អានតួអត្ថបទ

​អាល្លឺម៉ង់​ច្រាន​ចោល​ដាច់ខាត​​សំណើ​សើរើ​នយោបាយ​ទទួល​អន្តោប្រវេសន៍

លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ អង់ហ្គឺឡា មែរកិល បាន​ច្រាន​ចោល​យ៉ាង​ដាច់​អហង្ការ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ សេចក្តី​អំពាវនាវ​​ឱ្យ​អាល្លឺម៉ង់​សើរើ​មើល​ឡើង​វិញ នយោបាយ​ទទួល​ជន​អន្តោប្រវេសន៍​របស់​ខ្លួន។ ជា​សំណើ​ដែល​បាន​ធ្វើ​ក្រោយ​ពី​អាល្លឺម៉ង់​បាន​រង​ការ​វាយប្រហារ​ភេរវជន​ពីរ ក្នុង​រយៈ​ពេល​តែ​មួយ​សប្តាហ៍ ​ដោយ​ស្នាដៃ​របស់​ជនភៀសខ្លួន​។

លោកស្រី Angela Merkel ច្រាន​ចោល​ដាច់​សំណើ​សើរើ​នយោបាយ​ទទួល​អន្តោប្រវេសន៍
លោកស្រី Angela Merkel ច្រាន​ចោល​ដាច់​សំណើ​សើរើ​នយោបាយ​ទទួល​អន្តោប្រវេសន៍ afp.com/John MACDOUGALL
ផ្សាយពាណិជ្ជកម្ម

ពួក​ជីហាត​ចង់​បំផ្លាញ​នយោបាយ​ទទួល​ជនមានទុក្ខ ដូច្នេះ​យើង​ត្រូវ​ប្រឆាំង​ជា​ដាច់ខាត ! នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ក្នុង​សន្និសីទ​កាសែត ក្នុង​ខណៈ​ដែល​នយោបាយ​ទទួល​អន្តោប្រវេសន៍​របស់​លោកស្រី​ទទួល​រ​ងការ​រិះគន់​ខ្លាំង​ជា​ថ្មី។

លោកស្រី​នៅ​តែ​បង្ហាញ​ភាព​ជឿជាក់​ ថា​អាល្លឺម៉ង់​នឹង​ធ្វើ​បាន​សម្រេច​​ ថ្ងៃនេះ​ក៏​ដូច​ជា​ថ្ងៃ​ម្សិលមិញ ជំនះ​ឧបសគ្គ​ជា​ប្រវត្តិសាស្ត្រ​សម័យ​សកលលោកភាវូបនីយកម្ម គឺ​ទទួល​ស្រោច​ស្រង់​ជន​អន្តោប្រវេសន៍​រាប់សិប​ពាន់​នាក់ ដែល​រត់​គេច​ពី​សង្គ្រាម​និង​ទុក្ខវេនាឱ្យ​ខាង​តែ​បាន។ ហើយអាល្លឺម៉ង់​ក៏​សម្រេច​ជោគជ័យ​បាន​ច្រើន​មក​ហើយ នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។

ជា​ចម្លើយ​តប​ទៅ​នឹង​អ្នក​នយោបាយ​ក្នុង​បក្ស​ជាមួយ​គ្នា លោកស្រី​បាន​ប្រកាស​ទទួល​ស្គាល់​ថា​អំពើ​ភេរវកម្ម​ពីរ​កន្លង​នេះ បាន​បង្ក​អសន្តិសុខ​យ៉ាង​ខ្លាំង​ដល់​មតិសាធារណៈ ធ្វើ​ឱ្យ​មនុស្ស​ភ័យ ដោយ​មិន​អាច​ប្រកែក​បានឡើយ តែ​ការ​ភ័យ​មិន​មែន​ជា​មូលដ្ឋាន​នៃ​ការ​បញ្ចេញ​សកម្មភាព​នយោបាយទេ។

អាល្លឺម៉ង់​មិន​អាច​បោះបង់​ភាព​ជា​អ្នក​ទទួល​ខុស​ត្រូវ​ មាន​មនុស្សធម៌​បាន​ទេ គឺ​មាន​តែ​ការ​ទទួ​ល​បន្ទុក។ ក្នុង​ន័យ​នេះ លោកស្រី បាន​ប្រកាស​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បីសម្រួល​ដល់​ការ​បណ្តេញ​ជនភៀសខ្លួន​​មិន​គោរព​ច្បាប់​​ ដើម្បី​ងាយ​រាវ​ចាប់​ជន​សុំ​សិទ្ធិជ្រកកោន​នយោបាយ​ណាស​ដែល​ផ្តាច់​ខ្លួន​ទៅ​ជា​ជនជ្រុលនិយម​អ៊ីស្លាម និង​បាន​បង្ហើប​លទ្ធភាព​ឱ្យ​យោធា​អាល្លឺម៉ង់​អាច​ធ្វើ​អន្តរាគមន៍​​ដើម្បី​ការពារ​សន្តិសុខ​ជាតិ ក្នុង​ករណី​មាន​ភេរវកម្មធំ។ នេះ​ជា​វិធានការ​ដែលមិន​ធ្លាប់មាន​ទេ​ពី​មុន​មក​នៅ​​អាល្លឺម៉ង់។

នៅ​ឆ្នាំ​២០១៥​កន្លង​ទៅនេះ មាន​ជនភៀស​ខ្លួន​ជាង​មួយ​លាន​បាន​ធ្វើ​ដំណើរ​មក​ដល់​អាល្លឺម៉ង់ ដែលជា​បន្ទុក​ដ៏​ធ្ងន់ និង​​បាន​ធ្វើ​ឱ្យ​សង្គម​អាល្លឺម៉ង់​ស្គាល់​ភាព​ច្រឡាប់ចាក់​យ៉ាង​ខ្លាំង​។​ ភេរវកម្ម​ពីរ​បង្ក​ឡើង​ជនភៀសខ្លួន​ ​ កាប់​មនុស្ស​ក្នុង​រថភ្លើង និង​បំផ្ទុះ​គ្រាប់​នៅ​មាត់ច្រក​​កន្លែង​ប្រគុំ​តន្ត្រីដែល​​ជា​ស្នាដៃ​របស់​ទាហាន​​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​ធ្វើ​ឱ្យ​នយោបាយ​ចិត្ត​ល្អ​របស់​អាល្លឺម៉ង់​រង​ការ​រិះគន់​យ៉ាង​ខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ