អានតួអត្ថបទ
បារាំង

ប្រធានាធិបតី​បារាំង៖ មាន​១៩​ជាតិ​សាសន៍ រងគ្រោះ​ក្នុង​អំពើភេរវកម្ម នៅ​ប៉ារីស

វិមាន​ប្រធានាធិបតី​បារាំង ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ ទី ១៨​វិច្ឆិកា​ថា គេ​បាន​កំណត់​អត្តសញ្ញាណ​រាល់​ជនរងគ្រោះ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត និង​រងរបួស នៅក្នុង​ការវាយប្រហារ​ភេរវកម្ម កាលពី​ថ្ងៃ​សុក្រ។ នៅ​ក្រោយ​ភេរវកម្ម សម្លាប់​មនុស្ស​១២៩​នាក់ រដ្ឋាភិបាល​បារាំង បាន​បើក​ចាត់វិធានការ​សំខាន់ៗ ប្រឆាំង​ក្រុមជីហាត​នៃអង្គការរដ្ឋអ៊ីស្លាម​ទាំង​នៅ​ប្រទេស​ស៊ីរី និង​ក្នុង​ស្រុក​បារាំង ជាទី ដែល​ប៉ូលិស​បារាំង​កំពុង​តាម​ប្រមាញ់ និង​បំបែក​សំបុក​ក្រុមជីហាត ជ្រុលនិយម។ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋសភា​បារាំង​ក៏​នឹង​ត្រូវ​ពិភាក្សា​ផងដែរ​លើ​សំណើ​របស់​រដ្ឋាភិបាល​បារាំង​ដែល​ចង់​ពន្យារពេល ដាក់​ប្រទេស​បារាំង​ឲ្យ​ស្ថិតនៅក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​រយៈពេល ៣​ខែ​បន្តទៀត។ 

នៅថ្ងៃ​ពុធទី ១៨ វិច្ឆិកា ក្រុម​ប៉ូលិស​ពិសេស​១១០​នាក់​ចូលរួម​ក្នុង​ប្រតិបត្តិការ​វាយសម្រុក​ចូល​ផ្ទះ​នៅ​ជាយក្រុង​ប៉ារីស​ដែល​គេ​សង្ស័យថា មេក្លោង​ភេរវកម្ម​ប៉ារីស សំងំ​លាក់​ខ្លួន
នៅថ្ងៃ​ពុធទី ១៨ វិច្ឆិកា ក្រុម​ប៉ូលិស​ពិសេស​១១០​នាក់​ចូលរួម​ក្នុង​ប្រតិបត្តិការ​វាយសម្រុក​ចូល​ផ្ទះ​នៅ​ជាយក្រុង​ប៉ារីស​ដែល​គេ​សង្ស័យថា មេក្លោង​ភេរវកម្ម​ប៉ារីស សំងំ​លាក់​ខ្លួន REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

 

ក្រឹត្យ​របស់​ប្រធានាធិបតី​បារាំង ដែល​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ស្ថិតនៅ​ក្នុង​ស្ថានភាព​អាសន្ន តាំង​ពី​ថ្ងៃ​សៅរ៍ បាន​បើក​ផ្លូវ​ឲ្យ​អាជ្ញាធរ​បារាំង​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ប្រយុទ្ធ​ប្រឆាំង នឹង​ក្រុម​ភេរវនិយម។ ជារួម តាំង​ពី​យប់​ថ្ងៃ​សៅរ៍ នៅ​ទូទាំង​ប្រទេស ប៉ូលិស​បារាំង បាន​ចូល​ទៅ​ឆែកឆេរ​រដ្ឋបាល ប្រមាណ​៤១៤​កន្លែង ចាប់ឃាត់​ខ្លួន​មនុស្ស ៦០​នាក់ និង​រឹបអូស​បាន​ អាវុធ ៧៥​ដើម ដែល​មាន​១១​ដើម​ជា​អាវុធ​ធ្វើ​សង្រ្គាម។

តាម​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង Bernard Cazeneuve ប្រតិបត្តិការ​តាម​ប្រមាញ់​ក្រុមភេរវជន​នៅ​មាន​បន្ត​ទៀត នៅ​ប្រទេស​បារាំង។ នៅ​មុខ​សភា​បារាំង រដ្ឋមន្រ្តី​បារាំង នៅ​បាន​លើក​ឡើងថា ប្រតិបត្តិការ​សម្រុក​ចូលផ្ទះ នៅ​ជាយក្រុង​ប៉ារីស កាលពី​ព្រឹកថ្ងៃពុធ ដែល​នៅក្នុង​នោះ ភេរវជន​ពីរនាក់​បាន​ស្លាប់​បាត់បង់​ជីវិត បាន​ធ្វើ​ឲ្យ​គេ​រក​ឃើញ​ថា ក្រុមភេរវជន​កំពុង​មាន​ផែនការ​ចង់​ធ្វើ​ភេរវកម្ម នៅថ្ងៃ​ព្រហស្បតិ៍ នៅ​កន្លែង​មួយទៀត នៅ​ប្រទេស​បារាំង។ តាម​ប្រភព​ស្និទ្ធ​នឹង​ក្រុមស៊ើបអង្កេត​បារាំង ដែល​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters នៅក្នុង​ប្រតិបត្តិការ​តាមរក​ចាប់​មេក្លោង​ភេរវកម្ម នៅ​ទីក្រុង​ប៉ារីស ប៉ូលិស​បាន​រកឃើញ​ដោយ​ចៃដន្យ​ក្រុមភេរវជន​មួយ​ក្រុម​ផ្សេងទៀត ដែល​គ្មាន​ពាក់ព័ន្ធ​នឹង​ក្រុមធ្វើ​ភេរវកម្ម​នៅ​ប៉ារីស ប៉ុន្តែ ក្រុម​ថ្មី​នេះ​​កំពុង​តែ​ត្រៀមរៀបចំ​គម្រោង​ធ្វើ​ភេរវកម្ម នៅ​La Défense ជាយក្រុង​ប៉ារីស។ ទាំង​ភេរវជន​ដែល​បាន​ស្លាប់ និងជន​សង្ស័យ​​ដែល​ប៉ូលិស​ចាប់ខ្លួន នៅក្នុង​ប្រតិបត្តិការ​ឡោមព័ទ្ធ​នៅភាគខាងជើង​ក្រុង​ប៉ារីស កាលពី​ថ្ងៃ​ពុធ សុទ្ធសឹង ជា​មុខ​ក្រុមភេរវជន​ដែល​កំពុង ត្រៀម​ធ្វើ​ភេរវកម្ម នៅ​La défense សង្កាត់​ពាណិជ្ជកម្ម​ដ៏​មមាញឹក​បំផុត​របស់​អឺរ៉ុប ដែល​មាន​ក្រុមហ៊ុន​ប្រមាណ ២៥០០​ក្រុមហ៊ុន។

នៅក្នុង​វេទិការ​ជំនុំ​ជាមួយ​ចៅហ្វាយក្រុង​ក្នុង​ស្រុក​បារាំង លោក​ប្រធានាធិបតី បាន​ប្រកាស​បំពាក់​អាវុធ​ដល់​ប៉ូលិស​ក្រុង ដែល នៅ​មួយរយៈ​ចុងក្រោយនេះ ​បាន​បញ្ចេញ​ស្នាដៃ ល្អ រួម​សហការ ជាមួយ​ប៉ូលិសថ្នាក់​ជាតិ ដើម្បី តាម​ប្រមាញ់​ក្រុមភេរវនិយម។

នៅ​ថ្ងៃ​ពុធដដែល វិមាន​ប្រធានាធិបតី បារាំង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​របស់​ជនរងគ្រោះ ដែល​បាន​ស្លាប់ និង​រងរបួស ក្នុង​អំពើ​ភេរវកម្ម។ ជារួម មាន​មនុស្ស ចម្រុះ​ជាតិ​សាសន៍​ចំនួន ១៩ ដែល​រងគ្រោះ​ក្នុង​ភេរវកម្ម​កណ្តាល​ក្រុង​ប៉ារីស។ ការិយាល័យ​អន្តរក្រសួង​ដែល​ស្ថិតនៅក្រោម​ការដឹកនាំ​របស់​ក្រសួង​ការបរទេស​នឹង​ទទួល​បន្ទុក​ផ្តល់​ជំនួយ​ដល់​ក្រុមគ្រួសារ​សម្រាប់​ធ្វើ​ពិធីបុណ្យ​សព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ