អានតួអត្ថបទ
បារាំង-អ៊ីតាលី

បារាំង​​និង​​អ៊ីតាលី​​ស្នើ​​ឲ្យ​​ធ្វើ​​កំណែ​ទម្រង់​​កិច្ចព្រមព្រៀង​ Schengen​ ស្តីពី​​ការ​​លុប​​ព្រំដែន​​អឺរ៉ុប​

នៅ​ក្នុង​ជំនួបកំពូល​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​២៦​ មេសា ២០១១​ ម្សិលមិញ​នេះ ប្រធានាធិបតី​បារាំង និង​នាយករដ្ឋមន្រ្តី​អ៊ីតាលី​បាន​ព្រមព្រៀង​គ្នា​សរសេរ​លិខិត​រួម​មួយ ស្នើ​សុំ​ឲ្យ​សហភាព​អឺរ៉ុប​​ធ្វើ​កំណែទម្រង់​កិច្ចព្រមព្រៀង Schengen ដែល​ចែង​អំពី​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ជា​សមាជិក។ សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ភាព​ចម្រូងចម្រាស​រវាង​បារាំង និង​អ៊ីតាលី ជុំវិញ​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់ មក​ពី​ប្រទេស​ទុយនីស៊ី។

លោក​ស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) និង​លោក​នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ក្នុង​ជំនួបកំពូល ​ថ្ងៃ​ទី​២៦ មេសា​ ២០១១
លោក​ស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) និង​លោក​នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ក្នុង​ជំនួបកំពូល ​ថ្ងៃ​ទី​២៦ មេសា​ ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​លិខិត​រួមគ្នា ផ្ញើជូន​ប្រធានាធិបតី​សហភាព​អឺរ៉ុប និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក​នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) និង​លោក​ស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi)​ បាន​ស្នើ​ឲ្យ​​សហភាព​អឺរ៉ុប​ពិនិត្យ​ឡើងវិញ​ ទៅលើ​លក្ខខណ្ឌ​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ Schengen ។ ប្រមុខដឹកនាំ​បារាំង និង​អ៊ីតាលី ចង់​ឲ្យ​មាន​ការ​ធ្វើ​កំណែទម្រង់ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​រដ្ឋ​ជា​សមាជិក ធ្វើការ​​ត្រួតពិនិត្យ​ព្រំដែន​របស់​ខ្លួន ក្នុង​ករណី​​ប្រទេស​សមាជិក​ផ្សេងទៀត មិន​អាច​ទប់ទល់​នឹង​បញ្ហា​​​ជនអន្តោប្រវេសន៍​ខុសច្បាប់​​មក​ពី​ខាង​ក្រៅ​សហភាព​អឺរ៉ុប។

គួរ​បញ្ជាក់ថា យោងតាម​កិច្ចព្រមព្រៀង Schengen ការ​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស ដើម្បី​ធ្វើការ​ឆែកឆេរ​នៅ​តាមព្រំដែន​រវាង​ប្រទេស​ជា​សមាជិក ត្រូវ​បាន​ហាមឃាត់។ ការឆែកឆេរ​តាមព្រំដែន​អាច​ធ្វើ​ទៅបាន​តែ​ក្នុង​ករណី​​មាន​ការ​គំរាម​កំហែង​ដល់​សណ្តាប់ធ្នាប់​​សាធារណៈ ឬ​ដល់​សន្តិសុខ​ជាតិ​ប៉ុណ្ណោះ។ ការឆែកឆេរ​នេះ​អាច​ធ្វើ​ទៅបាន​តែ​ក្នុង​រយៈពេល​យ៉ាងយូរ​បំផុត ៣០​ថ្ងៃ។

ក្រោយ​ពី​មាន​ចលនា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ហូរ​ចូល​​មក​ពី​ប្រទេស​ទុយនីស៊ី ​ឆ្លង​កាត់​តាម​ប្រទេស​អ៊ីតាលី រដ្ឋាភិបាល​បារាំង​​ចង់​​បញ្ចូល​ករណី​អន្តោប្រវេសន៍​ខុសច្បាប់ ទៅ​ក្នុងករណី​ពិសេស​ខាង​លើ។ ម្យ៉ាងទៀត បារាំង​ចង់​ឲ្យ​ការ​ត្រួតពិនិត្យ​ព្រំដែន​នេះ អាច​ធ្វើ​ទៅបាន​​រហូត​​​ទាល់តែ​បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់​ត្រូវ​ដោះស្រាយ​ចប់ ពោល​គឺ​អាច​លើស​ពី ៣០​ថ្ងៃ។

គួររំឭក​ឡើងវិញ​ថា បារាំង និង​អ៊ីតាលី​​បាន​ពាក់​មុខយក្ស​ដាក់​គ្នា ក្រោយ​ពី​អាជ្ញាធរ​អ៊ីតាលី​បាន​សម្រេច​ចេញ​លិខិត​ឆ្លងដែន​បណ្តោះ​អាសន្ន​​ឲ្យ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​មក​ពី​ទុយនីស៊ី ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​មក​ប្រទេស​បារាំង។ ឆ្លើយ​តប​មក​វិញ កាល​ពី​ចុងសប្តាហ៍មុន បារាំង​​បាន​បិទ​ផ្លូវ​ដែក​ មិន​ឲ្យ​រទេះភ្លើង​អ៊ីតាលី​ឆ្លងកាត់​ព្រំដែន ​ស្ទើរតែ​ពេញ​មួយថ្ងៃ ដោយសារ​តែ​នៅលើ​រទេះភ្លើង​នោះ មានជន​អន្តោប្រវេសន៍​ខុសច្បាប់ ដែល​កាន់​លិខិត​ឆ្លងដែន​បណ្តោះ​អាសន្ន​ចេញ​ដោយ​​អាជ្ញាធរ​អ៊ីតាលី។

បារាំង​ចង់​ឲ្យ​សហភាព​អឺរ៉ុប​លើក​យក​សំណើ​ធ្វើ​កំណែទម្រង់​កិច្ចព្រមព្រៀង Schengen ទៅ​ពិភាក្សា​គ្នា ក្នុង​ពេល​ប្រជុំ​ក្រុមប្រឹក្សា​អឺរ៉ុប នៅ​ខែ​មិថុនា ខាងមុខនេះ។ កំណែទម្រង់​នេះ​អាច​ធ្វើ​ទៅរួច លុះត្រា​តែ​មាន​ការ​ព្រមព្រៀង​​ជា​ឯកច្ឆន្ទ ពី​សំណាក់​ប្រទេស​ជា​សមាជិក ដែល​សព្វថ្ងៃ​មាន​រហូតដល់​ទៅ ២៥​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ