អានតួអត្ថបទ

ភេរវកម្ម​ប៉ារីស បែលហ្ស៊ិក​បើកអង្កេត​ និង​បោស​សម្អាតជង្រុក​អ៊ីស្លាម​ជ្រុល​និយម

ថ្ងៃ​អាទិត្យ​នេះ បារាំង​បាន​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​ថ្នាក់​ជាតិ​បី​ថ្ងៃ ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ ១២៩​នាក់ ដែល​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ដ៏​រន្ធត់​ បង្ក​ឡើង​ដោយ​ពួក​អង្គការ​រដ្ឋអ៊ីស្លាម។ ការ​អង្កេត​វិញ មាន​ការ​វិវឌ្ឍន៍ច្រើន។ នៅ​យប់មិញ​ ​រដ្ឋ​អាជ្ញា​បារាំង ​បាន​ធ្វើ​សន្និសីទ​កាសែត បង្ហាញ​​ដំណើរ​ដើម​ទង​ នៃ​ការ​វាយប្រហារ​ យ៉ាង​លម្អិត រៀបរាប់​ជាដំណាក់ៗ ពី​មួយនាទី​ទៅ​មួយ​នាទី ពួក​ភេរវជន​ធ្វើ​អ្វី ​​ហើយ​នៅ​​ព្រឹក​ថ្ងៃ​អាទិត្យ ប៉ូលិស​បារាំង​បាន​​រក​ឃើញ​និង​ឃាត់​ខ្លួន​សួរ​ចម្លើយ ក្រុមគ្រួសារ​​របស់​ភេរវជន​ម្នាក់ ដែល​ប៉ូលិស​អាច​កំណត់អត្តសញ្ញាណ​បាន​តាំង​ពី​ថ្ងៃម្សិលមិញ​មក។

កង​កម្លាំង​រក្សាសន្តិសុខ​ ត្បាត​តាម​ផ្លូវ​នា​ក្រុង​ប៉ារីស ក្រោយការ​វាយប្រហារ​ភេរវកម្ម
កង​កម្លាំង​រក្សាសន្តិសុខ​ ត្បាត​តាម​ផ្លូវ​នា​ក្រុង​ប៉ារីស ក្រោយការ​វាយប្រហារ​ភេរវកម្ម REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

ដោយ​មិន​នឹក​ស្មាន​ដល់ រដ្ឋអាជ្ញា​បារាំង​បានធ្វើ​សន្និសីទ​កាសែត ផ្តល់​ព័ត៌មាន​យ៉ាង​លម្អិត ដោយ​ចាប់​ផ្តើម​ពីនាទី​ដំបូង​​ដំណើរ​ការ​វាយប្រហារ​ ​ និង​បាន​បញ្ជាក់​ថា​ ភេរវជនមាន​បី​ក្រុម​សហការ​គ្នា​ បញ្ចេញ​សកម្មភាព​ មួយ​ក្រុម​សម្រាប់​ទៅ​បំផ្ទុះ​នៅ​ស្តាត​ និង​ពីរ​ក្រុម​ទៀត សម្រាប់​បាញ់​រះ នៅ​តាម​បណ្តោយ​ផ្លូវ​ដូច​ករណី​ហាង ឡឺប៉ឺទី​កាំបូដ​ និង​នៅ​សាល​ប្រគុំ​តន្ត្រី​ បាតាក្លង់​។ ពួក​គេ​បាន​ទទួល​ការ​ហ្វឹកហាត់ខ្ពស់ មាន​បទ​ពិសោធ​ន៍​ខ្ពស់​ក្នុង​ការ​ប្រើ​និង​បញ្ជា​អាវុធ និង​កាន់​កាំភ្លើង​ ប្រភេទ​អាកា ព្រមទាំង​បំពាក់​ជាប់​នឹង​ខ្លួន​ខ្សែក្រវ៉ាត់​មាន​ជាតិ​ផ្ទុះ​ដូច​គ្នា មាន​គន្លឹះ​ចុច​ ដូច​គ្នា​ ដែល​អាច​សម្លាប់​មនុស្ស​បាន​ច្រើន​ខ្លាំង​នៅ​ពេល​ចុច​បំផ្ទុះ។

 

រដ្ឋ​អាជ្ញា​បាន​បញ្ជាក់​ព័ត៌មាន​ទាក់​ទង​នឹង​ពេលម៉ោង​ធ្វើ​ភេរវកម្ម ដែល​មាន​រយៈ​ពេល​តែ ៣៣​នាទី​ប៉ុណ្ណោះ។
-       នៅ​ម៉ោង ២១ និង​២០ នាទី ជា​ការបំផ្ទុះ​គ្រាប់​បែក​អត្តឃាត នៅ​កីឡាដ្ឋាន​ជាតិ​បារាំង ស្តាត ច្រក​ទ្វារ ដេ។ ភេរវជន​ និង​អ្នក​ដំណើរ​ម្នាក់បាន​ស្លាប់។
-       ម៉ោង ២១ និង២៥​នាទី ការ​បាញ់​រះ​ទី​មួយ​នៅកាច់ជ្រុង​ផ្លូវ ក្នុង​សង្កាត់​ទី​១០ ដែល​មាន​ bar Le Carillon និងភោជនីដ្ឋាន Le Petit Cambodgeបង្ក​ការ​រងគ្រោះ​ខ្លាំង​ជាង​គេ ស្លាប់ ១៥នាក់។
-       ម៉ោង ២១ និង​៣០​នាទី បំផ្ទុះ​គ្រាប់​ទី​ពីរ នៅ​ស្តាត​ នៅ​ច្រក​ទ្វារ H ភេរជន​ពីរ​នាក់​បាន​ស្លាប់
-       ម៉ោង២១ និង​៣២​នាទី មាន​ការ​បាញ់​រះ​ទីពីរ មួយ​នាទី នៅ​សង្កាត់​ទី ១១​ម្តង។ បុរស​មួយ​ក្រុម​បើក​ឡាន​ខ្មៅ​ បាញ់​សម្លាប់​មនុស្ស​អង្គុយ​​នៅ​រាន​ខាង​ក្រៅ​របស់​ហាង​កាហ្វេ​ ស្លាប់​អស់​៥​នាក់។
-       ម៉ោង ២១ និង​៣៦​នាទី ជា​ការ​បាញ់​រះ​ទី​បី នៅ​ផ្លូវ​មួយ​ទៀត នៃ​សង្កាត់​ទី​១១​ដដែល ដោយ​បុរសមួយ​ក្រុម​ជិះឡាន​ខ្មៅ​ម៉ាក​ដូច​គ្នា​ សម្លាប់​មនុស្ស​អស់​១៩នាក់។
-       ម៉ោង​២១​និង​៤០​នាទី​ អត្តឃាត​ជន​ម្នាក់​បាន​ចុះ​បំផ្ទុះ​នៅ​មុខ​ហាង​កាហ្វេ​មួយ​ទៀត ក្នុង​សង្កាត់​ទី​១១​ដដែល ហើយ​ក្នុង​មួយ​រំពេច​ភ្នែក​នោះ មាន​បុរស​បី​នាក់​ បំពាក់​ដោយ​អាវុធ​​ដូច​ចេញ​ធ្វើ​សង្គ្រាម​បាន​លេច​មុខ​ចេញ​ពី​ឡាន​ម៉ាក​ប៉ូឡូ​ ខ្មៅ ចូល​ទៅ​ក្នុង​សាល​ប្រគុំ​តន្រ្តី​ បាតាក្លង់ បាញ់​រះ​ និង​ចាប់​អ្នក​ចូល​ទស្សនា​ជា​ចំណាប់​ខ្មាំង។
-       ម៉ោង​២១ និង​៥៣​នាទី មា​ន​ការ​បំផ្ទុះ​ទីបី នៅ​ក្បែរ​ស្តាត
-       ម៉ោង ០០និង​២០​នាទី ប៉ូលិស​វាយ​លុក​ចូល។ ភេរវជន​ទាំង​បី​ស្លាប់ ដោយ​មាន​ពីរ​នាក់​បាន​ចុច​បំផ្ទុះ​អាវ​គ្រាប់​របស់​គេ​។ គឺ​នៅ​ទី​នេះ​ហើយ​ដែល​មានមនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ដល់​ទៅ ៨៩​នាក់ ។

ភេរវជន​សញ្ជាតិ​បារាំង
 
ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​បាន​មួយ​ថ្ងៃ ក្រុម​អ្នក​អង្កេត​អាច​វែក​រក និង​ស្គាល់​​អត្តសញ្ញាណ​ភេរវជន​បាន​ម្នាក់។ គឺ​ជា​ភេរវជន​ម្នាក់ ក្នុង​ចំណោម​បី​នាក់ ដែល​បាន​ចូល​ទៅ​បាញ់​រះ និង​ចាប់​ជា​ចំណាប់​ខ្មាំងមនុស្ស​រាប់រយ​នៅ​ក្នុង​សាល​ប្រគុំ​តន្ត្រី បាតាក្លង់។ ប៉ូលិស​អាច​កំណត់​អត្តសញ្ញាណ​បាន​ ដោយ​សារ​បំណែក​សាកសព​បាន​បន្សល់​ទុក​ម្រាមដៃ​ដែល​គេ​អាច​កាត់​យក​ទៅ​ពិនិត្យ​​​ស្នាម​ក្រយៅដៃបាន។

ជា​ជន​ជាតិ​បារាំង មាន​អាយុ​២៩​ឆ្នាំ (កើត​នៅ​ថ្ងៃ​ទី ២១ វិច្ឆិកា ១៩៨៥) រស់​នៅ​ក្នុង​តំបន់​អេសូន ជាយ​ក្រុ​ង​ប៉ារីស​ Omar Ismaïl Mostefaï គឺ​ជា​បុគ្គល​ដែលមានជាប់​ឈ្មោះ​ក្នុង​បញ្ជី​ ​អ្នក​ផ្តាច់​ខ្លួន​ទៅ​ជា​មនុស្ស​ជ្រុល​និយម​​ តាំង​ពី​ឆ្នាំ​២០១០​មក Fichier S ប៉ុន្តែ​ពុំ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ត្រូវ​តាម​ដាន​ភេរវនិយម​ទេ។ ភេរវជន​ជា​បារាំង​គ្មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ ព្រោះ​បើ​តាម​សាក្សី ជាប់​នៅ​ក្នុង​សាល​ប្រគុំ​តន្ត្រី​បាន​បញ្ជាក់ថា ភេរវជន​និយាយ​ភាសា​បារាំង។ ប៉ុន្តែ​ពេល​នេះ​ប៉ូលិស​កំពុង​សាក​ល្បង​យល់ និង​រក​ឱ្យ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ថា​តើ​ភេរវជន​អូម៉ា ពិត​ជា​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស៊ីរី​នៅ​ឆ្នាំ​២០១៤​មែន​ឬ​យ៉ាង​ណា និង​យ៉ាង​ដូច​ម្តេច ទើប​គ្មាន​បន្សល់​ទុក​ដាន​ឱ្យ​ក្រុម​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ចាប់អារម្មណ៍​សោះ​អញ្ចឹង។

 
ទាក់ទង​នឹង​​លិខិត​ឆ្លង​ដែន​ស៊ីរី​មួយ នៅ​ជិត​អត្តឃាត​ជនក្នុង​កន្លែង​​បំផ្ទុះ​គ្រាប់បែក​ ការ​អង្កេត​បាន​បញ្ជាក់ថា ជន​អាយុ​២៥​ឆ្នាំ​ កើត​នៅ​ឆ្នាំ​១៩៩០នេះ​មាន​​​ទាំង​​បណ្ណ​ស្នាក់នៅ​អឺរ៉ុប ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន ចូល​មក​អឺរ៉ុប តាម​ច្រក​ក្រិក ដោយ​ ក្រិក​បាន​ទទួល​ជន​កាន់​លិខិត​ឆ្លង​ដែន​នេះ​ កាលពី​ខែ​តុលា។ ប៉ុន្តែ​ឈ្មោះ​ជន​នេះ​គ្មាន​ដាន និង​គ្មាន​ប៉ូលិស​ប្រឆាំង​ភេរវនិយម​បារាំង​ស្គាល់​ទេ។ អាជ្ញាធរ​ក្រិក​ក៏​កំពុង​សហការ​ជាមួយ​បារាំង​យ៉ាងស្អិត​ល្មួត​ដែរ ដើម្បី​បញ្ជាក់ថា​លិខិត​ឆ្លង​ដែន​នោះ​ជា​របស់​ពិត ឬ​ក៏​របស់​ក្លែង​ក្លាយ​។

ក៏​ប៉ុន្តែ​តើ​ជានរណា​ជា​អ្នក​ធ្វើ​ប្រតិបត្តិការ បាញ់​រះ​នៅម្តុំ​​ហាង​ខ្មែរ ? ទាំង​នេះ​នៅ​មិន​ទាន់​ដឹង​ចម្លើយ​ទេ។ សាក្សី​ជា​អ្នក​រស់​នៅ​ជិត​នោះ បាន​ត្រឹម​បញ្ជាក់​ថា ភេរវជន​ប្រដាប់​ដោយ​អាវុធ​ពេញ​ដៃ ជិះ​ឡាន​ Seat Leon ពណ៌​ខ្មៅ​​ និង​មិន​ដឹង​មាន​គ្នា​ប៉ុន្មាន​នាក់​ឡើយ។ បើ​តាម​ប្រសាសន៍​របស់​រដ្ឋ​អាជ្ញា​ នេះ​អាច​ចាត់​ទុក​ថា​ជា​ក្រុម​ទី​បី។ ពួក​នេះ​នៅ​ទី​ណា ? គេ​មិន​ទាន់​អាច​បាន​ដឹង​នៅ​ឡើយ​ទេ។

ចាប់​ខ្លួន​បី​នាក់ នៅ​បែលហ្ស៊ិក​​

ប៉ូលិស​ប៊ែលហ្សិក​បាន​ប្រកាស​អំពី​ការ​ចាប់​ខ្លួន​បុរស​បី​នាក់ នៅ​ព្រំប្រទល់​បារាំង-ប៊ែលហ្ស៊ិក​មែន​ កាលពី​ម្សិលមិញ​ ប៉ុន្តែ​គេ​ពុំ​ទាន់​បាន​ដឹង​អំពី​អត្តសញ្ញាណ និង​តួនាទី​របស់​គេ​នៅ​ឡើយ​ទេ​ មិន​ដឹង​ថា តើ​ជា​អ្នក​រួម​ដៃ​ ឬ​ជា​ក្រុម​ទី​បី។

ជន​ជាតិ​បារាំង​ម្នាក់​រស់​នៅ​ប៊ែលហ្សិក ​ ជិះ​រថយន្ត​​មួយ​ក្នុង​ចំណោម​រថយន្ត​របស់​ភេរវជន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ឆែក​ឆេរ​តាម​ព្រំដែន ជាមួយ​បុរស​ពី​រ​នាក់​ផ្សេងជិះ​រថយន្ត​​ជាមួយ​គ្នា តែ​ជា​ជនជាតិ​ប៊ែលហ្សិក រស់​នៅ​ក្នុង​សង្កាត់ Molenbeek ដូច​​ឈ្មោះភូមិ​​​ក្នុង​បណ្ណ​ចំណត​ឡាន។ រថយន្ត​ដែល​ពួក​ខ្មាន់​កាំភ្លើង​បាន​ប្រើ ត្រូវ​បានអ្នក​អង្កេត​កំណាត់​អត្តសញ្ញាណ​បាន​ តាម​រយៈ​ផ្លាកលេខ និង​លិខិត​បង់​ថ្លៃ​ចំណត​ដែល​មាន​បញ្ជាក់​ទីតាំង​និង​ឈ្មោះ​ភូមិ ​នៅ​ប៊ែលហ្សិក។ យ៉ាង​ណា​ក៏​ដោយ ក៏​គេ​អាច​សន្និដ្ឋាន​បាន​ថា បុរស​ទាំង​បី​នាក់​នេះ ពិត​ជានៅ​ក្រុង​ប៉ារីស ពេល​មាន​​ហេតុការណ៍​វាយប្រហារ​និង​បំផ្ទុះ​ភេរវកម្ម។

ដោយ​សារ​តែ​ព័ត៌មាន​​នៅ​លើ​ឡាន​នេះ​ហើយ និង​ផ្តល់​ដោយ​ប៉ូលិស​បារាំងតាំង​ពី​ក្រោយ​ភេរវកម្ម​ភ្លាម​​នេះ​ហើយ ទើប​ប៉ូលិសប៊ែលហ្សិក​អាច​បើក​អង្កេត​ និង​បើក​ប្រតិបត្តិការ តាំង​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញមក​ តាម​ចាប់​បណ្តាញ​ភេរវជន ចេញ​ឆែកឆេរ ​ដល់​ភូមិ​ Molenbeek សង្កាត់​ដែល​ជា​ជម្រុក​ពួកអ៊ីស្លាម​ជ្រុលនិយម។ ​

សូម​បញ្ជាក់​ថា ភេរវជន​ដែល​បាន​បាញ់​រះ​នៅ​មុខ​សារៈមន្ទីរ​​ជីហ្វ​នៅ​បែលហ្សិក​កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៤ មេឌី​ នេម៉ូស ភេរជន​ដែល​បាន​ប៉ុន​ប៉ង​ធ្វើ​ភេរវកម្ម​ក្នុង​រថភ្លើង​ឆ្លង​ប្រទេស​ មិន​សម្រេច​កាលពី​ខែ​សីហាមុន ជន​ប៉ង​ធ្វើ​ភេរវកម្ម​មិន​បាន​សម្រេច​មួយ​ទៀត​នៅ​ប៉ារីស សុទ្ធ​តែ​ឆ្លង​កាត់​និង​រស់​នៅ​ក្នុង​សង្កាត់ Molenbeek ​ របស់​បែលហ្សិក​នេះ​ទាំង​អស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ