អង្គការសហប្រជាជាតិអំពាវនាវឱ្យដោះលែងស្ថាបនិកវីគីលីក Julian Assange
គណៈកម្មាធិការអង្គការសហប្រជាជាតិ បានចេញសេចក្តីអំពាវនាវនៅថ្ងៃសុក្រនេះ ឱ្យស៊ុយអែត និងអង់គ្លេសបិទបញ្ចប់ការបំពារបំពានលើស្ថាបនិកវីគីលីក លោក Julian Assange ដែលបង្ខំចិត្តបង្ឃាំងខ្លួនឯង តាំងពីជាងបីឆ្នាំមកហើយ ដោយត្រូវរស់សំងំតែក្នុងស្ថានទូតអេក្វាទ័រ ប្រចាំទីក្រុងឡុងដ៏។ ប៉ុន្តែស៊ុយអែត និងអង់គ្លេស មិនខ្វល់នឹងការបង្គាប់របស់ស្ថាប័នអង្គការសហប្រជាជាតិមួយនេះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណៈកម្មាធិការអង្គការសហប្រជាជាតិ ចាត់ទុកការបំពារបំពានចាប់ឃុំស្ថាបនិកវីគីលីក ថាខុសច្បាប់ ! អង្គការមិនត្រឹមតែអំពាវនាវឱ្យអាជ្ញាធរស៊ុយអែត និងអង់គ្លេស បិទបញ្ចប់ការឃុំឃាំងនេះទេ តែបានជំរុញឱ្យប្រទេសពីរនេះគោរពសិទ្ធ និងផ្តល់សំណងជំងឺចិត្តដល់លោក Julian Assange ផង។ ព្រោះសម្រាប់ក្រុមការងារអង្គការសហប្រជាជាតិ រាល់គ្រប់ទម្រង់នៃបំបិទសេរីភាពឯកជនរបស់បុគ្គលគឺឃុំឃាំងដោយបំពាន។
សូមបញ្ជាក់ថា Julian Assange បានបង្ខំចិត្តរត់ចូលទៅរស់នៅក្នុងស្ថានទូតអេក្វាទ័រប្រចាំទីក្រុងឡុងដ៍តាំងពីខែមិថុនា ឆ្នាំ២០១២ មក ដើម្បីគេចពីតាមចាប់ខ្លួនរបស់ប៉ូលិសអង់គ្លេសនិងស៊ុយអែត ដែលបើកអង្កេតបឋមមួយប្រឆាំងនឹងលោក Julian Assange ក្នុងបទចាប់រំលោភស្ត្រីភេទកាលពីឆ្នាំ២០១០។ លោក Julian Assange បានបដិសេធនិងបានបន្ទោសស៊ុយអែត ថាយកលេសតាមចាប់ខ្លួនលោក ដើម្បីប្រគល់យកទៅអាមេរិក ព្រោះតែលោកបានទម្លាយរឿងសម្ងាត់យោធានិងការទូត ឱ្យកក្រើកពិភពលោក លើទំព័រវិបសៃត៍វីគីលីក Wikileaks។
យល់ថាជាជនរងគ្រោះ ទើបលោក Julian Assange បានដាក់ពាក្យបណ្តឹងទៅ គណៈកម្មាធិការអង្គការសហប្រជាជាតិ ព្រោះជាស្ថាប័នមានសមត្ថកិច្ចតែមួយគត់ដែលលោកអាចប្តឹងផ្តល់បាន។ តាំងពីមុនចេញសាលក្រម លោក Julian Assange បានអះអាងនឹងដើរចេញពីស្ថានទូតអេក្វាទ័រ ឱ្យប៉ូលិសអង់គ្លេសចាប់ ប្រសិនបើលោកចាញ់ក្តីទល់នឹងអង់គ្លេសនិងស៊ុយអែត។ ផ្ទុយទៅបើគណៈកម្មាធិការគាំទ្រលោក លោកត្រូវការយកលិខិតឆ្លងវិញ តែមិនបានបញ្ជាក់អំពីផែនការត្រូវធ្វើឡើយ។
ប៉ុន្តែសេចក្តីសម្រេចចិត្តរបស់ស្ថាប័ននេះ គ្មានលក្ខណៈបង្ខំទេ ! នេះជាប្រតិកម្មរបស់អង់គ្លេស ដែលគេអាចកាត់យល់បានថា ប្រសិនបើលោក Julian Assange ហ៊ានដើរចេញពីស្ថានទូតអេក្វាទ័រ នឹងត្រូវប៉ូលិសអង់គ្លេសចាប់ខ្លួនភ្លាម។ ចំណែកខាងស៊ុយអែតវិញ យល់ថា សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនេះ គ្មានប៉ះពាល់ដល់ច្បាប់ និងដំណើរការអង្កេតបឋមប្រឆាំងនឹងម្ចាស់វីគីលីកឡើយ។ អង់គ្លេសនិងស៊ុយអែត បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអង្គការសហប្រជាជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ