អានតួអត្ថបទ
សហភាពអឺរ៉ុប-ជនភៀសខ្លួន

ប្រធានាធិបតី​បារាំង ​និង​អាល្លឺម៉ង់​អំពាវនាវ​ឲ្យ​មាន​អឺរ៉ុប​រួបរួម​គ្នា ​ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​ជន​អន្តោប្រវេសន៍

ប្រមុខ​ដឹកនាំ​បារាំង ​និង​អាល្លឺម៉ង់​ឡើងថ្លែងរួម​​គ្នា ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​ក្នុង​សភា​អឺរ៉ុប។ នេះ​ជាលើក​ទី ២ ដែល​បារាំង និង​អាល្លឺម៉ង់ ដែល​គេ​ចាត់ទុក​ មេក្បាល​ម៉ាស៊ីន​អឺរ៉ុប រួមគ្នា ឡើង​ថ្លែង​ នៅ​មុខ​អ្នក​តំណាង​រាស្រ្ត​អឺរ៉ុប។ ក្នុង​បរិបទ​ដែល​អឺរ៉ុប​កំពុង​ជួប​វិបត្តិ​​ជន​អន្តោប្រវេសន៍ និង​​ជន​ភៀស​ខ្លួន​ថ្នាក់​ដឹកនាំ​កំពូល​អាល្លឺម៉ង់ ​លោកស្រី​នាយក​រដ្ឋមន្រ្តី​អង់ហ្គែឡា ម៉ែរគែល​ និង​លោក​ប្រធានាធិបតី​បារាំង ​ហ្វ្រង់ស័រ ហូឡង់​ អំពាវនាវ​ចង់​ប្រទេស​អឺរ៉ុប​រួបរួម​គ្នា​ ដើម្បី​ ដោះស្រាយ​វិបត្តិ។

បារាំង និង​អាល្លឺម៉ង់ ក្រៀក​ស្មារគ្នា នៅ​សភា​​សហភាព​អឺរ៉ុប ដើម្បីជំរុញ​អឺរ៉ុប​ឲ្យដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍
បារាំង និង​អាល្លឺម៉ង់ ក្រៀក​ស្មារគ្នា នៅ​សភា​​សហភាព​អឺរ៉ុប ដើម្បីជំរុញ​អឺរ៉ុប​ឲ្យដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍ REUTERS/Vincent Kessler
ផ្សាយពាណិជ្ជកម្ម

ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​ ប្រធានាធិបតី​បារាំង និង​លោកស្រី​នាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​រួម​គ្នា ឡើង​ថ្លែង​សុន្ទរកថា​ នៅ​មុខ​សមាជិក​សភា​អឺរ៉ុប ក្នុង​ក្រុង​ព្រុចស៊ែល។ ទាំង​ ប្រធានាធិបតី​បារាំង​ លោក​ហ្រ្វង់ស័រ ហូឡង់ និង​លោកស្រី​នាយករដ្ឋមន្រ្តី​ អង់ហ្គែឡា ម៉ែរគែល​មាន​​រយៈពេល​ ១៥​នាទី ​ដើម្បី​ឡើង​និយាយ​ទៅ​កាន់​ សភា​អឺរ៉ុប​ មុន​នឹង​បើក​វេទិការ​ឲ្យ​មាន​​ការ​សួរ​ដេញ​ដោល។

 
បារាំង​ និង​អាល្លឺម៉ង់​មិនសូវ​ជា​ល្អូកល្អឺន​គ្នា​ប៉ុន្មាន​ ដោយសារ​​តែ​អាល្លឺម៉ង់ ​មេ​គំរូ​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​ ទាមទារ​ឲ្យ​បារាំង​ ក៏​ដូចជា​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត ​​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ ដើម្បី​កាត់បន្ថយ​ឱនភាព​ថវិកា។ បារាំង ​ធ្លាប់​មិន​យល់​ស្រប​ជាមួយ​អាល្លឺម៉ង់​ ដែល​​ចង់​ឲ្យ​មាន​កូតា បែងចែក​ជន​ភៀស​ខ្លួន​ ដែល​កំពុង​សម្រុក​ហូរ​ចូល​ទៅ​ក្នុង​ទឹកដី ​អឺរ៉ុប​ ជា​ពិសេស​អាល្លឺម៉ង់។ ប៉ុន្តែ ​នៅ​មុខ​សមាជិក​សភា​អឺរ៉ុប​ ប្រមុខ​ដឹកនាំ​បារាំង ​និង​អាល្លឺម៉ង់ ​បាន​សំដែង​ពី​សាមគ្គីភាព និង​បញ្ចេញ​សារ​នយោបាយ​តែមួយ ​នោះ ​គឺ​ឯកភាព​តែមួយ​របស់​​អឺរ៉ុប។

នៅ​ក្នុង​ពេល​ដែល​ប្រធានាធិបតី ​បារាំង​អំពាវនាវ​ឲ្យ​គេ​ចាប់ផ្តើម​ពង្រឹង​ព្រំដែន​អឺរ៉ុប ​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​វិញ​ បាន​ទាមទារ​ឲ្យ​គេ​កែប្រែ​ច្បាប់​ស្តី​ពី​ការ​ទទួល​ជន​ភៀស​ខ្លួន។ សម្រាប់​លោកស្រី​ម៉ែរគែល​ សន្ធិសញ្ញា​ Dublin ​ហួស​សម័យ ​និង​ត្រូវ​តែ​គេ​កែ​តម្រូវ​ឡើងវិញ ​ដើម្បី​កុំ​ឲ្យ​បន្ទុក​ធ្ងន់មាន​​តែ​ទៅ​លើ​ប្រទេស​មួយ​ចំនួន ​នៅ​អឺរ៉ុប។ សន្ធិសញ្ញា​Dublin ​ដែល​សហភាព​អឺរ៉ុប​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១៣​បាន​ចែង​ថា ​ជន​ភៀសខ្លួន​ ត្រូវ​តែ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​ ទៅ​​ប្រទេស​​ទីមួយ​នៅ​​អឺរ៉ុប​ដែលគេ​បាន​ដាក់​ជើង​ជាន់​មុនគេ។ ក្នុង​នាម​ជា​ប្រទេស​ដែល​ទទួល​ជន​ភៀស​ខ្លួន​មុនគេ ​អ៊ីតាលី​ ក្រិក​ ជា​ពិសេស ​ហុងគ្រី​ដែល​មិនចង់​ទទួល​បន្ទុក​ធ្ងន់​ក្នុង​រឿង​ជនភៀស​ខ្លួន ធ្លាប់​បាន​ប្រកាស​ផ្អាក​មិន​អនុវត្ត​សន្ធិសញ្ញា​Dublin ​មុន​នឹង​ត្រលប់​មក​គោរព​វិញ​ ដោយសារ​គំនាប​​របស់​សហភាព​អឺរ៉ុប។

ប្រមុខ​ដឹកនាំ​បារាំង ​និង​អាល្លឺម៉ង់​សុទ្ធតែ​ដឹង​ច្បាស់​ថា ​មាន​តែ​អឺរ៉ុប​រួមគ្នា​ទេ​ដែល​អាច​ដោះស្រាយ​វិបត្តិ​ជន​អន្តោប្រវេសន៍​បច្ចុប្បន្ន។ ប្រធានាធិបតី​បារាំង​បាន​អំពាវ​នាវ​ប្រទេស​សមាជិក​អឺរ៉ុប​បង្ហាញ​សាមគ្គីភាព ​និង​ឯកភាព​ជា​ធ្លុង​មួយ។ លោក​ហ្រ្វង់ស័រ ហូឡង់​បាន​ព្រមាន​ថា ​ក្នុង​ករណី​ផ្ទុយ​ទៅ​វិញ​ គឺ​ការ​ត្រលប់​ទៅ​បង្កើត​ព្រំដែន​រវាង​ប្រទេស​សមាជិក​អឺរ៉ុប ការ​ដក​ចេញ​នយោបាយ​អឺរ៉ុប​រួម​ ហើយ​និង​ការ​លះបង់​ចោល​ប្រាក់​អឺរ៉ូ ​ដែល​គំរាម​កំហែង​អឺរ៉ុប៕

ទីក្រុង​ម៉ូស្គូ ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ប្រកាស​ខ្លួន​បាន​បាញ់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ ប្រមាណ​១៥០០​គីឡូម៉ែត្រ ​ពី​ក្នុង​​សមុទ្រ​កាស្ពីយ៉ែន​សំដៅ​​ចូល​ក្នុង​ទឹកដី​ស៊ីរី។ នៅ​មួយសប្តាហ៍​ក្រោយ បើក​ប្រតិបត្តិការ​ទ័ព​អាកាស​ វាយ​ប្រហារ​លើ​ក្រុម​ភេរវជន ​រុស្ស៊ី​បាន​បន្ថែម​ បញ្ចូល​កម្លាំង​ជើងទឹក​របស់​ខ្លួន​ទៅ​ក្នុង​អន្តរាគមន៍​យោធា​​របស់​ខ្លួន​ នៅ​ស៊ីរី។

ការប្រើ​មីស៊ីល​ចម្ងាយ​ឆ្ងាយ ​រាប់​ពាន់​គីឡូម៉ែត្រ ​ដើម្បី​កម្ទេច​ទីតាំង​ ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ និង​ក្រុម​ភេរវជន​ផ្សេង​ទៀត ​នៅ​ក្នុង​ទឹកដី​ស៊ីរី ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ រុស្ស៊ី កំពុង​ឆ្លៀត​យក​បញ្ហា​នៅ​ស៊ីរី ​ដើម្បី​បញ្ចេញ ​សាច់ដុំ​ បច្ចេកវិទ្យា ​សព្វាវុធ​របស់​ខ្លួន​ ដាក់​ប្រទេស​លោក​ខាង​លិច ​ជា​ពិសេស​ អាមេរិក​ ដែល​ទើប​បដិសេធ​មិន​សហការ​ជាមួយ​ រុស្ស៊ី ​ដរាប​ណា​រុស្ស៊ី​នៅ​តែ​ទម្លាក់​គ្រាប់​លើ​ក្រុម​ប្រឆាំង​ស៊ីរី ​ប៉ុន្តែ មិនមែន​ពួក​ជីហាត​ រដ្ឋអ៊ីស្លាម ​ដូច​ការ​អះអាង​របស់​រុស្ស៊ី​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ