អានតួអត្ថបទ
រុស្ស៊ី

ប្រទេសរុស្ស៊ី​មិនអាច​វិលត្រឡប់​ទៅកាន់​របប​គ្រប់គ្រង​ផ្តាច់ការ​វិញឡើយ​

សេចក្តីនេះ​លើកឡើង​រសៀល​ម្សិលមិញ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ ពូទីន​ជា​ចម្លើយ​តបនឹង​សំណួរ​យុវនារី​ម្នាក់​ដែល​ចូលរួម​ក្នុង​ “វេទិកាបណ្តុះ​បណ្តាល​យុវជន​អន្តរជាតិ”​ ក្រោមឈ្មោះ​ថា​“ វេទិកា​Seliguer​ ឆ្នាំ២០១១ ”​ដែល​ថ្ងៃនេះ​ បញ្ចប់​ការងារ​រយៈពេល​មួយខែ​របស់ខ្លួន។​ មហា​វេទិកា​នេះ ​ចូលរួម​ដោយ​យុវជន​២ម៉ឺន​នាក់​ មកពី​ខេត្ត​ចំនួន​ទាំង​៨៣​នៃ​សហព័ន្ធ​រុស្ស៊ី​និង​មកពី​រដ្ឋបរទេស​ចំនួន​ជាង ​៨០ដែរ។

លោកនាយក​រដ្ឋមន្ត្រី​ពូទីនជា​បុរសខ្លាំង​នៅរុស្ស៊ី​បានអញ្ជើញ​ទៅជាអធិបតី​ជាន់ខ្ពស់​ក្នុង​“ វេទិកាSeliguer ឆ្នាំ២០១១ ”​
លោកនាយក​រដ្ឋមន្ត្រី​ពូទីនជា​បុរសខ្លាំង​នៅរុស្ស៊ី​បានអញ្ជើញ​ទៅជាអធិបតី​ជាន់ខ្ពស់​ក្នុង​“ វេទិកាSeliguer ឆ្នាំ២០១១ ”​ © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

 

គឺម្សិលមិញ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ពូទីន​ជាបុរស​ខ្លាំង​នៅរុស្ស៊ី ​បាន​អញ្ជើញ​ទៅ​ជា​អធិបតី​ជាន់ខ្ពស់​ក្នុង​វេទិកានោះ ​ដែល​ប្រព្រឹត្ត​ទៅមួយ​ឆ្នាំម្តង​តាំងពី​ឆ្នាំ២០០៥​ មក​នៅមាត់​បឹង​ឈ្មោះ Seliguer​ ក្នុងខេត្ត​ Tver​ ចម្ងាយ​ប្រមាណ​ ២៦០គ.ម​.ពាយព្យ​ពី​រដ្ឋធានី​ម៉ូស្គូ។

រីឯសំណួរ​គឺបាន​ត្រូវ​បន្លឺ​ឡើង​ដោយ​នារី​ប្រតិភូ​ម្នាក់​ដែល​តែង​ចិញ្ចឹម​ទុកនូវ​សមានចិត្ត​ខ្លួន​ចំពោះ​របប​គ្រប់គ្រង​ដោយ​កណ្តាប់ដៃ​ដែក​ដូច​មេកាន់​អំណាច​ផ្តាច់ការ​សូវៀត​ Staline​ អ៊ីចឹង។

ក្នុងបទ​អន្តរាគមន៍​ពន្យល់​បំភ្លឺ​ទៅនារី​នោះ លោកពូទីន​គូស​បញ្ជាក់ថា​ គឺជាការ​មិនអាច​កើតមាន​ទៅរួច​ឡើយ​ការ​បង្វែរ​ប្រទេស​រុស្ស៊ី​ទៅកាន់​របប​គ្រប់គ្រង​តាម​រូបភាព​ផ្តាច់ការ​ដ្បិត​របប​នេះ មិនអាច​មាន​ប្រសិទ្ធិភាព​ទេ។​ វានឹង​នាំ​តែទៅ​កាន់​ភាពទ័លច្រក​ប៉ុណ្ណោះ ​ក្នុង​លក្ខណៈ​បច្ចុប្បន្ន។​ មូលហេតុ​មកពី​គ្រប់តែ​ធាតុផ្សំ​នៃ​របប​ផ្តាច់ការ​គឺជា​ធាតុអកុសល​សុទ្ធសាធ៖

ទី១-របប​គ្រប់គ្រង​តាម​រូបភាព​ផ្តាច់ការ​គឺ​រំងាប់​ សេរីភាព​ និង​គំនិត​ឆ្នៃ​ប្រឌិត​បង្ក​បង្កើត​របស់​បុគ្គល។
ទី២-​ដោយហេតុ​ថា ​ផលវិបាក​នៃ​របប​គ្រប់គ្រង​នេះ ជះ​ចំហាយ​សែន​អាក្រក់​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​នយោបាយ​បាន​ជារដ្ឋ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​នៃ​របប​ផ្តាច់ការ​មុខជា​នឹងជាប់​ក្នុង​ទំនាយ​ត្រូវតែ​រលំ​រលាយទៅ​ដូច​សហភាព​សូវៀត​អ៊ីចឹង។

លោកពូទីន​ក៏បន្ថែម​ថា​ ក្រោយពី​សហភាព​សូវៀត​រលាយ​ទៅ​ប្រទេស​រុស្ស៊ី​ដែល​បន្ត​មរតក​ពី​សហភាព​នោះ ​បាន​ឆ្លងកាត់​ កាល​សម័យ​យ៉ាប់យ៉ឺន​ក្រៃ ​ពីព្រោះ​រលាយ​បាត់​ទៅ​ទាំង​ការ​កសាង​សេដ្ឋកិច្ច​តាមវិធី​ចាស់​ដែលធ្លាប់​មាន​ទាំង​វិស័យ​ធានា​រ៉ាប់រង​សង្គម​ដ៏កក់​ក្តៅ​ដែល​ធ្លាប់​មាន​ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ ស្រាប់តែ​ធ្លាក់ខ្លួន​ក្រីក្រ​រួចនៅ​ទីបំផុត​មានផ្ទុះ​ឡើងជា​ “សង្គ្រាម​បង្ហូរឈាម”​ នៅ​តំបន់​ភ្នំកូកាស​ទៅផង។

ប៉ុន្តែ​អស់ទាំងនេះ ​មិនមែន​ជា​សញ្ញា​នៃ​ភាព​ហិនហោច​ទេ​វាគ្រាន់តែ​ជា​សញ្ញា​នៃ​ជម្ងឺ​ប៉ុណ្ណោះ ​ដែលក្រោយពី​ងើបពី​ឈឺទៅ​ ប្រទេស​រុស្ស៊ី​បែរ​ទៅជា​មានសុខភាព​កាន់តែ​មាំមួន​ទៅវិញ​ ពីព្រោះ​ភាព​ស៊ាំ​នឹង​ជម្ងឺ​របស់​ប្រទេស​រុស្ស៊ី​មាន​កម្រិត​កើន​ខ្ពស់​ឡើង​ទៅវិញ​លោកពូទីន​បញ្ចប់​សេចក្តី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ