អានតួអត្ថបទ

តើ​គួរ​ព្រួយ​បារម្ភ​នឹង​គ្រោះ​ទឹក​ជំនន់​ទន្លេ​សែនលិច​​ប៉ារីស​ដែរឬទេ ?

ភ្លៀង​ធ្លាក់ជោគជាំ​ខ្លាំង​ខុស​ពី​ធម្មតា ​ជាប់​គ្នា​អស់​ជា​ច្រើន​ថ្ងៃ និង​បាន​ជន់​លិច​តំបន់​​ជាយក្រុង​ប៉ារីសមួយ​ចំនួន​មក នៅ​ថ្ងៃ​នេះដល់​វេន​រដ្ឋធានី​​​ប៉ារីស ម្តង​ដែល​ត្រូវ​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់។ ​ទឹក​ទន្លេ​សែន អាច​នឹង​ឡើង​ដល់​ ៦.៣០ ឬ​៦,៥០​ម៉ែត្រ​នៅល្ងាច​ថ្ងៃសុក្រ​ទី ៣ មិថុនា​នេះ ដែល​កម្រិត​កម្ពស់​ដ៏​កម្របំផុត​​មួយ។ ជា​ផលវិបាក ចរាចរណ៍​តាម​ដង​ផ្លូវ​មាត់​ទន្លេ​ត្រូវ​បិទ ប្រព័ន្ធ​រ​ថភ្លើង​ក្រោម​ដី​ ត្រូវ​រអាក់​រអួល​យ៉ាង​ខ្លាំង។ អាជ្ញាធរ​បាន​ប្រមូល​កម្លាំង និង​វិធានការ​​ដំឡើង​កំរិត​អាសន្ន​ទីពីរ​​ទៅ​ទី​បី។​ ​តំបន់​ជាយ​ក្រុងមួយ​ចំនួន​ នៅ​តែ​បន្ត​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្ន​ទឹក​ជំនន់ ខ្ពស់​បំផុត​ (កំរិត​ទី​បួន) ដ​ដែលនៅ​ថ្ងៃសុក្រ​នេះ។

ផ្លូវ​មាត់​ទន្លេ​សែន​នៅ​ជិត​Eiffel tower ត្រូវ​លិច​ដោយ​ទឹក​ជំនន់ ថ្ងៃទី ៣ មិថុនា ២០១៦
ផ្លូវ​មាត់​ទន្លេ​សែន​នៅ​ជិត​Eiffel tower ត្រូវ​លិច​ដោយ​ទឹក​ជំនន់ ថ្ងៃទី ៣ មិថុនា ២០១៦ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

កម្ពស់​ទឹក​ទន្លេ​សែន ដែល​មាន​កម្ពស់​៥ម៉ែត្រ​កន្លះ​ កាលពី​ម៉ោង ៦​ព្រឹក (ម៉ោង​នៅ​ក្នុង​ប្រទេស​បារាំង)  នឹង​បន្ត​ឡើង​ជាប់​ជា​និច្ច និង​បាន​ឡើង​ដល់ខ្ពស់​ជាង​៦ម៉ែត្រ​នៅ​រសៀលនេះ (១,២៥ កាលពី​ថ្ងៃ​អាទិត្យ​ទី ២៩​ឧសភា)។ យោង​តាម​អ្នក​ឧតុនិយមមេឃ​នឹង​ផ្តើម​ស្រឡះ អាកាសធាតុ​​ចាប់​ផ្តើម​ឡើង​កម្តៅ​សីតុណ្ហភាព​វិញ ភ្លៀង​ក៏​ត្រូវ​ចាប់​រាំង ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ​ហើយ។

ក្រុម​អ្នក​ឯកទេស​មិន​រំពឹង​ថា ទឹក​ទន្លេ​អាច​​ស្រកបាន​លឿន​ទេ ! ​ជាមួយ​នឹង​កំរិត​កម្ពស់​ទឹកទន្លេ​ឡើង​ដល់​​៦​ម៉ែត្រ​ អាជ្ញាធរ​យល់​ថា​​អាច​មាន​ការ​ហៀ​លិច​ផ្នែក​ខ្លះ​នៃ​ក្រុង។ ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​នេះ អាជ្ញាធរ​បាន​ដំឡើង​កំរិត​អាសន្ន​​ទឹក​ជំនន់​មួយ​កំរិត​បន្ថែម​ទៀត។

សារមន្ទីរ​និង​បណ្ណាល័យ​បិទ​ទ្វារ

ក្រសួង​ស្ថាប័ន ក្រុមហ៊ុន​ដែលមាន​​ទីតាំង​នៅ​តាម​មាត់​ទន្លេសែន ជា​ពិសេស​សារមន្ទីរ​Louvre សារមន្ទីរ Quai d’Orsay បណ្ណាល័យFrançois Mitterrand បាន​បិទ​ទ្វារ​ នៅ​ថ្ងៃ​នេះ ដើម្បី​ជា​ការ​បង្ការ និង​ដើម្បី​ឱ្យ​បុគ្គលិក​​ត្រៀម​រៀប​ចំ​រើ​ចម្លាក់​ និង​វត្ថុបុរាណ​នៅ​ក្រោម​ដី​ ទៅ​ដាក់​នៅ​ទី​មាន​សុវត្ថិភាព​ ក្រែង​មាន​ការ​ជ្រាបលិច​ទឹក​ ជា​យថាហេតុ​ចៃដន្យ​ណាមួយ។ ខ្សែរថភ្លើង​ក្រោម​ដី មួយ​ខ្សែ​ដ៏​ចំណាស់​ជាងគេ ​រត់​ស្រប​តាម​ដង​ទន្លេ​សែន ត្រូវ​បានផ្អាក​​ដំណើរ​ការ​​រត់​កាត់​ទីក្រុង។ ខ្សែផ្សេងៗ​ក៏​មាន​ដំណើរ​ការ​យ៉ាង​រអាក់រអួល​ដែរ។ ចំណែក​ផ្លូវ​តាម​មាត់​ទន្លេ​ ក៏​ត្រូវ​បាន​បិទ​ ទាំង​ស្រុង​ដែរ ដែល​បង្ក​ឱ្យ​មាន​កកស្ទះ​ចរាចរណ៍​ខ្លាំង​ខុស​ធម្មតា​នៅ​ក្នុង​ក្រុង។

សូម​បញ្ជាក់​ថា​ ទឹក​ជំនន់​បាន​គំរាម​កំហែង​តំបន់​ជាយ​ក្រុង​ប៉ារីស តាំង​ពី​ថ្ងៃ​អង្គារ​មក​ម្ល៉េះ។ តំបន់​ខ្លះ មាន​ទឹក​ចូល​លិច​ទីប្រជុំជន​ក្រុង​ដល់​ជាង​​មួយ​ម៉ែត្រ និង​ក្រុង​ខ្លះ​ទៀត កំពុង​បន្ត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាសន្ន​កំរិត​ខ្ពស់​បំផុត​ផង នៅ​ថ្ងៃ​នេះ។ មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់ និង​ប្រមាណ​២ម៉ឺន​នាក់​ត្រូវ​ជម្លៀស​-សង្គ្រោះ។ ការ​​​ខូត​ខាត ផ្នែក​សម្ភារៈ និង​ខាតបង់​ថវិកា​ដោយ​សារ​ទឹក​ជំនន់ អាច​មាន​ទំហំ​ធំធេង​ខ្លាំង ដែល​គេ​នឹង​អាច​ដឹង​ច្បាស់ នៅពេល​ទឹក​ស្រក​អស់។

រូប​សំណាក​Zouaveក្រោម​ស្ពាន​Alma ក្រុង​បារីស លិច​ទឹក​ត្រឹម​ស្មា កាលពី​ឆ្នាំ​១៩១០។ ថ្ងៃ​ទី​៣​មិថុនា​ពេល​ព្រឹក​​លិច​ដល់​ភ្លៅ
រូប​សំណាក​Zouaveក្រោម​ស្ពាន​Alma ក្រុង​បារីស លិច​ទឹក​ត្រឹម​ស្មា កាលពី​ឆ្នាំ​១៩១០។ ថ្ងៃ​ទី​៣​មិថុនា​ពេល​ព្រឹក​​លិច​ដល់​ភ្លៅ REUTERS/Pascal Rossignol

ទន្លេសែន និង​ទឹក​ជំនន់​

អាជ្ញាធរ​បារាំង​តែង​ត្រៀម​លក្ខណៈជាប់​​ជានិច្ច និង​ធ្លាប់​បង្ហាញ​សេណារីយោ​​ទន្លេ​សែន​ជន់​ឡើង​ខ្លាំង​លិច​ក្រុង​ទៀត ព្រោះ​ក្រុង​ប៉ារីស​ស្ថិត​នៅ​ក្នុង​តំបន់​ទំនាប។
បារាំង​បាន​កំណត់​ថា បើ​​កម្ពស់​ទឹក​ទន្លេសែន ឡើង​ដល់​៥​ម៉ែត្រ​ នោះ​ជា​គំរាម​កំហែងទឹក​ជំនន់​​មធ្យម។ ឡើង​ដល់​៦​ម៉ែត្រ ជា​ជំនន់ខ្លាំង និង​ចាប់​ពី​៧ម៉ែត្រ​ឡើង​ទៅ​ គឺ​ជា​​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ។

មហន្តរាយ​ដ៏ធ្ងន់ធ្ងរ​ គឺនៅ​ឆ្នាំ​១៩១០ ដែល​កាលណោះ​កម្ពស់​ទឹក​ទន្លេ​សែន​បាន​ឡើង​ដល់ ៨,៦២ម៉ែត្រ​ លិច​ក្រុង​ប៉ារីស​រយៈ​ពេល ៤៥​ថ្ងៃ ទូក កាណូត បាន​មក​ជំនួស​ឡាន។ នៅ​ឆ្នាំ​១៩៥៥ ទឹក​ទន្លេ​សែន​បាន​ឡើង​ដល់​៧,១៤ម៉ែត្រ។ គ្រោះ​ទឹក​ជំនន់​ដ៏​ខ្លាំង​​ចុង​ក្រោយ គឺ​នៅ​១៩៨២ ដែល​ទឹក​ទន្លេ​សែន​បាន​ឡើង​ដល់​ ៦,១៥​ម៉ែត្រ។ គេ​សង្កេត​ឃើញ​ថា ​គ្រោះ​ទឹក​ជំនន់​តែង​តែ​គំរាម​កំហែង​ក្រុង​ប៉ារីស ជាមធ្យម ជា​រៀង​រាល់​២៦​ឆ្នាំ​ម្តង។ 

នៅ​ពេល​កម្ពស់​ទឹក​ទន្លេ​សែន​ឡើង​ដល់ ៧,១៣​ម៉ែត្រ ប៉ារីស នឹង​ទាញ​សញ្ញា​អាសន្ន​ទឹក​ជំនន់​ហើយ។

ភ្លៀង​ច្រើន ​ទឹកជំនន់​​ ជា​ផលវិបាក​មួយ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ?

តាំង​ពី​ពីរបី​ថ្ងៃ​មក​ហើយ ដែល​អ្នក​ការពារ​បរិស្ថានបារាំង បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​រវាង​គ្រោះ​ទឹក​ជំនន់ ភ្លៀង​ធា្លក់​ឥត​ឈប់​ឈរ​ លើ​ប្រទេស​បារាំងនេះ ទៅ​នឹង​ការ​ប្រែប្រួល​នេះ​អាកាសធាតុ។

នៅ​ថ្ងៃ​​ម្សិលមិញទៀត លោក​ប្រធានាធិបតី​បារាំង​ បាន​មាន​ប្រសាសន៍​ថា ភ្លៀង​ធ្លាក់​ខ្លាំងរហូត​ក្លាយ​ជា​ទឹក​ជំនន់ បញ្ជាក់​​ពី​ភាព​ចាំបាច់ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​អាកាសធាតុ​ ដែល​ពិភពលោក​ទាំង​មូល​ត្រូវ​បញ្ចេញ​សកម្មភាព​​ទាំង​អស់​គ្នា។

នៅ​ប្រទេស​បារាំង រដូវ​ដែល​អាច​មាន​ទឹក​ជំនន់ខ្លាំង គឺ​នៅ​រវាង​ពី​ខែ​ធ្នូ​ដល់​ខែ​កុម្ភៈ។ តែឆ្នាំ​នេះ ដល់​ខែ​​មិថុនា​ ដែល​ធម្មតា​ជា​រដូវ​ផ្ការីក អាកាសធាតុ​ក្តៅ​ល្មមទៅ​ហើយ គេ​ឃើញ​មាន​តែ​មេឃ​អាប់អួរ និង​ភ្លៀង​ធ្លាក់​យ៉ាង​ជោគជាំ​ ស្ទើរ​គ្មាន​លួស​ថ្ងៃ រហូត​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​។ ទឹក​ជំនន់​ដែល​មិន​កើត​មាន​នៅ​ប្រទេ​ស​បារាំង​ទេ ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ​នៅ​អាល្លឺម៉ង់ ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​អស់​៩​នាក់។

ក៏​ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ មិន​ទាន់មាន​សមត្ថភាព​ពន្យល់ និង​​បាន​ចេញ​សេចក្តីសន្និដ្ឋាន​​ អំពី​ ហេតុនិង​ផល​ នៃ​ភ្លៀង​ទឹកជំនន់​និង​ការ​ប្រែប្រួល​អាកាសធាតុ​ទេ​។ បើ​ទោះ​បី​ពួក​គេ​បាន​ទទួល​ស្គាល់​ថា​ ក្នុង​រយៈ​ពេល​ជាង​៦០​ឆ្នាំ​ចុងក្រោយ​នេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាង​មុន ហើយ​និន្នាការ​នេះ​នឹង​បន្ត​ទៅ​ថ្ងៃ​អនាគត ភ្លៀង​កាន់​តែ​ច្រើន​និង​យូរ​ខែ ឯ​រដូវ​ប្រាំង​​វិញ កាន់​តែ​ស្ងួត កាន់​តែ​ក្តៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ