អានតួអត្ថបទ
បារាំង-អ៊ីតាលី

អ៊ីតាលី​ផ្ទុះកំហឹង​រឿង​បារាំង​បិទ​មិនឲ្យ​រទេះភ្លើង​អ៊ីតាលី​ឆ្លងកាត់​ព្រំដែន

ជាយូរណាស់​មក​ហើយ ដែល​ព្រំដែន​រវាង​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ត្រូវ​បាន​លុបចោល​ទាំងស្រុង។ ក៏ប៉ុន្តែ នៅថ្ងៃ​អាទិត្យ ១៧ មេសា ២០១១​នេះ ចរាចរណ៍​តាម​រថភ្លើង​រវាង​អ៊ីតាលី និង​បារាំង ត្រូវ​បាន​អាជ្ញាធរ​​បារាំង​បិទ​ រហូត​ដល់​ម៉ោង​ ៧យប់។ មូលហេតុ គឺ​បណ្តាល​មក​ពី​មាន​ការ​ខ្វែងគំនិត​គ្នា​ ជុំវិញ​​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​អ៊ីតាលី​បណ្តោយ​ឲ្យ​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​​ទឹកដី​បារាំង។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ីតាលី​បាន​បញ្ជា​ឲ្យ​ឯកអគ្គរដ្ឋទូត​ប្រចាំ​ ទីក្រុង​ប៉ារីស ធ្វើការ​តវ៉ា​ជាផ្លូវការ​ទៅកាន់​រដ្ឋាភិបាល​បារាំង អំពី​ការ​បិទព្រំដែន​នេះ។

ជនអន្តោប្រវេសន៍​ទុយនីស៊ី និង​បាតុករ​ជនជាតិ​បារាំង និង​អ៊ីតាលី ដែល​ត្រូវ​ជាប់​នៅ​ព្រំដែន​បារាំង-អ៊ីតាលី
ជនអន្តោប្រវេសន៍​ទុយនីស៊ី និង​បាតុករ​ជនជាតិ​បារាំង និង​អ៊ីតាលី ដែល​ត្រូវ​ជាប់​នៅ​ព្រំដែន​បារាំង-អ៊ីតាលី AFP/Catherine Marciano
ផ្សាយពាណិជ្ជកម្ម

04:55

ការពន្យល់​របស់​សេង ឌីណា

នៅម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​អាទិត្យ បាតុករ​​ជនជាតិ​បារាំង និង​អ៊ីតាលី ប្រមាណ ៣០០​នាក់ បាន​ជួបជុំគ្នា គ្រោង​ធ្វើដំណើរ​តាមរថភ្លើង ដើម្បី​អមដំណើរ​ជនអន្តោប្រវេសន៍​ជនជាតិ​ទុយនីស៊ី ដែល​ចង់​ធ្វើ​ដំណើរ​ចេញ​ពី​អ៊ីតាលី ឆ្ពោះ​ទៅ​កាន់​ប្រទេស​បារាំង។ ក៏ប៉ុន្តែ ទាំង​បាតុករ និង​ជនជាតិ​ទុយនីស៊ី បានត្រូវ​ជាប់គាំង​នៅ​ត្រឹម​ព្រំដែន ក្រោយ​ពី​រដ្ឋាភិបាល​បារាំង បាន​សម្រេច​បិទផ្លូវ​រទេះភ្លើង មិន​ឲ្យឆ្លង​ព្រំដែន។

រដ្ឋាភិបាល​អ៊ីតាលី​បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ចំពោះ​វិធានការ​របស់​អាជ្ញាធរ​បារាំង​នេះ ដោយ​បាន​ចោទ​បារាំង​ថា​បាន​រំលោភ​លើ​គោលការណ៍​របស់​សហភាព​អឺរ៉ុប។ អ៊ីតាលី​បាន​លើកឡើង​ថា ជនអន្តោប្រវេសន៍​ទុយនីស៊ី​មាន​ឯកសារ​ធ្វើដំណើរ​ស្របច្បាប់ ដែល​ចេញ​ដោយ​អាជ្ញាធរ​អ៊ីតាលី។ យោងតាម​អនុសញ្ញា Schengen (ស្តីពី​ការលុប​ព្រំដែន​រវាង​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប) ជនជាតិ​ទុយនីស៊ី​ទាំងនោះ មាន​សិទ្ធិ​ធ្វើ​ដំណើរ​​ទៅ​កាន់​ប្រទេស​បារាំង ក៏​ដូច​ជា​ទៅប្រទេស​ផ្សេងទៀត ដែល​ជា​ហត្ថលេខី​នៃ​អនុសញ្ញា Schengen ។

គួរ​បញ្ជាក់ថា ចាប់តាំង​ពី​​មាន​ចលនាបដិវត្តន៍​នៅ​​អាហ្វ្រិក​ខាងជើង​មក មាន​ជន​អន្តោប្រវេសន៍​​ប្រមាណ​ជាង ២ម៉ឺន​នាក់ ភាគច្រើន មក​ពី​ប្រទេស​ទុយនីស៊ី បាន​លួចឆ្លង​ដែន​ដោយខុសច្បាប់ ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីតាលី។ ក្នុង​ចំណោម​ជនអន្តោប្រវេសន៍​ខុសច្បាប់នេះ មាន​តិចតួចប៉ុណ្ណោះ ដែល​ជា​ជនភៀសខ្លួន​នយោបាយ។ មួយចំនួន​ធំ គឺ​ជា​ជនអន្តោប្រវេសន៍​ដែល​ចង់​ទៅ​​រស់នៅ និង​ធ្វើការ​នៅ​អឺរ៉ុប។

ដោយ​មិន​ចង់​ទទួលរ៉ាប់រង​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់​​នេះ​តែ​ម្នាក់ឯង រដ្ឋាភិបាល​អ៊ីតាលី​បាន​សម្រេច​ចេញ​ប័ណ្ណ​ស្នាក់នៅ​ និង​លិខិត​ឆ្លងដែន​បណ្តោះអាសន្ន​ទៅឲ្យ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើដំណើរ​ចេញ​ពី​អ៊ីតាលី ទៅកាន់​ប្រទេស​ផ្សេងទៀត នៅ​ក្នុង​សហភាព​អឺរ៉ុប ជាពិសេស គឺ​ប្រទេស​បារាំង ដែល​មាន​ជនជាតិ​ទុយនីស៊ី​រស់នៅ​ច្រើន។

នៅពេល​បច្ចុប្បន្ន​នេះ នៅ​បារាំង បញ្ហា​ជនអន្តោប្រវេសន៍​កំពុង​តែ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ​ក្រោយ​នេះ។ គណបក្ស​កាន់អំណាច​បារាំង កំពុង​តែ​យក​រឿង​កាត់បន្ថយ​ជនអន្តោប្រវេសន៍​មក​ធ្វើ​ជា​គោលនយោបាយ​ចម្បង នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នេះ។ រដ្ឋាភិបាល​របស់​លោក​សាកូហ្ស៊ី មិនមែន​ចង់​កាត់បន្ថយ​ត្រឹមតែ​​ជនអន្តោប្រវេសន៍​ខុសច្បាប់​នោះទេ។ សូម្បី​តែ​ជនអន្តោប្រវេសន៍​ស្របច្បាប់ ក៏​គ្រោង​នឹង​កាត់បន្ថយ​ដែរ។ កាល​ពី​ពេលថ្មីៗនេះ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង​​បាន​លើកឡើង​ថា បារាំង​គ្រោង​នឹង​កាត់បន្ថយ​ចំនួន​ជនបរទេស ដែល​​ចង់​ចូល​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ