក្រុង​ប៉ារីស​ ហើយ​ជន​រងគ្រោះ​សុទ្ធតែ​ជា​ជនជាតិ​បារាំង​សឹងតែ​ទាំង​អស់។ ដូច្នេះ​ គ្មាន​រឿង​អ្វី​ដែល​បែលហ្ស៊ិក ​ត្រូវ​បដិសេធ​មិន​បញ្ជូន​ជន​ សាឡា អាប់ដេស្លាម​ នេះ​ទៅ​ឲ្យ​បារាំង​កាត់ទោស​ទេ។ មួយវិញ​ទៀត ​ក្នុង​ករណី​ជន​ដៃដល់​ឈ្មោះ ​ម៉េឌី នេមូឈ ​ដែល​បាន​បាញ់រះ​សម្លាប់​មនុស្ស​នៅ​ខាង​មុខ​វិហារ​ជ្វីហ្វ​នៅ​ក្រុង​ព្រុយសែល​ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៤ ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ក្រុង​ម៉ាកសីប្រទេស​បារាំង។ បន្ទាប់​មក​នគរបាល​បារាំង​បាន​បញ្ជូន​ជន​នោះ​ទៅ​ឲ្យ​ខាង​បែលហ្ស៊ិក។ អញ្ចឹង​លើក​នេះ ​ បែលហ្ស៊ិក​ក៏​ត្រូវ​បញ្ជូន​ជន​សាឡា អាប់ដេស្លាម ​មក​ឲ្យ​បារាំង​វិញ​ដែរ។

សាឡា​ អាប់ដេស្លាម ​នឹង​ព្រម​សហការ​ដែរ​រឺទេ?
អ្វីៗ​វា​អាស្រ័យ​ថា​ជននេះ​ព្រម​និយាយ ​ព្រម​សហការ​ជាមួយ​ក្រុម​ស៊ើបអង្កេត​ដែរ​រឺទេ? ជាការពិត ​ជន​ដៃដល់​ឯទៀត​មាន​៩នាក់ ​គឺ​ស្លាប់​អស់​ហើយ។ អ្នកខ្លះ​ស្លាប់​ដោយ​ដាក់​គ្រាប់បែក​បំផ្ទុះ​ខ្លួន​ឯង​ អ្នកខ្លះ​ស្លាប់​ក្នុង​ពេល​ចុះ​បង្រ្កាប​តាម​ចាប់​របស់​នគរបាល​បារាំង។ ជន​សាឡា អាប់ដេស្លាម ​នេះ ​ជា​ជនដៃ​ដល់​តែ​ម្នាក់គត់​ដែល​នៅ​រស់​មាន​ជីវិត។ ក្នុង​ភេរវកម្ម​ថ្ងៃ​ទី​ ១៣​ វិច្ឆិកា​ នៅ​ប៉ារីស ​ គឺ​ជន​នេះ​មិនមែន​ជា​មេ​គំនិត​ដឹកនាំ​ទេ​ តែ​ជន​នេះ​ហើយ​ជា​អ្នក​រត់ការ​រៀបចំ​គ្រប់​បែប​យ៉ាង។

ជន​ឈ្មោះ​សាឡា អាប់ដេស្លាម​ ​គឺ​ជា​អ្នល​ជួល​បន្ទប់​សណ្ឋាគារ ​ឲ្យ​ពួក​ភេរវករ​ផ្សេងទៀត​ដេក​ មុន​ពេល​ចេញ​ធ្វើ​ប្រតិបត្តិការ។ ជន​នេះ​ជា​អ្នក​ជួលឡាន​ពីរ​គ្រឿង​ ពី​ព្រុយសែល ​បើក​សំដៅ​មក​ប៉ារីស​ដើម្បី​ធ្វើ​ប្រតិបត្តិការ​បាញ់​រះ។ ជននេះ​ទៀត​ ជា​អ្នក​ផ្ញើរ​លុយ​ទៅ​ឲ្យ​បងប្អូន​របស់​ក្រុម​ជន​ដៃដល់។ ហើយ​តាម​ធម្មតា​ជន​នេះ​ក៏​ត្រូវ​ចេញ​ទៅ​ធ្វើ​ប្រតិបត្តិការ​ជាមួយ​គេ​ដែរ។

សាឡា អាប់ដេស្លាម ​ជន​កំសាក?

សាឡា អាប់ដេស្លាម.
សាឡា អាប់ដេស្លាម. AFP PHOTO / HO / FEDERAL POLICE OF BELGIUM

អ្វី​ដែល​ចំលែក ​ហើយ​ដែល​ក្រុម​ស៊ើបអង្កេត​កំពុង​ឆ្ងល់​គឺ​ថា ​ ក្រុម​ភេរវករ​ចេញ​ធ្វើ​ប្រតិបត្តិការ​នៅ​ថ្ងៃ​នោះ ​មាន​ចែក​ជា​ក្រុម​ មួយ​ក្រុម​មាន​៣នាក់​ នៅ​តាម​ទីតាំង​នីមួយៗ។ ប្លែក​ត្រង់​ថា​ជន​សាឡា អាប់ដេស្លាម ​នេះ​នៅ​តែ​ម្នាក់ឯង​ បន្ទាប់​ពី​បាន​ដឹក​គ្នា​វា​ទៅ​ទម្លាក់​នៅ​ពហុកីឡាដ្ឋាន​ជាតិ​បារាំង ​ដើម្បី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ទៅ​នោះ។ តាម​ធម្មតា​ជន​សាឡា អាប់ដេស្លាម ​នេះ ​ក៏​មាន​ខ្សែ​ក្រវ៉ាត់​គ្រាប់​បែក ​ដែល​ត្រូវ​ដាក់​បំផ្ទុះ​សម្លាប់​ខ្លួន​ដែរ ​ តែ​ស្រាប់តែ​គេ​រក​ឃើញ​ខ្សែ​ក្រវ៉ាត់​គ្រាប់បែក​នោះ ​បោះចោល​នៅ​តាម​ផ្លូវ​ម្តុំ​ក្បែរ ​Montrouge ​ខាង​ត្បូង​ជាយក្រុង​ប៉ារីស ​មួយ​ថ្ងៃ​ក្រោយ​ថ្ងៃ​ភេរវកម្ម។

អញ្ចឹង​គេ​កំពុង​សន្និដ្ឋាន​ថា​ជន​សាឡា អាប់ដេស្លាម​នេះ ​អាច​កំសាក ​ញញើត​មិន​ហ៊ាន​ស្លាប់ ​ដូចគ្នា​វា​ដទៃទៀត​ បាន​សុខ​ចិត្ត​ចោល​ឡាន ​និង​ចោល​គ្រាប់បែក​ ហើយ​បាន​ទូរស័ព្ទ​ហៅគ្នា​វា​ផ្សេង​ទៀត​ ឲ្យ​មក​ដឹក​ទៅ​ព្រុយសែល​វិញ ​នៅ​ថ្ងៃ​បន្ទាប់។ ហើយ​នៅ​ថ្ងៃ​ម្សិលមិញ​ពេល​ចាប់​ខ្លួន​ទៀត ​ ជន​នេះ​បាន​ស្រែក​ប្រាប់​ឈ្មោះ​វា​ទៅ​ប៉ូលិស​ទៀត។

ទាំងអស់​នេះ​ធ្វើ​ឲ្យ​គេ​មាន​សង្ឃឹម​គួរសម​ថា ​ជន​នេះ​អាច​នៅ​មាន​ហេតុផល​ ​នៅ​ខ្លាច​ស្លាប់​ហើយ​អាច​ព្រម​សហការ​ជាមួយ​ក្រុម​ស៊ើបអង្កេត​ដើម្បី ​ផ្តល់​ពន្លឺ​ដល់​ការ​ស្រាវជា្រវ​រក​ការ​ពិត ​ជុំវិញ​ការ​រៀបចំ​ភេរវកម្ម​នៅ​ប៉ារីស។ បន្ថែម​ពី​នេះ​ទៀត ​ការ​លាក់ខ្លួន​រយៈ​ពេល​៤ខែ​មក​នេះ ​មិនមែន​ជន​នេះ​នៅ​តែ​ម្នាក់ឯង​ទេ ​គឺ​មាន​បណ្តាញ​គ្នា​វា​ច្រើន​នាក់​ណាស់ ​ដែល​នៅ​ចាក់​ស្រេស។ ដូច្នេះ​បើ​ជន​នេះ​សហការ ​នគរបាល​អាច​នឹង​ឈាន​ទៅ​ចាប់​បណ្តាញ​ភេរវកម្ម​នេះ ​ បាន​កាន់​តែ​ច្រើន ​ មិន​ថា​នៅ​បែលហ្ស៊ិក ​ ​រឺ​នៅ​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ