អានតួអត្ថបទ
បារាំង

ក្រោយ​ភេរវកម្ម​នៅ​ប៉ារីស​អ្នក​កាន់​សាសនា​អ៊ីស្លាម​បារាំង​បារម្ភ​ខ្លាច​មាន​ការ​រើសអើង

ចាប់តាំង​ពី​មាន​ភេរវកម្ម​នៅ​ប៉ារីស​មក ប្រជាជន​បារាំង​ដែល​កាន់សាសនា​អ៊ីស្លាម​កំពុងតែ​មាន​ក្តីបារម្ភ​​​ខ្លាច​ត្រូវ​ក្លាយ​ជា​ចំណុច​ស៊ីប​នៃ​ការ​វាយប្រហារ​សងសឹក ឬ​ក៏​ត្រូវ​ទទួលរងនូវ​ការ​រើសអើង។ គេ​សង្កេតឃើញ​ថាចាប់តាំង​ពី​មាន​ការវាយប្រហារ​ភេរវកម្ម​នៅ​ប៉ារីស​មក វិហារ​អ៊ីស្លាម​ជាច្រើន​កន្លែង នៅ​ក្នុង​ប្រទេស​បារាំង​ ត្រូវ​ទទូលរងនូវការ​វាយប្រហារ​ពី​ជន​មិនស្គាល់មុខ។

ប្រមុខដឹកនាំ​សាសនា​អ៊ីស្លាម​ធ្វើ​ដំណើរ​ទៅ​គោរពវិញ្ញានក្ខន្ធ​ជនរងគ្រោះ នៅ​មុខ​ទីស្នាក់ការ​សារព័ត៌មាន Charlie Hebdo
ប្រមុខដឹកនាំ​សាសនា​អ៊ីស្លាម​ធ្វើ​ដំណើរ​ទៅ​គោរពវិញ្ញានក្ខន្ធ​ជនរងគ្រោះ នៅ​មុខ​ទីស្នាក់ការ​សារព័ត៌មាន Charlie Hebdo REUTERS/Jacky Naegelen
ផ្សាយពាណិជ្ជកម្ម

 

ការវាយប្រហារ​ទៅលើ​អ្នក​កាន់​សាសនា​អ៊ីស្លាម​កំពុងតែ​កើតមាន​ឡើង​ ចាប់តាំង​ពី​មាន​ភេរវកម្ម​នៅ​ប៉ារីស ចាប់តាំង​ពី​ការ​​សរសេរ​ពាក្យ​ជេរប្រមាថ​តាម​បណ្តាញ​សង្គម រហូតដល់​ការ​វាយប្រហារទៅលើ​វិហារ​សាសនាអ៊ីស្លាម។
 
ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ​ហើយ ដែល​ប្រមុខដឹកនាំ​បារាំង ទាំង​នាយករដ្ឋមន្រ្តី និង​ទាំង​ប្រធានាធិបតី​បារាំង ព្រមទាំង​មេដឹកនាំសាសនា​អ៊ីស្លាម​នៅ​បារាំង បាន​អំពាវនាវ​ម្តងហើយ​ម្តងទៀត កុំ​ឲ្យ​មាន​ការ​រើសអើង​ប្រកាន់​គ្នា​ទៅវិញ​ទៅមក ហើយ​ជាពិសេស កុំ​ឲ្យ​មាន​ការ​ច្រឡូកច្រឡំគ្នា រវាង​ភេរវកម្ម​នៃ​ពួក​ជ្រុលនិយម និង​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជាទូទៅ។
 
កាល​ពី​យប់ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ក្រុមគ្រួសារ​ជនរងគ្រោះ ដោយ​ភេរវកម្ម​​នៅ​ប៉ារីស ក៏​បាន​ធ្វើការ​​អំពាវនាវ​ក្នុង​ន័យ​នេះ​ផងដែរ។ ចំណែក​ឯ​ក្រុមគ្រួសារ​ភេរវជន​វិញ បាន​ចេញមុខ​ថ្កោលទោស​​ការ​វាយប្រហារ​ភេរវកម្មនេះ។

គួរបញ្ជាក់ថា នៅ​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង ១៧រូប ដែល​ត្រូវ​ភេរវជន​​អ៊ីស្លាម​ជ្រុលនិយម​បាញ់​សម្លាប់​នៅ​ប៉ារីស កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ក៏​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ម្នាក់​ដែរ គឺ​ប៉ូលិស​ម្នាក់ ក្នុង​ចំណោម​ប៉ូលិស​ទាំងពីរ​នាក់ ដែល​ត្រូវ​បាត់បង់​ជីវិត​ក្នុង​ការ​វាយប្រហារ​លើ​សារព័ត៌មាន Charlie Hebdo។ ប៉ូលិស​រូបនេះ​មាន​ឈ្មោះ​ថា Ahmet Merabet ​វ័យ ៤០ឆ្នាំ ត្រូវ​បាន​ភេរវជន​បាញ់​ឲ្យ​របួសដួល​នឹងដី មុននឹង​ចូល​ទៅ​បាញ់​ក្បាល​​មួយគ្រាប់​បន្ថែម។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ប្អូនប្រុស​របស់ Ahmet Merabet បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​នូវ​រាល់​ការ​រើសអើង​ប្រកាន់​ពូជសាសន៍ និង​សាសនា ហើយកុំ​ឲ្យ​យក​ពួក​អ៊ីស្លាម​ជ្រុលនិយម និង​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទូទៅ ដាក់​ក្នុង​កន្រ្តក​ជាមួយ​គ្នា។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ទៀត ម្តាយ​របស់​ Amedy Coulibaly ភេរវជន​ដែល​បាញ់​ប្រហារ​លើ​ប៉ូលិស និង​ចាប់ចំណាប់​ខ្មាំង​ក្នុង​ហាងលក់​ទំនិញ​ជ្វីហ្វ ក៏​បាន​ចេញផ្សាយ​នូវ​សេចក្តីថ្លែងការណ៍​មួយ​ដែរ ក្នុងនាម​ក្រុមគ្រួសារ​ទាំងមូល ដើម្បី​ចូលរួម​រំលែកទុក្ខ​ដល់​ជនរងគ្រោះ​ទាំងអស់ ព្រមទាំង​ថ្កោលទោស​ចំពោះ​ទង្វើ​​កូនប្រុស​របស់​ខ្លួន ដោយ​លើកឡើង​ថា ទង្វើ​ដ៏​ឃោរឃៅ​តិរច្ឆាន​ទាំងនេះ មិនមាន​អ្វី​ជាប់ពាក់ព័ន្ធ​នឹង​សាសនា​អ៊ីស្លាម​នោះទេ។

គួរបញ្ជាក់ថា នៅ​ក្នុង​អំឡុង​ចាប់​ចំណាប់​ខ្មាំង​នៅ​ក្នុង​ហាងលក់​ទំនិញ​ជ្វីហ្វ Amedy Coulibaly បាន​អះអាង​ថា អ្វី​ដែល​ខ្លួន​ធ្វើ​នោះ​ គឺ​ដើម្បី​​ជាការ​សងសឹក​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន។ ក៏ប៉ុន្តែ នៅថ្ងៃ​អាទិត្យ​នេះ អាជ្ញាធរ​ប៉ាឡេស្ទីនបាន​អំពាវនាវ​ឲ្យ​បណ្តាជន​ប៉ាឡេស្ទីន​ទាំងអស់​នាំគ្នា​ចេញ​ដើរដង្ហែរក្បួន ដើម្បី​បង្ហាញ​នូវសាមគ្គីភាព​ជាមួយ​ប្រជាជន​បារាំង ក្នុងការ​ប្រឆាំង​នឹង​ភេរវកម្ម។ សូម្បីតែ​ក្រុម Hamas ​នៅ​ហ្កាហ្សា និង​ក្រុម Hezbollah នៅលីបង់​ ដែល​អ្នក​ខ្លះ​ចាត់ទុក​ជា​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​ដែរ​នោះ ក៏​បាន​ប្រកាស​ថ្កោលទោស​ភេរវកម្ម​នៅ​ប៉ារីស​នេះ​ដែរ។

ប្រមុខដឹកនាំ​ក្រម Hezbollah គឺ​លោក Hassan Nasrallah បាន​លើកឡើង​ថា មាន​រូបត្លុក​ខ្លះ​​គឺ​ជា​ការ​ជេប្រមាថ​ដល់​ព្យាការី​មហាម៉ាត់ ក៏ប៉ុន្តែ ទង្វើ​របស់​ភេរវជន​ជ្រុលនិយម​នៅ​ប៉ារីស​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សាសនា​អ៊ីស្លាម​ជាង​រូបត្លុកទាំងនេះ​ទៅទៀត៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ