អានតួអត្ថបទ
អវកាស

យាន​អវកាស Ariane 5 នាំយក​ផ្កាយ​រណប​៤ ទៅ​ក្នុង​លំហ

យាន​អវកាស ​Ariane 5​ របស់​អឺរ៉ុប​ ត្រូវ​បាន​បាញ់​បង្ហោះ​ប្រកប​ដោយ​ជោគជ័យ ​ចេញ​ពី​ស្ថានីយ៍​យានអវកាស​តំបន់​ហ្គុយយ៉ាន ​កាល​ពី​ថ្ងៃ​រសៀលទី​ ១៧​វិច្ឆិកា​ ដោយ​បាន​នាំយក​ទៅ​ជាមួយ ​នូវ​ឧបករណ៍​ផ្កាយរណប​ ចំនួន​៤គ្រឿង ​ទៅ​ដាក់​ក្នុង​លំហ។ នេះ​គឺ​ជា​បេសកកម្ម​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ​ ដើម្បី​ដាក់តាំង​ប្រព័ន្ធ​កំណត់​ទីដៅ ​រឺ​ហៅថា​ GPS ​របស់​អឺរ៉ុប ​ ដែល​នឹង​ចាប់​ផ្តើម​ដំណើរការ​ នៅ​មុន​ដំណាច់​ឆ្នាំ​២០១៦​នេះ។

យានបង្ហោះ​ផ្កាយ​រណប Ariane 5
យានបង្ហោះ​ផ្កាយ​រណប Ariane 5 AFP PHOTO / ESA/ P. PIRON / HO
ផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធផ្កាយរណប​ របស់​អឺរ៉ុប​ ដែល​មាន​ឈ្មោះថា​ Galileo ​ កំពុង​តែ​ឃើញ​រូបរាង្គ​ពិត​ប្រាកដ ​តាម​រយៈ​​ផ្កាយរណប​ថ្មី​ចំនួន​៤គ្រឿង ​ដែល​ជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​អ្នក​វិទ្យាសាស្ត្រ​អឺរ៉ុប។ យានអវកាស​ Ariane 5 ​​បាន​ហោះចេញ​ពី​ដី​នៅ​ស្ថានីយ៍​យាន​អវកាស​តំបន់​Guyane ​នៅ​វេលា​ម៉ោង​១រសៀល ​ម៉ោង​សកល។ ៤ម៉ោង​បន្ទាប់​ពី​បាន​ចេញ​ដំណើរ ​ យាន​នេះ​បាន​ផ្តាច់​ឧបករណ៍ ​ផ្កាយរណប​ទាំង​៤គ្រឿង ​ ឲ្យ​អណ្តែត​ក្នុង​លំហ​នៃ​ខ្សែ​អកប៊ីត​ផែនដី។

 
តាម​ការ​ជូន​ដំណឹងពី​ភ្នាក់ងារ​អវកាស​អឺរ៉ុប​ ដែល​ជា​ម្ចាស់​គំរោង​នេះ ​ បាន​បញ្ជាក់​ថា​ ប្រព័ន្ធ​ផ្កាយរណប​ Galileo ​ រឺ​ Galileo ​Navigation GPS ​នេះ ​ នឹង​ចាប់ផ្តើម​ដំណើរការ ​ នាចុង​ខែ​ធ្នូ​ខាង​មុខ​នេះ ​ដោយ​មាន​ផ្កាយ​រណប​ទាំងអស់ ​១៨​គ្រឿង។ លោក ​Jan Woerner​ អគ្គនាយក​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ បញ្ជាក់​ថា ​បេសកកម្ម​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​GPS ​របស់​អឺរ៉ុបនេះ ​ ​គឺធ្វើ​ឡើង​ដើម្បី​ពន្លឿន​សមត្ថភាព​របស់​អឺរ៉ុប​ ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្ទាល់ខ្លួន ​ ព្រោះ​កន្លង​មក​ អឺរ៉ុប​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប​ GPS ​របស់​សហរដ្ឋ​អាមេរិក។ ប្រព័ន្ធថ្មី​របស់​អឺរ៉ុប​ គឺ​ជា​បច្ចេកវិទ្យា​ចុងក្រោយ ​ដែល​ផ្តល់​រលក​សញ្ញា​ក្នុង​ទំហំធំ​ និង​ល្បឿន​លឿន​ជាង​ប្រព័ន្ធ​ផ្កាយរណប​របស់​អាមេរិក។

បើទោះ​បី​ជា​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ធ្លាប់​មាន​បទ​ពិសោធន៍​បាញ់​បង្ហោះ​យានអវកាស​ជាច្រើន​លើក​ក៏ដោយ ​តែ​ការ​បាញ់​បង្ហោះ​យក​ផ្កាយ​រណប​GPS​ប្រភេទ​នេះ ​ គឺ​វា​ខុស​គ្នា​ពី​ការ​បញ្ជូន​ផ្កាយ​រណប​ទូរគមនាគមន៍​សាមញ្ញ។ លោក ​Stephan Israël ​អគ្គនាយក​ក្រុមហ៊ុន​Arianespace ​ដែល​ជា​អ្នក​ចាត់ចែង​ការ​បាញ់​បង្ហោះនេះ​ បាន​ពន្យល់​ថា ​ការ​បាញ់​បង្ហោះ​យក​ផ្កាយ​រណប ​GPS ​ខុសពី​ការ​បង្ហោះ​ផ្កាយ​រណប​ទូរគមនាគមន៍ ​ដោយសារ​យានអវកាស​ត្រូវ​ការ​ថាមពល​ឲ្យ​ច្រើន​បំផុត​ ដើម្បី​នាំផ្កាយ​រណប​ឲ្យ​ទៅ​សឹង​តែដល់​ខ្សែ​អកប៊ីរ​ របស់​ផែនដី ​ក្នុង​កំពស់​ប្រមាណ​ជិត​៣ម៉ឺន​គីឡូម៉ែត្រ ​ពីផែនដី។ ពីនេះ​រហូត​ដល់​ឆ្នាំ​២០២០​ខាងមុខ​ តាម​ការ​គ្រោង​ទុក​របស់​ភ្នាក់ងារ​អវកាស​អឺរ៉ុប ​ ប្រព័ន្ធ​ផ្កាយ​រណប​Galileo ​នឹង​មាន​ផ្កាយ​រណប​សរុប​ ចំនួន​ជាង​៣០​គ្រឿង។
 

អ្នកអ​វកាស​ទាំង៣​នាក់​ ដែលត្រូវ​ឡើង​ទៅ​ស្ថានីយ៍​អវកាស​​អន្តរជាតិ​ISS ជាមួយ​នឹង​​យាន​Soyous ថ្ងៃទី​១៧​ វិច្ឆិកា​២០១៦
អ្នកអ​វកាស​ទាំង៣​នាក់​ ដែលត្រូវ​ឡើង​ទៅ​ស្ថានីយ៍​អវកាស​​អន្តរជាតិ​ISS ជាមួយ​នឹង​​យាន​Soyous ថ្ងៃទី​១៧​ វិច្ឆិកា​២០១៦ REUTERS/Shamil Zhumatov

ដោយឡែក ​នៅ​ស្ថានីយ​អវកាស​Baikonour ​ប្រទេស​កាហ្សាក់ស្ថាន​ឯណោះ ​យាន​អវកាស​Soyouz ​របស់រុស្ស៊ី ​ បាន​ហោះ​ចេញ​ដំណើរ​ កាល​ពី​យប់​ថ្ងៃ​ទី​១៧ ​វិច្ឆិកា ​ ដោយ​បាន​នាំយក​អ្នក​អវកាស​៣រូប​ទៅ​ជាមួយ​ ក្នុង​នោះ​មាន​អ្នក​អវកាស​ជនជាតិ​បារាំង​ឈ្មោះ​ Thomas Pasquet​ អ្នក​អវកាស​ជនជាតិ​អាមេរិក​ឈ្មោះ ​Peggy Whitson  ​និង​ជនជាតិ​រុស្ស៊ី ​ឈ្មោះ ​Oleg Novitsky។ អ្នក​អវកាស​ទាំង​៣នាក់ ​ ត្រូវ​ទៅ​បំពេញ​បេសកកម្ម​ រយៈពេល​៦ខែ ​នៅ​ស្ថានីយ៍​អវកាស​អន្តរជាតិ ​ISS​ ដែល​ស្ថិត​នៅ​លើ​ខ្សែ​អកប៊ីត​ផែនដី ​បន្ទាប់​ពីបាន​ហ្វឹកហាត់ ​និង​ត្រៀម​ខ្លួន​អស់​រយៈពេល​៧ឆ្នាំ ​មុន​នឹង​ត្រូវ​គេ​សម្រេច​អនុញ្ញាតិ ​ឲ្យ​បំពេញ​បេសសកម្ម​ ដ៏​អស្ចារ្យ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ