អានតួអត្ថបទ
អាល្លឺម៉ង់

ប្រទេស​អាល្លឺម៉ង់​បន្ថែម​លុយ​ចំនួន ៦ ០០០លានអឺរ៉ូ​សម្រាប់​ជនភៀសខ្លួន

នៅ​យប់​ថ្ងៃ​អាទិត្យ​ឆ្លង​ចូល​ថ្ងៃ​ចន្ទ ទី៧ កញ្ញា​នេះ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​សម្រេចចិត្ត​​ដំឡើង​ថវិកាជាតិ​បន្ថែម​ចំនួន ៦ ០០០លានអឺរ៉ូ​សម្រាប់​ជួយ​ទំនុកបម្រុង​ដល់​ជនភៀសខ្លួន និង​អ្នកសុំសិទ្ធិ​ជ្រកកោណ​ដែល​ប្រទេស​អាល្លឺម៉ង់​ទើប​បាន​យល់ព្រម​ទទួល​យក​បន្ថែម​នា​រយៈពេល​ចុង​ក្រោយ​នេះ។ ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនំា​គណបក្ស​ក្នុង​រដ្ឋាភិបាល​ចម្រុះ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្កឺឡា មែរកិល។

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អង់ហ្កឺឡា មែរកិល
លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អង់ហ្កឺឡា មែរកិល REUTERS/Axel Schmidt
ផ្សាយពាណិជ្ជកម្ម

បើ​យោង​តាម​ឯកសារ​អនុម័ត​នៅ​យប់​ថ្ងៃ​អាទិត្យ​ឆ្លង​ចូល​ថ្ងៃ​ចន្ទ ទី៧ កញ្ញា​នេះ​ឲ្យ​ដឹង​ថា ទឹកប្រាក់​បន្ថែម​ចំនួន ៦ ០០០លានអឺរ៉ូ​សម្រាប់​ធានា​រ៉ាប់រង​ដល់​អ្នកសុំសិទ្ធិជ្រកកោណ និង​ជនភៀសខ្លួន​នឹង​ត្រូវ​ចែក​ចេញ​ជា​ពីរ​ផ្នែក ទី១ រដ្ឋសហព័ន្ធ​នឹង​ត្រូវ​ដំឡើង​ថវិកាជាតិ​សម្រាប់​ឆ្នំា ២០១៦ ចំនួន ៣ ០០០លានអឺរ៉ូ និង​ទី២ ទឹកប្រាក់​ចំនួន ៣ ០០០លានអឺរ៉ូ​ទៀត​នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​តំបន់ ព្រម​ទំាង​ស្រុក​ណា​ដែល​មាន​តួនាទី​ត្រូវ​ទទួល​អ្នកសុំ​សិទ្ធិជ្រកកោណ និង​ជនភៀសខ្លួន​ឲ្យ​ស្នាក់នៅ។ យ៉ាង​ណា​ក៏​ដោយ ការ​បែងចែក​ចំណាយ​លំអិត​នឹង​ត្រូវ​សម្រេច​នៅ​ថ្ងៃទី២៤ កញ្ញា​ខាង​មុខ នៅ​ក្នុង​កិច្ចប្រជុំ​រវាង​អ្នកតំណាង​រដ្ឋសហព័ន្ធ និង​អ្នកតំណាង​តំបន់ ស្រុក​ផ្សេងៗ​ទៀត។

អ្នកតំណាង​នៅ​ក្នុង​កិច្ចប្រជុំ​យប់មិញ​បាន​បញ្ចេញ​ប្រតិកម្ម​ថា អាល្លឺម៉ង់​ចំាបាច់​ត្រូវ​តែ​ចាត់វិធានការ​ថ្នាក់ជាតិ​មួយ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​​របស់​ចំនួន​ជនភៀសខ្លួន​ដ៏​ច្រើន​សម្បើម​ដែល​អឺរ៉ុប​មិន​ធ្លាប់​ជួប​ប្រទះ។ ការ​សម្រេច​របស់​រដ្ឋាភិបាល​អាល្លឺម៉ង​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ពេល​ដែល​មាន​ជនភៀសខ្លួន​ប្រមាណ​ជា ២០ ០០០នាក់​បាន​ទៅ​ដល់​ទីក្រុង​មុយនិច​ស្ថិត​ប៉ែក​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់​នា​ចុង​សប្តាហ៍​កន្លង​ទៅ។ ជនភៀសខ្លួន​ទំាង​នោះ​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អូទ្រីស្ត និង​ដែល​ភាគច្រើន​ជនជាតិ​ស៊ីរី។

ដោយឡែក និង​ក្រៅ​ពី​សម្រេច​ដំឡើង​ថវិកា​សម្រាប់​ជួយ​ទំនុកបម្រុង​ដល់​ជនភៀសខ្លួន និង​អ្នកសុំសិទ្ធិជ្រកកោណ កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនំា​គណបក្ស​ក្នុង​រដ្ឋាភិបាល​ចម្រុះ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្កឺឡា មែរកិល​ក៏​បាន​សម្រេច​បន្ថែម​ប្រទេស​ចំនួន ៣ គឺ​កូសូវ៉ូ អាល់បានី និង​ម៉ុងតេនេហ្រ្កូ​ទៅ​ក្នុង​បញ្ជី​ប្រទេស​ដែល​អាល្លឺម៉ង់​ចាត់​ទុក​ថា មាន​សន្តិសុខ និង​សុវត្ថិភាព​ល្អ។ វិធានាការ​នេះ​នឹង​ជួយ​ជម្រុញ​ឲ្យ​មាន​ការ​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​វិញ​នូវ​បេក្ខជន​សុំសិទ្ធិជ្រកកោណ​ណា​ដែល​មាន​សញ្ជាតិ​ដើម​ជា​កូសូវ៉ូ អាល់បានី និង​ម៉ុងតេនេហ្រ្កូ។

គួរ​រម្លឹក​ជូន​ថា អាល្លឺម៉ង់​បាន និង​កំពុង​ប្រឈម​មុខ​នឹង​លំហូរ​ជនភៀសខ្លួន​ដែល​មិន​ធ្លាប់​មាន ពិសេស​ជនភៀសខ្លួន​មក​ពី​តំបន់​ជម្លោះ ដូច​យ៉ាង​នៅ​ស៊ីរី តែ​ក៏​មាន​ជនភៀសខ្លួន​មក​ពី​បណ្តា​ប្រទេស​គ្មាន​ជម្លោះ​នៅ​តំបន់​បាល់កង់​ផងដែរ និង​ដែល​ជនភៀសខ្លួន​ប្រភេទ​នេះ​បាន​រត់​ចោលស្រុក​ដើម្បី​ស្វែង​រក​អនាគត​ល្អ។ ក្នុង​ឆ្នំា ២០១៥ នេះ បេក្ខជន​សុំ​​សិទ្ធិជ្រកកោណ​នៅ​អាល្លឺម៉ង់​មាន​ប្រមាណ​ជា ៨០០ ០០០នាក់ ពោល​ច្រើន​ជាង​ក្នុង​ឆ្នំា ២០១៤ ដែល​មាន​តែ​ជាង ២០០ ០០០នាក់​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ