ប្រមុខរដ្ឋបារំាងជម្រុញឲ្យយកពន្ធលើការទិញ លក់នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ
វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) លើកទី៤១រយៈពេល ៥ថ្ងៃក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីសត្រូវបិទបញ្ចប់នៅថ្ងៃអាទិត្យ ទី៣០ មករា ឆ្នំា ២០១១។ លោកប្រធានាធិបតីបារំាង នីកូឡា សាកូហ្ស៊ី ក្នុងនាមជាប្រធានផ្លាស់វេនក្រុមប្រទេស G២០ លោកសាកូហ្ស៊ីបានទាមទារឲ្យយកពន្ធលើការទិញ លក់នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដើម្បីយកទៅជួយអភិវឌ្ឍប្រទេសក្រីក្រ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បទអន្តរាគមន៍របស់ គួច គន្ធារ៉ា
វេទិកាសេដ្ឋកិច្ចពិភពលោក « World Economic Forum » បានចាប់កំណើតឡើងក្នុងឆ្នំា ១៩៧១ ហើយអ្នកដែលបានផ្តួចផ្តើមគំនិតឲ្យមាន Forum នេះឡើង គឺលោក Klaus Schwab សាស្ត្រាចារ្យសេដ្ឋកិច្ចនៅសកលវិទ្យាល័យក្រុង Genève ប្រទេសស្វីស។ ចាប់ពីពេលនោះមក Forum នេះត្រូវបានគេរៀបចំធ្វើជារៀងរាល់ឆ្នំានៅក្នុងទីក្រុងដាវ៉ូស ស្ថិតក្នុងប្រទេសស្វីស។
មានប្រធានរឿងជាច្រើនដែល Forum បានលើកយកទៅជជែក ពោលគឺមិនមែនទាក់ទងតែផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងពិភពលោកប៉ុណ្ណោះទេ។ ក៏មានផងដែរ បញ្ហាការឡើងកំដៅនៃភពផែនដី ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត បញ្ហាមនុស្សធម៌ និងជម្លោះប្រដាប់អាវុធ។ល។ និង។ល។ ជារួមទៅ វេទិកាសេដ្ឋកិច្ចពិភពលោកគឺជាកន្លែងមួយ ដែលអ្នកចូលរួមត្រូវលើកយកទៅជជែកនូវបញ្ហាសំខាន់ៗ និងបញ្ហាជាបន្ទាន់ដែលកំពុងកើតមាននៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។
ក៏ដូចជាក្នុងរយៈពេល ២ឆ្នំាចុងក្រោយនេះដែរ វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នំា២០១១ មានអ្នកចូលរួមប្រមាណជា ២៥០០នាក់មកពី ១០០ប្រទេសក្នុងពិភពលោក រួមមាន ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល តំណាងអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ព្រមទំាងប្រធានរោងចក្រសហគ្រាស និងប្រធានក្រុមហ៊ុនផងដែរ។
លោក នីកូឡា សាកូហ្ស៊ីជម្រុញឲ្យមានពន្ធលើការទិញ លក់នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ
វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នំា ២០១១ត្រូវបានរៀបចំឡើង ចំពេលដែលពិភពលោកកំពុងបន្តគ្របដណ្តប់ដោយវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ទុះឡើងក្នុងឆ្នំា ២០០៨។ ដូច្នេះសំខាន់ គឺធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិមានរបៀបរៀបរយឡើងវិញ និងផ្តល់សន្ទុះកំណើនសេដ្ឋកិច្ចលើពិភពលោកឡើងវិញ។ ប៉ុន្តែ ចំណាប់អារម្មណ៍ដែលបានធ្វើឲ្យគ្រប់គ្នាផ្តោតការយកចិត្តទុកដាក់ខ្លំាងជាងគេនោះ គឺការថ្លែងរបស់លោកប្រធានាធិបតីបារំាង នីកូឡា សាកូហ្ស៊ី ក្នុងនាមជាប្រធានផ្លាស់វេនក្រុមប្រទេស G២០។ ក្រុមប្រទេស G២០ មានក្រុមប្រទេស G៨ ដែលជាមហាអំណាចឧស្សាហកម្មពិភពលោក បូកនិង ១២ប្រទេសដែលកំពុងមានឧស្សាហកម្មជឿនលឿន ដូចយ៉ាងប្រទេសចិន ប្រេស៊ីល ឬមួយក៏ប្រទេសឥណ្ឌាជាដើម។
នៅចំពោះមុខអ្នកចូលរួមប្រមាណជា ២៥០០នាក់ លោកសាកូហ្ស៊ីបានលើកឡើងពីប្រាក់បំណុលដ៏ច្រើនសម្បើមដែលប្រទេសមួយចំនួននៅអឺរ៉ុបកំពុងប្រឈមមុខ ពីកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ពីការយកពន្ធលើការទិញ ដូរនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងពីការគ្រប់គ្រងឲ្យបានត្រឹមត្រូវនូវតម្លៃវត្ថុធាតុដើមចំាបាច់សម្រាប់មនុស្សជាតិ ដោយធ្វើយ៉ាងណា កុំឲ្យឈ្មួញកណ្តាលក្រឡុកហាងឆេងតាមតែអំពើចិត្ត។
អ្វីដែលលោក សាកូហ្ស៊ីបានសង្កត់ធ្ងន់ខ្លំាងជាងគេ គឺការយកពន្ធលើការទិញ ដូរនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដើម្បីយកប្រាក់ទទួលបានពីពន្ធនេះទៅជួយអភិវឌ្ឍប្រទេសក្រីក្រ។ លោក សាកូហ្ស៊ីបានរំលឹកថា ប្រទេសមហាអំណាចឧស្សហកម្មបានសន្យាជួយអភិវឌ្ឍប្រទេសក្រីក្រនូវទឹកប្រាក់ចំនួន ១២ម៉ឺនលានដុល្លារក្នុង១ឆ្នំា ចាប់ពីឆ្នំា ២០២០ ខាងមុខនេះទៅ។ សម្រាប់លោក សាកូហ្ស៊ី មានតែការអនុវត្តន៍វិធានការនេះទេ ទើបគេអាចគោរពពាក្យសន្យាបាន ព្រោះថា បើគេរង់ចំាឲ្យប្រទេសមហាអំណាចនីមួយៗផ្តល់ប្រាក់មកនោះ គឺជារឿងពិបាកណាស់។ ពិបាកព្រោះពេលនេះ មានប្រទេសខ្លះ កំពុងតែជំពាក់គេវ័ណ្ឌ ក។ តែយ៉ាងណាក៏ដោយ លោកសាកូហ្ស៊ីបានអំពាវនាវឲ្យក្រុមប្រទេស G៨ និងG២០ ផ្តើមអនុវត្តមុនគេ ដើម្បីធ្វើជាគំរូសម្រាប់ប្រទេសផ្សេងទៀត។
គំនិតរបស់លោក សាកូហ្ស៊ី មិនត្រូវបានទទួលការគំាទ្រពីគ្រប់ប្រទេសទេ
លោកសាកូហ្ស៊ីត្រូវជំនះប្រទេសមួយចំនួនទៀត ឲ្យទទួលយកនូវគំនិតផ្តួចផ្តើមរបស់លោកក្នុងការយកពន្ធលើការទិញ លក់នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ រហូតមកដល់ពេលនេះ គេឃើញមានប្រទេសអាល្លឺម៉ង់ ជប៉ុន និងអង្គការ ព្រមទំាងសមាគមមួយចំនួនបានគំាទ្រគំនិតរបស់លោកសាកូហ្ស៊ី។ តែទន្ទឹមគ្នានេះ ប្រទេសដែលជំទាស់ក៏មានច្រើនដែរ ដូចយ៉ាងសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិក។ មានប្រទេសមួយចំនួនទៀតបានមើលឃើញថា គំនិតបង្កើតឲ្យយកពន្ធរបៀបនេះ គឺជាគំនិតចាស់គំរឹលមួយដែលគេធ្លាប់បានឮកន្លងមក ពិសេស ឲ្យតែត្រូវការថវិកាបន្ថែម គេក៏ចាប់ផ្តើមបង្កើតឲ្យមានពន្ធនេះ ពន្ធនោះ។
យ៉ាងណាក៏ដោយ ក្នុងនាមជាប្រធានផ្លាស់វេនក្រុមប្រទេស G២០ លោកសាកូហ្ស៊ីមានរយៈពេលតែ ១ឆ្នំាប៉ុណ្ណោះ ដើម្បីនិយាយបញ្ចុះបញ្ចូលប្រទេសផ្សេងទៀត។ បើមិនដូច្នោះទេ វានឹងយឺតពេល ព្រោះថា ឆ្នំា ២០១២ ដល់វេនប្រទេសម៉ិចស៊ិកធ្វើជាប្រធានផ្លាស់វេនក្រុមប្រទេស G២០។ ប្រទេសម៉ិចស៊ិកដែលបានប្រឆំាងយ៉ាងដាច់អហង្ការចំពោះគំនិតផ្តួចផ្តើមរបស់លោកសាកូហ្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ