អានតួអត្ថបទ
Wikileaks

អាមេរិក​កំពុង​បារម្ភ​នឹង Wikileaks ដែល​ត្រៀម​ចេញផ្សាយ​ឯកសារ​សម្ងាត់​ថ្មីៗ​ទៀត

វែបសៃត៍ Wikileaks គ្រោង​នឹង​ចុះផ្សាយ​ឯកសារ​សម្ងាត់​រាប់លាន​ទំព័រ​នាពេល​ឆាប់ៗ​ខាងមុខនេះ។ ឯកសារ​ទាំងនេះ គឺ​ជា​កំណត់ហេតុ​សម្ងាត់ ស្តីពី​អំពី​ការសន្ទនា​​រវាង​មន្រ្តី​រដ្ឋាភិបាល​អាមេរិក និង​មន្រ្តី​រដ្ឋាភិបាល​​ជា​សម្ព័ន្ធមិត្ត។ នៅពេលនេះ មន្រ្តី​អាមេរិក​កំពុង​តែ​​ដុតដៃ​ដុតជើង ព្យាយាម​រកវិធី​ទប់ទល់​នឹង​ការ​លេចធ្លាយ​ឯកសារ​ការទូត​សម្ងាត់​នេះ។

វិបសៃត៍​របស់ Wikileaks
វិបសៃត៍​របស់ Wikileaks WikiLeaks
ផ្សាយពាណិជ្ជកម្ម

06:05

ការពន្យល់​របស់​សេង ឌីណា

វែបសៃត៍​ជំនាញ​ខាង​ចុះផ្សាយ​ឯកសារ​សម្ងាត់ ឈ្មោះ Wikileaks គ្រោង​ចុះផ្សាយឯកសារ​សម្ងាត់​ ចំនួន ៣លាន​ឯកសារ ដែល​​ជា​កំណត់ហេតុ​សម្ងាត់ កត់ត្រា​អំពី​កិច្ចសន្ទនា​រវាងមន្រ្តី​អាមេរិក និង​មន្រ្តី​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត ដូចជា អង់គ្លេស អូស្រ្តាលី កាណាដា អ៊ីស្រាអែល ទួរគី និង​រុស្ស៊ី ជាដើម។ ការ​សន្ទនា​គ្នា នៅ​ក្នុង​កំណត់ហេតុ​សម្ងាត់នេះ គឺ​សុទ្ធសឹង​ជា​ការ​សន្ទនា​គ្នាត្រង់ៗ ដោយ​មិនប្រើ​ភាសា​ការទូត ហើយ​ទាក់ទង​នឹង​ប្រធានបទ​រសើបៗ ដែល​រដ្ឋាភិបាល​​មិនចង់​ឲ្យ​គេ​ដឹង​ជា​សាធារណៈ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ CNN នាយសេនាធិការ​កងទ័ពចម្រុះ​អាមេរិក​បាន​​ទាមទារ​ឲ្យ Wikileaks បញ្ឈប់​ជាបន្ទាន់​នូវការ​ចុះផ្សាយ​ឯកសារ​សម្ងាត់​បែបនេះ ព្រោះ​វា​ជា​បញ្ហា​គ្រោះថ្នាក់បំផុត។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិកវិញ បាន​ថ្កោលទោស​ទង្វើ​របស់ Wikileaks ថា ជា​ទង្វើ​ខ្វះ​ការ​ទទួលខុសត្រូវ ព្រោះ​​ថា​ ការ​ចេញផ្សាយ​ឯកសារ​សម្ងាត់​បែបនេះ វា​​អាច​បណ្តាល​ឲ្យ​​មាន​មនុស្ស​ស្លាប់​បាន។

Wikileaks មិនបាន​បញ្ជាក់​ច្បាស់​អំពី​ប្រភេទ​នៃ​ឯកសារ​សម្ងាត់​ដែល​ត្រូវ​ចុះផ្សាយ ហើយ​ក៏​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​ដែរ។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ថ្លែង​ថា ការ​ចេញផ្សាយ​ឯកសារសម្ងាត់​ដោយ​ Wikileaks នេះ អាច​នឹង​ត្រូវ​ធ្វើ នៅ​ចុងសប្តាហ៍​នេះ ឬ​ដើមសប្តាហ៍ក្រោយ។

លោក​ជូលៀន អាសាញ់ជ៍ (Julian  Assange) ស្ថាបនិក​វែបសៃត៍ Wikileaks
លោក​ជូលៀន អាសាញ់ជ៍ (Julian Assange) ស្ថាបនិក​វែបសៃត៍ Wikileaks ©Reuters

គួរ​រំឭក​ឡើងវិញ​ថា កាល​ពី​ពេលថ្មីៗនេះ Wikileaks ធ្លាប់​បាន​ចុះផ្សាយ​ឯកសារ​សម្ងាត់​ចំនួន ៤០ម៉ឺន​ទំព័រ ស្តីពី​សង្រ្គាម​នៅ​អៀរ៉ាក់។ ឯកសារ​ទាំងនោះ​បាន​ធ្វើ​ឲ្យ​អាមេរិក​បាក់មុខបាក់មាត់​យ៉ាងខ្លាំង ពីព្រោះ​ មាន​ខ្លះ​បង្ហាញ​អំពី​ទង្វើ​មិនស្របច្បាប់​​​របស់​កងទ័ព​អាមេរិក។ អ.ស.ប ព្រមទាំង​អង្គការ​សិទ្ធិមនុស្ស​មួយចំនួន ថែមទាំង​បាន​ទាមទារ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​រំលោភ​សិទ្ធិមនុស្ស​ ប្រព្រឹត្ត​​ដោយ​កងទ័ព​អាមេរិក នៅ​អៀរ៉ាក់​ទៀតផង។

Wikileaks ត្រូវបាន​បង្កើតឡើង កាល​ពី​ឆ្នាំ​២០០៧ ដោយ​មាន​ទីតាំង​ពីដំបូង​ស្ថិត​នៅ​ក្នុង​ប្រទេស​ស៊ុយអែដ។ ស្ថាបនិកវែបសៃត៍ Wikileaks ដែល​គេ​ស្គាល់​ច្បាស់​ជាងគេ គឺ​លោកជូលៀន អាសាញ់ជ៍ (Julian Assange) ជនជាតិ​អូស្រ្តាលី ដែល​មាន​ជំនាញ​ខាង​លួច​ឯកសារ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ។

លោក​ជូលៀន អាសាញ់ជ៍ កំពុង​រស់នៅ​ដោយ​លាក់​មុខ ​គ្មាន​អាសយដ្ឋាន​ច្បាស់លាស់ និង​កម្រ​ចេញមុខ​ជាសាធារណៈ។ រាល់​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នានា គឺ​តែងតែ​ធ្វើ​តាម​សន្និសីទ​វីដេអូ (Videoconference)។ បណ្តាញ​ព័ត៌មាន​ខ្លះ​បាន​ឲ្យដឹង​ថា គេ​ច្រើន​ឃើញ​លោក​អាសាញ់ជ៍ នៅ​ក្នុង​ប្រទេស​ស៊ុយអែដ និង​ប្រទេស​អ៊ីស្លង់ដ៍ (Icelande) ក៏ប៉ុន្តែ គាត់​ ​មិន​ដែល​នៅ​កន្លែង​ដដែល​​លើសពី​២ថ្ងៃ​ឡើយ។

ថ្មីៗនេះ តុលាការ​ស៊ុយអែដ​បាន​ចេញ​ដីកា​អន្តរជាតិ​​មួយ​ស្វែងតាម​រកចាប់ខ្លួន​លោក​ អាសាញ់ជ៍ ក៏ប៉ុន្តែ មិនមែន​ចាប់ខ្លួន​ជុំវិញ​ការ​ចេញផ្សាយ​ឯកសារ​សម្ងាត់​នោះឡើយ គឺ​ ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ