អានតួអត្ថបទ
UNHCR-ឆែក-ជនភៀសខ្លួន

ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​បរិហារ​ប្រទេស​ឆែក​ថា​បាន​ឃុំ​ខ្លួន ​ធ្វើបាប​ជន​ភៀស​ខ្លួន

ប្រធាន​ឧត្តមស្នងការ​ជាន់​ខ្ពស់ ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​ របស់​អង្គការ​សហ​ប្រជា​ជាតិ ​បាន​ថ្លែង​បរិហារ​ពី ​សាធារណរដ្ឋ​ឆែក ​ថា​បាន​ធ្វើការ​ឃុំឃាំង ​ធ្វើ​បាប​ជន​ភៀស​ខ្លួន ​ក្នុង​លក្ខខណ្ឌ​អមនុស្សធម៌ ​ជា​ពិសេស​គឺ​ទៅ​លើ​ជន​ភៀស​ខ្លួន​ជា​កុមារ។ កន្លង​មក​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​តែងតែ​អំពាវ​នាវ​ឲ្យ​សហភាព​អឺរ៉ុប​ រក​ដំណោះស្រាយ​រួម ​ដើម្បី​ទទួល​ជន​ភៀស​ខ្លួន។ តែ​នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែល​អង្គការ​អន្តរជាតិ​នេះ ​ បាន​ចោទ​ប្រកាន់​ដោយ​ត្រង់ៗ​ ​ទៅលើ​ប្រទេស​មួយ​ ថា​បាន​បំពាន​លើ​ច្បាប់​អន្តរជាតិ ​ដោយ​ចាប់​ជន​ភៀស​ខ្លួន ​ ដាក់​ឃុំ​ដោយ​ខុស​ច្បាប់។

ព្រះអង្គម្ចាស់  Zeid Ra'ad Zeid al-Hussein ឧត្តមស្នងការ​ជាន់ខ្ពស់​ទទួលបន្ទុក​សិទ្ធិ​មនុស្ស នៃអង្គការ​សហប្រជាជាតិ
ព្រះអង្គម្ចាស់ Zeid Ra'ad Zeid al-Hussein ឧត្តមស្នងការ​ជាន់ខ្ពស់​ទទួលបន្ទុក​សិទ្ធិ​មនុស្ស នៃអង្គការ​សហប្រជាជាតិ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

ថ្លែង​​ពី​ក្រុង​ហ្សឺណែវ ​ទីស្នាក់ការ​ឧត្តម​ស្នងការ​ជាន់​ខ្ពស់​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ របស់​អង្គការ​សហ​ប្រជា​ជាតិ ​លោក Zeid Ra’ad Al Hussein បាន​ប្រកាស​ថា ​រដ្ឋាភិបាល​ឆែក​ កំពុងតែ​រំលោភ​សិទ្ធិ​មនុស្យ​យ៉ាង​ធ្ងន់ធ្ងរ​ តាម​រយៈ​ការ​ចាប់​ជន​ភៀស​ខ្លួន​ដាក់​ឃុំ ​និង​នៅ​ក្នុង​លក្ខខណ្ឌ​ឃុំឃាំង​ ដែល​អមនុស្សធម៍​ជាទី​បំផុត។ លោក​ឧត្តមស្នងការ​បាន​បន្ត​ថា ​ ការ​ចាប់​ជន​ភៀស​ខ្លូន​ដាក់​ឃុំ​នេះ​ មិន​មែន​ជា​ករណី​ដាច់​ដោយ​ឡែក​ទេ ​តែ​ជា​​ករណី​ទូទៅ​មួយ ​ដែល​រដ្ឋាភិបាល​ឆែក ​​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខ្លួន​ អនុវត្ត​ទៅ​លើ​ជន​ភៀសខ្លួន​ទាំង​អស់ ​ដែល​បាន​ឆ្លង​ចូល​ដល់​ទឹក​ដី​គេ។ ទង្វើរ​នេះ ​ គឺធ្វើ​ឡើង​ ក្នុង​ទិសដៅ ​បំភិត​បំភ័យ ​ជន​ភៀសខ្លួន ​ដែល​មាន​បំណង​ឆ្លង​កាត់​តាម​ប្រទេស​នេះ ​ ទៅកាន់​ប្រទេស​ផ្សេង​ទៀត​ នៅ​អឺរ៉ុប​ខាង​លិច ​និង​ខាងជើង។

 
នៅ​ក្នុង​សេចក្តី​រាយការណ៍ ​ដែល​ចេញ​ដោយ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ មាន​បញ្ជាក់​ថា ​ អាជ្ញាធរ​ឆែក​ បាន​ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន ​ជន​ភៀស​ខ្លួន​ដោយ​ស្វ័យប្រវត្តិ ​ចំនួន​៤០​ថ្ងៃ ​រឺ​អាច​លើស​រហូត​ដល់​ទៅ​៩០​ថ្ងៃ ​ ដែល​ការ​ឃុំ​ខ្លួន​បាន​ធ្វើឡើង​ ក្នុង​លក្ខខណ្ឌ​មួយ ​ដែល​គេ​អះអាង​ថា ​អមនុស្សធម៌ ​និង​ធ្វើបាប​ជា​ពន់ពេក​ ទៅ​លើ​ជន​ភៀសខ្លួន។

យោង​តាម​ប្រសាសន៍​លោក ​ឧត្តម​ស្នងការ​ជាន់​ខ្ពស់ ​តាម​ច្បាប់​អន្តរជាតិ ​ការ​ចាប់​ជន​ភៀស​ខ្លួន ​យក​ទៅ​ដាក់​ឃុំ ​ អាច​ធ្វើ​ទៅ​បាន​ ល្គិក​ណា​ទាល់តែ​ជា​ជម្រើស​ចុង​ក្រោយ ​គ្មាន​វិធី​ផ្សេង​ដោះស្រាយ។ ផ្ទុយ​ទៅ​វិញ​​អ្វី​ដែល​អាជ្ញាធរ​ឆែក​បាន​អនុវត្ត​ ​វា​គឺ​ជា​ការ​ចាប់​ដាក់​ឃុំ​ទូទៅ ​ភ្លាមៗ ​ដោយ​មិន​បាន​ដោះស្រាយ​រក​វិធី​ផ្សេង​ជា​មុន​ទេ។ ហើយ​មួយ​វិញ​​ទៀត ​ ការ​ចាប់​កុមារ​យក​ទៅ​ដាក់​ឃុំ ​ដោយ​សំអាង​ថា​គ្នា​ ជា​ជន​ភៀស​ខ្លួន​ ​គឺ​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​ទាំង​ស្រុង ​ទោះបី​ជា​ក្នុង​ករណី​ណា​ក៏​ដោយ។

ដោយឡែក ​មន្ទីរ​ឃុំឃាំង​មួយ​កន្លែង ​ឈ្មោះ ​Bila-Jevoza ​នៅ​ចម្ងាយ​៨០​គីឡូម៉ែត្រ​ ភាគ​ខាង​ជើង​ទីក្រុង​ប្រាហ្គ ​ បាន​ធ្វើ​ឲ្យ​គេ​ព្រួយ​បារម្ភ​ជា​ខ្លាំង ​ ដោយសារ​តែ​មន្ទីរ​ឃុំឃាំង​នោះ ​ ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឆែក​ខ្លួន​ឯង​ផ្ទាល់​ ​មាន​ប្រសាស​ចាត់ទុក​ថា ​ ប្រៀប​បាន​នឹង​ឋានរក ​លើស​ពី​មន្ទីរ​ឃុំឃាំង​ធម្មតា។ យ៉ាងណា​មិញ ​ លោកស្រី ​Anna Sabatova ​អ្នក​សម្រប​សម្រួល​កិច្ចការ​ជន​ភៀស​ខ្លួន ​នៅ​ឆែក​ បាន​ចេញ​របាយការណ៍​មួយ ​កាល​ពីថ្ងៃ​ទី ​១៣​ តុលា ​កន្លង​ទៅ​នេះ​​ ដោយ​បាន​បរិយាយ​ពី​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​ ធ្វើបាប​ទៅ​លើ​ជន​ភៀស​ខ្លួន​ ដែល​ត្រូវ​ជាប់​នៅ​មន្ទីរ​ឃុំឃាំង​នេះ។

យោង​តាម​របាយការណ៍​ខាង​លើ ​មន្ទីរ​ឃុំឃាំង​នេះ ​មាន​ជន​ភៀស​ខ្លួន​ ជា​កុមារ​ជាង​១០០​នាក់។ ជន​ភៀស​ខ្លួន ​ដែល​ជាប់​ឃុំ ​ត្រូវ​បាន​គេ​រឹបអូស​យក​ទូរស័ព្ទ ​ដែល​ធ្វើ​ឲ្យ​ពួក​គេ ​មិន​អាច​ផ្តល់​ដំណឹង​ទៅ​អ្នក​ណា​ បាន​ទាំង​អស់។ បន្ថែម​ពី​នេះ​ទៀត​ ជា​រៀង​រាល់​ថ្ងៃ ​ ជន​ភៀស​ខ្លួន​ទាំង​អស់​ ត្រូវ​គេ​ចាប់​ឆែកឆេរ ​បង្ខំ​ឲ្យ​បង់​ប្រាក់​ចំនួន​ ២៥០​កួរ៉ោន​ឆែក ​ដែល​ស្មើ​នឹង ​១០​ដុល្លារ ​ជា​ប្រចាំ​ថ្ងៃ ជា​ថ្លៃ​ដែល​ពួក​គេ​ត្រូវ​ជាប់​ឃុំ។ ដែល​នេះ​គឺ​ជា​ទង្វើ​មួយ​ថោក​ទាប​ជា​ទី​បំផុត។

ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស ​ បាន​ប្រកាស​ថ្កោលទោស​រដ្ឋាភិបាល​ឆែក​ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​​ បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​អស់​នេះ​ ​ឲ្យ​ខាង​តែ​បាន។ ឆែក​ ត្រូវ​តែ​គោរព​ច្បាប់​អន្តរជាតិ​ ហើយ​ងៀក​មក​ចរចា​ សម្រប​សម្រួល ​ជាមួយ​គ្រប់​ភាគី ​ដើម្បី​រក​វិធី​ជួយ​ជន​ភៀស​ខ្លួន ​ដែល​ផ្សង​ជីវិត​ មក​កាន់​អឺរ៉ុប​ មិន​មែន​ចាប់​គ្នា​ដាក់​ឃុំ​​ ដោយ​អយុត្តិធម៌​ បែប​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ