អានតួអត្ថបទ
បារាំង-ភេរវកម្ម

ប្រធានាធិបតី​បារាំង អំពាវនាវ​ឲ្យ​អ្នក​នយោបាយ ​ឈរ​លើ​ស្មារតី​រួបរួម​ជាតិ​តែមួយ

ប្រទេស​បារាំង ​កំពុងតែ​កាន់​ទុក្ខ​ទូទាំង​ប្រទេស ​រយៈពេល​៣​ថ្ងៃ ​បន្ទាប់​ពី​បាន​ទទួល​រង​ភេរវកម្ម​ យ៉ាង​ធ្ងន់ធ្ងរ​ កាល​ពី​យប់​ថ្ងៃ​សុក្រ​ទី ​១៣​ វិចិ្ឆកា។ ស្ថានភាព​អាសន្ន​ ការ​ការពារ​សន្តិសុខ ​ត្រូវ​បាន​រឹត​បណ្តឹង​ នៅ​ទូទាំង​ប្រទេស។ ស្រប​ពេល​ដែល​ មាន​ពាក្យ​រិះគន់ ​បន្ទោស​គ្នា​ ទៅ​វិញ​ទៅ​មក ពី​គ្រប់​មជ្ឈដ្ឋាន​នយោបាយ ​ស្តីពី​ការ​បណ្តែត​បណ្តោយ​​ឲ្យ​ក្រុម​ភេរវករ ​ចូល​មក​ធ្វើ​ភេរវកម្ម ​សម្លាប់​ប្រជាជន​ស្លូត​ត្រង់ ​ លោក​ប្រធានាធិបតី​បារាំង ​​បាន​អំពាវនាវ​ ឲ្យ​អ្នក​នយោបាយ​ទាំង​អស់ ​ឈរ​លើ​ស្មារតី​រួបរួម​ជាតិ​តែ​មួយ។ កាល​ពី​ថ្ងៃ​អាទិត្យ​លោក ​ប្រធានាធិបតី​បារាំង បាន​អញ្ជើញ ​មេ​បក្ស​ប្រឆាំង​សំខាន់​ៗ​ទាំង​បី​របស់​បារាំង​ ​ឲ្យ​ចូល​ជួប។ ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ ​មាន​បើក​កិច្ច​ប្រជុំ​សភា​វិសាមញ្ញ​មួយ​ រួមគ្នា​ ទាំង​រដ្ឋសភា ​ទាំង​ព្រឹទ្ធសភា​ជុំគ្នា​តែម្តង។

លោក​ប្រធានាធិបតី​បារាំង ពេលធ្វើ​សន្ទរកថា ប៉ុន្មានម៉ោង ក្រោយ​ហេតុការ​ណ៍​ភេរវកម្ម
លោក​ប្រធានាធិបតី​បារាំង ពេលធ្វើ​សន្ទរកថា ប៉ុន្មានម៉ោង ក្រោយ​ហេតុការ​ណ៍​ភេរវកម្ម REUTERS
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ព្រឹត្តិការណ៍ ​ដ៏គួរ​ឲ្យ​តក់ស្លុត ​ដែល​បារាំង​ទើបតែ​បាន​រងគ្រោះ ​នយោបាយ​ផ្ទៃក្នុង​បារាំង​ កាន់តែ​បង្ហាញ​ពី​ភាព​បែកបាក់។ អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​បារាំង​ មាន​លោកស្រី ​ម៉ារីន ឡឺប៉ែន ​មក​ពី​គណបក្ស​ស្តាំ​និយម​ជ្រុល ​ និង​លោក​ នីកូឡា សាកូហ្ស៊ី ​ប្រធាន​គណបក្ស​សាធារណរដ្ឋ ​បាន​ថ្លែង​បន្ទោស ​លាប​ព័ណ​បន្ថែម​ ជុំវិញ​ភាព​អសមត្ថភាព​របស់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ហូឡង់ ​ក្នុង​ការ​ទប់ស្កាត់​ អំពើ​ភេរវកម្ម។

 
ពួក​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង ​បាន​និយាយ​រិះគន់​ពី ​នយោបាយ​សន្តិសុខ​ជាតិ​បារាំង ​ដែល​គ្មាន​ប្រសិទ្ធិភាព ​ បណ្តោយ​ឲ្យ​ក្រុម​ជ្រុល​និយម​ជីហាដ​អ៊ីស្លាម​ ពង្រីក​បណ្តាញ ​និង​ចេញ​ធ្វើ​ភេរវកម្ម ​ដោយ​គ្មាន​ឧបសគ្គ​អ្វី​ទាំងអស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ពាក្យ​សំដី​ញុះញង់​ស្អប់​ខ្ពើម ​បាន​រាល​ដាល ​ម៉ៃ​​ទៅ​លើ​ប្រជាជន​បារាំង​ ​ដែល​កាន់​សាសនា​អ៊ីស្លាម​ទូទៅ ​ក៏​ប៉ុន្តែ​ជា​ប្រជាជន​ស្លូត​ត្រង់​ធម្មតា ​ ហើយ​មិន​គាំទ្រ​នឹង​ទង្វើ​ជ្រុល​និយម​ របស់​ពួក​ជីហាដ​អ៊ីស្លាម​ទេ។

លោក​នាយករដ្ឋមន្ត្រី​បារាំង ​ ម៉ានុយអ៊ែល វ៉ាលស៍ ​បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍ ​ យ៉ាង​ធ្ងន់ៗ​ថា ​រដ្ឋាភិបាល​បារាំង ​នឹង​មិន​អត់ឱន​ ឲ្យ​បណ្តាញ​ក្រុម​ជ្រុល​និយម​អ៊ីស្លាម​ជា​ដាច់ខាត។ វិធានការ​ក្តៅ ​និង​តឹតរឹង ​នឹង​ត្រូវ​ដាក់​ចុះ​ នា​ពេល​ឆាប់ៗ​នេះ ​ ជាក់ស្តែង ​រដ្ឋាភិបាល​កំពុង​ពិចារណា ​អំពី​លទ្ធភាព ​នៃ​ការ​បណ្តេញ ​ប្រមុខ​ផ្សព្វផ្សាយ​សាសនា​អ៊ីស្លាម​ណា​ទាំង​អស់​ ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​អូសទាញ​ យុវជន​ក្មេងៗ ​ឲ្យ​ចូល​ទៅ​បំរើ​ក្រុម​ជីហាដ​ អង្គការ​រដ្ឋ​អ៊ីស្លាម។

លោក​ប្រធានាធិបតី​បារាំង ​បាន​ថ្លែង​ថា ​ ពេល​នេះ ​មិនមែន​ជា​ពេល​ ដែល​ត្រូវ​បន្ទោស​គ្នា ​ឈ្លោះ​ប្រកែក​គ្នា​ លាបពណ៌​ឲ្យ​គ្នា​ទេ ​តែ​ជា​ពេល​ដែល​ អ្នក​នយោបាយ​ទាំង​អស់ ​មិន​ថា​មក​ពី​បក្សណា ​ត្រូវតែ​រួបរួម​គ្នា ​ដើម្បី​ដោះស្រាយ​បញ្ហា ​ និង​លើក​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​ទាំង​អស់ ​កុំឲ្យ​អស់​សង្ឃឹម ​ខ្លបក្លាច​នឹង​ក្រុម​ឧក្រិដ្ឋជន​ជីហាដ​អ៊ីស្លាម។ ដើម្បី​កសាង​ការ​សាមគ្គី ​រវាង​អ្នក​នយោបាយ ​ លោក​ប្រធានាធិបតី​បារាំង​ បាន​អញ្ជើញ​ឲ្យ​ចូលជួប​ កាលពី​រសៀល​ថ្ងៃ​អាទិត្យ​​ មេ​បក្ស​ប្រឆាំង​ទាំង​បី ​មាន​លោក​ នីកូឡា សាកូហ្ស៊ី ​លោក​ ហ្សង់លុច ម៉េឡង់ឆុង ​និង​លោកស្រី​ម៉ារីន​ ឡឺប៉ែន។

ចំណែក​នៅ​ថ្ងៃ​ចន្ទ​នេះ​ លោក​ហ្រ្វង់ស័រ ហូឡង់ ​និង​កោះ​ប្រជុំ​សភា​ជាតិ​ ទាំង​រដ្ឋសភា ​ទាំង​ព្រឹទ្ធសភា ​រួមគ្នា​ទាំង​អស់ ​ នៅ​វិមាន​ Versailles ​ដើម្បី​ជជែក​គ្នា​ ពី​ភាព​អាសន្ន​ផ្នែក​សន្តិសុខ ​និង​ការ​បង្រ្កាប​ក្រុម​ជីហាដ​អ៊ីស្លាម។ សម័យ​ប្រជុំ​វិសាមញ្ញ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលដៅ ​ប្រមូល​ផ្តុំ​អ្នក​នយោបាយ​បារាំង​ ពី​គ្រប់​និន្នាការ ​ ដើម្បី​ជជែក​គ្នា ​លើក​ជា​សំណើរ​ផ្សេងៗ​ ក្នុង​ការ​កម្ចាត់​ មេរោគ​អ៊ីស្លាម​ផ្តាច់ការ​ ដែល​ជា​មេ​ពេជ្ឈឃាត​ធ្វើ​ភេរវកម្ម។

លោក​ នាយក​រដ្ឋមន្ត្រី​បារាំង ​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​លោក​ ត្រៀម​ខ្លួន ​ស្តាប់​គ្រប់​សំណើរ​ទាំង​អស់ ​ហើយ​នឹង​យក​មក​ពិចារណា ​ ឲ្យតែ​ជា​សំណើរ​ត្រឹមត្រូវ​ មាន​ប្រសិទ្ធិភាព។ ខាង​គណបក្ស​សាធារណរដ្ឋ​ របស់​លោក​សាកូហ្ស៊ី ​បាន​សំណូមពរ​ឲ្យ​ បង្កើត​ជា​ក្រុម​ការងារ ​ដើម្បី​ពិភាក្សា​គ្នា ​លើ​សំណើរ​ផ្សេងៗ​ ហើយ​តំណាង​ក្រុម​និមួយៗ ​និង​លើក​សំណើរ​របស់​ខ្លួន ​ក្នុង​ពេល​ប្រជុំ​វិសាមញ្ញ ​នៅ​វិមាន​ Versailles ​បន្ទាប់​ពី​បញ្ចប់​សន្ទរ​កថា​របស់​លោក​ប្រធានាធិបតី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ