អានតួអត្ថបទ

ភេរវកម្ម​ប៉ារីស ៖ បែលហ្សិក​ ដំឡើង​កំរិត​អាសន្ន​ភេរវកម្មជា​ថ្មី

នាយក​រដ្ឋមន្ត្រី​បែល​ហ្ស៊ិក​បាន​ប្រកាស​រក្សា​ភាព​អាសន្ន​ភេរវកម្ម​កំរិត​បី នៅ​ក្នុង​ផ្ទៃ​ប្រទេស​បែលហ្ស៊ិក ដដែល បន្ទាប់ពី​មាន​ផ្ទុះ​ការ​បាញ់​រះកណ្តាល​ក្រុង​ព្រុចសែល កាលពីល្ងាច​​ថ្ងៃ​អង្គារ ពេលប៉ូលិស​បារាំង​និង​បែលហ្ស៊ិក​ចេញ​​ធ្វើ​ប្រតិបត្តិការ​ឆែកឆេរ​រក​​បណ្តាញ​ភេរវជនមាន​ពាក់ព័ន្ធ​នឹង​ភេរកម្ម​ថ្ងៃទី ១៣​វិច្ឆិកា នៅ​ប៉ារីស។ មក​ទល់​ល្ងាច​ថ្ងៃ​ពុធ​ទី ១៦​មីនា ​ភេរវជន​សង្ស័យ​ពីរ​រូប​កំពុង​គេច​ខ្លួន​​នៅ​ឡើយ។

ប៉ូលិស​បារាំង​និងបែលហ្ស៊ិក​បើក​ប្រតិបត្តិការ​​តាម​ចាប់​បណ្តាញ​ភេរវជន​នៅ​ព្រុចសែល
ប៉ូលិស​បារាំង​និងបែលហ្ស៊ិក​បើក​ប្រតិបត្តិការ​​តាម​ចាប់​បណ្តាញ​ភេរវជន​នៅ​ព្រុចសែល REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​​ប្រតិបត្តិការ​​ឆែក​ឆេរផ្ទះ​មួយ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អង្កេត​​ភេរវកម្មនៅ​ប៉ារីស​ថ្ងៃទី ១៣​វិច្ឆិកា​២០១៥ ​ ដែល​ក្លាយ​ជា​ការ​បាញ់​រះ​ត​គ្នា​ កណ្តាលក្រុង​ព្រុចសែល ប៉ូលិស​បារាំង​និង​បែលហ្សិក​ កម្ចាត់​បាន​ខ្មាន់​កាំភ្លើង​អាកា​ម្នាក់ និង​កំពុង​តាម​ស្វែង​ចាប់​ជនសង្ស័យ​ពីរ​នាក់​ផ្សេង​ទៀត មិន​ស្គាល់​អត្តសញ្ញាណ ដែល​រត់​គេច​រួច។

នៅ​ក្បែរ​សាកសពភេរវជន Belkahid Mohamed អាយុ​៣៥​ឆ្នាំ ជាតិ​អាល់ហ្សេរី​រស់​នៅ​ដោយ​ខុស​ច្បាប់​នៅ​ព្រុចសែល​ ដែល​ប៉ូលិស​បែលហ្សិក​ទើប​កំណត់​អត្តសញ្ញាណ​បាន​ មាន​ទង់ជាតិ​​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម និង​គម្ពីអ៊ីស្លាមសាឡាហ្វីស ព្រមទាំង​កាំភ្លើង​ជា​ច្រើន​ដើម។

បើ​អ្នក​នាំ​ពាក្យ​ប៉ូលិស​បែលហ្ស៊ិក ប្រតិបត្តិការ​នេះ គ្មាន​គម្រោង​តាម​ចាប់​ ភេរវជន Salah Abdeslam ជន​ដៃដល់ ដែល​បាត់​ស្រមោល​ឈឹង​តាំង​ពី​ថ្ងៃ​ភេរវកម្ម​នៅក្រុង​ប៉ារីស​​មក​ទេ តែ​គឺ​ដើម្បី​តាម​ចាប់​ជន​ជាប់​សង្ស័យ​ផ្សេង​ទៀត ​ជា​បណ្តាញ​របស់​ក្រុមភេរវជន​ កំពុង​ជាប់​ចោទ​ក្នុងតុលាការ​បែលហ្ស៊ិក​។

នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​នោះ ភេរវជន​ម្នាក់​ឬ​ច្រើន​នាក់​បានបាញ់​រះ​មក​លើ​ប៉ូលិស​បារាំង​និង​បែលហ្ស៊ិក​មុន​ ធ្វើ​ឱ្យ​ប៉ូលិស​បួន​នាក់​រង​របួស។ ពេល​នេះ​ក្រុង​ព្រុចសែល​បាន​ស្គាល់​ភាព​ស្ងប់​ស្ងាត់​វិញហើយ ប៉ុន្តែ​ក្រោយ​​ជំនួប​ប្រជុំ​ក្រុម​ប្រឹក្សារដ្ឋមន្ត្រី និង​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខ​ជាតិ​ នៅល្ងាច​ថ្ងៃពុធ​នេះ​មក ប្រមុខ​រដ្ឋាភិបាល​បែលហ្ស៊ិក​បាន​សម្រេច​រក្សាភាព​អាសន្ន​ភេរវកម្ម​កំរិត​បី​ដដែល​។

សូម​បញ្ជាក់​ថា បែលហ្ស៊ិក​ចាប់​បាន​ជន​មាន​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​​ថ្ងៃទី ១៣​វិច្ឆិកា​២០១៥​នៅក្រុង​ប៉ារីស ចំនួន​១១​នាក់។ ហើយ​ការ​អង្កេត​បាន​បង្ហាញ​ថា ភេរវកម្ម​នៅ​ប៉ារីស​នេះ​មានការ​រៀប​ចំ​ និង​សហការ​បញ្ហា​ពី​ក្រុង​ព្រុចសែលមក។ ប៉ុន្តែ ​​Salah Abdeslam និង​មិត្តMohamed Abrini ​ដែល​ប៉ូលិស​បារាំង​សង្ស័យ​ថា​មាន​តួនាទី​សំខាន់​ជា​អ្នក​ចាត់ចែង​រៀប​ចំ​ភេរវកម្មនៅ​ប៉ារីស​នោះ នៅ​តែ​បាត់​ឈឹង​គ្មាន​ដាន​ដដែល៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ