អានតួអត្ថបទ

​អាល្លឺម៉ង់រង​ភេរវកម្ម​ថ្មី​មួយ​ទៀត ពី​សំណាក់ជនភៀសខ្លួន​ស៊ីរី

គ្រោះ​ជាន់​លើ​គ្រោះ ! ក្នុង​រយៈ​ពេល​តែ​មួយ​សប្តាហ៍​សោះ​ អាល្លឺម៉ង់​បាន​ស្គាល់​ភេរវកម្ម​និង​ការ​បាញ់​ប្រហារ​ដល់​ទៅ​បី​ករណី។ នៅ​យប់​ថ្ងៃ​អាទិត្យ​វេលា​ម៉ោង ២២ និង​១២​នាទី យប់​មិញ ជនភៀសខ្លួន​ជាតិ​ស៊ីរី អាយុ​២៧​ឆ្នាំ បាន​​ចុច​បំផ្ទុះ​គ្រាប់​បែក​នៅ​មុខ​ភោជនីដ្ឋានមួយ ក្បែរ​មាត់​ច្រក​ចូល​​មហោស្រព​​​​តន្រ្តី ក្នុង​​ក្រុង​Ansbach ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់។ មាន​មនុស្ស​១២​នាក់​រង​របួស។ អាជ្ញាធរ​អាល្លឺម៉ង់​បាន​ប្រកាស​ចាត់​ទុកភ្លាម នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ថា​ជា​ទង្វើ​ភេរវកម្ម។

ប៉ូលិស​ដាក់​ខ្សែ​សុវត្ថិភាព​នៅមុខ​ភោជនីដ្ឋាន​ក្រោយ​ការ​បំផ្ទុះ​ភេរវកម្ម ថ្ងៃទី ២៥ កក្កដា ២០១៦
ប៉ូលិស​ដាក់​ខ្សែ​សុវត្ថិភាព​នៅមុខ​ភោជនីដ្ឋាន​ក្រោយ​ការ​បំផ្ទុះ​ភេរវកម្ម ថ្ងៃទី ២៥ កក្កដា ២០១៦ REUTERS/Michaela Rehle
ផ្សាយពាណិជ្ជកម្ម

“នេះ​ជា​ភេរវកម្ម​ថ្មី​​មួយ​ទៀត​ ដែល​ប្រាកដ​ណាស់​ថា​នឹង​ធ្វើ​ការ​ព្រួយ​បារម្ភ​មាន​កាន់​ខ្លាំង” ! នេះ​ជាប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ទៅ​កាន់​អ្នក​​សារព័ត៌មាន ដែល​បាន​អះអាង​បន្ថែម​ទៀត ថា​កំពុង​ស្រាវជ្រាវ​បញ្ជាក់​ក្រែង​ជា​ភេរវកម្មរបស់​ពួក​​អ៊ីស្លាមជ្រុលនិយម។

នៅវេលា​ម៉ោង​ប្រមាណ​ជា​១០​យប់​ ភេរវ​ជន ​​​បាន​ប៉ង​ចូល​​ទៅ​ក្នុង​ទីលាន​ប្រគុំ​តន្ត្រី​ហាលវាល​ ដែល​មាន​មនុស្សម្នា​ចូល​ទស្សនា​ប្រមាណ​ជាង​ពីរ​ពាន់​នាក់ តែ​គ្មាន​សំបុត្រ​ចូល​ទើប​ត្រូវ​ទើ​ត្រឹម​មាត់​ច្រកសុវត្ថិភាព ហើយ​​ចុច​បំផ្ទុះ​គ្រាប់​បែក​ស្លាប់​ខ្លួន​នៅ​ខាង​មុខច្រក​ចូល។ ល្បាយ​លោហៈ​​ក្នុង​គ្រាប់​ផ្ទុះ វត្ថុជា​ច្រើន​​​នៅ​ក្នុង​កាបូប​ស្ពាយរបស់ភេរវជន ជា​ភស្តុតាង​បញ្ជាក់​កាន់​តែ​ច្បាស់​អំពីសម្មតិកម្ម​​ ថា​ភេរវជន​មាន​ចេតនា​​ចង់​សម្លាប់​មនុស្ស​ឱ្យ​បាន​ច្រើន។ ហេតុដូច្នេះ​ហើយ​បាន​ជា​ប៉ូលិស​កំពុង​​សំលឹង​មើល​ដាន​ភេរវកម្ម​ជីហាត​។ ​​

 
​ធ្លាប់​ជាប់​ក្នុង​បញ្ជី​ប៉ូលិស​ពីបទ​ប្រព្រឹត្ត​គ្រឿង​ញៀន ជន​នេះ​ធ្លាប់​បាន​សាកល្បង​ធ្វើអត្តឃាត​ពីរ​ដង​ និ​ងធ្លាប់​ចូល​ពេទ្យ​វិកលចរិកផង។ ភេរវជន​ជាតិ​ស៊ីរី​រូប​នេះ បាន​ធ្វើ​ដំណើរ​មក​ដល់​អាល្លឺម៉ង់​កាលពី​ពីរ​ឆ្នាំមុន ក្នុង​នាម​ជា​ជនភៀស​ខ្លួន។ អាជ្ញាធរ​អាល្លឺម៉ង់​បាន​បដិសេធសំណើ​​សុំ​ជ្រក​កោននយោបាយ​​របស់​ជន​នេះ កាលពី​ឆ្នាំ​ទៅ​ តែ​បានចេញ​​បណ្ណស្នាក់​នៅឱ្យ។ គេ​ពុំ​ដឹង​ថា​តើ​ជន​នេះ​បាន​ធ្វើ​ការ​ផ្តាច់​ខ្លួន​​ជា​អ្នក​អ៊ីស្លាម​និយម​ដែរ​ឬ​អត់​នោះ​ទេ។

ភេរវកម្ម​បាន​កើត​ឡើង​ក្នុង​ខណៈ​ដែលអាល្លឺម៉ង់ និង​អឺរ៉ុប​ រង​ការ​​គំរាម​កំហែង​ភេរវកម្ម​ពី​សំនាក់​ពួក​អង្គការ​ដ្ឋ​អ៊ីស្លាម។ អាល្លឺម៉ង់កំពុង​ស្ថិត​ក្នុង​​សម្ពាធ​ស្រាប់។ ក្នុង​រយៈ​ពេល​តែ​មួយ​សប្តាហ៍​សោះ មាន​ការ​វាយប្រហារ​សំដៅ​លើ​ជនស៊ីវិល​ដល់​បី​ករណី។ កាល​ពី​ថ្ងៃ​ចន្ទ​មុន ជនភៀស​ខ្លួន​អាយុ​១៧​ឆ្នាំ​បាន​ប្រើ​ពូថៅ​កាំបិត​ធ្វើ​ភេរវកម្ម​ប្រឆាំង​អ្នក​ដំណើរ​ក្នុង​រថភ្លើង។ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ យុវជន​ជាតិ​អាល្លឺម៉ង់​ដើម​កំណើត​អ៊ីរ៉ង់​បាន​បាញ់​រះ​សម្លាប់​មនុស្ស​៩​នាក់​និង​របួស​ជា​ច្រើន​នាក់​នៅ​ផ្សារ​ទំនើប​ តែ​មិន​ពាក់​ព័ន្ធ​នឹង​ភេរវកម្ម​ជីហាត​អ៊ីស្លាមទេ។ នៅ​អាទិត្យ​ម្សិលមិញ​នេះ មុន​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​បន្តិច ជន​ភៀសខ្លួន​ស៊ីរី​មា្នក់​អាយុ​២១​ឆ្នាំ​បាន​កាប់​ស្ត្រី​ម្នាក់​ស្លាប់​និង​របួស​បី​នាក់ ទំនង​ដោយ​មូលហេតុ​ឧក្រិដ្ឋបុគ្គល។

ទោះ​បី​ជា​រដ្ឋាភិបាល​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ម៉ៅ​លើ​ជន​ភៀស​ខ្លួន​ក្តី ក៏​ហេតុការណ៍​ផ្ទួនៗ​នេះ ជា​ឱកាស​ដ៏ប្រពៃ​សម្រាប់​បក្ស​ប្រឆាំង​វាយ​លុក​លើ​នយោបាយ​បើក​ចំហ​ទទួល​​អន្តោប្រវេសន៍​ របស់​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​មែលកិល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ