អានតួអត្ថបទ
ជនភៀសខ្លួន-សហភាពអឺរ៉ុប

វិបត្តិ​ជន​អន្តោប្រវេសន៍ គឺ​ជា​ការ​ព្រួយ​បារម្ភ​របស់​ប្រជាជន​អឺរ៉ុប

យោងតាម​ការ​ស្ទាបស្ទង់​មតិ​ទ្រង់ទ្រាយ​ធំ​របស់ ​អឺរ៉ូបារ៉ូម៉ែត្រ ​បាន​បង្ហាញ​ថា ​ប្រជាជន​អឺរ៉ុប​ទាំង​អស់ ​មាន​ក្តី​បារម្ភ​រួមគ្នា​មួយ ​គឺ​វិបត្តិ​ជន​ភៀសខ្លួន។ វិបត្តិ​ជន​ភៀស​ខ្លួន ​រាប់ពាន់​ រាប់​ម៉ឺន​នាក់ ​បាន​ដាក់​គំនៀប​ប្រទេស​សមាជិក​អឺរ៉ុប ​ឲ្យ​រក​ដំណោះស្រាយ ​ដើម្បី​ជួយ​សង្គ្រោះ​ មនុស្ស​ទាំង​នោះ ​បើ​ទោះ​បី​ជា​សេដ្ឋកិច្ច ​អឺរ៉ុប​ កំពុង​ជួប​បញ្ហា​ក៏​ដោយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​បញ្ហា​ជន​អន្តោប្រវេសន៍ ​កំពុង​តែ ​ធ្វើឲ្យ​សាមគ្គីភាព​រវាង​ប្រទេស​អឺរ៉ុប ​មាន​ភាព​រង្គោះរង្គើរ ​ផង​ដែរ។

ជនភៀសខ្លួន នៅតំបន់កាឡេ ភាគខាងជ់ើង​បារាំង ព្យាយាម​ លូនចូលទៅ​ផ្លូវ​​ឆ្លង​ក្រោម​សមុទ្រ ដើម្បីូ​តោង​រចយន្ត​​ឆ្លង​ទៅ​កាន់​ប្រទេស​​អង់គ្លេស
ជនភៀសខ្លួន នៅតំបន់កាឡេ ភាគខាងជ់ើង​បារាំង ព្យាយាម​ លូនចូលទៅ​ផ្លូវ​​ឆ្លង​ក្រោម​សមុទ្រ ដើម្បីូ​តោង​រចយន្ត​​ឆ្លង​ទៅ​កាន់​ប្រទេស​​អង់គ្លេស REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

គណកម្មការ​អឺរ៉ុប ទើប​បាន​ចេញផ្សាយ​​ នៅ​ថ្ងៃ​នេះ ​នូវ​របាយការណ៍​ស្តីពី​ការ​ធ្វើការ​សិក្សា​ស្ទៀបស្ទង់​មតិ ដែល​បាន​អនុវត្ត​ឡើង​ដោយ ​ក្រុម​ការងារ​ Eurobaromètre​ កាល​ពី ​ខែ​មិថុនា​កន្លង​ទៅ ​ទៅលើ​ប្រជាជន​អឺរ៉ុប​ចំនួន​ ជិត​៣២០០០​នាក់​ ដែល​បាន​ចូល​រូម​ ក្នុង​ការ​ស៊ើបអង្កេត។

 
ប្រធានបទ​នៃ​ការ​ស៊ើបអង្កេត ​គឺ​ចង់​ដឹង​ថា​អ្វី​ទៅ ​ជា​ការ​ព្រួយ​បារម្ភ​ ជា​ការ​កង្វល់​ របស់​ប្រជាជន​ ក្នុង​សហភាព​អឺរ៉ុប។ ជា​លទ្ធផល ​បញ្ហា​ដែល​ជា​ការ​ព្រួយ​បារម្ភ​ច្រើន​ជាង​គេ​ សម្រាប់​ប្រជាជន​អឺរ៉ុប ​ គឺ​បញ្ហា​ជន​ភៀស​ខ្លួន ​ដែល​បាន​បន្ត​ធ្វើ​ដំណើរ​មក​កាន់​ទ្វីប​អឺរ៉ុប​ ជា​ច្រើន​ម៉ឺន​នាក់។ ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ជន​ភៀស​ខ្លួន​នេះ ​បាន​កើន​ឡើង​ដល់​ទៅ​១៤​ពិន្ទុ ​លើស​ពី​ការ​ស្ទៀប​ស្ទង់​មតិ​កាល​ពី​លើក​មុន ហើយ​លើស​ដាច់​ឆ្ងាយ​ពី​បញ្ហា​សេដ្ឋកិច្ច​ និង​អត្រា​អត់​ការងារ​ធ្វើ។ ដោយឡែក ​បញ្ហា​សន្តិសុខ​ និង​ភេរវកម្ម ​ក៏​ជា​កត្តា​ព្រួយ​បារម្ភ​ មួយ​ផង​ដែរ ​តែវា​ស្ថិត​នៅ​លេខ​រៀង​ ទី​៥​ប៉ុណ្ណោះ។

ប្រទេស​ខ្លះ​ កត្តា ​ជន​ភៀស​ខ្លួន​ ជា​ចំណុច​ព្រួយ​បារម្ភ​ខ្លាំង​ ជាង​គេ ​ដូច​ជា​ប្រទេស​ម៉ាល់ត៍ ​ប្រទេស​អាល្លឺម៉ង់ ​និង​អ៊ីតាលី។ ចំនែក​បារាំង​ ក្នុង​ចំណោម ​មនុស្ស​ដែល​ចូល​រួម​ធ្វើ​ការ​ស្ទៀបស្ទង់​មតិ ​មាន​៣៤% ​ដែល​យល់​ថា​ បញ្ហា​ជន​អន្តោប្រវេសន៍​ គឺ​ជា​ការ​ព្រួយ​បារម្ភ ​ពោល​គឺ​លើស​ពី​បញ្ហា​សេដ្ឋកិច្ច​ ដែល​មាន​ត្រឹម​៣០%។

ប្រជាជន​អឺរ៉ុប​ភាគ​ច្រើន​ព្រួយ​បារម្ភ​ពី​វិបត្តិ​ជន​អន្តោប្រវេសន៍ ​តែ​មិន​មាន​ន័យ​ថា ​​ពួកគេ ​រើស​អើស ​ស្អប់​ខ្ពើម​ជន​អន្តោប្រវេសន៍​ ទាំង​អស់​នោះ​ទេ។ ក្នុង​ចំណោម​នេះ ​អ្នក​ដែល​គាំទ្រ ​ចង់​ទទួល​ជន​អន្តោប្រវេសន៍ ​នឹង​អ្នក​មិន​គាំទ្រ​ មិន​ពេញ​ចិត្ត​នឹង​ជន​អន្តោប្រវេសន៍ ​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា។ មួយ​វិញ​ទៀត ​ការ​ស្ទៀបស្ទង់​មតិ ​បាន​បង្ហាញ​ថា​ ប្រជាជន​អឺរុប ​ចង់​ឃើញ​សហភាព​អឺរ៉ុប​ ចាប់​ដៃ​គ្នា អនុវត្តន៍​នយោបាយ​អន្តោប្រវេសន៍​ ឲ្យ​បាន​ល្អ​ជាង​នេះ ​មិនមែន​នាំ​គ្នា ​ឈរ​ឱបដៃ​មើល ​តែ​រៀងៗ​ខ្លួន​ ដូច​សព្វថ្ងៃ​នេះ​ទេ។

យ៉ាង​ណាមិញ ​នៅ​ក្រុង​កាឡេ ​ភាគ​ខាង​ជើង​ប្រទេស​បារាំង​ ជា​ទី​ដែល​មាន​ផ្លូវ​ក្រោម​សមុទ្រ​ ឆ្លង​ពី​បារាំង​ ទៅ​អង់គ្លេស ​មាន​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់ ​បាន​ព្យាយាម​តោង​ឡាន​ ដើម្បី​បន្លំ​ឆ្លង​ទៅ​អង់គ្លេស។ ការ​ប្រើ​​អំពី​ហឹង្សា​បង្រាប ​បំបែក​ជំរុំបណ្តោះអាសន្ន របស់ជនភៀសខ្ហួន ពី​សំណាក់​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​សង​ខាង ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ជា​ខ្លាំង។

ចង់​មិន​ចង់​ពេល​នេះ ​អង្ករ​ក្លាយ​ជា​បាយ​ទៅ​ហើយ ​ជន​ភៀស​ខ្លួន​ទាំង​នោះ​ បាន​មក​ដល់​ទឹកដី​អឺរ៉ុប​ទៅ​ហើយ ​គេ​មិន​អាច​បញ្ជូន​គ្នា​ឲ្យ​ត្រឡប់​ទៅ​វិញ​បាន​ទេ​ ព្រោះ​ទៅ​វិញ ​គឺ​មាន​ន័យ​ថា​ ដូច​ទៅ​ស្លាប់​អញ្ចឹង​ ព្រោះ​ប្រជាជន​ទាំងនោះ​ រត់​គេច​ពី​សង្រ្គាម ​ការ​កាប់​សម្លាប់ ​និង​ភាព​ក្រីក្រ។ ដូច្នេះ ប្រទេស​សហភាព​អឺរ៉ុប​​ទាំង​អស់ គួរ​ណា​តែ​ ចាត់​វិធាន​ការ​ ដើម្បី​ទទួល​ពួក​គេ ​ឲ្យ​សម​ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស ​ដូច​ដែល​ខ្លួន​ធ្លាប់​អួត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ