អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

ការ​ប្រកាស​សង្គ្រាម​បច្ចេកវិទ្យា​រវាង​ក្រុម​អនាមិក​ Anonymous​និង​ក្រុម​សកម្មជន​អ៊ីស្លាម​និយមជ្រុល​

បន្ទាប់ពី​ភេវរកម្ម​នៅ​ទីក្រុង​ប៉ារីស​លើ​ទស្សនាវដ្តី​Charlie Hebdo គឺ​សង្រ្គាម​ព័ត៌មានវិទ្យា​តាម​ អ៊ីនធ័រនែត រវាង​ក្រុមអនាមិក Anonymous ដែល​សងសឹក​រក​យុត្តិធម៌​ឲ្យ Charlie Hebdo និង​ក្រុមសកម្មជន​អ៊ីស្លាម​និយមជ្រុល​ដែល​បាន​លួច​លុកលុយ​ក្នុង​វិបសាយ​ស្ថាប័ន​រាប់រយ​របស់​បារាំង​និង​ថ្មីៗ​នេះ​ក្នុង​គណនេយ្យ Twitter និង Youtube របស់​ទីបញ្ជាការ​យោធា​អាមេរិក​នៅ​មជ្ឈឹមបូព៌ា។ 

ក្រុម​អនាមិក Anonymous សងសឹករកយុត្តិធម៌ឲ្យCharlie Hebdo
ក្រុម​អនាមិក Anonymous សងសឹករកយុត្តិធម៌ឲ្យCharlie Hebdo REUTERS/Neil Hall
ផ្សាយពាណិជ្ជកម្ម

 ចាប់តាំងពី​សោដនាដកម្ម​នៅ​ទីក្រុង​ប៉ារីស​ដែល​បាន​សំលាប់​មនុស្ស​អស់​១៧​នាក់​កាលពី​សប្តាហ៍​កន្លង​ទៅ វិបសាយ​ស្ថាប័នរដ្ឋ​រាប់រយ​របស់​បារាំង​ត្រូវ​បាន​ក្រុមចោរ Hackers លុកលុយ។

 
ក្នុងនោះរួមមាន វិបសៃតិ៍ របស់​ឃុំសង្កាត់ ក្រុមប្រឹក្សា​ក្រុង​សាលារៀន សាកល​វិទ្យាល័យ ព្រះវិហារ​និង​សហគ្រាស​មួយ​ចំនួន។ ជា ក្រុម​ចោរ​ព័ត៌មានវិទ្យា​ដែល​បាន​ឲ្យ​គេ​ដឹង​ថា​ជា​ក្រុមសកម្មជន​អ៊ីស្លាម​និយមជ្រុល ដែល​បាន​ប្រើ​នូវ​វិធី​បច្ចេកទេស​បង្វែងដាន​វិបសៃតិ៍​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Defacing ឬ Défaçage ដោយ​ការ​គ្រប់គ្រង​និង​កែប្រែ​គេហទំព័រ​នៃ​វិបសៃតិ៍​នោះ ដើម្បី​បិទផ្សាយ​នូវ​មនោគមន៍វិជ្ជា​លើ​គេហទំព័រ​តាម​រយៈពាក្យ​ស្លោក​លើ ទំព័រ​ខាង​ក្រោយ​ពណ៌​ខ្មៅ​ជា​ភាសា​បារាំង​និង​អង់គ្លេស​ដែល​មាន​ន័យ​ដូចជា​«មាន​តែ​ព្រះអាទិទេព​តែ​មួយ​គត់» «ស្លាប់​ទៅ​ប្រទេស​បារាំង» «ស្លាប់​ទៅ Charlie»។ បើតាម​លោក Gérôme Billois អ្នកជំនាញ​នៅ​អឺរ៉ុប​ខាង​សុវត្ថិភាព​ព័ត៌មានវិទ្យា​បាន និយាយ​ទៅ​កាន់​សារព័ត៌មាន AFP ថា​គាត់​មិន​ដែល​ប្រទះ​ឃើញ​នូវ ការ​ប្រើ​បច្ចេកទេស​បង្វែង​ដាន​វិបសាយ​ដ៏​ព្រោងព្រាត​ក្នុង​រយៈពេល​ដ៏​ខ្លី​នោះ​ទេ ប៉ុន្តែ​គាត់​ពន្យល់​ថា វិបសាយ​ដែល​រង​ផលប៉ះពាល់​ដោយ​ទង្វើ​នេះ ជាទូទៅ​មាន​រចនាសម្ព័ន្ធ​ដែល​មិន​មាន​បុគ្គលិក​បច្ចេកទេស គ្រប់គ្រាន់​ដើម្បី​រក្សា​កម្រិត​សន្ដិសុខ​ចាំបាច់​ឬ​ដើម្បី​មាន​ប្រតិកម្ម​តបឲ្យ​បាន​រហ័ស នៅ​ក្នុង​ករណី​មាន ការ​វាយប្រហារ។

យ៉ាងណាមិញ​ក្រុម​អនាមិក Anonymous ដែល​បាន​ប្រកាស​ប្រមែ​ប្រមូលគ្នា​ដើម្បី​សងសឹក​រក​យុត្តិធម៌​ឲ្យ Charlie Hebdo ក៏​បាន​ប្រើ​នូវ​វិធីសាស្រ្ត​ដូចគ្នា​នេះ​ដើម្បី​ប្រឆាំង​តបទៅ​នឹង​ទង្វើ​របស់​ក្រុម​ខាង​លើ​ដោយ ការ​វាយប្រហារ​លើ​វិបសៃតិ៍​ឃោសនា​មនោគមវិជ្ជា​ពួក​ជីហាដ និង​ក៏​បាន​លុប​គណនេយ្យ Twitter ចំនួន ៣៦​ដែល​គេ​សង្ស័យ​ថា​មាន​ជាប់​ទាក់ទង​នឹង​ពួក​ជីហាដ​ ចេញ​ពី​បណ្តាញ​ព្រម​ទាំង​បាន​កាត់​ផ្តាច់​វិបសៃតិ៍ ansar-alhaqq.net ដែល​ជា​វិបសៃតិ៍​យោងមួយ​របស់​ពួក​ជីហាត​ចេញ​ពី​អ៊ីនធ័រនែត​កាលពី​ថ្ងៃ​ច័ន្ទ​នេះ។ ក្រុម Anonymous បាន​បង្ហាញ​នូវ​គោលគំនិត​របស់​ក្រុម​ខ្លួន​តាម​ពាក្យស្លោក​ថា « ប្រយុទ្ធ​ដើម្បី​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​គំនិត »។ ជា​ចលនា​ថ្មី​មួយ​ដែល​មាន​គោលដៅ​ស្រប​នឹង​អជ្ញាធរ មាន​សមត្ថកិច្ច​ក៏​ពិតមែន តែ​នៅ​ពេល​ណា​ដែល​សកម្មភាព​របស់​ពួក​គេ​តម្រង់​ការ​វាយប្រហារ​លើ បណ្តាញ​ទំនាក់​ទំនង​ពួក​ជីហាដ វា​ក៏​អាច​ជា​ការរំខាន​ដល់​ការងារ​របស់​ក្រុម​អ្នកស៊ើបអង្កេត​ផង​ដែរ នេះ​បើតាម​ការ​ពន្យល់​របស់​លោក Olivier Laurelli អ្នក​សរសេរ​ប្លុក​និង​ជំនាញ​ខាង​សន្តិសុខ​ព័ត៌មាន​វិទ្យា។

ដោយឡែក គណនេយ្យ Twitter និង Youtube របស់​ទីបញ្ជាការ​យោធា​អាមេរិក​នៅ​មជ្ឈឹម​បូព៌ា​ក៏​ទើប​នឹង​បាន​ទទួលរង​នូវ​ការ​រំខាន​ពីសំណាក់​ក្រុម​ចោរព័ត៌មាន​វិទ្យា​ដែល​បាន​ប្រកាសថា​ខ្លួន​ជា​អង្គការ​រដ្ឋអ៊ីស្លាម។ ភ្លាមៗ​នោះ លោក Steven Warren អ្នកនាំពាក្យ​របស់​មន្ទីរ​បញ្ចកោណ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា វាគ្រាន់តែ​ជា​គេ​លេងសើច​ប៉ុណ្ណោះ មិន​មាន​អ្វីធំដុំ​ទេ ព្រោះ Twitter និង Youtube ប៉ុណ្ណោះ​ដែល​ទទួល​រង​ការ​រំខាន មិនមែន​បណ្តាញ​ព័ត៌មាន​របស់​ទីបញ្ជាការ​យោធា​អាមេរិក​នៅ​មជ្ឈឹមបូព៌ា​នោះ​ទេ។ ហើយ​វា ខុស​គ្នា​ឆ្ងាយ​ណាស់ រវាង​ការ​លុកលុយ​ក្នុង​គណនេយ្យ Twitter និង​ការ​លួច​ចូល​ក្នុង​ទិន្នន័យ​ពត៌មានវិទ្យា នេះបើ​តាម​ការបំភ្លឺ​របស់​លោក Josh Earnest អ្នកនាំពាក្យ​សេតវិមាន។

ហេតុការណ៍​នេះ​កើត​ឡើង​ព្រមគ្នា​នឹង​ពេល​ដែល​អូបាម៉ា​កំពុង​បង្ហាញ​ពី សេចក្តីព្រាង​ច្បាប់​ជា​ច្រើន គោលដៅ​រឹតបន្តឹង​បន្ថែម​លើ​ការការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន​លើ​អ៊ីនធ័រនែត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ