អានតួអត្ថបទ

អង់គ្លេស​លែងលះ​អឺរ៉ុប តើ​នឹង​មាន​អ្វី​ប្តូរ​ផ្លាស់ខ្លះ ?

អង់គ្លេស​បោះឆ្នោត​ចាកចេញ​ពី​សហភាព​អឺរ៉ុប ! នៅពេល​នេះ ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ទៅ​-មក​អង់គ្លេស សម្រាប់​ពលរដ្ឋអង់គ្លេស ឬ​អឺរ៉ុប មិន​ទាន់មាន​ការ​ប្តូរ​ផ្លាស់​អ្វី​ទេ។ ចុះបន្ទាប់​ពីនេះ​ទៅ តើ​នឹង​មាន​អ្វី​កើតឡើង?​ តើ​នឹង​មាន​អ្វី​ផ្លាស់ប្តូរ​ខ្លះ នៅ​ក្នុង​ជីវភាព​រស់នៅ​ជាក់ស្តែង​របស់ប្រជាជន​អង់គ្លេស និង​អឺរ៉ុប? តើ​អនាគត​នៃ​ទំនាក់ទំនង រវាង​អង់គ្លេស និង​អឺរ៉ុប​នឹ​ងទៅ​ជាយ៉ាងណា ?

ទីផ្សារ​ភាគហ៊ុន​ក្រុង​ឡុងដ៍​និង​នៅ​លើ​ពិភពលោក​ដាំក្បាល​ចុះ​ ក្រោយ​លទ្ធផល​ប្រជាមតិ​​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​ឈ្នះ
ទីផ្សារ​ភាគហ៊ុន​ក្រុង​ឡុងដ៍​និង​នៅ​លើ​ពិភពលោក​ដាំក្បាល​ចុះ​ ក្រោយ​លទ្ធផល​ប្រជាមតិ​​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​ឈ្នះ REUTERS/Toby Melville
ផ្សាយពាណិជ្ជកម្ម

ពលររដ្ឋ​​អង់គ្លេស​បាន​សម្រេច​​តាម​រយៈ​សន្លឹក​ឆ្នោត​ប្រជាមតិ​ដើរ​ចេញ​​ពី​អឺរ៉ុបមែន ប៉ុន្តែ​គ្មាន​តម្លៃ​ជាផ្លូវ​ច្បាប់​ទេ។ គ្រាន់​តែ​ថា​លទ្ធផល​ឆ្នោត​នេះ បើ​តាម​ការ​គូស​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក ដេវីត កាមឺរោន​ នៅ​ចំពោះ​មុខ​សភាទាំង​ពីរ​ នឹង​រុញ​ច្រាន​ឱ្យ​រដ្ឋាភិបាល​អង់គ្លេស​ចាប់​ផ្តើម​ធ្វើ​សំណុំ​បែប​បទ​សុំ​ដក​បេក្ខភាព​សមាជិក​ចេញ​ពី​អឺរ៉ុប។

តើ​អង់គ្លេស​​​ចាក​ចេញពី​អឺរ៉ុប​​ជា​ផ្លូវការ នៅ​ថ្ងៃណា ?​

ដើម្បី​អាច​ដក​ខ្លួន​ចេញ​ពី​អឺរ៉ុប​បាន​ អង់គ្លេស​ត្រូវ​ប្រកាសសុំ​ដក​ខ្លួន​​ជា​ផ្លូវ​ការ​ នៅ​ចំពោះ​មុខ​​ក្រុមប្រឹក្សា​អឺរ៉ុប​ ដូច​អ្វី​ដែល​មាន​ចែង​ក្នុង​មាត្រា ៥០​នៃ​សន្ធិសញ្ញា​អឺរ៉ុប​ក្រុង​លីនស្បូន។ ជា​ចៃដន្យ​ ក្រុម​ប្រឹក្សា​អឺរ៉ុប​ត្រូវ​បើក​កិច្ច​ប្រជុំ​របស់​ខ្លួន​នៅ​ថ្ងៃទី ២៨​និង​២៩​មិថុនា ខាង​មុខ​នេះ ហើយ​​អង់គ្លេស​អាច​ដាក់​សំណើនៅ​ពេល​នោះ​តែ​ម្តង។

បន្ទាប់​មកគេ​ត្រូវ​ការ​ពេល​ប្រមាណ​​ពីរ​ឆ្នាំ សម្រាប់​រៀប​ចំ​ដំណើរ​ដើរ​ចេញ​ ដោយ​មាន​ការ​ចរចា​គ្នា​ជា​ច្រើន​មុខ។ ប្រសិន​បើ​អង់គ្លេស​និង​អឺរ៉ុប​អាច​រក​ឃើញ​ការ​ព្រមព្រៀង​គ្នា​បាន​ឆាប់​ អង់គ្លេស​អាច​ចេញ​បាន​ឆាប់ តែ​មើល​ទៅ​ដូច​ជា​យ៉ាប់​បន្តិច​ហើយ។ ការ​ចរចា​អាច​នឹង​ត្រូវ​ពន្យារ​ពេល​​លើស​ពី​ពីរ​ឆ្នាំ​បាន តែ​ត្រូវ​មាន​ការ​យល់​ព្រមជា​ឯកច្ឆ័ន្ទ​​ពី​​​សមាជិក​សហភាព​អឺរ៉ុប​ទាំង​អស់​សិន បើ​ពុំ​នោះ​ទេ​អង់គ្លេស​នឹង​​ត្រូវ​ធ្លាក់​ស្ថានការណ៍​គ្មាន​ការ​​ព្រមព្រៀង​ពាណិជ្ជកម្ម ឬ​ ការ​ព្រមព្រៀង​លើ​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ អ្វី​ទាំង​អស់។

អង់គ្លេស​និង​អឺរ៉ុប​បាន​រួម​រស់​ជាមួយ​អស់​រយៈ​ពេល​៤៣​ឆ្នាំ​ រក​ស៊ី​រួម​គ្នា​មាន​ទីផ្សារ​តែ​មួយ ជ្រក​ក្រោម​ដំបូល​អឺរ៉ុប​រួម​តែ​មួយ ប្រៀប​ដូច​គ្រួសារ​តែ​មួយ តែ​ពេលនេះ​ត្រូវ​លែង​លះ​គ្នា ដូច្នេះ​ពេល​ចរចា​បែក​គ្នា​ ក៏​ត្រូវ​កា​រប្រើ​ពេល​យូរ ជា​ពិសេស​ការ​ចរចាស្តី​ពី​ទីផ្សារ​អឺរ៉ុប​តែ​មួយ។ ក្រសួង​ការ​ប្រទេស​អង់គ្លេស​ធ្លាប់​បាន​ប្រកាស​រួច​ហើយថា ការ​ចរចា​បែប​នេះ អាច​នឹង​ត្រូវ​ការ​ពេល​វេលា​ជា​ច្រើន​ឆ្នាំ ឆ្លង​ទសវត្សរ៍​ផង​ក៏​ថាបាន​។  

​​ក្នុង​ពេល​រង់​ចាំ​នេះ ពលរដ្ឋអង់គ្លេស​អាច​ធ្វើ​ដំណើរ​ទៅ​មក​ធម្មតា នៅ​ក្នុង​រង្វង់​សហភាព​អឺរ៉ុប ក្នុង​នាម​ជា​សមាជិក​អឺរ៉ុប ក្នុង​នាម​ជា​ប្រទេស​មិន​មែនសមាជិក​​Schengen។ តែ​អ្វី​ដែល​ឈ្នះ​និង​នាំ​មុខ គឺ​ភាព​មន្ទិល​សង្ស័យ​  និង​ភាព​មិន​ច្បាស់​លាស់។ ភាព​មិន​ច្បាស់​លាស់​បាន​រុញ​ច្រាន​ ទីផ្សារ​ភាគហ៊ុន​ នៅ​ទូទាំង​ពិភពលោក មិន​ថា​អឺរ៉ុបឬ​​អាស៊ីទេ​​ ឱ្យ​​​​ដាំក្បាល​​ធ្លាក់​ចុះ​យ៉ាង​គំហុក​ នៅ​ពេល​បើក​ទ្វារ​ភ្លាម និង​នៅពេល​បាន​ឮ​លទ្ធផល​ប្រជាមតិ​ភ្លាម ស្ទើរ​​​ដូច​សម័យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨​។ ឯ​ប្រាក់​​​អង់គ្លេស​វិញ​ ក៏​ធ្លាក់​ថ្លៃ​ខ្លាំង​មិន​ធ្លាប់​មាន​ដែរ​ពី​មុន​មក។

គំរូ​ផ្តោះប្តូរ​សេដ្ឋកិច្ចមួយណា​ដែល​អឺរ៉ុប -អង់គ្លេស ត្រូវ​ចរចា​គ្នា ?

បើ​អង់គ្លេស​ចេញ​ពីអឺរ៉ុប​ទៅ​ហើយ អ្វីៗ​ត្រូវ​សើរើ​មើល​ឡើង​វិញ​ទាំង​អស់។ អង់គ្លេស​ចាំ​បាច់​ត្រូវ​ចរចា​ឡើង​វិញ​ជា​មួយ​សហភាព​អឺរ៉ុប អំពី​ការ​ផ្តោះប្តូរ​សេដ្ឋកិច្ច​រវាង​គ្នា​​។

អាច​មាន​គំរូ​ច្រើន​យ៉ាង​ក្នុង​ការ​ចរចា​ផ្តោះប្តូរ​សេដ្ឋកិច្ច​គ្នា​នេះ៖

ទី​មួយ គឺ​អង់គ្លេសចូល​ជា​សមាជិក​​ក្នុង​រង្វង់​សហគម​សេដ្ឋកិច្ច​អឺរ៉ុប (EEE) ដើម្បី​អាច​មាន​សិទ្ធិ​ពេញ​លេញ​ចូល​ប្រលូក​​ក្នុង​ទីផ្សារ​អឺរ៉ុប​តែ​មួយ​បាន។​ ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ ដោយ​​ត្រូវ​គោរព​ច្បាប់​របស់​អឺរ៉ុប មាន​ជាអាទិ៍​ចរាចរណ៍​សេរី​របស់​បុគ្គល​និង​ទ្រព្យ​- ត្រូវ​បង់​វិភាគ​ទាន​ឱ្យ​អឺរ៉ុប និង​មិន​អាច​ទាញ​ចំណេញ​ពី​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​ចំនួន​៥០ ព្រមទាំង​គ្មាន​បោះឆ្នោត​បញ្ចេញ​មតិ​ដូច​សមាជិក​សហភាព​អឺរ៉ុប​ផ្សេង​ទៀត​ឡើយ។ ករណី​នេះ​ អឺរ៉ុប​កំពុង​អនុវត្ត​ជាមួយ​​ន័រវែស សព្វថ្ងៃ។ ប៉ុន្តែ​ន័រវេស​​មាន​ទំហំ​សេដ្ឋកិច្ច​តូច ការ​អនុវត្ត​តាម​​បញ្ជា​អឺរ៉ុប​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ស្រួល ឯ​ចំណែក​អង់គ្លេស​​ជា​ប្រទេសធំ ធ្លាប់​មាន​ការ​សម្រេច​ចិត្ត​ និងខ្ទាស់​សេចក្តី​សម្រេច​ចិត្ត​មួយ​ចំនួន​ធំ​កាល​នៅ​ជា​សមាជិក​អឺរ៉ុប តើ​អាច​សុខ​ចិត្ត​ដើរ​តាម​បញ្ជា​អឺរ៉ុប​ ដើម្បី​ចំណេញ​ទីផ្សារ​រួម​បាន​ដែរ​ឬទេ ?

ទីពីរ យក​គំរូ​តាម​ស្វីស។ ស្វីស​មិន​ស្ថិត​ក្នុង​សហភាព​អឺរ៉ុបទេ តែ​ជា​សមាជិក​សមាគមផ្តោះប្តូរ​សេដ្ឋកិច្ច​ អាច​ចរចា​រក​កិច្ចព្រមព្រៀង​ទ្វេភាគី​ជាមួយ​អឺរ៉ុប​ ដោយ​ត្រូវ​បង់​វិភាគ​ទាន​ឱ្យ​អឺរ៉ុប ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​សេរី​របស់​បុគ្គល​និងទ្រព្យ។ ក្រុមហ៊ុនឧស្សាហកម្ម​អាច​រក​ស៊ី​មាន​កំរិត​ជាមួយ​អឺរ៉ុប តែ​មាន​សេរីភាព​គ្រប់គ្រាន់​នឹង​ចរចា​ទ្វេភាគី​ជាមួយ​ប្រទេស​ដទៃ​ទៀត។

ទីបី គំរូ​កាណាដា។ មាន​កិច្ចព្រមព្រៀងសេដ្ឋកិច្ច​និង​​ពាណិជ្ជកម្ម​ទូទៅ​ ដែល​អាច​នឹង​ឈាន​ដល់​ការ​លុប​បំបាត់​ពន្ធ​គយ​​លើ​ផលិតផល​នាំ​ចេញ​នាំ​ចូល​ជា​ច្រើន។ ប៉ុន្តែ​កិច្ចព្រមព្រៀង​អឺរ៉ុប​កាណាដា​ដែល​ចរចា​គ្នា​​អស់​រយៈ​ពេល​៧​ឆ្នាំ ព្រមព្រៀង​គ្នា​ហើយ​នៅ​មិន​ទាន់​ផ្តល់​សច្ចាប័ន​ផង។

ប្រសិន​បើ​អង់គ្លេស​និង​អឺរ៉ុប​មិន​អាច​រក​ឃើញ​កិច្ចព្រមព្រៀង​អ្វី​ជា​ប្រសើរ​នឹង​គ្នា​បាន មិន​តែ​ការ​រំពឹង​លើ​ច្បាប់​ពាណិជ្ជកម្ម​ជា​មូលដ្ឋាន​ក្រោម​ម្លប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោលក​ សម្រាប់​រក​ស៊ី​ជាមួយ​គ្នា តែ​ឧសបគ្គ​ផ្នែក​ពន្ធគយ​ច្រើន។

ទោះ​ក្នុង​ជម្រើស​ណា​មួយ​ក៏​ដោយ ក៏​ពេលនេះ ប្រទេស​ជា​សមាជិក​អឺរ៉ុប​ពិត​ជា​នឹង​ឆ្លៀត​យក​​ចំណេញ​ពី​អង់គ្លេស​ ដែល​ឯកា​ និង​ពី​វិស័យ​ដែល​អង់គ្លេស​ធ្លាប់​ខ្លាំង។ អឺរ៉ុប​អាច​ស្នើ​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ ទាក់ទង​នឹង​វិស័យ​ណា​តែ​មួយ ដែល​ ចង់​ឬ​មិន​ចង់ អង់គ្លេស​ទំនង​​ជា​ត្រូវ​បាត់​បង់​ឥទ្ធិពល​និង​ចំណែក​ខ្លះ​ពី​ទីផ្សារ​​ភាគហ៊ុន​និង​ធនាគារ​ខ្លះហើយ។

​កម្មវិធី Eurasmus​ ទៅ​អង់គ្លេស​ អាច​នឹង​ត្រូវ​កាត់​បន្ថយ ?
 

នៅ​ឆ្នាំ​២០១២-២០១៣ មាន​និស្សិត ៥,៥% មក​ពី​អឺរ៉ុប ដែល​បាន​ចូល​ចំណែក​ប៉ូវ​​សេដ្ឋកិច្ច​អង់គ្លេស​ក្នុង​ទំហំ​៣៧០០​លាន​អឺរ៉ូ និង​ផ្តល់​ការងារ​ប្រមាណ​៣៤០០០​ការងារ។ នៅ​ពេល​ដើរ​ចេញ​ពី​អឺរ៉ុប អង់គ្លេស​នឹង​លែង​ទទួល​ជំនួយ​ផ្នែក​ស្រាវជ្រាវ។ តែ​ការ​ដើរ​ចេញ​មិន​មែន​មាន​ន័យ​និស្សិត​អឺរ៉ុប​មិន​អាច​ទៅ​សិក្សា​នៅ​អង់គ្លេស​ទេ តែ​ត្រូវ​ធ្វើ​សំណុំបែប​បទ​សុំ​ទិដ្ឋាការ  និង​​ត្រូវ​បង់​ថ្លៃ​ខ្លាំង​ក្នុង​នាម​ជា​និស្សិត​អន្តរជាតិ។ និស្សិត​អង់គ្លេស​អាច​នឹង​ត្រូវ​ខាត​បង់ ដោយ​មិន​អាច​ចូល​រួម​ក្នុង​កម្មវិធី​ ​ផ្តោះ​ប្តូរ​​អន្តរមហាវិទ្យាល័យ Eurasmus។ ខាង​អឺរ៉ុប​ក៏​អាចលុប​ឬ​បន្ថយ​កម្មវិធី​​ Eurasmus ព្រោះ​មិន​ចង់​ចំណាយថវិកា​ច្រើន​ ដោយ​បង្វៀង​​ទិសដៅបញ្ជូន​សិស្ស​និស្សិត ឱ្យ​ទៅ​ប្រទេស​ផ្សេង​​​ប្រើ​ភាសា​អង់គ្លេសដែរ​ដូច​ជា​អៀរឡង់ ឬ​ស្កុតឡែនដ៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ