អានតួអត្ថបទ

លោកស្រី មែរកិល ជាប់​ជា​ឥស្សរជន​ឆ្នើមប្រចាំ​ឆ្នាំ​២០១៥របស់​ទស្សនាវដ្តីTime

លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Angela Merkel ត្រូវ​បាន​ទស្សនាវដ្តី​អាមេរិក​ ថែម Time ផ្តល់​ចំណាត់ថ្នាក់ ជា​ឥស្សរជន​ឆ្នើម​ប្រចាំ​ឆ្នាំ ២០១៥ ព្រោះ​​លោកស្រី​មែរកិល មាន​ស្នាដៃ​និង​សមត្ថភាព​​ខ្ពស់​ ប្រឈម​មុខ​នឹង​វិបត្តិ​ជា​ច្រើន​នៅ​អឺរ៉ុប ដែល​កើត​ឡើង​ពេញ​មួយ​ឆ្នាំ​កន្លង​មក​នេះ។

លោកស្រី​ប្រមុខ​​រដ្ឋាភិបាល​អាល្លឺម៉ង់ ឥស្សរជន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥​របស់​Time
លោកស្រី​ប្រមុខ​​រដ្ឋាភិបាល​អាល្លឺម៉ង់ ឥស្សរជន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥​របស់​Time REUTERS/Michaela Rehle
ផ្សាយពាណិជ្ជកម្ម

បើ​តាម​នាយក​បោះផ្សាយ​របស់​ទស្សនាវដ្តី​ថែម អ្នក​ស្រី ណង់ស៊ី ជីប (Nancy Gibbs) ការ​ផ្តល់​កិត្តិយស​ចាត់ទុក​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ថា ជា​ឥស្សរជន​ឆ្នើម មក​ពី​ទស្សនាវដ្តី​ចង់​អបអរ​ នឹង​ចំណាត់​ការ​ដោះស្រាយ​វិបត្តិ​ជា​ច្រើន កើត​ឡើង​នៅអឺរ៉ុប​ដូច​ជា វិបត្តិ​ក្រិក​ វិបត្តិ​ជន​អន្តោប្រវេសន៍​ និង​ចម្លើយ​តប​របស់រដ្ឋាភិបាល​អាល្លឺម៉ង់​ចំពោះ​ការ​គំរាម​កំហែង​ជីហាត​រដ្ឋ​អ៊ីស្លាម។

 
នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នា​រសៀលថ្ងៃពុធ​នេះ អ្នកស្រី​ ណង់ស៊ី ជីប បាន​ពន្យល់​បន្ថែម​ទៀត​ថា លោកអ្នក​អាន​អាច​យល់ព្រម ឬ​មិន​យល់​ព្រម​ នឹង​សេចក្តី​សម្រេចចិត្ត​របស់​លោកស្រី​មែរកិលក្នុង​​ដោះស្រាយ​វិបត្តិនីមួយៗ តែ​​​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់រូប​នេះ​បាន​ជ្រើស​រើស​​ផ្លូវ​ដែល​ស្រួល​ជាងគេ។ គឺ​ចូល​ប្រលូក​ឧបសគ្គ​ដោយ​ខ្លួន​ឯង នៅ​ពេល​ដែល​ដឹង​ថា​ពលរដ្ឋ​មិន​ចង់​ធ្វើ​តាម។

តើ​មាន​ប្រមុខ​ដឹកនាំ​ប្រទេស​ប៉ុន្មាន​នាក់​ហ៊ាន​ធ្វើ​ដូច​លោកស្រី​មែរកិល ? ​លោកស្រី​បាន​​ស្នើ​សុំ​ ​ពី​ប្រទេស​ យ៉ាង​ច្រើននូវ​អ្វី​ដែល​មេ​ដឹកនាំ​ប្រទេស​​ផ្សេង​ជា​ច្រើន​ទៀត​មិន​ហ៊ាន​ធ្វើ ! ​លោកស្រី​ហ៊ាន​ប្រឈម​មុខ​​នឹង​ការ​ដឹកនាំ​បែប​​ផ្តាច់​ការ​ និង​បែបឱកាសនិយម និង​ពីព្រោះ​តែ​លោកស្រី​បាន​ធ្វើ​ខ្លួន​ជា​អ្នក​ដឹកនាំ​ប្រកប​ដោយ​ស្មារតី និង​សីលធម៌​ខ្ពស់​ដ៏​កម្រ​មាន​នៅ​លើ​លោកនេះ​ហើយ ទើប​ទស្សនាវដ្តី​ថែម​សម្រេច​លើក​លោកស្រី ជា​ឥស្សរជន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ នាំ​មុខ តាម​លេខ​រៀង ​​មេ​កើយ​​ដឹកនាំ​ចលនា​ជីហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម Abou Bakr al-Baghdadi -បេក្ខជន​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រំ Donald Trump -ចលនា​អាមេរិក​ដើម្បី​សិទ្ធិ​ជន​ស្បែក​ខ្មៅ​ Black Lives Matte និង​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រ៉ូហានី។

ឆ្លើយ​តប​នឹង​សំណួរ​ថា​តើ​ថែម​មិន​ខ្លាច​មាន​ផលប៉ះពាល់​ ប្រសិន​បើ​លើក​មេកើយ​រដ្ឋ​អ៊ីស្លាម​ជា​មនុស្ស​ឆ្នើម​ប្រចាំ​ឆ្នាំ អ្នកស្រី ណង់ស៊ី ជីប ​បាន​បញ្ជាក់​ថា ថែម​បាន​ទម្លាក់​ចំណាត់​ថ្នាក់​អាប៊ូបាអាល់បាដាដី មិន​មែន​ព្រោះ​ខ្លាច​មាន​ផលប៉ះពាល់​ទេ ​តែ​មក​ពី​នៅ​ឆ្នាំ​នេះ ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ចាញ់ច្រើន។ គ្មានអ្វី​ថា​ទៅ​មិន​រួច​ឡើយ​ ! ថែម​ធ្លាប់​បាន​ផ្តល់​ចំណាត់​ថ្នាក់​​​ជន​អាក្រក់​ខ្លាំង​ជា​មនុស្សឆ្នើម​ប្រចាំ​ឆ្នាំ​រួច​មក​ម្តង​ហើយ​ ​គឺ​​ អ៊ីត្លែរ នៅ​ឆ្នាំ​១៩៣៨៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ