អានតួអត្ថបទ
បារាំង

ខ្ញុំ​ជា​ស្ហារលី (Je suis Charlie)

នៅថ្ងៃ​ព្រហស្បតិ៍ ទី៨ មករា ២០១៥ ដែល​ជា​ថ្ងៃ​កាន់ទុក្ខ​ទូទាំង​ប្រទេស​បារាំង ចំពោះ​ជនរងគ្រោះ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម ទៅលើ​សារព័ត៌មាន​ស្ហារលី​អិបដូ (Charlie Hebdo ​ថ្នាក់ដឹកនាំ​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ធំៗ​ជាច្រើន​ទៀត​នៅ​បារាំង ក្នុងនោះ​ក៏​មាន​វិទ្យុបារាំង​អន្តរជាតិ​ផងដែរ បាន​ថ្លែង​សារ​​ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​ជនរងគ្រោះ ដែល​ជា​មិត្ត​រួម​អាជីព និង​ដើម្បី​បង្ហាញ​ពី​ភាព​មិន​ចុះ​ញ៉ម​ក្នុង​បេសកកម្ម​ការពារ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

ផ្សាយពាណិជ្ជកម្ម

 

ខ្ញុំ​ជា​ស្ហារលី (Je suis Charlie)

កាល​ពី​ពុធទី ៧ មករា នៅ​ទីក្រុង​ប៉ារីស សារព័ត៌មាន​ស្ហារលីអិបដូ (Charlie Hebdo) បាន​ទទួល​រង​ការ​វាយប្រហារ​ភេរវកម្ម។ មនុស្ស ១២នាក់​ត្រូវ​បាត់បង់​ជីវិត។ ជនរងគ្រោះ​គឺ​ជា​​អ្នក​សារព័ត៌មាន ជា​ភ្នាក់ងារ​ប៉ូលិស ជា​មិត្តរបស់យើង។ ក្នុងនាម​ប្រព័ន្ធផ្សព្វផ្សាយ​ទាំង​អស់​របស់​​បារាំង យើង​សូម​ចូល​រួម​រំលែក​ទុក្ខ​​ដ៏​សែន​ក្រៀមក្រំ​បំផុត ចំពោះ​​ជនរងគ្រោះ​ដែល​ជា​មិត្តរួមអាជីព ព្រមទាំង​​ក្រុម​គ្រួសារ ចំពោះ​អ្នក​ដែល​បាន​បូជា​ជីវិត ដើម្បី​ការពារ​សុវត្ថិភាព​របស់​ពួកគេ និង​ចំពោះ​សហការី​ទាំងអស់​របស់​សារព័ត៌មាន​ស្ហារលី​អិបដូ។

ការវាយប្រហារ​ទៅលើ​​សារព័ត៌មាន​ស្ហារលីអិបដូ គឺ​ជា​ការ​វាយប្រហារ​ទៅលើ​សិទ្ធិសេរីភាព​បញ្ចេញ​មតិ និង​ជា​ពិសេស វាយប្រហារ​ទៅលើ​គោលគំនិត​នៃ​សិទ្ធិសេរីភាព។ សារព័ត៌មាន​បែបត្លុកកំប្លែង​​គឺ​ជា​អ្នក​ដាស់តឿន​និង​អង្រួន​មនសិការបស់​យើង ឲ្យ​យើង​ចេះ​គិតពិចារណា ដើម្បី​ចៀសវាង​នូវ​ការ​រើសអើង​ប្រកាន់​ពូជសាសន៍​និង​សាសនា និង​ចៀសវាង​គំនិត​ជ្រុល​និយម។ អ្នក​ដែល​បាន​បាត់បង់​ជីវិត​កាល​ពី​ម្សិលមិញ គឺជា​អ្នក​ដែល​បានធ្វើ​ឲ្យ​ជីវិត​របស់​យើង​ប្រកប​ទៅ​ដោយ​សំណើច​សប្បាយ ដើម្បី​ឲ្យ​យើង​​បាន​ជា​មនុស្ស​ដែល​មាន​សិទ្ធិសេរីភាព។

នៅ​ពេល​នេះ លើស​ជាង​ពេល​ណាៗ​ទាំងអស់ សិទ្ធិសេរីភាព​ក្នុងការ​គិត និង​ការ​បញ្ចេញ​មតិ​ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​អាជីព​របស់​យើង​ដែល​ជា​អ្នក​សារព័ត៌មាន។ នៅក្នុង​ទិវា​កាន់ទុក្ខ​ជាតិ​ថ្ងៃ​នេះ យើង​សូម​បញ្ជាក់​សាជាថ្មី​ម្តងទៀត​ថា យើង​នឹង​មិន​ចុះញ៉ម​ចំពោះ​ការ​គំរាម​កំហែង ហើយ​ក៏​មិន​ចុះញ៉ម​ចំពោះ​អំពើ​ភេរវកម្ម​ណា​ទាំងអស់។ យើង​នឹង​មិន​ទុកបណ្តោយ​ឲ្យ​ទង្វើ​អស់ទាំងនេះ​មក​បំបិទ​មាត់​របស់​ពួកយើងជាដាច់ខាត ហើយ​យើង​សូម​ប្រឆាំង​ដាច់ខាតចំពោះ​ការ​រើសអើង​តាម​គ្រប់​រូបភាព​ទាំងអស់។

ប្រព័ន្ធផ្សព្វផ្សាយ​បារាំង​ត្រៀមខ្លួន​ផ្តល់​នូវ​ប្រភព​ធនធាន​គ្រប់យ៉ាង​ដែល​ចាំបាច់ ទាំង​ធនធាន​មនុស្ស និង​ទាំង​សម្ភារៈ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សារព័ត៌មាន​ស្ហារលី​អិបដូ​អាច​បន្ត​ការផ្សាយ​របស់​ខ្លួន​តទៅទៀត។ យើង​ចាំបាច់​ត្រូវ​តែ​រួបរួមគ្នា​ ដើម្បី​ការពារ​សិទ្ធិសេរីភាព​សារព័ត៌មាន ហើយ​យើង​នឹង​បន្ត​ធ្វើ​ នៅ​ក្នុង​នាម​អ្នក​សារព័ត៌មានស្ហារលីអិបដូ។

មេដឹកនាំ​បណ្តាញ​សារព័ត៌មាន​បារាំង

Christopher Baldelli (RTL), Christophe Barbier (L'Express), Jean-Paul Baudecroux (NRJ), Pierre Bellanger (SKYROCK),  Jérôme Bellay (Le Journal du Dimanche), Nicolas Beytout (L’Opinion), Véronique Cayla (ARTE), Matthieu Croissandeau (L’Obs), Nicolas de Tavernost (M6), Bruno Delport (Nova), Louis Dreyfus (Le Monde), Marc Feuillée (Le Figaro), Mathieu Gallet (Radio France), Etienne Gernelle (Le Point), Emmanuel Hoog (AFP), Jean Hornain (Le Parisien),Patrick Le Hyaric (L'Humanité), Gérard Leclerc (LCP-AN), Gilles Leclerc (Public Sénat), Bertrand Meheut (CANAL+), Francis Morel (Les Echos), Denis Olivennes (Lagardère Active / Europe 1), Nonce Paolini (TF1), Fabienne Pascaud (Télérama), Rémy Pflimlin (France Télévisions), Matthieu Pigasse (Les Inrockuptibles), Dominique Quinio (La Croix),  Olivier Royant (Paris Match), Marie-Christine Saragosse (France Médias Monde), Jean-Christophe Tortora (La Tribune), Jean-Eric Valli (Les Indés Radio),  Maurice Szafran (Le Magazine  Littéraire), Alain Weill (NextRadioTV)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ