អានតួអត្ថបទ

គម្រោងភេរវកម្មមិនសម្រេចនៅ​ប៉ារីស ៖ បណ្តាញ​ភេរវជន​ជីហាត​ប្រទាក់ក្រឡា​​ពេញ​អឺរ៉ុប

ការ​គំរាម​កំហែង​ភេរវកម្ម​នៅ​តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នៅ​ឡើយ​នៅ​ប្រទេស​បារាំង និង​ជាពិសេស​ទៅ​ទៀត ​ការ​ស្រាវជ្រាវ និង​អង្កេត​បាន​បង្ហាញ​ថា គម្រោង​ភេរវកម្ម​ដែល​ប៉ូលិស​បារាំង​កម្ចាត់​បាន​ទាន់​ពេល​វេលាកាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ មីនា មាន​កំរិត​និង​បណ្តាញ​ប្រទាក់​ក្រឡា​គ្នា​ពេញ​អឺរ៉ុប។​ ក្រោយ​ពី​ចាប់​ខ្លួន​បាន​ជន​សង្ស័យ​ពីរ​នាក់​នៅ​បែលហ្ស៊ិកកាលពី​ថ្ងៃសុក្រ នៅថ្ងៃអាទិត្យ​ម្សិលមិញ ប៉ូលិស​ហូឡង់ ចាប់​បាន​ជនជាតិ​បារាំងម្នាក់​ទៀត នៅ​ក្រុង​រ៉ូតទែដាំ ប្រទេស​ហូឡង់។ ជន​ទាំង​បី​នាក់​នេះ ទំនង​ជា​មាន​​ពាក់ព័ន្ធ​នឹង​ភេរវជនសង្ស័យ​ រេដា គ្រីកេ Reda Kriket ​ទាំង​អស់គ្នា។

ប៉ូលិស​ហូឡង់ ពង្រឹង​ការ​ល្បាត​នៅ​សង្កាត់​ Rotterdam-Ouest,ក្បែ​រ​កន្លែង​ចាប់​ជនសង្សូ័យ​ជីហាត​បារាំង ថ្ងៃទី ២៧ មីនា ២០១៦
ប៉ូលិស​ហូឡង់ ពង្រឹង​ការ​ល្បាត​នៅ​សង្កាត់​ Rotterdam-Ouest,ក្បែ​រ​កន្លែង​ចាប់​ជនសង្សូ័យ​ជីហាត​បារាំង ថ្ងៃទី ២៧ មីនា ២០១៦ Marten van Dijl / ANP / AFP
ផ្សាយពាណិជ្ជកម្ម

Anis B. អាយុ​៣២​ឆ្នាំ ជាតិ​បារាំង កើត​និង​រស់​នៅ​ជាយ​ក្រុង​ប៉ារីស ត្រូវ​បាន​ប៉ូលិស​ហូឡង់​ចាប់​ខ្លួន នៅ​ថ្ងៃអាទិត្យ​ទី ២៧ មីនា នៅ​ក្រុង​រូទែដាំ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់ប៉ូលិស​អង្កេត​ហូឡង់ ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ជាតិ​បារាំង​ធ្វើ​ឡើង​​តាម​រយៈ​ការ​ស្នើ​សុំរបស់​បារាំង​ ដែលបាន​ចេញ​​​ដីកា​ថ្នាក់​អឺរ៉ុប។

ប៉ូលិស​បារាំង​តាម​ស្វែង​រក​ចាប់​ជន Anis B. ​នេះ​ តាំង​ពី​ថ្ងៃ​សុក្រ​ទី ២៥​មីនា​មក បន្ទាប់​ពី កម្ចាត់​​បំបែក​បាន​ទាន់​ពេលវេលា​ គម្រោង​ភេរវកម្ម​ជិត​សម្រេច​មួយ​ និង​ចាប់​បាន​អ្នក​រៀប​ចំ​ផែនការ ឈ្មោះ Reda Kriket ​ កាលពី​ថ្ងៃព្រហស្បតិ៍​ នៅ​ជាយ​ក្រុង​ប៉ារីស ជាមួយ​វត្ថុ​តាង​យ៉ាង​ច្រើន ដូច​ជា អាវុធ​​ជា​ច្រើន​ដើម ជាតិ​ផ្ទុះ ជាតិគីមី សម្រាប់​ផលិត​ជា​គ្រាប់​បែក​ផ្ទុះ ព្រមទាំង​លេខ​ទូរស័ព្ទ​​របស់​​ជន​ផ្សំ​គំនិត។ ជន​ផ្សំ​គំនិត​ដែល​ទំនង​ជា​គ្មាន​នរណា​ក្រៅ​ពី​រូប​ Anis B. ហេតុដូច្នេះ​ហើយ​ទើប​បារាំង​ត្រូវ​ពឹង​ទំនាក់​លើ​ហូឡង់។

 
Anis B.  ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ស៊ីរី និង​ជាប់​សង្ស័យ​ថា បាន​ទទួល​បញ្ជា​ពី​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ឱ្យ​មក​​រៀប​ចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​នៅ​ប៉ារីស ជាមួយ Reda Kriket។
ប៉ូលិស​ហូឡង់បាន​ប្រកាស​​បញ្ជូន Anis B មក​ឱ្យ​បារាំង​ក្នុង​ពេល​ឆាប់ៗ ប៉ុន្តែ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី ទាំង​អស់ ដោយ​សំអាង​ថា ជា​សំណុំ​រឿង​អង្កេត​បារាំង។

​ប្រតិបត្តិការ​ចាប់​ខ្លួនតាម​សំណើ​បារាំង បាន​នាំ​ឱ្យ​ប៉ូលិស​ហូឡង់ ​ចាប់​ខ្លួនជន​សង្ស័យ​បី​នាក់​ផ្សេង​ទៀត ក្នុង​ក្របខ័ណ្ឌ​អង្កេត​របស់​ខ្លួន ក្នុង​នោះ​ មានបុរស​ពី​រ​នាក់ ជា​ជនជាតិ​អាល់ហ្សេរី  អាយុ​៤៣ និង​៤៧​ឆ្នាំ និង​គ្មាន​លម្អិត​អ្វី​ទាក់ទង​នឹង​ជន​ទីបី​ត្រូវ​បង្ហើប​បង្ហាញ​ទេ។ នៅ​ក្នុង​ផ្ទះ​នោះ គេ​បាន​រក​ឃើញ​មាន​ទូរស័ព្ទ ស៊ីមកាត គ្រាប់​និង​ជាតិ​ផ្ទុះ ​ ​អាភៀន​និងលុយ​ជា​ច្រើន​សន្ធឹក​សន្ធាប់។

បណ្តាញ​ប្រទាក់​ក្រឡា

​សំណុំ​រឿងអង្កេត​នេះ​ ជា​សំណុំ​រឿង​ដាច់​ដោយ​ឡែក​អំពី​ការ​អង្កេត​​លើ​ភេរវកម្ម​នៅ​ប៉ារីស ថ្ងៃទី ១៣ វិច្ឆិកា ២០១៥ ដែល​បង្ក​ឱ្យ​មាន​ជន​រងគ្រោះ​បាត់​បង់​ជីវិត ១៣០​នាក់ និងអំពី​ការ​អង្កេត​ភេរវកម្ម​នៅ​ព្រុចសែល កាលពីថ្ងៃទី ២២​មីនា (ស្លាប់៣១​នាក់)។ ភេរវកម្មពីរ​ដែល​ជា​ស្នាដៃ​របស់​​ពួក​ជីហាត​ បញ្ជា​ដោយ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ប៉ុន្តែ​ដោយ​ចៀស​មិន​រួច​ ការ​អង្កេតនេះ​​​អាច​នឹង​ត្រូវ​ពាក់ព័ន្ធ​ខ្លះ នឹង​ភេរវកម្ម​ទាំងពីរ ព្រោះ​ម្យ៉ាង​ទៀត នៅពេល​អង្កេត គេ​បាន​រក​ឃើញ​ចំណង​ទាក់ទង​គ្នា​រវាង​​មេកើយ​​នៃ​ផែនការ​នីមួយៗ ប្រទាក់​គ្នា។

ជាក់​ស្តែង Reda Kriket ដែល​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​ជា​បន្ត​ទៀត ក្នុង​ដៃ​ប៉ូលិស​បារាំង​ ពី​ដើម​ជា​មេចោរ​ប្លន់ ​ធ្លាប់​ត្រូវ​បាន​តុលាការ​បែលហ្ស៊ិក កាត់​ទោស​ដោយ​កំបាំងមុខ ​ជាមួយ​នឹង​ជន​ឈ្មោះ ​Abdelhamid Abaaoud ​ដែល​ជា​មេ​រៀបចំ​ភេរវកម្ម​ថ្ងៃ​ទី​១៣​ វិច្ឆិកា ​ហើយ​ដែល​ត្រូវ​នគរបាល​បារាំង​បាញ់​សម្លាប់​៥ថ្ងៃ​ក្រោយ​មក។ Kriket បាន​យក​លុយ​ដែល​ប្លន់​បាន​ មួយ​ចំណែក​ទៅ​ឧបត្ថម្ភ​ បណ្តាញជ្រើស​រើស​បុគ្គលិក​​ជីហាត​បែលហ្ស៊ិក​​
ហើយ​ការ​អង្កេត​​​នេះ​បាន​ជំរុញ​ និងចង្អុល​ទិស​ ជា​ថ្មី​ម្តង​ទៀត ទៅ​កាន់​ប្រទេស​បែលហ្ស៊ិក។ ភេរវជន​សង្ស័យ​ពី​រ​នាក់ ដែល​បែលហ្ស៊ិក ចាប់​ខ្លួន​បាន​កាលពី​ថ្ងៃសុក្រ ក្នុង​ក្របខ័ណ្ឌ​អង្កេត​បែលហ្ស៊ិកអាច​ជា​មនុស្ស​​​ផ្សំ​គំនិត​ជាមួយ Reda Kriketដែរ។ Rabah N. និង Abderramane A. ជាតិ​អាល់ហ្សេរី កើត​នៅ​ឆ្នាំ​១៩៧៧ មាន​ឈ្មោះ​ក្នុង​បញ្ជី​ភេរវជន​ និង​ជាជន​ស្ម័គ្រចិត្ត​ជីហាត ទើប​ត្រូវ​បាន​តុលាការ​បែលហ្ស៊ិក ចោទ​ប្រកាន់ជា​ផ្លូវការ​​នៅ​ថ្ងៃ​នេះ​ពីបទ​ចូល​រួម​ធ្វើ​សកម្មភាព​ភេរវកម្ម។

បែលហ្ស៊ិកស្វែង​រក​អត្តសញ្ញាណ​ភេរវជន​សង្ស័យ​ពាក់​មួក

ប៉ូលិស​បែលហ្ស៊ិក បាន​សម្រេចចិត្ត​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ ក្នុង​ប្រព័ន្ធ​Twitter វីដេអូ​មួយជនសង្ស័យ​ទី​បី ​ដែល​បាន​វាយប្រហារភេរវកម្ម​នៅ​ព្រលាន​យន្តហោះ កាលពី​ថ្ងៃទី ២២​ មីនា ដោយ​ដាក់ងារ​ថា​ ជនពាក់មួក ដើម្បី​ស្វែងរក​អត្តសញ្ញាណ។ រហូត​មក​ទល់​នឹង​ពេល​នេះ ប៉ូលិស​បែលហ្ស៊ិក បាន​ប្រើ​តែ​រូប​ថត ផ្តិត​ចេញ​ពី​កាមេរ៉ា​ថត​យាម​ប៉ុណ្ណោះ សម្រាប់​ធ្វើការ​ស្វែង​ចាប់។ នៅ​ក្នុងរូបភាព​គេ​ឃើញ​បុរស​ពាក់អាវធំ ពណ៌​ស្ករ និង​ពាក់​មួយ​ក្រម៉ៅ​ ទម្លាក់​បាំង​ភ្នែក បាំង​វែនតា​ និង​រុញ​រទេះ​អីវ៉ាន់​របស់​ព្រលាន​យន្តហោះ ក្បែរ​ជន​ពីរ​នាក់​ជា​ភេរវជន​អត្តឃាត។

បើ​តាម​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​ក្រុម​អង្កេត ប៉ូលិស​កំពុង​សិក្សា​លើ​​សម្មតិកម្ម​​មួយ​ ដែល​ថា ជន​ពាក់​មួក អាច​ជា​រូប Faycal Cheffou ជន​ជាប់​ចោទ​​ចាប់​បាន​ម្នាក់​គត់​ នៅ​ក្នុង​សំណុំ​រឿង​ភេរវកម្ម​ព្រុចសែល ប៉ុន្តែ​ជន​នេះ​មិន​ព្រម​សហការ និយាយ​ស្តី​អ្វី​ទាំង​អស់។

ការ​ស្រាវជ្រាវ​អង្កេត​​នៅ​តែ​បន្ត​យ៉ាង​មមាញឹក ម្សិលមិញ ប៉ូលិសអ៊ីតាលី​បាន​ផ្តល់​ដំណឹង​ថា​ចាប់​បាន​ជន​អាល់ហ្សេរី​ម្នាក់​អាយុ​៤០​ឆ្នាំ ដែល​មាន​ជាប់​សង្ស័យ​ថា​ជា​អ្នក​ផ្តល់​លិខិត​ស្នាម​ខុស​ច្បាប់​ឱ្យ​ពួក​ជីហាត។ ជន​នេះ​មាន​ពាក់ព័ន្ធ​នឹង​ការ​ភេរវកម្ម​នៅ​ប៉ារីស​ដែរ ហើយ​នឹង​បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​បែលហ្ស៊ិក​ ក្នុង​ពេល​ឆាប់ៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ