អានតួអត្ថបទ
បារាំង-សហរដ្ឋអាមេរិក

ប្រធានាធិបតីបារាំង​៣រូប​ស្ថិតនៅក្នុង​សំណាញ់​លបស្តាប់​ទូរស័ព្ទ​របស់ទីភ្នាក់ងារ​អាមេរិក NSA

បារាំង​ថ្កោលទោស ការលួចស្តាប់​ទូរស័ព្ទ របស់​ទីភា្នក់ងារ​សន្តិសុខ​ជាតិ​អាមេរិក NSA។ សារព័ត៌មាន​បារាំង ពីរ Libération Médiapart និង​wikileaks បាន​រួមគ្នា ចុះផ្សាយ​ កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី ២៣ មិថុនា ឯកសារ​សម្ងាត់ ដែល​បង្ហាញ​ថា ការសន្ទនា​តាម​ទូរស័ព្ទ របស់​ប្រធានាធិបតី​បារាំង​៣រូប គឺ​លោក​ហ្សាក ស្ហ៊ីរ៉ាក់ នីកូឡា សាកូហ្ស៊ី និង​ហ្រ្វង់ស័រ ហូឡង់ ត្រូវ​បាន​NSA​របស់​អាមេរិក​លួចស្តាប់ តាំងពី​ឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១២។ 

ប្រធានាធិបតី​បារាំង​ទាំង​៣​ដែល​ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក​លួបស្តាប់​ទូរស័ព្ទ ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១២
ប្រធានាធិបតី​បារាំង​ទាំង​៣​ដែល​ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក​លួបស្តាប់​ទូរស័ព្ទ ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១២ DSK / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ២៤ មិថុនា ប្រធានាធិបតី បារាំង លោក​ហ្រ្វង់ស័រ ហូឡង់​បាន​កោះប្រជុំ​ក្រុមប្រឹក្សា​យោធា បន្ទាន់ ដោយ​មាន​ការចូលរួម​ទាំង​ពី​ខាង​រដ្ឋាភិបាល និង​ប្រធាន​ស្ថាប័ន​សភា ទាំងពីរ។ តាម​វិមាន​ប្រធានាធិបតី​បារាំង លោក​ហ្រ្វង់ស័រ ហូឡង់​ដែល​នឹង​សន្ទនា​តាមទូរស័ព្ទ ជាមួយ​ប្រធានាធិបតី​អាមេរិក នៅ​ល្ងាច​ថ្ងៃ​ពុធ បាន​អំពាវនាវ​ទាមទារ​ឲ្យ​ប្រធានាធិបតី​អាមេរិក គោរព​ការសន្យា។ នៅខែ​កុម្ភៈ​ឆ្នាំ ២០១៤ នៅក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង ហ្រ្វង់ស័រ ហូឡង់ នៅ​វ៉ាស៊ីនតោន ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា បាន​និយាយ​សន្យា​ថា អាមេរិក​នឹង​ឈប់​លួចស្តាប់​ស្ថាប័នរដ្ឋ​របស់​ប្រទេស​សម្ព័ន្ធមិត្ត តទៅ​ទៀត។

 
សម្រាប់ហ្រ្វង់ស័រ ហូឡង់ បារាំង​នឹង​មិន​អត់អោន ដល់​ការលួចស្តាប់​ទូរស័ព្ទ របស់​មេដឹកនាំ​កំពូល​របស់​បារាំង​ទេ។ តាម​កាសែត​បារាំង និង​វិបសៃតិ៍ Wikileak ដែល​ចុះផ្សាយ​ឯកសារ​សម្ងាត់​របស់​NSA ក្នុងចន្លោះ ឆ្នាំ ២០០៦ និង​ឆ្នាំ ២០១២ ការសន្ទនា​តាមទូរស័ព្ទ របស់​ប្រធានាធិបតី​បារាំង ៣​រូប ត្រូវ​អាមេរិក​លួច​ថត តាមដាន​ស្តាប់។ អាមេរិក​លួច​ស្តាប់​ការសន្ទនា​ទូរស័ព្ទ របស់​ថ្នាក់ដឹកនាំ​កំពូល​បារាំង​ មាន​ន័យ​ស្មើ​នឹង​ការរំលោភ​អធិបតេយ្យភាព និង​ការក្បត់គ្នា រវាង​សម្ព័ន្ធមិត្ត។ មួយ​វិញទៀត វាមាន​ន័យ បញ្ជាក់​ថា ប្រព័ន្ធ​ការពារ​ស៊ើបការណ៍​សម្ងាត់​បារាំង មិនសូវ​រឹងមាំ ដោយ​បណ្តោយ​ទុក​ឲ្យ​ទូរស័ព្ទ​របស់​មេដឹកនាំ​កំពូល​របស់​បារាំង​ត្រូវ​គេ​លួច​ស្តាប់​បាន។ តាមការចុះផ្សាយ​របស់​កាសែត អាមេរិក​ទំនង​បំពាក់​ឧបករណ៍​ចាប់​យក​សំឡេង​សន្ទនា​ទូរស័ព្ទ របស់​ថ្នាក់ដឹកនាំ​បារាំង នៅ​លើ​អគារ​ស្ថានទូត​របស់ខ្លួន។ ក្នុង​ក្រុង​ប៉ារីស ស្ថានទូត​អាមេរិក​មាន​ទីតាំង​នៅ​ចំ​កណ្តាល​នៃ​ស្ថាប័ន​សំខាន់​ៗ​របស់​បារាំង ដែល​មាន​តាំង​ពី​ក្រសួង​ការបរទេស ក្រសួងមហាផ្ទៃ រដ្ឋសភា​ជាតិ និង​វិមាន​រដ្ឋាភិបាល។ ​វិមាន​ប្រធានាធិបតី​​បារាំង ផ្ទាល់​ស្ថិតនៅ​សឹង​ពីក្រោយ​ខ្នង​ស្ថានទូត​របស់​អាមេរិក​តែ​ម្តង។​

បារាំង​ដឹង​ថា ខ្លួន​ស្ថិតនៅក្រោម​ការតាមដាន​របស់​អាមេរិក
នៅ​ឆ្នាំ ២០១៣ ឯកសារ​សម្ងាត់​របស់ NSA ដែល​យុវជន​Edward Snowden បាន​ផ្តល់​ទៅ​កាសែត បាន​បង្ហាញ​ថា ទូរស័ព្ទ របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អង់ហ្គែឡា ម៉ែរគែល ត្រូវបាន​ក្រុម​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក NSA លួចស្តាប់ អស់​ជាច្រើន​ឆ្នាំ។ ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ ដែល​ជាសម្ព័ន្ធមិត្ត​របស់​អាមេរិក ត្រូវ​អាមេរិក​លួចស្តាប់ ដូច្នេះ គេ​មិន​សង្ស័យ​ទេ​ថា បារាំង​រួចផុត​ពីសំណាញ់​លួចស្តាប់​របស់​អាមេរិក​នោះ។ ការបែក​លេចធ្លាយ​ឯកសារ​សម្ងាត់​របស់​NSA នៅឆ្នាំ ២០១៣ បាន​បង្ហាញ​ឲ្យ​ដឹងដែរថា ក្រុមហ៊ុន​បារាំង ស្ថានទូត​បារាំងនៅ អាមេរិក និង​នៅ​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​ទីភ្នាក់ងារ​ NSA អាមេរិក​លួចស្តាប់​ទូរស័ព្ទ។ បារាំង​បាន​ទាមទារ​ឲ្យ​អាមេរិក​បញ្ឈប់​ជា​បន្ទាន់ សកម្មភាព​លួចស្តាប់​យកការណ៍​ពី​សម្ព័ន្ធមិត្ត​បារាំង។ ប៉ុន្តែ មួយលើក ជាពីរលើក បារាំង​មិនបាន​ទទួល​ចម្លើយ ការពន្យល់អ្វី ឲ្យ​បាន​ច្បាស់លាស់​ពី​ភាគី​អាមេរិក​ទេ។

នៅ​ឆ្នាំ ២០១៣ បើ​ទោះ​បី​ក្រុមហ៊ុន​បារាំង រងគ្រោះក្នុង​សំណាញ់​លបស្តាប់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក ប៉ុន្តែ បារាំង​នៅ​តែ​ចូលរួម​ជាមួយ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដើម្បី​ស្ទាក់​តាម​រក​ចាប់​​យុវជន Snowden ដើម្បី​ប្រគល់​ទៅ​ឲ្យ​អាមេរិក នោះបើ​ទោះ ដឹងថា គឺ​យុវជន​Snowden​ដែល​ជួយ​ទម្លាយ​ការសម្ងាត់ នាំឲ្យ​គេដឹងថា អាមេរិក​កំពុង​លួចស្តាប់​តាមដាន រដ្ឋាភិបាល​របស់​ប្រទេស​សម្ព័ន្ធមិត្ត ដែល​នៅក្នុង​នោះ​ក៏​មាន​បារាំង​ផងដែរ។

បារាំង​នៅថ្ងៃពុធ ទី ២៤ មិថុនា​​បាន​កោះហៅ ឯកអគ្គរដ្ឋទូត​អាមេរិក​ឲ្យចូល​បកស្រាយ​បំភ្លឺ គឺ​ដូចដែល​អាល្លឺម៉ង់ ធ្លាប់​ធ្វើ នៅពេល នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោកស្រី អង់ហ្គែឡា ម៉ែរគែល ត្រូវ​ NSA លួចស្តាប់​ទូរស័ព្ទ។ ទំនាក់ទំនង​ការទូត អាមេរិក និង​អាល្លឺម៉ង់​បាន​ឡើង​តឹង​មួយ​រយៈ ដោយសារ​តែ​រឿង​អាមេរិក​លួចស្តាប់​ទូរស័ព្ទ​លោកស្រី​ប្រមុខដឹកនាំ​អាល្លឺម៉ង់។ ប៉ុន្តែ ក្រោយ​មក​ចៅក្រម​អាល្លឺម៉ង់​បាន​បោះបង់​ចោល​ការស៊ើបអង្កេត ដោយ​លើក​ហេតុផល​ថា គេរក​មិនឃើញ​ភស្តុតាង ដើម្បី​ដាក់​បន្ទុក​ផ្លូវច្បាប់ សកម្មភាព​លួចស្តាប់​ទូរស័ព្ទ​របស់​អាមេរិក។ កាសែត​អាល្លឺម៉ង់​ធ្លាប់ផ្សាយ​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាល្លឺម៉ង់ ថែម​ទាំង​បាន​ធ្វើលួច​យក​ការណ៍​សម្ងាត់​ពី​បារាំង ទៅ​ឲ្យ​អាមេរិក​ដែរ។
 
អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង៖ គ្មានទេ វិបត្តិការទូត​រវាង​អាមេរិក និង​បារាំង
នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​នៅថ្ងៃ​នេះ រដ្ឋាភិបាលបារាំង​ ចង់​វាយតម្លៃ ដំបូង ពី​ផលប៉ះពាល់​នៃ​រឿង​អាស្រូវ​លួចស្តាប់​ទូរស័ព្ទ។ នៅក្នុង​ពិភព​អ្នកនយោបាយ​បារាំង មិនថា ពី​ខាងគណបក្ស​ប្រឆាំង ឬ​គណបក្ស​កាន់អំណាច បាន​ប្រតិកម្ម​ថ្កោលទោស បរិហារ ចារកម្ម​លួចស្តាប់​ទូរស័ព្ទ របស់​អាមេរិក។

អ្នកនាំពាក្យ របស់​រដ្ឋាភិបាល​បារាំង បាន​និយាយ​នៅព្រឹក​ថ្ងៃ​ពុធថា បើទោះបី​ជាការលួចស្តាប់​ទូរស័ព្ទ​លើកនេះ ជារឿង​ដែល​គេ​មិនអាច​ទទួល​យកបាន ប៉ុន្តែ វា​នឹង​មិន​ជំរុញ​ឲ្យ​មាន​វិបត្តិ​ការទូត រវាង​បារំាង និង​អាមេរិក​ទេ។

បារាំង ទំនង​នឹង​មិន​ធ្វើ​សកម្មភាព​អ្វី​ខ្លាំងៗ នៅក្រោយ​ចុះផ្សាយ​រឿង​សម្ងាត់​នេះទេ។ ហេតុផល​ទីមួយ គឺ​ព័ត៌មាន​សម្ងាត់ដែល​កាសែត​បារាំង និង​Wikileak ចុះផ្សាយ នៅ​ថ្ងៃ​អង្គារ មិន​បានបង្ហាញ​ឲ្យ​គេ​ដឹង ពី​ការណ៍​សម្ងាត់​រដ្ឋ របស់​បារាំង។ វា​គ្រាន់​បង្ហាញ​ឆ្លុះ​បញ្ចាំង​ពី​ការសន្ទនា​របស់​ប្រធានាធិបតី​បារាំង ដែល​ភាគច្រើន​ផ្តោត​ទៅលើ​នយោបាយ​ការទូត របស់​បារាំង​នៅ​បរទេស នៅក្នុង​សម័យ ដឹកនាំ​របស់​លោក​នីកូឡា សាកូហ្ស៊ី។ តាម​អតីត​រដ្ឋមន្រ្តី​ការបរទេស​បារាំង ការណ៍​សម្ងាត់​រដ្ឋ​បារាំង​ធំៗ ធ្វើឡើង នៅក្នុង​ជំនួប​ផ្ទាល់ ប៉ុន្តែ មិនដែល​តាម​ទូរស័ព្ទទេ។ ហេតុផល​ទីពីរ ដែល​គេឲ្យ​ជឿ​ថា លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង​បច្ចុប្បន្ន មិន​ចង់​បង្កររឿង​វែងឆ្ងាយ​ជាមួយ​អាមេរិក គឺ​ថា អាមេរិក ក្នុង​អាណត្តិរបស់​លោកហូឡង់ កំពុង​ក្លាយ​ជា​ដៃគូ សហការ កាន់តែ​ស្និទ្ធឡើង​ របស់​បារាំង ជាពិសេស នៅក្នុង​ឆាក​នយោបាយ​អន្តរជាតិ។

ម្យ៉ាងទៀត ឯកសារ​សម្ងាត់​ដែល​ចុះផ្សាយ បង្ហាញ​ថា NSA​លួចស្តាប់ ទូរស័ព្ទ របស់​ប្រធានាធិបតី​បារាំង ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១២។ លោក​ ហ្រ្វង់ស័រ ហូឡង់​ប្រធានាធិបតី​បារាំង បច្ចុប្បន្ន មិន​សូវជាត្រូវ​គេ​លួចស្តាប់​ច្រើន ដូច​អតីត​ប្រធានាធិបតី មុន លោក​នីកូឡា សាកូហ្ស៊ី ដែល​ត្រូវ​អាមេរិក​លួចស្តាប់​ពេញមួយ​អាណត្តិ​ដឹកនាំ​ទេ។

នៅថ្ងៃ​អង្គារ អ្នកនាំពាក្យ​របស់​សេតវិមាន​អាមេរិក​ហាក់​មិន​បាន​បដិសេធ ដំណឹង​បែកធ្លាយ ដែល​ថា ប្រធានាធិបតី​បារាំង បីរូប ត្រូវ​ NSAលួចស្តាប់ ប៉ុន្តែ បាន​បញ្ជាក់ ថា អាមេរិក​មិនកំពុង​ស្តាប់ ហើយ​ក៏​នឹង​មិន​លួចស្តាប់​ខ្សែរទូរស័ព្ទ របស់​លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ ហូឡង់ទេ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ